ប្រទេសហ៊្វីលីពីនជំរុញវត្តមានយោធា បន្ទាប់ពី ‘សកម្មភាពរបស់ចិន’ នៅក្បែរកោះនានា

សារព័ត៌មាន Reuters
ក្រសួងការពារជាតិហ្វ៊ីលីពីននៅពាក់កណ្តាលខែធ្នូ ឆ្នាំ 2022 កន្លងទៅនេះ បានបញ្ជាឱ្យពង្រឹងវត្តមានយោធានៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីបានត្រួតពិនិត្យ «សកម្មភាពរបស់ចិន» នៅក្នុងដែនទឹកដែលមានជម្លោះនៅជិតកោះយុទ្ធសាស្ត្រមួយរបស់ហ៊្វីលីពីន។
ក្រសួងនេះមិនកំណត់អត្តសញ្ញាណសកម្មភាពនេះទេ ប៉ុន្តែការប្រកាសរបស់ខ្លួនបានធ្វើឡើងតាមរបាយការណ៍នៃការសាងសង់របស់ចិនលើដែនកោះគ្មានមនុស្សរស់នៅចំនួនបួននៅក្នុងប្រជុំកោះ Spratly ដែលមានជម្លោះ។
ក្រសួងការពារជាតិបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រាល់ការទន្ទ្រាន ឬការទាមទារឡើងវិញលើធនធានសមុទ្រនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខប្រវែង 320 គីឡូម៉ែត្ររបស់ហ៊្វីលីពីន «គឺជាការគំរាមកំហែងដល់សន្តិសុខនៃកោះ Pagasa ដែលជាផ្នែកមួយនៃដែនអធិបតេយ្យភាពរបស់ហ៊្វីលីពីន» ដោយប្រើឈ្មោះហ៊្វីលីពីនសម្រាប់កោះ Thitu។
ក្រសួងនេះបានបន្ថែមទៀតថា៖ «យើងទទូចយ៉ាងមុតមាំឱ្យប្រទេសចិនរក្សានូវសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ និងជៀសវាងពីទង្វើដែលនឹងធ្វើឱ្យមានភាពតានតឹងកាន់តែធ្ងន់ធ្ងរឡើង»។
ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីលបានថ្លែងឡើងថា ប្រទេសទាំងពីរនឹង «ដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានត្រឹមត្រូវតាមរយៈការប្រឹក្សាយោបល់លក្ខណៈមិត្តភាព»។ (រូបភាព៖ នាវាឆ្មាំឆ្នេរសមុទ្រចិន និងហ្វ៊ីលីពីន ឆ្លងកាត់សមុទ្រចិនខាងត្បូងនៅក្នុងខែមីនា ឆ្នាំ 2022។)
សាធារណរដ្ឋប្រជាមានិតចិន (PRC) ទាមទារភាគផ្នែកច្រើននៃសមុទ្រចិនខាងត្បូង ដែលប្រជាជនហ៊្វីលីពីនហៅថា សមុទ្រហ៊្វីលីពីនខាងលិច បើទោះបីជាតុលាការអន្តរជាតិមួយបានច្រានចោលការទាមទារទាំងនោះភាគច្រើននៅក្នុងឆ្នាំ 2016 ក៏ដោយ។ ព្រុយណេ ម៉ាឡេស៊ី ហ៊្វីលីពីន តៃវ៉ាន់ និងវៀតណាមក៏មានការទាមទារត្រួតស៊ីគ្នានៅក្នុងសមុទ្រ ដែលជាផ្លូវពាណិជ្ជកម្មពិភពលោក និងសម្បូរទៅដោយធនធានធម្មជាតិផងដែរ។
កោះ Thitu គឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់បំផុតក្នុងចំណោមដែនកោះចំនួនប្រាំបួនដែលហ្វ៊ីលីពីនកាន់កាប់នៅតំបន់កោះ Spratlys ដែលមានទីតាំងនៅជិតតំបន់ថ្មប៉ប្រះទឹក Subi ដែលជាដែនកោះសិប្បនិម្មិតមួយក្នុងចំណោមដែនកោះទាំងប្រាំពីរដែលបក្សកុម្មុយនិស្តចិន (CCP) បានសាងសង់នៅលើថ្មប៉ប្រះទឹកដែលលិចនៅក្នុងទឹក ដែលកោះខ្លះបានបំពាក់ដោយកាំជ្រួចមីស៊ីបាញ់ពីផ្ទៃដីទៅអាកាស ឃ្លាំងផ្ទុកយន្តហោះ និងផ្លូវរត់របស់យន្តហោះ។
កងកម្លាំងប្រដាប់អាវុធនៃបញ្ជាការដ្ឋានខាងលិចរបស់ប្រទេសហ៊្វីលីពីនបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតដែនទឹក និងដែនអាកាសជាទៀងទាត់បានរកឃើញ «វត្តមានអចិន្ត្រៃយ៍» នៃកងជីវពលជើងទឹករបស់ចិននៅក្បែរកោះ Thitu និងជុំវិញកោះ Lankiam Cay តំបន់ Whitsun Reef និងកោះ Sandy Cay។
កាលពីពាក់កណ្តាលខែធ្នូផងដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍គាំទ្រហ៊្វីលីពីន និងអំពាវនាវឱ្យសាធារណរដ្ឋប្រជាមានិតចិនឱ្យរក្សា «សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង»។ សេចក្តីថ្លែងការណ៍នេះបានរៀបរាប់ថា ក្រុមនាវារបស់សាធារណរដ្ឋប្រជាមានិតចិននៅក្បែរថ្មប៉ប្រះទឹក Iroquois និង Sabina Shoal នៅតំបន់ប្រជុំកោះ Spratlys ជ្រៀតជ្រែកជាមួយអ្នកនេសាទហ៊្វីលីពីន ហើយបង្ហាញ «ការបន្តមិនយកចិត្តទុកដាក់» សម្រាប់អ្នកទាមទារសមុទ្រចិនខាងត្បូង និងរដ្ឋផ្សេងទៀតដែលកំពុងប្រតិបត្តិការស្របច្បាប់នៅក្នុងតំបន់ នេះបើយោងតាមសារព័ត៌មាន Benar News។
ប្រធានាធិបតីហ៊្វីលីពីន លោក Ferdinand Marcos Jr. បានលើកឡើងម្តងហើយម្តងទៀតនូវសេចក្តីសម្រេចឆ្នាំ 2016 ដែលបានធ្វើឱ្យការអះអាងរបស់សាធារណរដ្ឋប្រជាមានិតចិនមិនមានសុពលភាព។ នៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 ទីក្រុងម៉ានីលបានប្តឹងតវ៉ាផ្នែកការទូត ដោយចោទប្រកាន់ឆ្មាំឆ្នេរសមុទ្រចិនពីការរឹបអូសយកកម្ទេចកម្ទីពីគ្រាប់រ៉ុក្កែតអវកាសចិនដែលត្រូវបានជួយសង្គ្រោះដោយនាវាឆ្មាំឆ្នេរសមុទ្ររបស់ហ៊្វីលីពីននៅក្បែរកោះ Thitu។
ប្រភពរូបភាព៖ ឆ្មាំឆ្នេរសមុទ្រហ៊្វីលីពីន/THE ASSOCIATED PRESS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។