ការរីកសាយអាវុធនៃតំបន់បញ្ហាសំខាន់ៗអាស៊ីឥសាន / NEA

ការបាញ់មីស៊ីលបង្កហេតុរបស់កូរ៉េខាងជើងទាក់ទាញការឆ្លើយតបរួមគ្នា

លោក Felix Kim

ការបាញ់មីស៊ីលបង្កហេតុ និងបង្កអស្ថិរភាពរបស់កូរ៉េខាងជើង ដែលបានឈានដល់កម្រិតកំណត់ត្រាក្នុងឆ្នាំ 2022 គឺជាការគំរាមកំហែងយ៉ាងច្បាស់លាស់ចំពោះកូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាកងកម្លាំងយោធាសហរដ្ឋអាមេរិក ដែលឈរជើងនៅក្នុងប្រទេសនីមួយៗទាំងនោះ និងប្រហែលជា ចំពោះតំបន់ដីគោករបស់សហរដ្ឋអាមេរិក។ មន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូងបានលើកឡើងថា ទីក្រុងសេអ៊ូលប្តេជ្ញាធ្វើការជាមួយទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងការគំរាមកំហែងនេះ។

បន្ទាប់ពីការបាញ់សាកល្បងមីស៊ីលប៉ាលីស្ទីក និងមីស៊ីលនាំផ្លូវជាង 90 គ្រាប់ក្នុងឆ្នាំនេះ ទីក្រុងព្យុងយ៉ាងបានបង្កើនភាពតានតឹងបន្ថែមទៀតនៅចុងខែធ្នូ នៅពេលដែលលោកស្រី គីម យ៉ូ ចុង (Kim Yo Jong) ដែលជាមន្ត្រីថ្នាក់ជាតិកំពូល និងជាប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ចុង អ៊ុន (Kim Jong Un) បានផ្តល់យោបល់ថា របបនេះអាចធ្វើការបាញ់បង្ហោះមីស៊ីលប៉ាលីស្ទីកអន្តរទ្វីប (ICBM) តាមគន្លងគ្រាប់បាញ់ស្តង់ដារ។ ការបាញ់បង្ហោះបែបនេះនឹងមានការឆេះខ្លាំង ព្រោះវាអាចបញ្ជូនមីស៊ីលឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក និងគំរាមកំហែងដល់តំបន់ដីគោករបស់សហរដ្ឋអាមេរិក។

លោក Park Yong-han អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និងសន្តិសុខនៃវិទ្យាស្ថានវិភាគផ្នែកការពារជាតិកូរ៉េ (KIDA) បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «ប្រសិនបើកូរ៉េខាងជើងបាញ់ ICBM នៅមុំធម្មតានោះ វាមានន័យថាកូរ៉េខាងជើងកំពុងគំរាមកំហែងដល់សហរដ្ឋអាមេរិក»។ «គោលបំណងរបស់កូរ៉េខាងជើងក្នុងការគំរាមកំហែងដល់សហរដ្ឋអាមេរិកនាពេលនេះគឺដើម្បីការពារ និងរារាំងសហរដ្ឋអាមេរិកពីការជ្រៀតជ្រែកនៅលើឧបទ្វីបកូរ៉េ»។

វិទ្យាស្ថានវិភាគផ្នែកការពារជាតិកូរ៉េ (KIDA) គឺជាសាខាដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលនៃក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលខ្លួនបង្កើតគោលនយោបាយការពារជាតិជាមួយ។

លោក Park បាន​មានប្រសាសន៍​ថា កូរ៉េ​ខាង​ត្បូង និង​អាមេរិក​កំពុង​ពង្រឹង​សមត្ថភាព​រារាំង​របស់​ខ្លួន​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​ដោយ​ការ​ពង្រឹង​សម្ព័ន្ធភាព​របស់​ខ្លួន។ «​ទោះបី​កូរ៉េខាងជើង​មាន​សមត្ថភាព​វាយប្រហារ​អាមេរិក​ដោយ​អាវុធ​នុយក្លេអ៊ែរ​ក៏ដោយ ទំនុកចិត្តដែល​ថាសហ​អាមេរិក​នឹង​គាំទ្រ​ដល់ការការពារ​ឧបទ្វីប​កូរ៉េ​នឹងមិន​ដួលរលំ​ឡើយ»​​។

លោក Park បានលើកឡើងថា ក្នុងចំណោមវិធានការត្រៀមខ្លួនរបស់ទីក្រុងសេអ៊ូល ប្រឆាំងនឹងការវាយប្រហារដ៏មានសក្តានុពលមួយ គឺការពង្រឹងប្រព័ន្ធការពារដែនអាកាស និងមីស៊ីលកូរ៉េ (KAMD) របស់ខ្លួន ដើម្បីស្ទាក់ចាប់មីស៊ីលដែលចូលមក។

