តំបន់អាស៊ីអគ្នេយ៍ / SEAនៃតំបន់បញ្ហាសំខាន់ៗភាពជាដៃគូ

សមយុទ្ធ Cobra Gold លើសពីការធ្វើសមុទ្ធលើកមុនៗ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

សមយុទ្ធ Cobra Gold ប្រចាំឆ្នាំ 2023 ដ៏ខ្លាំងក្លានឹងចាប់ផ្តើមនៅថ្ងៃទី 27 ខែកុម្ភៈនៅក្នុងប្រទេសថៃដោយមានបុគ្គលិកយោធាចំនួនជិត 7 400 នាក់មកពីបណ្ដាប្រទេសចំនួន 30 ដែលត្រូវបានគេរំពឹងថានឹងចូលរួមក្នុង ឬសង្កេតមើលការចូលរួមរយៈពេលពីរសប្តាហ៍ ដោយស្ដារឡើងវិញនូវសមយុទ្ធនេះទៅកាន់ទំហំរបស់ខ្លួនដូចមុនពេលជំងឺរាតត្បាត។ សមយុទ្ធនេះបានឆ្លុះបញ្ចាំងជាប្រវត្តិសាស្ត្រនូវការប្តេជ្ញាចិត្តរួមគ្នាចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។

លោកវរសេនីយ៍ឯក Kurt Leffler អនុព័ន្ធការពារជាតិសហរដ្ឋអាមេរិកប្រចាំប្រទេសថៃ និងជាប្រធានក្រុមប្រឹក្សាយោធារួមសហរដ្ឋអាមេរិក បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីស្នាក់ការកណ្ដាលកងយោធពលខេមរភូមិន្ទថៃថា៖ «យើងពិតជាបានត្រឡប់ទៅជា ‘​Cobra Gold កាលពីសម័យ​ចាស់​’ វិញបើនិយាយទៅលើទំហំនៃសមយុទ្ធ» នេះ​បើ​តាម​សារព័ត៌មាន Benar News។ «ចំពោះទំហំវិញ … បរិមាណ និងភាពស្មុគស្មាញនៃព្រឹត្តិការណ៍សមុទ្ធ Cobra Gold នេះនឹងលើសពីអ្វីដែលកើតមានពីមុនមក»។

ឥឡូវនេះនៅក្នុងសមយុទ្ធលើកទី 42 របស់ខ្លួន Cobra Gold ដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយប្រទេសថៃ និងសហរដ្ឋអាមេរិក គឺជាសមយុទ្ធយោធាពហុភាគីដែលដំណើរការដ៏ធំបំផុត និងយូរបំផុតមួយនៅលើពិភពលោក។

ទស្សនាវដ្ដី The Diplomat បានរាយការណ៍ថា សមយុទ្ធឆ្នាំ 2023 នឹងមានវគ្គបណ្តុះបណ្តាលប្រតិបត្តិការអវកាសជាលើកដំបូង រួមជាមួយនឹងការបណ្តុះបណ្តាលក្នុងសមរភូមិ និងសមយុទ្ធនៃបញ្ជាការដ្ឋាន សង្គ្រាមតាម​ប្រព័ន្ធអ៊ីនធឺណិត និងការបណ្តុះបណ្តាលជំនួយមនុស្សធម៌ និងការឆ្លើយតបនឹងគ្រោះមហន្តរាយ (HADR) ដើម្បីរួមបញ្ចូលគម្រោងជំនួយពលរដ្ឋនៅក្នុងសហគមន៍ថៃ។

បុគ្គលិកយោធាមកពីប្រទេសឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី កូរ៉េខាងត្បូង ថៃ និងសហរដ្ឋអាមេរិក នឹងចូលរួមនៅក្នុងសមយុទ្ធនេះ ដែលដំណើរការរហូតដល់ថ្ងៃទី 10 ខែមីនា នៅក្នុងខេត្តរបស់ប្រទេសថៃ ដូចជា លបបុរី ចាន់ថាបុរី ស្រះកែវ និងរ៉ាយ៉ុង។ អូស្ត្រាលី និងឥណ្ឌា ស្ថិតក្នុងចំណោមប្រទេសដែលចូលរួមជាប្រទេសសង្កេតការណ៍។

សមយុទ្ធ Cobra Gold តំណាងឱ្យផ្នែកសំខាន់នៃកិច្ចខិតខំប្រឹងប្រែងចូលរួមក្នុងតំបន់ ដើម្បីរក្សាការត្រៀមខ្លួន និងបង្កើនសមត្ថភាព លទ្ធភាព និងអន្តរប្រតិបត្តិការរបស់ប្រទេសជាដៃគូ។

