ភាពជាដៃគូ

កិច្ចព្រមព្រៀងនាវាមុជទឹក AUKUS លើកកម្ពស់ស្ថិរភាពក្នុងតំបន់ ប្រឆាំងឥទ្ធិពលចិន

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ការរៀបចំសម្រាប់ប្រទេសអូស្ត្រាលី ដើម្បីទទួលបាននាវាមុជទឹកថាមពលនុយក្លេអ៊ែរ (SSN) ប្រដាប់ដោយអាវុធធម្មតា តាមរយៈសម្ពន្ធភាពត្រីភាគីជាមួយចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងរក្សាស្តង់ដារមិនរីកសាយភាយខ្ពស់បំផុត និងផ្តល់នូវការប្តេជ្ញាចិត្តដើម្បីបង្កើនការរារាំង និងលើកកម្ពស់ស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នេះបើតាមសេតវិមានបានប្រកាសក្នុងខែមីនា ឆ្នាំ 2023។

ព័ត៌មានលម្អិតថ្មីនៃកិច្ចព្រមព្រៀងបានបង្ហាញឡើង បន្ទាប់ពីរយៈពេល 18 ខែក្នុងការពិគ្រោះយោបល់សម្រាប់ប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក — ដែលជាកតិកាសញ្ញាសន្តិសុខដែលគេស្គាល់ថាជា AUKUS — ដើម្បីកំណត់អត្តសញ្ញាណផ្លូវដ៏ល្អប្រសើរសម្រាប់អូស្ត្រាលីក្នុងការទទួលបាននាវាមុជទឹកប្រភេទថ្មី ដែលនឹងត្រូវបានគេហៅថា SSN- AUKUS។

សេតវិមានបានលើកឡើងថានាវាមុជទឹក SSN-AUKUS នឹងបញ្ចូលការរចនា SSN ជំនាន់ក្រោយរបស់ចក្រភពអង់គ្លេស និងរួមបញ្ចូលបច្ចេកវិទ្យានាវាមុជទឹករបស់សហរដ្ឋអាមេរិក «ដ៏ទំនើប»។ សារព័ត៌មាន BBC បានរាយការណ៍ថា នាវាមុជទឹក SSN-AUKUS នឹងត្រូវបានសាងសង់ និងដាក់ពង្រាយដោយប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស។ នាវាទាំងនោះអាចធ្វើដំណើរបានឆ្ងាយ និងលឿនជាងនាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតដែលមានស្រាប់ ហើយអាចឱ្យអូស្ត្រាលីធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំងនឹងសត្រូវជាលើកដំបូងផងដែរ។

ដោយឈរជាមួយនាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Anthony Albanese និងប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន (Joe Biden) ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងនេះ នាយករដ្ឋមន្ត្រី លោក Rishi Sunak បានមានប្រសាសន៍ថា៖ «យើងតំណាងឱ្យសម្ពន្ធមិត្តចំនួនបីដែលបានឈរប្រកៀកស្មាជាមួយគ្នាអស់រយៈពេលជាងមួយសតវត្សរ៍» ​​នេះបើតាមសេចក្ដីរាយការណ៍របស់កាសែត Politico។ «មនុស្សបីនាក់ដែលបានបង្ហូរឈាមរួមគ្នាដើម្បីការពារគុណតម្លៃរួមរបស់យើង។ ហើយ​លទ្ធិប្រជាធិបតេយ្យ​ចំនួន​បី​ដែល​បាន​រួម​គ្នា​ជា​ថ្មី​ម្តង​ទៀត​ដើម្បី​បំពេញ​គោល​បំណង​ខ្ពស់​នៃ​ការ​រក្សា​សេរីភាព សន្តិភាព និង​សន្តិសុខ​ក្នុងពេល​បច្ចុប្បន្ន​នេះ និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។ (រូបភាព៖ ពីឆ្វេង នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ប្រធានាធិបតីអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានប្រកាសអំពីកិច្ចព្រមព្រៀងនាវាមុជទឹក AUKUS នៅឯមូលដ្ឋានទ័ពជើងទឹកអាមេរិកនៅទីក្រុង San Diego ក្នុងខែមីនា ឆ្នាំ 2023)។

