«កងទ័ពជើងទឹកទីពីរ» របស់បក្សកុម្មុយនិស្តចិនកំពុងគំរាមកំហែងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសចិនខាងកើត និងសមុទ្រចិនខាងត្បូង
បុគ្គលិករបស់ទស្សនាវដ្តី FORUM
ឆ្មាំឆ្នេរសមុទ្រចិន (CCG) ដែលកំពុងរីកដុះដាល និងមានភាពជឿជាក់លើខ្លួនឯងកំពុងតែត្រូវបានគេមើលឃើញកាន់តែច្បាស់ និងបង្កជាបញ្ហានៅក្នុងដែនទឹកដែលមានជម្លោះនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នាវាឆ្មាំឆ្នេរសមុទ្រប្រហែល 150 គ្រឿងមកពីកងនាវារបស់បក្សកុម្មុយនិស្តចិន (CCP) កំពុងពួនវាយឆ្មក់នៅឆ្នេរសមុទ្រនៃប្រទេសជិតខាងកាន់តែខ្លាំងឡើង ពីឥណ្ឌូណេស៊ី និងវៀតណាម ទៅដល់ប្រទេសជប៉ុន និងហ៊្វីលីពីន ដោយពេលខ្លះមានការប៉ះទង្គិចជាមួយនាវានេសាទត្រី នាវាដឹកប្រេងនិងឧស្ម័ន និងរ៉ែ។
ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា នាវាឆ្មាំឆ្នេរសមុទ្រចិន (CCG) ស្វែងរកការអះអាងពីអាជ្ញាធរនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់រដ្ឋផ្សេងទៀត ដែលលាតសន្ធឹងរហូតដល់ 200 ម៉ាយល៍ក្នុងសមុទ្រប្រហែលជា 370 គីឡូម៉ែត្រពីឆ្នេរសមុទ្រ។ ទីក្រុងប៉េកាំងអះអាងថា ដែនទឹក និងលក្ខណៈពិសេសភាគច្រើននៅក្នុងសមុទ្រចិនខាងត្បូង គឺជាដែនដីរបស់ចិន បើទោះបីជាសាលាក្តីអន្តរជាតិឆ្នាំ 2015 ប្រកាសថាដែនទាំងនោះមិនមានសិទ្ធិស្របច្បាប់ក៏ដោយ។
ច្បាប់ឆ្មាំឆ្នេរសមុទ្ររបស់ទីក្រុងប៉េកាំងដែលបានចូលជាធរមានក្នុងខែកុម្ភៈ ឆ្នាំ 2021 អនុញ្ញាតឱ្យកងនាវាអនុវត្តច្បាប់ដែនសមុទ្ររបស់ខ្លួនប្រើប្រាស់កងកម្លាំងឈ្លានពាននោះប្រឆាំងនឹងនាវាបរទេសដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកដែលទាមទារដោយចិន។ ច្បាប់នេះបំពានទៅលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងប្រឆាំងនឹងគោលការណ៍នៃឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ នេះបើយោងតាមទស្សនាវដ្តីព័ត៌មាន The Diplomat បានរាយការណ៍កាលពីខែមេសា ឆ្នាំ 2021។ ទស្សនាវដ្តីព័ត៌មាន The Diplomat បានរាយការណ៍ថា៖ «ទោះបីជានេះត្រូវបានសន្មតថានេះជាភ្នាក់ងារអនុវត្តច្បាប់ក៏ដោយ ក៏សមត្ថភាពប្រយុទ្ធរបស់ឆ្មាំឆ្នេរសមុទ្រចិនលើសពីកងទ័ពជើងទឹកអាស៊ីភាគច្រើនដែរ»។
