ការតាំងបង្ហាញបច្ចេកវិទ្យាការពារជាតិឆ្នាំ 2022 បញ្ជាក់បង្ហាញពីការប្តេជ្ញាក្នុងការច្នៃប្រឌិតថ្មីនៅឆ្នាំខាងមុខនេះ

បុគ្គលិករបស់ទស្សនាវដ្តី FORUM
ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-21 Raider របស់សហរដ្ឋអាមេរិក រហូតដល់ការបណ្តុះបណ្តាលឆ្លងដែនលើកម្រិតពហុជាតិសាសន៍ ប្រជាជាតិនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងឆ្នាំ 2022 បានបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគេចំពោះបច្ចេកវិទ្យាយោធាកម្រិតខ្ពស់ និងផែនការច្បាស់លាស់ដើម្បីពង្រីកការច្នៃប្រឌិតនៅឆ្នាំខាងមុខ។
សេចក្តីប្រកាសដ៏ធំបំផុតមួយមកពីសហរដ្ឋអាមេរិក ដែលបានបង្ហាញយន្តហោះ B-21 Raider ក្នុងរូបភាពនាខែធ្នូ។ វាគឺជាការបង្ហាញយន្តហោះទម្លាក់គ្រាប់បែកអាមេរិកថ្មីជាលើកដំបូងក្នុងរយៈពេលជាង 30 ឆ្នាំ និងតំណាងឱ្យការឆ្លើយតបរបស់ក្រសួងការពារជាតិអាមេរិកចំពោះការកើនឡើងការព្រួយបារម្ភពីជម្លោះនាពេលអនាគតជាមួយសាធារណរដ្ឋប្រជាមានិតចិន។
រដ្ឋលេខាធិការនៃក្រសួងការពារជាតិ លោក Lloyd Austin បានមានប្រសាសន៍ថា៖ «នេះមិនមែនគ្រាន់តែជាយន្តហោះធម្មតាមួយគ្រឿងប៉ុណ្ណោះទេ»។ «វាគឺជានិមិត្តសញ្ញាតំណាងនៃការប្តេជ្ញាចិត្តរបស់អាមេរិកដើម្បីការពារសាធារណរដ្ឋមួយនេះ ដែលយើងគ្រប់គ្នាស្រលាញ់»។
នៅដើមឆ្នាំ 2022 ថ្នាក់ដឹកនាំយោធាមកពីប្រទេសអូស្ត្រាលី បារាំង ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិកបានជួបប្រជុំនៅទីក្រុងញូដេលី ដើម្បីបញ្ជាក់ពីតួនាទីបច្ចេកវិទ្យាក្នុងសកម្មភាពរារាំងជារួម និងចែករំលែកវិធីដើម្បីបង្កើនការច្នៃប្រឌិតដើម្បីពង្រឹងសន្តិសុខ។
នាយឧត្តមនារី John Aquilino មេបញ្ជានៃទីបញ្ជាការតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមរិក (USINDOPACOM) បានថ្លែងក្នុងសន្និសីទ៖ «គុណតម្លៃនិងផលប្រយោជន៍រួមរបស់យើងធ្វើឱ្យយើងធ្វើការរួមគ្នា»។ «គ្រប់ទម្រង់នៃបច្ចេកវិទ្យាប្រើប្រាស់នៅក្នុងវិស័យយោធា។ គ្រប់ប្រជាជាតិកំពុងប្រើគ្រប់ស្ថានភាពដើម្បីព្យាយាមស្វែងរកឧត្តភាព»។
សារព័ត៌មាន Associated Press (AP) បានរាយការណ៍ថា នោះរាប់បញ្ចូលទាំងសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានព្យាករណ៍ថានឹងមានអាវុធនុយក្លេអ៊ែរចំនួន 1 500 នៅឆ្នាំ 2035 ហើយនិងការអភិវឌ្ឍសមត្ថភាព សព្វាវុធដែលមានល្បឿនលឿនជាងសំឡេង សង្គ្រាមតាមប្រព័ន្ធអ៊ីនធឺណិត និងសមត្ថភាពអវកាស។ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការពារជាតិអាមេរិកស្តីពីសាធារណរដ្ឋប្រជាមានិតចិន វឌ្ឍនភាពបែបនេះរបស់សាធារណរដ្ឋប្រជាមានិតចិនបង្ហាញពី «បញ្ហាប្រឈមជាប្រព័ន្ធ និងជាផលវិបាកបំផុតចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងប្រព័ន្ធអន្តរជាតិដែលសេរីនិងបើកចំហ»។