អូស្ត្រាលី​មិន​កំពុង ហើយនឹងមិន​ស្វែងរក​អាវុធ​នុយក្លេអ៊ែរ​ទេ នេះ​បើ​តាម AUKUS ជា​កតិកាសញ្ញា​សន្តិសុខ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ការទូត សន្តិសុខ និង​ការពារជាតិ​នៅ​ក្នុងតំបន់ឥណ្ឌូ​ប៉ាស៊ីហ្វិក។ កតិកាសញ្ញា AUKUS ស្វែងរកការធ្វើឱ្យមានភាពរស់រវើកឡើងវិញ និងធ្វើទំនើបកម្មសម្ពន្ធភាព និងភាពជាដៃគូជុំវិញពិភពលោក ដោយបង្កើនការចូលរួមរបស់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីជំរុញសន្តិសុខ វិបុលភាព និងសេរីភាពនៃការផ្លាស់ទីសម្រាប់មនុស្ស និងទំនិញ។

លោកប្រធានាធិបតី Biden បានថ្លែងប្រាប់ថា «សហរដ្ឋអាមេរិកបានការពារស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយសម្រាប់ផលប្រយោជន៍ដ៏ធំសម្បើមរបស់ប្រទេសនានានៅទូទាំងតំបន់នេះ» នេះបើយោងទៅតាមកាសែត The New York Times។ «យើងកំពុងតែបង្ហាញម្តងទៀតពីរបៀបដែលលទ្ធិប្រជាធិបតេយ្យអាចផ្តល់ឱ្យយើងនូវសន្តិសុខ និងវិបុលភាពផ្ទាល់ ហើយនេះមិនត្រឹមតែសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកទាំងមូលផងដែរ»។

រ៉េអាក់ទ័រនាវាមុជទឹកដំណើរការដោយថាមពលនុយក្លេអ៊ែរ គឺជាបច្ចេកវិទ្យាដែលសបញ្ជាក់ពីសុវត្ថិភាពដែលត្រូវបានដំណើរការដោយអាមេរិកអស់រយៈពេលជាងប្រាំមួយទសវត្សរ៍មកហើយ ដោយគ្មានឧបទ្ទវហេតុអ្វីមួយកើតឡើងនោះឡើយ។ ពួកគេមានវត្តមាននៅប៉ាស៊ីហ្វិកអស់ជាច្រើនទសវត្សរ៍មកហើយ។ ក្រៅពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នាវាមុជទឹកដំណើរការដោយថាមពលនុយក្លេអ៊ែរ ក៏ត្រូវបានដំណើរការដោយប្រទេសបារាំង ឥណ្ឌា សាធារណរដ្ឋប្រជាមានិតចិន (PRC) និងរុស្ស៊ីផងដែរ។

ទោះបីជាកិច្ចព្រមព្រៀងសម្ពន្ធភាពរវាងប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក (AUKUS) មិនសំដៅទៅលើសាធារណរដ្ឋប្រជាមានិតចិនក៏ដោយក៏អ្នកវិភាគចាត់ទុកថា វាជាឧបករណ៍មួយផ្សេងទៀតដើម្បីទប់ទល់នឹងអាកប្បកិរិយាឈ្លានពាន និងឥទ្ធិពលរបស់ទីក្រុងប៉េកាំងនេះផងដែរ។

«សម្ពន្ធភាព AUKUS ត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងស្ថានភាពនៃបរិយាកាសសន្តិសុខដែលកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសផ្តោតទៅលើការកើនឡើងនៃអំណាចយោធារបស់ប្រទេសចិន និងគោលនយោបាយការបរទេសដ៏រឹងមាំរបស់ខ្លួនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ និន្នាការទាំងពីរនេះបានបង្កើនការព្រួយបារម្ភផ្នែកសន្តិសុខនៅក្នុងតំបន់ និងបានជំរុញសមាជិក AUKUS ឱ្យត្រូវនឹងយុទ្ធសាស្ត្ររបស់ពួកគេ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិន» នេះ​បើ​តាម​ការ​វិភាគ​របស់​លោក Charles Edel ទីប្រឹក្សា​ជាន់​ខ្ពស់​និង​ជា​ប្រធាន​នៅប្រទេស​អូស្ត្រាលី​នៅ​ឯមជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ។ «AUKUS គឺជាមូលដ្ឋានគ្រឹះនៃការភ្នាល់ដែលធ្វើឡើងដោយទីក្រុងវ៉ាស៊ីនតោន កង់បេរ៉ា និងទីក្រុងឡុងដ៍ ដែលតាមរយៈការពង្រឹងសមាហរណកម្មមូលដ្ឋានឧស្សាហកម្ម និងអន្តរប្រតិបត្តិការរបស់ពួកគេ AUKUS នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសទាំងនេះ ដែលជាការផ្ញើសារយ៉ាងច្បាស់លាស់ទៅកាន់ទីក្រុងប៉េកាំងថា បរិយាកាសសន្តិសុខធូររលុងត្រូវបានបញ្ចប់ ហើយគោលដៅចុងក្រោយគឺជាការពង្រឹងស្ថិរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ»។

