ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក សម្ពន្ធមិត្ត ដៃគូថ្កោលទោសការធ្វើតេស្ត ICBM របស់កូរ៉េខាងជើង
បុគ្គលិករបស់ទស្សនាវដ្តី FORUM
សម្ពន្ធមិត្ត ដៃគូ និងសហគមន៍អន្តរជាតិបានថ្កោលទោសការធ្វើតេស្តមីស៊ីលដែលអាចជាមីស៊ីលប៉ាលីស្ទីកអន្តរទ្វីប (ICBM) ដែលបានបាញ់ទៅក្នុងដែនសមុទ្រជប៉ុន ដែលគេស្គាល់ថាជាសមុទ្រខាងកើត នៅពាក់កណ្ដាលខែមីនា ឆ្នាំ 2023។ ជប៉ុន និងកូរ៉េខាងត្បូងបានហៅការធ្វើតេស្តនេះថាជាការបង្កហេតុដែលគ្មានកោតក្រែង ដែលរំលោភបំពានទៅលើទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងគំរាមកំហែងសន្តិភាពអន្តរជាតិ។
កូរ៉េខាងជើងខកខានមិនអនុវត្តតាមបទដ្ឋានអន្តរជាតិក្នុងការបាញ់បង្ហោះក្នុងដែនអវកាស (ឬការធ្វើតេស្តមីស៊ីលបាលីស្ទីកអន្តរទ្វីប) ដែលបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើរតាមផ្លូវអាកាស និងការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនៅក្នុងតំបន់។ ការបាញ់បង្ហោះមីស៊ីលបាលីស្ទីកអន្តរទ្វីបកើតឡើងតែប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ធ្វើការហោះហើរទៅកាន់កិច្ចប្រជុំនៅទីក្រុងតូក្យូជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida និងក្នុងពេលសមយុទ្ធ Freedom Shield ប្រចាំឆ្នាំរវាងយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ប្រភពព័ត៌មានបញ្ជាក់ថាកូរ៉េខាងជើងបានធ្វើតេស្តបាញ់បង្ហោះមីស៊ីលជាច្រើនដងនៅក្នុងខែមីនា។
សារព័ត៌មាន Reuters បានរាយការណ៍ថា មីស៊ីលបាលីស្ទីកចេញពីទីក្រុងព្យុងយ៉ាងអន្តរទ្វីបបានបាញ់ឡើងក្នុងគន្លងដ៏ខ្ពស់ និងបង្ហាញថាហោះនៅរយៈកម្ពស់ 6 000 គីឡូម៉ែត្ររយៈពេល 70 នាទី។ មន្ត្រីការពារជាតិជប៉ុន និងកូរ៉េខាងត្បួងបានបញ្ជាក់ថា វាដូចជាធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុនប្រហែលជា 200 គីឡូម៉ែត្រនៅខាងលិចដែនកោះ Oshima-Oshina នៅភាគខាងជើងប្រទេសជប៉ុន។ មិនមានការរាយការណ៍អំពីរបួស ឬការខូចខាតទេ។
សមយុទ្ធ Freedom Shield ឆ្នាំ 2023 ដែលមានរយៈពេល 11 ថ្ងៃ ចាប់ផ្ដើមនៅថ្ងៃទី 13 ខែមីនា និងបន្តទៅតាមផែនការ។ សារព័ត៌មាន Yonhap បានរាយការណ៍ថា កូរ៉េខាងជើងគិតថាសមយុទ្ធគឺជាការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមឈ្លានពាន។
កិច្ចប្រជុំបានពិភាក្សាអំពីការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើង និងបញ្ហាជាច្រើនទៀតដែលបានឈានដល់កម្រិតដែលមិនធ្លាប់មានពីមុននៅក្នុងឆ្នាំ 2022 និងបានបន្តនៅឆ្នាំ 2023។ សារព័ត៌មាន Reuters បានរាយការណ៍ថា ថ្នាក់ដឹកនាំជប៉ុន និងកូរ៉េខាងត្បូងបានយល់ព្រមចែករំលែកព័ត៌មានអំពីការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើងក្នុងពេលវេលាជាក់ស្ដែង និងបង្កើនកិច្ចសហប្រតិបត្តិការយោធា។ ពួកគេក៏បានសម្រេចចិត្តជួបប្រជុំជាប្រចាំ ចាប់ផ្តើមកិច្ចសន្ទនាអំពីសន្តិសុខទ្វេភាគីឡើងវិញ និងបញ្ចប់ជម្លោះពាណិជ្ជកម្ម។ (រូបភាព៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ខាងស្តាំ និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ចាប់ដៃគ្នាមុនជំនួបរបស់ពួកគេ។)
ក្រុមអ្នកសង្កេតការណ៍បានកត់សម្គាល់ថា សកម្មភាពឈ្លានពានរបស់កូរ៉េខាងជើង រួមទាំងការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ហាក់ដូចជាធ្វើឱ្យប្រទេសជប៉ុន និងកូរ៉េខាងត្បូងកាន់តែមានទំនាក់ទំនងកាន់តែជិតស្និទ្ធគ្នា។
