នៃតំបន់បញ្ហាសំខាន់ៗភាពជាដៃគូអាស៊ីខាងត្បូង

សមយុទ្ធឥណ្ឌា-ជប៉ុនបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការយោធា

វិទ្យុអាស៊ីសេរី

សមយុទ្ធ​ផ្លូវអាកាស​រួមគ្នា​លើកដំបូង​រវាង​ឥណ្ឌា ​និង​ជប៉ុន​បង្ហាញ​ពី​ការពង្រឹង​ទំនាក់ទំនង​សន្តិសុខ​របស់​ប្រជាជាតិទាំងពីរ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ខណៈ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (PRC) បន្ដ​បង្កើនអំណាច និង​ឥទ្ធិពល​នៅតំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។

សមយុទ្ធ Veer Guardian ឆ្នាំ 2023 ដែលត្រូវបានពន្យារពេលរយៈពេលពីរឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ-19 ត្រូវបានធ្វើឡើងនៅថ្ងៃទី 16 ដល់ថ្ងៃទី 26 ខែមករា នៅមូលដ្ឋានទ័ពអាកាស Hyakuri និងមូលដ្ឋានទ័ពអាកាស Iruma នៅខាងក្រៅទីក្រុងតូក្យូ។

ក្នុងឆ្នាំ 2019 កងទ័ពអាកាសទាំងពីរបានធ្វើសមយុទ្ធ Shinyuu Maitri នៅក្នុងប្រទេសឥណ្ឌា ដោយផ្តោតលើការចល័ត និងអន្តរប្រតិបត្តិការយុទ្ធសាស្ត្រ។

នាយឧត្តមសេនីយ៍ Shunji Izutsu អគ្គសេនាធិការនៃកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន (JASDF) បានថ្លែងថាសមយុទ្ធ Veer Guardian ដែលរួមមានយន្តហោះចម្បាំង និងយន្តហោះដឹកជញ្ជូន និងយន្តហោះដឹងប្រេងឥទ្ធនៈ នឹង «កែលម្អជំនាញយុទ្ធសាស្ត្ររបស់ JASDF លើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមករវាងកងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន និងកងទ័ពអាកាសឥណ្ឌា និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅថែមទៀត»។

នាយឧត្តមសេនីយ៍រូបនេះបានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖ «ជប៉ុន និងឥណ្ឌាមានទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រពិសេសមួយ» ដោយបន្ថែមថា «ឥណ្ឌាគឺជាប្រទេសដែលមានគំនិតដូចគ្នា» ចំពោះប្រទេសជប៉ុន។

ប្រទេសទាំងនោះជាសមាជិកកិច្ចសន្ទនាសន្តិសុខចតុភាគី ឬ Quad រួមជាមួយនឹងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។ (រូបភាព៖ នៅខាងមុខ ឧទ្ធម្ភាគចក្ររបស់កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន JS Hyuga, នាវាកងទ័ពជើងទឹកឥណ្ឌា INS Shivalik និងនាវាផ្ទុកយន្តហោះ USS Ronald Reagan របស់កងទ័ពជើងទឹកអាមេរិកបានធ្វើដំណើរក្នុងសមុទ្រហ៊្វីលីពីនអំឡុងពេលសមយុទ្ធ Malabar ឆ្នាំ 2022 ជាមួយប្រទេសអូស្ត្រាលី។)

ប្រទេសជប៉ុនគឺកាន់តែព្រួយបារម្ភអំពីការកើនការអះអាងទាមទាររបស់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងតំបន់ ដោយកំណត់ទីក្រុងប៉េកាំងថាជា «បញ្ហាប្រឈមកម្រិតយុទ្ធសាស្ត្រ» ដែលមិនធ្លាប់មានពីមុនមកនៅក្នុងយុទ្ធសាស្ត្រសន្តិសុខ និងការពារជាតិរបស់ខ្លួនដែលបានចេញផ្សាយនៅក្នុងខែធ្នូ ឆ្នាំ 2022។

ប្រទេសជប៉ុនក៏គាំទ្រយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកផងដែរ ដែលបង្ហាញថា «ការបង្ខិតបង្ខំ និងការឈ្លានពានរបស់សាធារណរដ្ឋប្រជាមានិតចិនមាននៅពាសពេញពិភពលោក ប៉ុន្តែវាមានលក្ខណៈធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។

រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាសន្តិសុខជប៉ុន-អាមេរិកលើកដំបូងនៅរដ្ឋធានីវ៉ាស៊ីនតោនកាលពីពាក់កណ្តាលខែមករាឆ្នាំ 2023 កន្លងទៅនេះ ដើម្បីពិភាក្សាអំពីការពង្រឹងបន្ថែមទៀតនូវសមត្ថភាពរារាំង និងការឆ្លើយតបរបស់សម្ព័ន្ធមិត្ត។

ទីក្រុងតូក្យូគ្រោងនឹងបង្កើនសមត្ថភាពវាយតបរបស់ខ្លួន ជាពិសេសដោយសារហានិភ័យជម្លោះលើកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯង ភាពតានតឹងនៅឧបទ្វីបកូរ៉េ និងជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូងដែលអាចកើតមានឡើង។

លោក Collin Koh ជាអ្នកស្រាវជ្រាវនៅសាលាសិក្សាទំនាក់ទំនងអន្តរជាតិ S. Rajaratnam ក្នុងប្រទេសសិង្ហបុរី បានថ្លែងថា ទីក្រុងប៉េកាំងបានបង្កើនការលុកលុយតាមច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងកើត។ «ប្រទេសចិន​បាន​ក្លាយខ្លួនកាន់តែខ្លាំងឡើងៗ​​ជា​ការ​គំរាម​កំហែង​រួម​សម្រាប់​ប្រទេស​ក្នុង​តំបន់»។

លោកបានកត់សម្គាល់ថា ប្រទេសជប៉ុនបានទាក់ទងទៅប្រទេសឥណ្ឌាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងសមយុទ្ធទ្វេភាគីបន្ថែមទៀតនាអនាគត។

កងទ័ពរបស់ប្រទេសទាំងពីរបានធ្វើសមយុទ្ធ Dharma Guardian ប្រចាំឆ្នាំ 2022 នៅទីក្រុង Belgaum ប្រទេសឥណ្ឌា ខណៈដែលកងទ័ពជើងទឹករបស់ប្រទេសទាំងពីរបានហ្វឹកហាត់ជាមួយគ្នាតាំងពីឆ្នាំ 2012។

 

ប្រភព​រូប​ភាព៖ ចក្របាលរងទោថ្នាក់ទី 2 MICHAEL B. JARMIOLOWSKI/កងទ័ពជើងទឹកអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button