ទស្សនៈសាកលនៃតំបន់បញ្ហាសំខាន់ៗអាស៊ីឥសាន / NEA

លោក Li Wenliang រំលឹកយើងថា៖ ជំងឺកូវីដគឺមានពិតមិនមែនការចាប់ពិរុទ្ធ និងការបោកប្រាស់នោះទេ

បុគ្គលិករបស់ទស្សនាវដ្តី FORUM

សាធារណរដ្ឋប្រជាមានិតចិន (PRC) កំពុងផ្លាស់ប្តូរទៅកាន់យុគសម័យថ្មីនៃជំងឺរាតត្បាត កូវីដ-19។ ចាប់តាំងពីចុងឆ្នាំ 2022 មក បក្សកុម្មុយនិស្តចិន (CCP) បាននឹងកំពុងតែរំសាយគោលនយោបាយ «គ្មានកូវីដ» ដ៏តឹងរ៉ឹងរបស់ប្រទេសខ្លួន បន្ទាប់ពីការតវ៉ារបស់ពលរដ្ឋដែលមិនធ្លាប់មានពីមុនមកនៅទូទាំងប្រទេសចិន។ ទោះបីជាការដកការបិទខ្ទប់បានបណ្តាលឱ្យមានការផ្លាស់ប្តូរដ៏ធំធេងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក៏ប្រទេសនេះនៅតែជួបប្រទះនូវករណីកើនឡើង ជាមួយនឹងការស្លាប់កើនឡើងដល់រាប់រយរាប់ពាន់នាក់តាមការប៉ាន់ស្មានមួយចំនួន។

សោកនាដកម្ម — និងកិច្ចខិតខំប្រឹងប្រែងពង្រឹងរបស់បក្សកុម្មុយនិស្ត​ចិនក្នុងការត្រួតពិនិត្យ បង្ក្រាប និងបំភ្លៃការពិត — កំពុងធ្វើឱ្យបុរសម្នាក់ដក់ជាប់ទៅក្នុងគំនិតរបស់ពលរដ្ឋចិន៖ លោក Li Wenliang។ វេជ្ជបណ្ឌិតនៅទីក្រុងវូហាន (Wuhan) ស្ថិតក្នុងចំណោមមនុស្សដំបូងគេដែលព្រមានពីគ្រោះថ្នាក់នៃវីរុសនេះ និងជាជនរងគ្រោះដំបូងបំផុតរបស់វីរុសនេះផងដែរ។ អ្នករាយការណ៍ព័ត៌មានដោយសម្ងាត់វ័យ 34 ឆ្នាំរូបនេះបានស្លាប់ក្នុងខែកុម្ភៈ ឆ្នាំ 2020។

លោក Li បានជួបប្រទះនឹងវីរុសនេះជាលើកដំបូងនៅចុងឆ្នាំ 2019 នៅឯទីក្រុង Wuhan ជាកន្លែងដែលជំងឺកូវីដ-19 ក្រោយមកត្រូវបានបញ្ជាក់ថាជាការរាយការណ៍ដំបូងបំផុត។ អត្ថបទព្រមានអំពី «មេរោគដូចជំងឺសា» ដែលគាត់បានផ្ញើទៅមិត្តរួមការងារនៅក្នុងការជជែកជាលក្ខណៈឯកជនមួយនេះក៏បានល្បីសុសសាយ ហើយភ្លាមៗនោះមន្ត្រីបក្សកុម្មុយនិស្ត​ចិនបានបញ្ជាឱ្យគាត់ចុះហត្ថលេខាលើការសារភាពដោយនិយាយថា សេចក្តីថ្លែងការណ៍របស់គាត់អំពីមេរោគនេះគឺមិនពិតនោះឡើយ។ អាជ្ញាធរ​ចិន​បាន​បដិសេធ​ថា មេរោគ​នេះ​មិន​ត្រូវ​បាន​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​នោះទេ បើ​ទោះ​ជា​មាន​ភ័ស្តុតាង​វិទ្យាសាស្ត្រ​ផ្ទុយ​ពី​នេះ​ក៏​ដោយ។

ទោះយ៉ាងណាក៏ដោយ លោក Li និងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកណ្តាលទីក្រុង Wuhan ផ្សេងទៀតបានឃើញសញ្ញានៃការឆ្លងធ្ងន់ធ្ងរ។ សហការីម្នាក់របស់លោក Li បានថ្លែងប្រាប់ទៅកាសែត The New York Times ថា៖ «នៅពេលដែលព័ត៌មាននេះចេញមក វេជ្ជបណ្ឌិតពីរបីនាក់នៅក្នុងការិយាល័យរបស់ខ្ញុំមានការខកចិត្តដោយលើកឡើងថា ‘តើមិនអាច​​​មានការ​ឆ្លងទៅ​មនុស្សដោយរបៀបណាទៅ?’»។ «គ្រួសារទាំងមូលបានមកបន្ទប់សង្គ្រោះបន្ទាន់របស់ពួកយើងដែលមានជំងឺដូចគ្នា»។

