ហ្វូងមនុស្សខឹងសម្បារដោយការបិទខ្ទប់ទាមទារឱ្យលោក Xi នៃបក្សកុម្មុយនិស្តចិនចុះចេញពីតំណែង
The Associated Press
ក្រុមបាតុករដែលខឹងសម្បារចំពោះវិធានការប្រឆាំងនឹងវីរុសដ៏តឹងរ៉ឹងបានទាមទារឱ្យមេដឹកនាំដ៏មានឥទ្ធិពលនៃសាធារណរដ្ឋប្រជាមានិតចិន (PRC) លាលែងពីតំណែង ដែលជាការប្រឆាំងដែលមិនធ្លាប់មានពីមុនមក ខណៈដែលអាជ្ញាធរនៅក្នុងទីក្រុងយ៉ាងហោចណាស់ចំនួនប្រាំបីបានព្យាយាមបង្ក្រាបបាតុកម្មនៅចុងខែវិច្ឆិកា ឆ្នាំ 2022 ដែលជាការប្រឆាំងដោយផ្ទាល់ដ៏កម្រទៅកាន់បក្សកុម្មុយនិស្តចិនដែលកំពុងកាន់អំណាច។
ប៉ូលិសបណ្ដេញបាតុករនៅទីក្រុងសៀងហៃដែលបានទាមទារឱ្យអគ្គលេខាធិការបក្សកុម្មុយនិស្តចិនលោក Xi Jinping ចុះចេញពីតំណែង និងបញ្ចប់ការគ្រប់គ្រងដោយបក្សតែមួយប្រើសារធាតុបង្ហូរទឹកភ្នែក ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក មនុស្សបានប្រមូលផ្តុំគ្នានៅកន្លែងដដែល។ ប៉ូលិសបានបំបែកក្រុមបាតុករម្ដងទៀត ហើយចាប់យកបាតុករចេញដោយប្រើរថយន្តក្រុង។
បាតុកម្ម – ដែលបានចាប់ផ្តើមនៅថ្ងៃទី 25 ខែវិច្ឆិកា ហើយបានរីករាលដាលដល់ទីក្រុងនានា រួមទាំងរដ្ឋធានីប៉េកាំង និងបរិវេណសាកលវិទ្យាល័យមួយចំនួន – គឺជាការប្រឆាំងទ្រង់ទ្រាយដ៏ធំបំផុតទៅកាន់គណបក្សកាន់អំណាចក្នុងរយៈពេលជាច្រើនទសវត្សរ៍។ (រូបភាព៖ ក្រុមបាតុករកាន់ក្រដាសសទទេដែលតំណាងឱ្យការចាប់ពិរុទ្ធរដ្ឋ និងស្រែកពាក្យស្លោកក្នុងអំឡុងពេលហែក្បួនក្នុងទីក្រុងប៉េកាំងនៅចុងខែវិច្ឆិកា ឆ្នាំ 2022។)
នៅក្នុងវីដេអូបាតុកម្មនៅទីក្រុងសៀងហៃ មានការស្រែកប្រឆាំងនឹងលោក Xi ដែលជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចាប់តាំងពីទសវត្សរ៍ឆ្នាំ 1980 ហើយបក្សកុម្មុយនិស្តចិន និងបានស្រែកឮយ៉ាងខ្លាំងៗថា ៖«Xi Jinping! ចុះចេញពីតំណែង! បក្សកុម្មុយនិស្តចិន! ចុះចេញពីតំណែង!»
