វិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

ការចំណាយលើវិស័យការពារជាតិរបស់តៃវ៉ាន់ ដើម្បីផ្តោតលើការត្រៀមខ្លួនសម្រាប់ «ការបិទច្រកទាំងស្រុង» ដោយសាធារណរដ្ឋប្រជាមានិតចិន

សារព័ត៌មាន Reuters

យោធារបស់កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងបានរាយការណ៍ថា ការចំណាយលើវិស័យការពារជាតិនៅឆ្នាំ 2023 របស់តៃវ៉ាន់ នឹងផ្តោតលើការរៀបចំសព្វាវុធ និងឧបករណ៍សម្រាប់ «ការបិទច្រកទាំងស្រុង» ដោយសាធារណៈរដ្ឋប្រជាមានិតចិន (PRC) រួមទាំងផ្នែកសម្រាប់យន្តហោះចម្បាំងប្រភេទ F-16 និងសព្វាវុធបន្ថែម។

សាធារណរដ្ឋប្រជាមានិតចិន ដែលគិតថាតៃវ៉ាន់ជាដែនដីរបស់ខ្លួន បានរៀបចំល្បែងសង្រ្គាមជុំវិញកោះនេះកាលពីខែសីហា ឆ្នាំ 2022 ដោយបានបាញ់មីស៊ីលរំលងលើទីក្រុងតៃប៉ិ និងប្រកាសអំពីតំបន់គ្មានការហោះហើរ និងគ្មាននាវាចរនៅក្នុងសមយុទ្ធនិម្មិតស្ដីពីរបៀបដែលយោធារបស់ខ្លួននឹងស្វែងរកការកាត់ផ្តាច់កោះតៃវ៉ាន់នៅក្នុងសង្គ្រាម។

នៅក្នុងរបាយការណ៍ដែលស្វែងរកការអនុម័តថវិកាពីសភា ក្រសួងការពារជាតិរបស់តៃវ៉ាន់បានថ្លែងថា ខ្លួនបានចាប់ផ្តើមពិនិត្យមើលឡើងវិញនូវទុនបម្រុងឥន្ធនៈយុទ្ធសាស្ត្ររបស់ខ្លួន និងសមត្ថភាពជួសជុលនៅឆ្នាំ 2022 ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

ក្រសួងនេះបានលើកឡើងថា នៅក្នុង «ការរំពឹងទុកអំពីការបិទច្រកសមុទ្រតៃវ៉ាន់ទាំងស្រុង» ការចំណាយក្នុងឆ្នាំ 2023 នឹងរួមបញ្ចូលការបំពេញបន្ថែមនូវស្តុកកាំភ្លើងធំ និងរ៉ុក្កែត និងផ្នែកសម្រាប់យន្តហោះប្រភេទ F-16 «ដើម្បីពង្រឹងការបន្តប្រយុទ្ធ»។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចំពោះការវាយតម្លៃការគំរាមកំហែងរបស់ខ្លួន ក្រសួងបានថ្លែងថា យោធាចិនបាននឹងកំពុងធ្វើប្រតិបត្តិការកងកម្លាំងរួម ដោយសម្លឹងមើលទៅលើការគ្រប់គ្រងចំណុចកាត់ផ្ដាច់ជាយុទ្ធសាស្ត្រ និងការបដិសេធលទ្ធភាពចូលទៅរកកងកម្លាំងបរទេស។

របាយការណ៍បានសរសេរថា៖ «ថ្មីៗនេះ គំរូសមយុទ្ធ និងការហ្វឹកហ្វឺនរបស់យោធាកុម្មុយនិស្តត្រូវបានកែសម្រួលពីប្រភេទយោធាតែមួយ ទៅជាប្រតិបត្តិការរួមគ្នានៃកងកម្លាំងដែនគោក ដែនសមុទ្រ ដែនអាកាស និងកងកម្លាំងរ៉ុក្កែត»។ «គំរូនេះកំពុងប្រកាន់យកវិធីសាស្រ្តសង្គ្រាមជាក់ស្តែង និង​ប្តូរពីការ​ហ្វឹកហ្វឺនទៅជាការត្រៀម​ប្រយុទ្ធ»។