ឆ្មាំឆ្នេរសមុទ្រចិន (CCG) មានលក្ខណៈស្រដៀងនឹងកងទ័ពជើងទឹកទីពីរជាមួយនឹងនាវាមួយចំនួនដែលបំពាក់ដោយកាំភ្លើងធំដូចគ្នាទៅនឹងនាវាចម្បាំង នេះបើតាមទីភ្នាក់ងារព័ត៌មាន Kyodo News បានរាយការណ៍នៅដើមខែកុម្ភៈ ឆ្នាំ 2023។ គិតត្រឹមខែមេសា ឆ្នាំ 2015 វិទ្យាស្ថានកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានកត់សម្គាល់ថា បក្សកុម្មុយនិស្តចិនកំពុងតែ «កេងប្រវ័ញ្ចការអនុវត្តច្បាប់ដែនសមុទ្រជាលំដាប់ – ហើយឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន – ជាឧបករណ៍នៃរដ្ឋប្រសាសន៍»។ ចាប់តាំងពីពេលនោះមកឆ្មាំឆ្នេរសមុទ្រចិន (CCG) មានការរីកចម្រើនយ៉ាងខ្លាំង ដោយបានបន្ថែមកនាវា និងបុគ្គលិក និងបង្កឱ្យមានការប្រឈមមុខដាក់គ្នា៖
- ការអនុវត្តច្បាប់របស់ចិន និងហ៊្វីលីពីនបានប៉ះទង្គិចគ្នានៅកោះ Thitu នៅពេលដែលនាវិកឆ្មាំឆ្នេរសមុទ្រចិនកាត់ខ្សែបន្ដោងរបស់នាវាហ៊្វីលីពីនដែលរើសកម្ទេចកម្ទីគ្រាប់រ៉ុក្កែតរបស់ចិនកាលពីចុងខែវិច្ឆិកា ឆ្នាំ 2022 កន្លងមក ហើយប្រហែលជាមួយឆ្នាំបន្ទាប់ពីនាវាឆ្មាំឆ្នេរសមុទ្រចិនបានបាញ់កាណុងទឹកដើម្បីរំខានដល់ការដឹកជញ្ជូនអាហារដល់កងម៉ារីនហ៊្វីលីពីននៅ Second Thomas Shoal ដែលត្រូវបានគេស្គាល់ផងដែរថាជា Ayungin Shoal នេះបើតាមសារព័ត៍មាន The Associated Press បានធ្វើសេចក្ដីរាយការណ៍។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅដើមខែកុម្ភៈ ឆ្នាំ 2023 ថា ឆ្មាំឆ្នេរសមុទ្រហ៊្វីលីពីនបានបង្កើនការល្បាត ដើម្បីរារាំងការគំរាមកំហែងរបស់ឆ្មាំឆ្នេរសមុទ្រចិនចំពោះអ្នកនេសាទ និងអ្នកផ្សេងទៀតនៅក្នុងតំបន់។
- កាសែត The Japan Times បានរាយការណ៍ថា នាវារបស់ឆ្មាំឆ្នេរសមុទ្រចិនបួនគ្រឿងបានចូលទៅជិតនាវាឯកជនមួយនៅក្នុងដែនទឹករបស់ជប៉ុនជុំវិញប្រជុំកោះ Senkaku នៃសមុទ្រចិនខាងកើតកាលពីចុងខែមករា ឆ្នាំ 2023។ នាវារបស់ឆ្មាំឆ្នេរសមុទ្រជប៉ុនបានតម្រូវឱ្យនាវារបស់ឆ្មាំឆ្នេរសមុទ្រចិនចាកចេញពីទីនោះ។ ប្រទេសទាំងពីរទាមទារសិទ្ធិផ្តាច់មុខនៅក្នុងតំបន់ ដែលជាកន្លែងប្រឈមមុខគ្នាញឹកញាប់នោះ។
- នាវាឆ្មាំឆ្នេរសមុទ្រដ៏ធំបំផុតរបស់ទីក្រុងប៉េកាំងបានជាប់គាំងអស់ជាច្រើនសប្តាហ៍នៅជិតតំបន់ឧស្ម័ន និងប្រេងនៅក្នុងសមុទ្រ Natuna ជាតំបន់ដែលឥណ្ឌូណេស៊ី និងវៀតណាមមានសិទ្ធិកាន់កាប់ដែនដី នេះបើតាមវិទ្យុអាស៊ីសេរី (RFA) បានរាយការណ៍កាលពីខែមករាឆ្នាំ 2023។ នាវាចម្បាំងឥណ្ឌូណេស៊ីបានត្រួតពិនិត្យនាវារបស់ឆ្មាំឆ្នេរសមុទ្រចិន។
