សមយុទ្ធទ្វេភាគី កណ្ដាប់ដៃដែក (Iron Fist) ប្ដូរទៅកាន់កោះជប៉ុន
បុគ្គលិករបស់ទស្សនាវដ្តី FORUM
សមយុទ្ធកណ្ដាប់ដៃដែក (Iron Fist) ដែលជាបេសកកម្មហ្វឹកហាត់ប្រចាំឆ្នាំរយៈពេលមួយសប្តាហ៍របស់យោធាជប៉ុន និងសហរដ្ឋអាមេរិក កំពុងប្រព្រឹត្តទៅនៅក្នុង និងជុំវិញប្រទេសជប៉ុននៅដើមឆ្នាំ 2023។ ការផ្លាស់ទីលំនៅពី Camp Pendleton រដ្ឋកាលីហ្វ័រញ៉ា កើតឡើងនៅពេលដែលប្រទេសជប៉ុនប្រឈមមុខនឹងអាកប្បកិរិយាគំរាមកំហែងពីសាធារណៈរដ្ឋប្រជាមានិតចិន (PRC) រុស្ស៊ី និងកូរ៉េខាងជើង ហើយធ្វើតាមមេដឹកនាំជប៉ុន និងសហរដ្ឋអាមេរិកដែលសន្យាពង្រឹងទំនាក់ទំនងនៃប្រជាជាតិរបស់ពួកគេ ខណៈពេលដែលអះអាងជាថ្មីអំពីសម្ព័ន្ធភាពដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងវិបុលភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ប្រតិបតិ្តការក្នុងទឹក គឺជាលក្ខណៈស្នូលនៃសមយុទ្ធទ្វេភាគី ដែលចាប់ផ្តើមដំណើរការពីថ្ងៃទី 16 ខែកុម្ភៈ ដល់ថ្ងៃទី 12 ខែមីនា។ ការបណ្តុះបណ្តាលនៅមាត់សមុទ្រគឺជាការរៀបចំកងកម្លាំងដើម្បីការពារដែនកោះប្រឆាំងនឹងបច្ចាមិត្ដ និងផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌នៅតំបន់ឆ្នេរ។
ប្រទេសជប៉ុនបានបើកដំណើរការកងពលតូចដាក់ពង្រាយសម្រាប់ការប្រយុទ្ធឡើងគោករហស័ (Amphibious Rapid Deployment Brigade) របស់ខ្លួនក្នុងឆ្នាំ 2018 ដោយផ្លាស់ប្តូរចំណុចផ្ដោតសមយុទ្ធកណ្ដាប់ដៃដែក (Iron Fist) និងវគ្គហ្វឹកហាត់ស្រដៀងគ្នា។ នាវិក និងកងទ័ពម៉ារីនជប៉ុន និងសហរដ្ឋអាមេរិក ចាប់តាំងពីពេលនោះមក បានហ្វឹកហាត់រួមគ្នា ដើម្បីភាពស្ទាត់ជំនាញ និងការអភិវឌ្ឍកងកម្លាំងដែលអាចប្រតិបត្តិការរួមគ្នាបាន។ (រូបភាព៖ ទាហានកងកម្លាំងការពារស្វ័យការពារជើងគោកជប៉ុន ហ្វឹកហាត់ក្នុងយានជំនិះដែលអាចចុះទឹកបានក្នុងអំឡុងពេលសមយុទ្ធកណ្ដាប់ដៃដែក (Iron Fist) នៅឯមូលដ្ឋានកងទ័ពម៉ារីនអាមេរិក Camp Pendleton នៅរដ្ឋកាលីហ្វ័រញ៉ា កាលពីខែមករា ឆ្នាំ 2022។)
កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) កំពុងចូលរួមជាមួយកងកម្លាំងស្វ័យការពារជើងគោកជប៉ុន (JGSDF) កងទ័ពម៉ារីនអាមេរិក និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក សម្រាប់ការធ្វើសមយុទ្ធកណ្ដាប់ដៃដែក (Iron Fist) ឡើងវិញលើកទី 17។ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន (JGSDF) បានបង្ហោះសារនៅលើបណ្ដាញ Twitter កាលពីថ្ងៃទី 27 ខែមករាកន្លងទៅនេះថា៖ «តាមរយៈសមយុទ្ធនេះ JGSDF នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការរួមគ្នា និងទ្វេភាគីរបស់យើង ហើយរួមចំណែកក្នុងការរក្សា និងពង្រឹងឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។
សមយុទ្ធនេះក៏រួមបញ្ចូលផងដែរនូវសមយុទ្ធអំពីភាពវាងវៃក្នុងការបាញ់កាំភ្លើង ការឈ្លបយកការណ៍ ការវាយលុក ការដឹកជញ្ជូន និងជំនួយផ្នែកវេជ្ជសាស្រ្ត និងប្រតិបត្តិការបាញ់ដូចជាកាំភ្លើងត្បាល់ កាំភ្លើងធំ និងជំនួយពីអាកាស។
ទីតាំងរួមមានកោះ Kikai នៅក្នុងតំបន់ដែនដីនៃទីក្រុងកាហ្គូហ្ស៊ីម៉ា (Kagoshima) របស់ប្រទេសជប៉ុន និងមូលដ្ឋានទ័ពនៃកងម៉ារីនសហរដ្ឋអាមេរិក Camp Hansen នៅលើកោះសំខាន់នៃតំបន់ដែនដីក្រោមការត្រួតត្រារបស់ខេត្ត Okinawa ដែលទាំងពីរនេះគឺជាផ្នែកមួយនៃកោះ Ryukyu ដែលលាតសន្ធឹងពីកោះ Kyushu ភាគនិរតី ទៅតៃកោះវ៉ាន់។ នេះបើតាមកាសែត The Japan News បានរាយការណ៍កាលពីចុងខែមករាឆ្នាំ 2023 កន្លងទៅនេះ។ ជម្លោះរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូអំពីបញ្ហាដែលថាតើប្រទេសមួយណាមានការគ្រប់គ្រងដែនដីនៃតំបន់នោះ ហើយបក្សកុម្មុយនិស្តចិន (CCP) បានធ្វើឱ្យកម្រើកកាន់តែខ្លាំងឡើងនៅក្នុងតំបន់ជុំវិញជាមួយនឹងនាវា និងយន្តហោះយោធា។