The Associated Press បានរាយការណ៍ថានាយករដ្ឋមន្ត្រី Kishida បាននិយាយថា «យើងត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងចំណោមសម្ពន្ធមិត្ត និងប្រទេសដែលមានគោលការណ៍ដូចគ្នា»។
សារព័ត៌មាន Yonhap បានរាយការណ៍ថា លោក Yoon បានមានប្រសាសន៍ថា៖ «នាយករដ្ឋមន្ត្រី Kishida និងខ្ញុំបានយល់ស្របគ្នាថា ការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង គំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ នៅអាស៊ីឦសាន និងនៅលើពិភពលោក»។ «យើងក៏បានឯកភាពផងដែរថា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដោយនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង ដែលកាន់តែទំនើបទៅៗពីមួយថ្ងៃទៅមួយថ្ងៃ កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន និងរវាងកូរ៉េខាងត្បូងនិងជប៉ុន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងគួរតែបន្តសហការយ៉ាងសកម្ម»។ សារព័ត៌មាន Yonhap បានបន្ថែមថាលោក Yoon បាននិយាយថាគាត់បានយល់ព្រម «ធ្វើឱ្យមានលក្ខណៈធម្មតាទាំងស្រុង» នូវកិច្ចព្រមព្រៀងចែករំលែកព័ត៌មានសម្ងាត់យោធារវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីឆ្លើយតបកាន់តែប្រសើរឡើងទៅកាន់ការគំរាមកំហែងដោយនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
សារព័ត៌មាន Yonhap បានរាយការណ៍ថាដំណើរទស្សនកិច្ចរបស់លោក Yoon គឺជាដំណើរទស្សនកិច្ចទ្វេភាគីទៅប្រទេសជប៉ុនជាលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងក្នុងរយៈពេល 12 ឆ្នាំ។ បញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកបានជំរុញឱ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពទង្វើខុសច្បាប់ និងអស្ថិរភាព និងបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរឹងមាំដូចដែកថែបរបស់ប្រជាជាតិនេះ ដើម្បីការពារប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
ស្ថាប័នស្រាវជ្រាវនៃក្រុមប្រឹក្សាទំនាក់ទំនងការបរទេសបានរាយការណ៍កាលពីចុងខែកក្កដាឆ្នាំ 2022 ថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានហាមឃាត់ការលក់អាវុធ និងសម្ភារយោធាទៅឱ្យប្រទេសកូរ៉េខាងជើង បង្កកទ្រព្យសម្បត្តិរបស់អ្នកចូលរួមក្នុងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងរឹតបន្តឹងកិច្ចសហការវិទ្យាសាស្ត្រជាមួយប្រទេសនេះ។ ប៉ុន្តែ កូរ៉េខាងជើងបានបន្តប្រតិបត្តិតេស្តរបស់ខ្លួន។
ការកសាងសព្វាវុធ និងការធ្វើតេស្តមីស៊ីលរបស់កូរ៉េខាងជើងបានកើតឡើងខណៈពេលដែលប្រជាជនរបស់ខ្លួនមានការលំបាកយ៉ាងខ្លាំងក្នុងការទទួលបានផលិតផលចាំបាច់ប្រចាំថ្ងៃ។ ប្រទេសនេះស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតក្នុងពិភពលោក ប៉ុន្តែចំណាយយ៉ាងច្រើនលើសព្វាវុធ។ ការបាញ់មីស៊ីលជាច្រើននៅឆ្នាំ 2022 រួមទាំងការបាញ់ចំនួន 23 គ្រាប់ក្នុងមួយថ្ងៃ បានកើតឡើងខណៈពេលដែលមេដឹកនាំ គីម ជុង អ៊ុន (Kim Jong Un) ផ្តោតលើវិស័យយោធាជាជាងការខ្វះខាតស្បៀងអាហារ សម្លៀកបំពាក់ និងលំនៅឋាន។
ប្រភពរូបភាព៖ សារព័ត៌មាន REUTERS/ សារព័ត៌មាន KYODO
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។