តំបន់អាស៊ីអគ្នេយ៍ / SEAនៃតំបន់បញ្ហាសំខាន់ៗសកម្មភាពខុសច្បាប់

កងទ័ពអាកាសហ៊្វីលីពីន បង្កើនសមត្ថភាពប្រឆាំងការបះបោរ ប្រឆាំងភេរវកម្ម ជាមួយនឹងឧទ្ធម្ភាគចក្រវាយប្រហារ

Maria T. Reyes

ជាផ្នែកនៃទំនើបកម្មការពារជាតិដែលកំពុងបន្តរបស់ខ្លួន ប្រទេសហ៊្វីលីពីនគ្រោងនឹងទទួលឧទ្ធម្ភាគចក្រប្រភេទ T129 ATAK ដែលផលិតដោយប្រទេសតួកគីចំនួនពីរគ្រឿងបន្ថែមទៀតនៅដើមឆ្នាំ 2023 នេះ។ កិច្ចសន្យាដែលមានតម្លៃ 269 លានដុល្លារអាមេរិក ដែលរាប់បញ្ចូលទាំងការប្រគល់ឧទ្ធម្ភាគចក្រប្រភេទ T129 ចំនួនបួនគ្រឿងក្នុងឆ្នាំ 2022 គឺមានបំណងពង្រឹងវិធានការសន្តិសុខផ្ទៃក្នុងរបស់ប្រទេសប្រឆាំងនឹងការបះបោរ និងអំពើភេរវកម្ម ក៏ដូចជាការរួមចំណែកដល់សកម្មភាពការពារជាតិខាងក្រៅរបស់ខ្លួនផងដែរ។

អ្នកនាំពាក្យកងទ័ពអាកាសហ៊្វីលីពីន (PAF) លោក Col. Maria Consuelo Castillo បានថ្លែងប្រាប់ទស្សនាវដ្តី FORUM ថា៖ «តួនាទីរបស់ឧទ្ធម្ភាគចក្រប្រភេទ T129 មានចាប់ពីការគាំទ្រផ្លូវអាកាសយ៉ាងប្រកៀក ការវាយប្រហារយ៉ាងជាក់លាក់ ការវាយប្រហារយ៉ាងស៊ីជម្រៅ ការបង្ក្រាបការការពារដែនអាកាសរបស់សត្រូវ សន្តិសុខ/សង្គ្រាមទីក្រុង និងសង្គ្រាមពីអាកាសទៅអាកាស»។ «គួរកត់សម្គាល់ថា វាគឺជាប្រព័ន្ធដំណើរការគ្រប់អាកាសធាតុ ហើយត្រូវបានរចនាឡើងសម្រាប់បេសកកម្មវាយប្រហារ និងឈ្លបយកការណ៍កម្រិតខ្ពស់ … ក្នុងស្ថានភាពទាំងពេលថ្ងៃ និងពេលយប់»។

លោក Castillo បានមានប្រសាសន៍ថា កញ្ចប់លទ្ធកម្មរួមមានការបណ្តុះបណ្តាល និងការគាំទ្រផ្នែកដឹកជញ្ជូន ហើយអ្នកបើកឧទ្ធមម្ភាគចក្ររបស់កងទ័ពអាកាសហ៊្វីលីពីនមួយក្រុមដំបូងបានឆ្លងកាត់ការបណ្តុះបណ្តាល និងការណែនាំជាមូលដ្ឋានអំពីឧទ្ធម្ភាគចក្រប្រភេទ T129 នៅក្នុងប្រទេសតួកគី ដោយមានច្រើនទៀតដែលត្រូវអនុវត្តតាម។

លោក Castillo បានលើកឡើងទៀតថា៖ «ដូចនៅក្នុងរាល់ករណីនៃលទ្ធកម្មនៃប្រព័ន្ធដំណើរការថ្មីនិងទំនើបដែរ ការធ្វើសមាហរណកម្ម ឬដំណាក់កាលបន្តបន្ទាប់គ្នា បង្កឱ្យមានបញ្ហាប្រឈមដែលអាចកើតមាននៅក្នុងកម្លាំងពលកម្ម ការបណ្តុះបណ្តាល និងនិរន្តរភាព»។ «ការទិញយកថ្មីនេះទាមទារឱ្យកងទ័ពអាកាសហ៊្វីលីពីនប្រើអ្នកបើកយន្តហោះ និងយានិកថែទាំបន្ថែមទៀត ដើម្បីហោះហើរ និងថែរក្សាប្រព័ន្ធដំណើរការសម្រាប់ប្រតិបត្តិការរបស់ខ្លួនទាំងយប់ទាំងថ្ងៃ។ ក្រៅពីការហ្វឹកហ្វឺនដំបូងរបស់អាកាសយានិក ការហ្វឹកហ្វឺនឡើងវិញនឹងត្រូវបានរៀបចំកម្មវិធីជាប្រចាំ។ និរន្តរភាពនៃប្រតិបត្តិការក៏នឹងត្រូវធានាផងដែរ តាមរយៈសេវាកម្មប្រកបដោយប្រសិទ្ធភាព និងការគាំទ្រផ្នែកដឹកជញ្ជូន»។