ការិយាល័យកិច្ចការតៃវ៉ាន់របស់សាធារណរដ្ឋប្រជាមានិតចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។

ទីក្រុងប៉េកាំងមិនដែលបោះបង់ការប្រើប្រាស់កម្លាំងដើម្បីនាំយកតៃវ៉ាន់មកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួននោះឡើយ ទោះបីជាកោះនេះមិនធ្លាប់ជាផ្នែកនៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដោយ។

អគ្គលេខាបក្សកុម្មុយនិស្តចិន លោក ស៊ី ជីនពីង (Xi Jinping) បានបានថ្លែងនៅក្នុងខែមីនា ឆ្នាំ 2023 ថា សាធារណរដ្ឋប្រជាមានិតចិន ត្រូវតែធ្វើទំនើបកម្មយោធារបស់ខ្លួនដើម្បីធ្វើឱ្យខ្លួនក្លាយជា «មហាកំផែងដែកថែប»។

ក្រសួងការពារជាតិតៃវ៉ាន់បានលើកឡើងថា សាធារណរដ្ឋប្រជាមានិតចិន បានបង្កើនភាពរឹងមាំនៃ «ការត្រៀមខ្លួនប្រយុទ្ធរួមគ្នា» របស់ខ្លួនជាប្រព័ន្ធ នៅជុំវិញកោះនេះ រួមទាំងការលុកលុយជាង 1 700 ដង ដោយយន្តហោះយោធាចិន ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ក្នុងឆ្នាំ 2022 ដែលច្រើនជាងទ្វេដងនៃចំនួនសរុបកាលពីឆ្នាំមុន និងបង្ក «ការគំរាមកំហែងដ៏ធ្ងន់ធ្ងរ»។ (រូបភាព៖ យន្តហោះចម្បាំងប្រភេទ F-16 របស់តៃវ៉ាន់ ធ្វើសមយុទ្ធនៅខែមករា ឆ្នាំ 2022។)

ក្រសួងបានកត់សម្គាល់ថា សាធារណរដ្ឋប្រជាមានិតចិនបាននឹងកំពុង «ធ្វើប្រក្រតីកម្ម» តំបន់គ្មាននាវាចរណ៍នៅជុំវិញសមុទ្របូហៃ (Bohai) និងសមុទ្រលឿង និងច្រកសមុទ្រតៃវ៉ាន់ ហើយទីក្រុងប៉េកាំងសង្ឃឹមថានឹងពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការវាយលុកចូលទៅក្នុង «ខ្សែសង្វាក់កោះទីពីរ» ដែលលាតសន្ធឹងពីប្រទេសជប៉ុនទៅបណ្ដាកោះប៉ាស៊ីហ្វិក ដើម្បី «កាត់ផ្ដាច់ និងគ្រប់គ្រង» ច្រកសមុទ្រ Bashi ព្រមទាំងច្រកសមុទ្រ Miyako និងច្រកសមុទ្រ Tsushima ដែលជាច្រកចេញចូលដ៏សំខាន់ទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក និងសមុទ្រចិនខាងកើត។

ក្រសួងបានលើកឡើងថា សាធារណរដ្ឋប្រជាមានិតចិន ក៏បន្តប្រើយុទ្ធសាស្ត្រ «តំបន់ប្រទាញប្រទង់» ដើម្បីធ្វើតេស្ត​ការឆ្លើយតបរបស់តៃវ៉ាន់ រួមទាំងការបញ្ជូនយន្តហោះដ្រូន បាឡុង និងទូកនេសាទនៅក្បែរកោះនេះ។

ក្រសួងក៏បានថ្លែងផងដែរថា ខ្លួននឹងផ្តល់អាទិភាពដល់ការផ្តល់មូលនិធិនៅក្នុងថវិកាឆ្នាំ 2023 សម្រាប់សព្វាវុធសំខាន់ៗដែលផលិតដោយសហរដ្ឋអាមេរិក រួមទាំងមីស៊ីលប្រឆាំងយន្តហោះ Stinger និងឧបករណ៍ផ្ទុកប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតកាំភ្លើងធំចល័តកម្រិតខ្ពស់ប្រភេទ M142។

ប្រភពរូបភាព៖ សារព័ត៌មាន REUTERS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button