បក្សកុម្មុយនិស្តចិន ក៏បានបង្កើនវត្តមានយោធារបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដែលខ្លួនអះអាងថាជាដែនដីរបស់ខ្លួន និងគរាមកំហែងកាន់តែខ្លាំងឡើងក្នុងការរឹបអូសដោយបង្ខំ បើទោះបីជាកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះមិនធ្លាប់ជាផ្នែកមួយនៃសាធារណរដ្ឋប្រជាមានិតចិនក៏ដោយ។ ទន្ទឹមនឹងនោះដែរ ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ធ្វើឱ្យជប៉ុន និងសម្ព័ន្ធមិត្ត និងដៃគូភ័យខ្លាចអំពីការយាយីស្រដៀងគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយចំនួនកំណត់ត្រានៃការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងក្នុងឆ្នាំ 2022 រួមទាំងមីស៊ីលប៉ាលីស្ទីកបាញ់កាត់លើប្រទេសជប៉ុនកាលពីខែតុលា មិនបង្ហាញសញ្ញានៃការធូរស្រាលនោះទេ។
អ្នកចូលរួមក្នុងសមយុទ្ធកណ្ដាប់ដៃដែក (Iron Fist) នឹងដាក់ពង្រាយទៅកាន់កោះជប៉ុនមួយដែលគ្មានកងកម្លាំងឈរជើង ហើយធ្វើជាដណ្តើមយកកោះដាច់ស្រយាលមួយដែលត្រូវបានដណ្ដើមយក ត្រឡប់មកវិញ។ សមយុទ្ធនៃការប្រយុទ្ធនឹងរួមបញ្ចូលគ្នានូវប្រតិបត្តិការចុះចតឡើងគោក ជាមួយនឹងការហ្វឹកហាត់ឆ័ត្រយោង។
លោក Col. Matthew C. Danner បានមានប្រសាសន៍ថា៖ «ខ្ញុំបានឃើញទំនាក់ទំនងដ៏រឹងមាំរវាងកងទ័ពម៉ារីនសហរដ្ឋអាមេរិក កងកម្លាំងស្វ័យការពារជើងគោកជប៉ុន (JGSDF) និងកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (JMSDF) ចាប់តាំងពីពេលដែលខ្ញុំចូលកាន់តំណែងជាមេបញ្ជាការអង្គភាពទី 31 នៃកងទ័ពម៉ារីនដែលបំពេញបេសកកម្មនៅក្រៅប្រទេស (31st Marine Expeditionary Unit)»។ «តាមរយៈការកសាងនៅលើមូលដ្ឋានដ៏រឹងមាំនោះ សមយុទ្ធកណ្ដាប់ដៃដែក (Iron Fist) ប្រចាំឆ្នាំ 2023 នឹងបង្ហាញពីភាពរឹងមាំ និងសមត្ថភាពដែលមិនអាចប្រៀបផ្ទឹមបាននៃកងកម្លាំងរួមរបស់យើង នៅពេលដែលយើងធ្វើការជាមួយគ្នាដើម្បីធានាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់»។
ការប្រកាសរួមគ្នាអំពីទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរបានធ្វើឡើងនៅពាក់កណ្តាលខែមករាឆ្នាំ 2023 រយៈពេលមួយខែបន្ទាប់ពីប្រទេសជប៉ុនបានបង្ហាញពីយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលរួមបញ្ចូលការបង្កើនកម្លាំងយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ ផែនការនេះបង្កើនការចំណាយលើវិស័យការពារជាតិទ្វេដងនៅឆ្នាំ 2027 ហើយអំពាវនាវឱ្យផ្លាស់ប្តូរជំហរសន្តិភាពរបស់ប្រទេសនេះ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងដែលកំពុងកើនឡើង។
ការទទួលបានសមត្ថភាពវាយប្រហារតបតគឺជា «គន្លឹះក្នុងការទប់ស្កាត់ការឈ្លានពានប្រឆាំងនឹងប្រទេសជប៉ុន» ដែលយុទ្ធសាស្ត្រនេះចែង ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃសម្ព័ន្ធមិត្តដែលមានសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការឈ្លានពាន។
ប្រភពរូបភាព៖ នាយឯក SYDNEY SMITH/កងទ័ពម៉ារីនអាមេរិក
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។