ការទិញឧទ្ធម្ភាគចក្រចំនួនប្រាំមួយគ្រឿង គឺជាផ្នែកមួយនៃសមាសភាគ Horizon 2 នៃកម្មវិធីទំនើបកម្មរបស់កងកម្លាំងប្រដាប់អាវុធហ៊្វីលីពីន (AFP) នេះបើយោងតាមក្រសួងការពារជាតិរបស់ប្រទេសនេះ។ ឧទ្ធម្ភាគចក្រប្រភេទ T129 ទាំងនោះនឹងក្លាយជាការបង្កើនកម្លាំងនៅក្នុងសមរភូមិ ដែលគាំទ្រដល់ប្រតិបត្តិការជើងគោក និងជើងទឹក ជាធនធាននៃកងពលលេខ 15 របស់កងទ័ពអាកាសហ៊្វីលីពីន។ ពួកគេនឹងបំពេញបន្ថែមកងនាវាប្រដាប់អាវុធ ការសង្កេតពន្លឺ និងឧទ្ធម្ភាគចក្រដឹកជញ្ជូនរបស់កងទ័ពអាកាសហ៊្វីលីពីន ក៏ដូចជាឧទ្ធម្ភាគចក្រវាយប្រហារប្រភេទ Bell AH-1S Cobra ចំនួនពីរគ្រឿងពីប្រទេសហ្ស៊កដានី ដែលទើបតែត្រូវបានធ្វើឱ្យប្រសើរឡើងនាពេលថ្មីៗនេះ។

លោក Castillo បានមានប្រសាសន៍ថា៖ «កងនាវានៃឧទ្ធម្ភាគចក្រប្រភេទ T129 ATAK នេះ ដែលជាប្រព័ន្ធល្អបំផុត និងទំនើបបំផុតមួយដែលទទួលបានមកទល់ពេលនេះ គឺមានសារៈសំខាន់ក្នុងការទទួលបានសមិទ្ធផលនៃគោលដៅរបស់ AFP ក្នុងការសម្រេចបាននូវជំហរការពារដ៏គួរជាទីទុកចិត្តបាន។

ឧទ្ធម្ភាគចក្រប្រភេទ T129 នឹងត្រូវដាក់ពង្រាយ ដើម្បីដោះស្រាយការគំរាមកំហែងក្នុងស្រុក និងពីបរទេស រួមទាំងក្រុមជ្រុលនិយម និងក្រុមបំបែកខ្លួន ដូចជា​ ក្រុម​ឧទ្ទាមអាប៊ូសាយ៉ាស (Abu Sayyaf Group) ក្រុមឧទ្ទាមរណសិរ្សរំដោះអ៊ីស្លាមមូរ៉ូ (Moro Islamic Liberation Front) និងកងទ័ពប្រជាជនថ្មីកុម្មុយនិស្ត (communist New People’s Army) ដែលបានធ្វើការទម្លាក់គ្រាប់បែក ការចាប់ជំរិត និងអំពើហិង្សាផ្សេងៗទៀត។

លោក Castillo បានបន្តទៀតថា៖ «សម្រាប់ការគំរាមកំហែងផ្នែកសន្តិសុខទាំងខាងក្នុង និងខាងក្រៅ ឧទ្ធម្ភាគចក្រវាយប្រហារប្រភេទ T129 មានសមត្ថភាពធ្វើការឈ្លបយកការណ៍តាមអាកាស និងផ្តល់សមត្ថភាពបាញ់ប្រហារ ដើម្បីផ្តល់ផលប្រយោជន៍ដល់កងទ័ពរដ្ឋាភិបាល និងកម្ចាត់កងកម្លាំងសត្រូវតាមតម្រូវការ»។

Maria T. Reyes គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន។

 

ប្រភពរូបភាព៖ ក្រសួងការពារជាតិហ្វ៊ីលីពីន


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button