រយៈពេលបីឆ្នាំបន្ទាប់ពីវីរុសបានផ្ទុះឡើងនៅទីក្រុង Wuhan ប្រទេសចិន សាធារណរដ្ឋប្រជាមានិតចិនគឺជាប្រទេសសំខាន់តែមួយគត់ដែលនៅតែព្យាយាមបញ្ឈប់ការចម្លងនៃជំងឺកូវីដ-19 ។ យុទ្ធសាស្ត្រ «កូវីដកម្រិតសូន្យ» របស់សាធារណរដ្ឋប្រជាមានិតចិនបានផ្អាកការចូលទៅកាន់សង្កាត់ជាច្រើនសប្តាហ៍ក្នុងពេលតែមួយ។ ទីក្រុងមួយចំនួនធ្វើតេស្តអ្នកស្រុករាប់លាននាក់ជារៀងរាល់ថ្ងៃ។
ខណៈពេលដែលវាបានរក្សាចំនួននៃការឆ្លងដែលត្រូវបានរាយការណ៍របស់សាធារណរដ្ឋប្រជាមានិតចិនទាបជាងប្រទេសធំៗផ្សេងទៀត ការទទួលយកជាសាធារណៈបានធ្លាក់ចុះ។ ប្រជាជនដែលបានដាក់ខ្លួនឱ្យនៅដាច់ដោយឡែកនៅផ្ទះបានលើកឡើងថា ពួកគេខ្វះខាតអាហារ និងថ្នាំពេទ្យ។ បក្សកុម្មុយនិស្តចិនក៏បានប្រឈមមុខនឹងការខឹងសម្បារជាសាធារណបន្ទាប់ពីការស្លាប់របស់កុមារពីរនាក់ដែលឪពុកម្តាយរបស់ពួកគេបាននិយាយថាការគ្រប់គ្រងប្រឆាំងនឹងមេរោគបានរារាំងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ត។
ការតវ៉ាចុងក្រោយបង្អស់បានផ្ទុះឡើងបន្ទាប់ពីអគ្គីភ័យបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន 10 នាក់នៅក្នុងអគារផ្ទះល្វែងមួយកន្លែងនៅក្នុងទីក្រុង Urumqi (ពីមុនហៅថារដ្ឋធានីទីហ័រ) រដ្ឋធានីនៃតំបន់ស៊ីជាំង (Xinjiang) នៅភាគពាយព្យនៃប្រទេសចិន ដែលអ្នកស្រុកមួយចំនួនត្រូវបានចាក់សោនៅក្នុងផ្ទះរបស់ពួកគេអស់រយៈពេលបួនខែ។ ហេតុការនោះបានជំរុញឱ្យមានសំណួរខឹងសម្បារតាមអនឡាញអំពីថាតើអ្នកពន្លត់អគ្គីភ័យ ឬប្រជាជនដែលព្យាយាមរត់គេចត្រូវបានរារាំងដោយទ្វារចាក់សោ ឬការដាក់កំហិតសម្រាប់ការកំចាត់មេរោគផ្សេងទៀត។ បាតុករប្រហែលជា 300 នាក់បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងសៀងហៃ ដែលភាគច្រើននៃអ្នកស្រុកចំនួន 25 លាននាក់ត្រូវបានបង្ខាំងឱ្យនៅក្នុងផ្ទះរបស់ពួកគេអស់រយៈពេលជិតពីរខែដោយចាប់ផ្តើមកាលពីចុងខែមីនា ឆ្នាំ 2022។
នៅលើដងផ្លូវមួយដែលត្រូវបានគេដាក់ឈ្មោះឱ្យថា Urumqi អ្នកតវ៉ាមួយក្រុមបាននាំយកទៀន ផ្កា និងស្លាកសញ្ញាគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់នៅក្នុងគ្រោះអគ្គីភ័យនោះ។ យោងតាមបាតុករម្នាក់ដែលទទូចសុំមិនបញ្ចេញឈ្មោះ មានក្រុមមួយទៀតបានស្រែកពាក្យស្លោក។
បាតុកររូបនោះ និងម្នាក់ទៀត ដែលប្រាប់តែនាមត្រកូលរបស់គាត់គឺ Zhao បានបញ្ជាក់ពីការស្រែកប្រឆាំងនឹងលោក Xi ដែលថ្មីៗនេះទទួលបានអាណត្តិប្រាំឆ្នាំទីបីជាមេដឹកនាំបក្សកុម្មុយនិស្តចិន និងដែលមនុស្សមួយចំនួនរំពឹងថានឹងព្យាយាមបន្តកាន់អំណាចអស់មួយជីវិត។ បាតុករបានស្នើសុំមិនបញ្ចេញឈ្មោះ ព្រោះខ្លាចមានការចាប់ខ្លួន ឬការសងសឹក។