KAMD គឺជាផ្នែកមួយនៃប្រព័ន្ធការពារអ័ក្សបីរបស់ប្រទេសកូរ៉េខាងត្បូង រួមជាមួយនឹងយុទ្ធសាស្រ្ត ខ្សែសង្វាក់ពិឃាត (Kill Chain) ដើម្បីវាយប្រហារទីតាំងមីស៊ីលរបស់កូរ៉េខាងជើងជាមុន ប្រសិនបើការវាយប្រហារជិតមកដល់ ហើយផែនការទណ្ឌកម្ម និងការសងសឹកដ៏ធំរបស់កូរ៉េនឹងធ្វើឱ្យបាត់បង់សមត្ថភាពដឹកនាំរបស់ប្រទេសឯកោ ប្រសិនបើភាពប្រទូសរ៉ាយចាប់ផ្តើម។ សរុបមក របបលោក គីម នឹងត្រូវវិនាស ប្រសិនបើខ្លួនបើកការវាយប្រហារ នេះបើយោងតាមការលើកឡើងរបស់លោក Park។

ជាងនេះទៅទៀត វត្តមានយោធារបស់សហរដ្ឋអាមេរិក រួមមានប្រព័ន្ធការពារប្រឆាំនឹងមីស៊ីលប៉ាលីស្ទីក (Terminal High Altitude Area Defense) ដែលត្រូវបានដាក់ពង្រាយនៅទីក្រុង Seongju ដើម្បីការពារមីស៊ីលរបស់កូរ៉េខាងជើងពីការបាញ់ទៅដល់ភាគខាងត្បូង។ លោក Park បានលើកឡើងថា ការសម្របសម្រួលរវាងកងកម្លាំងសាធារណរដ្ឋកូរ៉េ (ROK) និងកងកម្លាំងសហរដ្ឋអាមេរិក «មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយការគំរាមកំហែងដែលអាចកើតមាននៃការបាញ់បង្ហោះ ICBM របស់កូរ៉េខាងជើង»។

លោក Kim Sang-jin អគ្គនាយកនៃការិយាល័យគោលនយោបាយអន្តរជាតិរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានសរសេរនៅក្នុងអត្ថបទថ្មីមួយសម្រាប់វិទ្យាស្ថានវិភាគផ្នែកការពារជាតិកូរ៉េ (KIDA) កាលពីពេលថ្មីៗនេះថា ប្រទេសជប៉ុនក៏ជាដៃគូដ៏សំខាន់ផងដែរក្នុងការរារាំង និងឆ្លើយតបទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

លោកបានរៀបរាប់ក្នុងសំណេរថា៖ «ប្រទេសជប៉ុនត្រូវបានចាត់ទុកថាជាដៃគូមិត្តភាពក្នុងការទប់ស្កាត់ និងប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរ/មីស៊ីលរបស់កូរ៉េខាងជើង ជាពិសេសដោយហេតុថាអត្ថប្រយោជន៍ពិសេសរបស់ខ្លួននៃទីតាំងភូមិសាស្ត្រអាចផ្តល់ឱ្យយើងនូវការស៊ើបយកការណ៍ដ៏មានប្រយោជន៍លើអាវុធនុយក្លេអ៊ែរ/មីស៊ីលរបស់កូរ៉េខាងជើង»។ «បន្ថែមពីនេះទៀត សមយុទ្ធត្រីភាគី សាធារណៈរដ្ឋកូរ៉េ-អាមេរិក-ជប៉ុន ជួយពង្រឹងសមត្ថភាពយោធារបស់កូរ៉េខាងត្បូង។»

លោកបានកត់សម្គាល់ថា ការចូលរួមរបស់កងទ័ពជើងទឹករបស់សាធារណៈរដ្ឋកូរ៉េក្នុងការត្រួតពិនិត្យកងនាវាចរអន្តរជាតិដែលរៀបចំដោយប្រទេសជប៉ុនកាលពីខែវិច្ឆិកា ឆ្នាំ 2022 និងនៅក្នុងសមយុទ្ធប្រឆាំងនាវាមុជទឹករួមគ្នាជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ 2022 បានពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រ។ (រូបភាព៖ ទាហានសាធារណៈរដ្ឋកូរ៉េ ប្រតិបត្តិការប្រព័ន្ធមីស៊ីល ពីផ្ទៃទឹកទៅអាកាស រយៈចម្ងាយខ្លី អំឡុងពេលសមយុទ្ធយោធា នៅទីក្រុង Yangju ប្រទេសកូរ៉េខាងត្បូង កាលពីចុងខែធ្នូ ឆ្នាំ 2022 កន្លងទៅនេះ។)

លោកបានសន្និដ្ឋានថា ក្រសួងការពារជាតិកូរ៉េខាងត្បូង «នឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការរក្សាស្ថានការការពាររួមគ្នារវាងសាធារណៈរដ្ឋកូរ៉េខាងជើង និងសហរដ្ឋអាមេរិកដ៏រឹងមាំប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ/មីស៊ីលដ៏ទំនើបរបស់កូរ៉េខាងជើង»។ «ក្នុងពេលដំណាលគ្នានេះ យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ សាធារណៈរដ្ឋកូរ៉េ-អាមេរិក-ជប៉ុន/សាធារណៈរដ្ឋកូរ៉េ-ជប៉ុន និងការគាំទ្រជាអន្តរជាតិ ដោយទទួលបានគុណប្រយោជន៍យ៉ាងពេញលេញពីការចូលរួមរបស់កងទ័ពជើងទឹកនេះ»។

 

លោក Felix Kim គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

 

ប្រភពរូបភាព៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង/សារព័ត៌មាន THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button