AUKUS បានគូសបញ្ជាក់ពីវិធីសាស្រ្តជាដំណាក់កាលសម្រាប់កិច្ចព្រមព្រៀងនាវាមុជទឹកនេះ។ បុគ្គលិកយោធា និងជនស៊ីវិលអូស្ត្រាលីនឹងត្រូវបានដាក់ចូលទៅជាមួយកងទ័ពជើងទឹកអាមេរិក និងអង់គ្លេស ដើម្បីពន្លឿនការហ្វឹកហ្វឺន។ ចក្រភពអង់គ្លេស និងអាមេរិកនឹងបង្កើតវត្តមាននាវាមុជទឹកវិលជុំនៅក្នុងប្រទេសអូស្ត្រាលី។ សហរដ្ឋអាមេរិកនឹងវិនិយោគ 2.4 ពាន់លានដុល្លារអាមេរិករហូតដល់ឆ្នាំ 2027 ដើម្បីបង្កើនសមត្ថភាពសាងសង់។ ចក្រភពអង់គ្លេសមានបំណងបញ្ជូននាវាមុជទឹក SSN-AUKUS ដំបូងរបស់ខ្លួនទៅឱ្យកងនាវាចរអង់គ្លេសនៅចុងទសវត្សរ៍ឆ្នាំ 2030 ហើយអូស្ត្រាលីគ្រោងនឹងប្រគល់នាវាមុជទឹក SSN-AUKUS ដែលផលិតដោយអូស្ត្រាលីដំបូងបង្អស់ដល់កងនាវាចរអូស្ត្រាលីនៅដើមទសវត្សរ៍ឆ្នាំ 2040 នេះបើយោងតាមប្រភពពីសេតវិមាន។

សេតវិមានបានលើកឡើងនៅក្នុងខែមីនាឆ្នាំ 2023 ថា «ប្រទេសទាំងបីសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងនេះ ហើយនឹងបានប្តេជ្ញាចិត្តចំពោះគោលការណ៍ដែលបានគាំទ្រដល់កំណត់ត្រាសុវត្ថិភាពគ្មានគូប្រៀបនៃកម្មវិធីជំរុញនុយក្លេអ៊ែររបស់កងទ័ពជើងទឹកចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក»។ «អស់រយៈពេលជាង 60 ឆ្នាំមកហើយ ដែលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែររបស់កងទ័ពជើងទឹកជាង 500 គ្រឿងដែលបានធ្វើដំណើររួមគ្នាជាង 150 លានម៉ាយល៍ ដែលស្មើនឹងការធ្វើដំណើរទៅឋានព្រះចន្ទ និងត្រឡប់មកវិញ  300 ដងដោយគ្មានឧប្បត្តិហេតុ ឬផលប៉ះពាល់អវិជ្ជមានលើសុខភាពមនុស្ស ឬគុណភាពនៃបរិស្ថាននោះឡើយ។ អូស្ត្រាលី​ប្តេជ្ញា​រក្សា​នូវស្តង់ដារ​ដូចគ្នា​នេះ ដើម្បី​គ្រប់គ្រង​បច្ចេកវិទ្យា​ជំរុញ​នុយក្លេអ៊ែរ​របស់​កងទ័ពជើងទឹក​ប្រកបដោយ​សុវត្ថិភាព​»​។

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button