លោក Leffler បានលើកឡើងថា៖ «ការឆ្លើយតបប្រកបដោយប្រសិទ្ធភាពរបស់យើងចំពោះគ្រោះមហន្តរាយក្នុងតំបន់ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ — ពីទឹកជំនន់ និងព្យុះរហូតដល់ការរញ្ជួយដី និងការសង្គ្រោះពីក្នុងរូងភ្នំ — គឺជាលទ្ធផលនៃការហ្វឹកហាត់រាប់លានម៉ោងរបស់បុគ្គលិកនៅក្នុងសមយុទ្ធ Cobra Gold» នេះបើយោងតាម Bernama ទីភ្នាក់ងារសារព័ត៌មានជាតិម៉ាឡេស៊ី។

យោងតាមលោក Leffler បានឱ្យដឹងថា បុគ្គលិកអាមេរិកជាង 6 000 នាក់ គឺជា «ការចូលរួមដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងសមយុទ្ធ Cobra Gold ក្នុងរយៈពេលមួយទសវត្សរ៍នេះ»។ ទីភ្នាក់ងារសារព័ត៌មាន Bernama បានរាយការណ៍ថា បុគ្គលិកថៃប្រហែល 1 000 នាក់នឹងចូលរួម។ (រូបភាព៖ ទាហានថៃចូលរួមក្នុងសមយុទ្ធពហុភាគី Cobra Gold ក្នុងខែកុម្ភៈ ឆ្នាំ 2020។)

លោក Leffler បានថ្លែងថា «ដើម្បីធានាថាភាពជាដៃគូរបស់យើងបន្តមានភាពរឹងមាំក្នុងទសវត្សរ៍ខាងមុខ យើងបាននាំយកកិច្ចសហប្រតិបត្តិការនៅក្នុងដែនអ៊ីនធឺណេត និងអវកាសចូលទៅក្នុងសមយុទ្ធ ហើយកំពុងតែពិសោធន៍ជាមួយគំនិតប្រតិបត្តិការថ្មី ដើម្បីរៀបចំសម្រាប់ការគំរាមកំហែងថ្មីណាមួយនាពេលអនាគត» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Bernama។

ប្រទេសភូមា ដែលមានព្រំប្រទល់ជាប់ប្រទេសថៃ និងក៏ជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែរនោះ នឹងមិនចូលរួមក្នុងសមយុទ្ធ Cobra Gold ម្តងទៀតនោះទេ។ ប្រទេសនេះបានជាប់គាំងនៅក្នុងវិបត្តិចាប់តាំងពីរបបយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ 2021។ លោកឧត្តមសេនីយ៍ឯក​ ធីតធីឆៃ ​ធានថង ​(Thitichai Tiantong) នាយសេនាធិការនៃកងយោធពលខេមរភូមិន្ទថៃ បានមានប្រសាសន៍ថា៖ «យើងមិនបានអញ្ជើញភូមាឱ្យចូលរួមក្នុងសមយុទ្ធនេះទេ ពីព្រោះ​អាសនៈរបស់យើង​មានចំនួនកំណត់»។

សមយុទ្ធ Cobra Gold ប្រចាំឆ្នាំ 2022 ដែលត្រូវបានកាត់បន្ថយទំហំដោយសារជំងឺរាតត្បាតនេះ រួមមានទាហានថៃចំនួន 1 953 នាក់ និងបុគ្គលិកអាមេរិកចំនួន 1 296 នាក់ រួមជាមួយ 50 នាក់មកពីសិង្ហបុរី 41 នាក់មកពីកូរ៉េខាងត្បូង 36 នាក់មកពីម៉ាឡេស៊ី 35 នាក់មកពីប្រទេសជប៉ុន និង 16 នាក់មកពីប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាអ្នកសង្កេតការណ៍ចំនួន 18 នាក់មក​ពី​ប្រទេសអូស្ត្រាលី និងប្រាំ​នាក់​មក​ពី​ប្រទេស​ឥណ្ឌា នេះបើតាមការរាយការណ៍​របស់កាសែត Bangkok Post។

ប្រទេសថៃ និងសហរដ្ឋអាមេរិក ដែលបានរួមចំណែកក្នុងចំណងការទូតអស់រយៈពេល 190 ឆ្នាំមកហើយ បានចូលរួម និងធ្វើសមយុទ្ធយោធាជាង 400 ដង ជារៀងរាល់ឆ្នាំ មុនពេលកូវីដ-19 នេះបើយោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក។

ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ សហរដ្ឋអាមេរិកបានសម្របសម្រួលការអប់រំ និងបណ្តុះបណ្តាលយោធារួមគ្នាជាមួយនឹងប្រទេសថៃ ដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ។ ជាឧទាហរណ៍ ក្នុងឆ្នាំ 2022 សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន 25 លានដុល្លារសហរដ្ឋអាមេរិកដល់ប្រទេសថៃសម្រាប់ HADR ការយល់ដឹងអំពីដែនសមុទ្រ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

 

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button