ប្រទេសនៅក្រៅឥណ្ឌូប៉ាស៊ីហ្វិកក៏កំពុងប្រឈមមុខនឹងបញ្ហាប្រឈមទាំងនោះផងដែរ។ ឧទាហរណ៍ រដ្ឋាភិបាលប្រទេសអេក្វាទ័របានងាកទៅរកបច្ចេកវិទ្យារបស់ប្រទេសកាណាដាក្នុងខែមិថុនា ដើម្បីត្រួតពិនិត្យការនេសាទខុសច្បាប់ ដោយមិនបានរាយការណ៍ និងដោយមិនមានការគ្រប់គ្រងរបស់នាវានេសាទចិននៅជុំវិញដែនកោះហ្កាឡាប៉ាហ្គូស (Galápagos)។ សារព័ត៌មាន Diálogo Américas ដែលជាសារព័ត៌មានរបស់បញ្ជាការដ្ឋានភាគខាងត្បូងរបស់អាមេរិក បានរាយការណ៍ថា ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស MDA ដែលមានមូលដ្ឋាននៅទីក្រុងប្រាណតុង (Brampton) រដ្ឋអង់តែរីយ៉ូ (Ontario) បានផ្តល់សមត្ថភាពតាមដានដោយផ្កាយរណប ប្រព័ន្ធចាប់ទិន្នន័យពីចំងាយ និងសមត្ថភាពក្នុងការសំយោគទិន្នន័យយ៉ាងច្រើនដល់កងទ័ពជើងទឹកអេក្វាទ័រ ដែលបានរកឃើញនាវាចិនចំនួន 180 គ្រឿងនៅជិតតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់កោះនេះ។
សារព័ត៌មាន Diálogo Américas បានរាយការណ៍ថា អ្នកជំនាញការអភិរក្សដែនសមុទ្រអាហ្សង់ទីន និងជាសមាជិកនៃអង្គការមិនមែនរដ្ឋាភិបាល Círculo de Políticas Ambientales លោក Milko Schvartzman ដែលស្វែងរកការពង្រឹងគោលនយោបាយបរិស្ថាន និងលើកកម្ពស់ការការពារប្រព័ន្ធអេកូឡូស៊ី បាននិយាយថា៖ «វាគឺមានលក្ខណៈវិជ្ជមានសម្រាប់ខ្ញុំ ដែលប្រទេសអេក្វាទ័រមានកិច្ចព្រមព្រៀងប្រភេទនេះជាមួយក្រុមហ៊ុន ឬប្រទេសដែលសហការលើប្រព័ន្ធបច្ចេកវិទ្យាដើម្បីស្វែងរកកងនាវាទាំងនេះ»។
នៅតំបន់អាស៊ីឦសាន ភាពតានតឹងនៅតែមានកម្រិតខ្ពស់ នៅពេលដែលកូរ៉េខាងជើងបន្តការធ្វើតេស្តមីស៊ីលពេញមួយឆ្នាំ 2022។ ការគំរាមកំហែងនេះបានជំរុញឱ្យមន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកពិភាក្សាអំពីការពង្រីកសមយុទ្ធ Silent Shark នៅឆ្នាំ 2023។ សមយុទ្ធ Silent Shark រួមបញ្ចូលធនធានការពារប្រឆាំងនាវាមុជទឹករបស់សហរដ្ឋអាមេរិក និងសាធារណរដ្ឋកូរ៉េ ដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ។ កាសែត The Korea Times បានពន្យល់ថា សមយុទ្ធដែលបង្កើតឡើងក្នុងឆ្នាំ 2007 ទំនងជានឹងមានទំហំធំជាងសមយុទ្ធកាលពីអតីតកាល។
នៅតំបន់អាស៊ីខាងត្បូង ប្រទេសឥណ្ឌាបានប្រារព្ធពិធីសម្ភោធនាវាចម្បាំងប្រឆាំងនាវាមុជទឹកនៅដែនសមុទ្រជម្រៅរាក់ទីមួយក្នុងចំណោមនាវា 8 គ្រឿងនៅខែធ្នូ។ កាសែត The Indian Express បានរាយការណ៍ថា នាវានេះត្រូវបានសាងសង់ឡើងសម្រាប់កងទ័ពជើងទឹកឥណ្ឌាដោយក្រុមហ៊ុន Garden Reach Shipbuilders and Engineers។ នាវានេះត្រូវបានគេដាក់ឈ្មោះថា Arnala ដើម្បីបង្ហាញពីសារៈសំខាន់នៃដែនសមុទ្រជាយុទ្ធសាស្ត្រ ដូចកោះអាណាឡា (Arnala) ជាយុទ្ធសាស្ត្រដែនសមុទ្ររបស់ព្រះចៅអធិរាជ Chhatrapati Shivaji Maharaj នៃចក្រភព Maratha។