ឆ្មាំឆ្នេរសមុទ្រចិនបានបង្កើនវត្តមានរបស់ខ្លួននៅទីតាំងសមុទ្រចិនខាងត្បូងចំនួនប្រាំក្នុងឆ្នាំ 2022 ដោយមានការល្បាតស្ទើរតែរាល់ថ្ងៃនៅក្នុងតំបន់មួយចំនួន នេះបើយោងតាមការស្រាវជ្រាវរបស់គំនិតផ្តួចផ្តើមដើម្បីតម្លាភាពរបស់ដែនសមុទ្រអាស៊ី (AMTI) នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។
ជាឧទាហរណ៍ នៅឯ Scarborough Shoal ដែលទីក្រុងប៉េកាំងបានរឹបអូសពីហ៊្វីលីពីនក្នុងឆ្នាំ 2012 ហើយបានដាក់ឱ្យកប៉ាល់ឆ្មាំឆ្នេរសមុទ្រចិនល្បាតក្នុងរយៈពេល 344 ថ្ងៃក្នុងឆ្នាំ 2022 ដែលបានកើនឡើងពី 287 ថ្ងៃក្នុងឆ្នាំ 2020 នេះបើតាមការវិភាគរបស់ AMTI បានបង្ហាញឱ្យឃើញ។ (រូបភាព៖ នាវាឆ្មាំឆ្នេរសមុទ្រចិនបានល្បាតនៅ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូងនៅចុងខែធ្នូ ឆ្នាំ 2022។) នៅ Vanguard Bank ដែលជាតំបន់អភិវឌ្ឍន៍ប្រេង និងឧស្ម័នរបស់វៀតណាម នាវាឆ្មាំឆ្នេរសមុទ្រចិនបានល្បាតរយៈពេល 310 ថ្ងៃក្នុងឆ្នាំ 2022 បើធៀបនៅក្នុងឆ្នាំ 2020 ដែលមានចំនួន 142 ថ្ងៃ។
សកម្មភាពបែបនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងប៉េកាំងក្នុងការគ្រប់គ្រងតំបន់ដែនសមុទ្រដ៏ធំដែលខ្លួនអះអាងថាជាទឹកដីរបស់ខ្លួន នេះបើតាមរបាយការណ៍ប្រចាំខែមករាឆ្នាំ 2023 របស់ AMTI បានសន្និដ្ឋាន។
ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគបានប្រាប់សារព័ត៌មាន Benar News កាលពីដើមខែកុម្ភៈ ឆ្នាំ 2023 ថា ទន្ទឹមនឹងនោះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលបានស្តារឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះនឹងមានសង្ឃឹមតិចតួចនៃភាពជោគជ័យ ដោយសារតែបរិយាកាសក្នុងតំបន់មិនអំណោយផលដល់កិច្ចព្រមព្រៀងមួយនេះ។
លោក Collin Koh អ្នកស្រាវជ្រាវនៅសាលា S. Rajaratnam School of International Studies ក្នុងប្រទេសសិង្ហបុរីបានប្រាប់សារព័ត៍មាន Benar News ថា៖ «ករណីថ្មីៗនៃការបង្ខិតបង្ខំរបស់ចិននៅសមុទ្រប្រឆាំងនឹងគូប្រជែងអាស៊ីអាគ្នេយ៍ ដូចជាឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ៊្វីលីពីនដែលនឹងមិនរួមចំណែកដល់ការកសាងទំនុកចិត្តនោះទេ»។
ប្រភពរូបភាព៖ រូបភាព AFPGetty
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។