បរិយាកាសនៃការតវ៉ាបានលើកទឹកចិត្តប្រជាជនឱ្យនិយាយអំពីប្រធានបទដែលត្រូវបានចាត់ទុកថាជាបម្រាម រួមទាំងការបង្រ្កាបដ៏ឃោរឃៅរបស់បក្សកុម្មុយនិស្តចិនមកលើការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីលានធានអានមេន (Tiananmen Square) ក្នុងឆ្នាំ 1989។
នៅទីក្រុងប៉េកាំង មនុស្សប្រហែល 200 នាក់បានប្រមូលផ្តុំគ្នានៅក្នុងសួនឧទ្យានមួយកន្លែងនៅភាគខាងកើតនៃរដ្ឋធានី ហើយកាន់សន្លឹកក្រដាសទទេ ដែលជានិមិត្តសញ្ញានៃការតស៊ូប្រឆាំងនឹងការរីករាលដាលនៃការការចាប់ពិរុទ្ធរបស់បក្សកុម្មុយនិស្តចិន។
«គោលនយោបាយបិទខ្ទប់គឺតឹងរ៉ឹងណាស់។ អ្នកមិនអាចប្រៀបធៀបវាទៅនឹងប្រទេសណាមួយផ្សេងទៀតបានទេ» នេះបើតាមការលើកឡើងរបស់បាតុករម្នាក់ដែលបានប្រាប់តែនាមត្រកូលរបស់គាត់គឺ Li។ «យើងត្រូវតែរកផ្លូវចេញ»។
ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមបានលើកឡើងថា ក៏មានបាតុកម្មនៅសកលវិទ្យាល័យចំនួន 50 ផងដែរ រួមទាំង alma mater របស់លោក Xi សាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង ជាកន្លែងដែលនិស្សិតប្រហែលជា 2,000 នាក់បានទាមទារឱ្យមានការបន្ធូរបន្ថយការដាក់កំហិតក្នុងការប្រឆាំងមេរោគ និងអំពាវនាវឱ្យមានសេរីភាពក្នុងការបញ្ចេញមតិ។
ក្រុមអ្នកតវ៉ាបានចាកចេញបន្ទាប់ពីអនុលេខាបក្សកុម្មុយនិស្តចិនរបស់សាកលវិទ្យាល័យបានសន្យាថានឹងធ្វើការពិភាក្សានៅទូទាំងសាលា។
វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញសេចក្ដីរាយការណ៍ថា មានក្រុមបាតុករប្រតាយប្រតប់គ្នាជាមួយប៉ូលិសក្នុងឈុតការពារពណ៌ស ឬមានការរុះរើរបាំងដែលប្រើដើម្បីបិទខ្ទប់សង្កាត់ក្នុងទីក្រុងនានា រួមទាំងទីក្រុងណានជីង និងទីក្រុងក្វាងចូវ។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រកាសថា ខ្លួននឹងលែងដំឡើងច្រកទ្វារ ដើម្បីទប់ស្កាត់ការចូលទៅកាន់បរិវេណអាផាតមិន ដែលមានការរាយការណ៍ពីការឆ្លងទៀតហើយ។ បន្ថែមពីនេះទៀត ទីក្រុងផលិតកម្ម និងពាណិជ្ជកម្មធំៗរបស់ទីក្រុងក្វាងចូវ ដែលជាចំណុចក្តៅដ៏ធំបំផុតនៅក្នុងរលកនៃការឆ្លងចុងក្រោយបង្អស់របស់ប្រទេសចិនបានប្រកាសថា អ្នកស្រុកមួយចំនួននឹងលែងតម្រូវឱ្យធ្វើតេស្តទ្រង់ទ្រាយធំទៀតហើយ។ ទីក្រុងបានលើកឡើងពីតម្រូវការក្នុងការអភិរក្សធនធាន។
ប្រភពរូបភាព៖ THE ASSOCIATED PRESS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។