ទោះបីជាមានការអះអាងជាផ្លូវការថា គ្មានបុគ្គលិកពេទ្យណាម្នាក់បានឆ្លងមេរោគក៏ដោយ តែលោក Li ក៏បានឆ្លងមេរោគនេះ ហើយបានស្លាប់ប៉ុន្មានសប្តាហ៍ក្រោយមក — ប៉ុន្តែមិនមែនមុនពេលបង្ហោះរឿងរបស់គាត់ទៅកាន់គេហទំព័រ Weibo ពីគ្រែមន្ទីរពេទ្យរបស់គាត់នោះទេ។ គាត់បានក្លាយជាបុគ្គលដ៏ល្បីល្បាញនៅក្នុងប្រទេសចិនចំពោះការនិយាយការពិត ទោះបីជាបក្សកុម្មុយនិស្ត​ចិនព្យាយាមបំបិទមាត់គាត់ក៏ដោយ។ នៅពេលដែលជំងឺរាតត្បាតរីករាលដាល អ្នកប្រើប្រាស់អ៊ីនធឺណិតបានបន្តចូលរួមជាមួយគណនី Weibo របស់លោក Li ដោយបង្ហោះរឿងរ៉ាវនៃការនៅដាច់ដោយឡែកពីគេ ភាពឯកា ការខកចិត្ត និងការភ័យខ្លាច។ (រូបភាព៖ មនុស្សម្នាចូលរួមនៅកំដរលោកវេជ្ជបណ្ឌិត Li Wenliang នៅហុងកុង ថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2020)។

ជាមួយនឹងករណីដែលកំពុងកើនឡើង អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងត្រលប់ទៅមើលគណនីរបស់គាត់វិញផងដែរ។ «លោកបណ្ឌិត Li អស់រយៈពេលបីឆ្នាំមកហើយ ដែលខ្ញុំតែងតែគិតពីអ្នកនៅពេលយប់។ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​គ្រប់​ពេល» មនុស្សម្នាក់បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនេះបើយោងតាមសារព័ត៌មាន NBC News។

ចាប់តាំងពីការរឹតបន្តឹងត្រូវបានបន្ធូរបន្ថយមក បក្សកុម្មុយនិស្ត​ចិនបានបញ្ឈប់ការធ្វើតេស្តទ្រុងទ្រាយធំ និងបានចេញផ្សាយថា មានចំនួនករណីផ្លូវការទាបបំផុត ដែលករណីទាំងនេះបង្កឱ្យមានការសង្ស័យថ្មី។ លោកវេជ្ជបណ្ឌិត Michael Ryan នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍កាលពីខែមករាឆ្នាំ 2023 ថា តួលេខនេះបង្ហាញពី «ផលប៉ះពាល់ពិតនៃជំងឺនេះទាក់ទងនឹងថ្លៃចូលមន្ទីរពេទ្យ ទាក់ទងនឹងថ្លៃចូល ICU និងជាពិសេសទាក់ទងនឹងការស្លាប់» នេះបើយោងទៅតាមសារព័ត៌មាន BBC។

នៅខែដដែលនោះផងដែរ ទីក្រុងសេអ៊ូលបានប្រកាសពីផែនការកំណត់ទិដ្ឋាការរយៈពេលខ្លីដល់អ្នកដំណើរដែលមកពីប្រទេសចិន បន្ទាប់ពីមានរហូតដល់ 80% នៃករណីដែលបានបញ្ជាក់ថ្មីនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលមានប្រភពពីប្រទេសចិន។ CNBC បានរាយការណ៍ថា ជំនួសឱ្យតម្លាភាព និងការចែករំលែកទិន្នន័យដែលអាចជួយប្រទេសផ្សេងទៀតគ្រប់គ្រងហានិភ័យ ជាថ្មីម្ដងទៀតបក្សកុម្មុយនិស្ត​ចិនបានប្រើការបង្វែរដានដោយទីក្រុងប៉េកាំងបានចោទប្រកាន់កូរ៉េខាងត្បូងពីការរើសអើង។

នៅក្នុងខែមករា ឆ្នាំ 2023 រដ្ឋបាលគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិតនៃប្រទេសចិនបានព្រមានថា ខ្លួននឹងចាត់វិធានការលើ «ព័ត៌មានក្លែងក្លាយ» និង «ពាក្យចចាមអារ៉ាមតាមអនឡាញទាក់ទងនឹងជំងឺរាតត្បាត» ដោយអះអាងថា «ការពារការបំភាន់សាធារណជន និងបង្កឱ្យមានការភ័យស្លន់ស្លោក្នុងសង្គម» នេះបើយោង​តាម​របាយការណ៍របស់កាសែត Guardian។ កាសែត South China Morning Post បានរាយការណ៍ថា គេហទំព័រ Weibo បានហាមឃាត់គណនីជាង 1,000 ចំពោះការ «ញុះញង់ឱ្យមានជម្លោះ» និងធ្វើការចោទប្រកាន់ទាក់ទងនឹងជំងឺរាតត្បាត។

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button