គេហទំព័រឥណ្ឌា Current Affairs បានសរសេរថា នាវា Arnala ត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការប្រឆាំងនាវាមុជទឹកនៅក្នុងដែនសមុទ្រក្បែរឆ្នេរ និងប្រតិបត្តិការយោធាដែនសមុទ្រដែលមានកម្រិតទាប រួមទាំងការតាមដានដែនសមុទ្រក្រោមផ្ទៃទឹកនៅតំបន់ដែនសមុទ្រក្បែរឆ្នេរ។
ឆ្នាំនេះក៏ឃើញមានការវិវត្តនៅក្នុងភាពជាដៃគូសន្តិសុខរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកដែលគេស្គាល់ថាជា AUKUS។ កតិកាសញ្ញាសន្តិសុខនេះកំពុងជួយអូស្ត្រាលីទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរតាមរយៈការផ្តល់នូវបច្ចេកវិទ្យា និងសមត្ថភាពក្នុងការដាក់ពង្រាយនាវា។
យោងតាមទីបញ្ជាការតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមរិក (USINDOPACOM) កាលពីខែធ្នូ គណៈប្រតិភូមកពីប្រទេសទាំងបីបានទៅទស្សនាទីតាំងកសាងនាវាឯកជនមួយនៅសហរដ្ឋអាមេរិក ដែលផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយបានជួបអ្នកជំនាញដើម្បីពិភាក្សាអំពីជំនាញ និងចំណេះដឹងបច្ចេកទេសដែលត្រូវការសម្រាប់ផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
យោងតាមទីបញ្ជាការតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមរិក (USINDOPACOM) ដំណើរទស្សនកិច្ចនេះបានគាំទ្រឆន្ទៈរបស់ប្រទេសអូស្ត្រាលីក្នុងការអភិវឌ្ឍទីតាំងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងបង្កើតកម្លាំងពលកម្មអូស្ត្រាលីដែលមានជំនាញ ការបណ្តុះបណ្តាល និងគុណវុឌ្ឍិចាំបាច់ដើម្បីសាងសង់ ប្រតិបត្តិការ និងថែទាំនាវាមុជទឹកដើរដោយថាមពលនុយក្លេអែរដែលបំពាក់ដោយសព្វាវុធស្ដង់ដារ។ សមាជិក AUKUS បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងរបស់ពួកគេនឹងមិនផ្តល់អាវុធនុយក្លេអ៊ែរដល់អូស្ត្រាលីទេ។
យោងតាមទីបញ្ជាការតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមរិក (USINDOPACOM) លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយអំពី AUKUS ថា៖ «នេះគឺអំពីការវិនិយោគនៅក្នុងប្រភពកម្លាំងដ៏អស្ចារ្យបំផុតរបស់យើង ដែលជាសម្ព័ន្ធមិត្តរបស់យើង»។ លោកបានថ្លែងបន្តថា៖ «និងការធ្វើបច្ចុប្បន្នភាពសម្ព័ន្ធមិត្តឱ្យកាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃថ្ងៃនេះ និងថ្ងៃស្អែក»។
ប្រភពរូបភាព៖ THE ASSOCIATED PRESS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។