សិង្ហបុរី និងវៀតណាមរឹតបន្តឹងទំនាក់ទំនងការពារជាតិ ដើម្បីការពារផលប្រយោជន៍រួម
សិង្ហបុរី និងវៀតណាមកំពុងពង្រឹងទំនាក់ទំនងការពារជាតិ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីរួមបញ្ចូលការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ផលិតកម្មសកល។
លោក Chan Heng Kee រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការពារជាតិសិង្ហបុរី ថតរូបខាងស្ដាំ និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានចុះហត្ថលេខាលើផែនការរយៈពេលបីឆ្នាំនៅថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងអំឡុងពេលកិច្ចសន្ទនាគោលនយោបាយការពារជាតិ (DPD) លើកទី ១៣ នៅប្រទេសសិង្ហបុរី។ កិច្ចព្រមព្រៀងនេះកសាងការចូលរួមកិច្ចការការពារជាតិ ដែលពង្រឹងបន្ថែមចេញពីកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (DCA) របស់ខ្លួន ដែលបានចុះហត្ថលេខា ជាលើកដំបូងនៅឆ្នាំ ២០០៩ និងបានធ្វើឡើងវិញនៅខែកុម្ភៈ ឆ្នាំ ២០២២ ក្នុង ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសសិង្ហបុរី ដោយប្រធានាធិបតីវៀតណាម Nguyen Xuan Phuc។
លោក Chan បានថ្លែងថាប្រយោជន៍ទូទៅរបស់ប្រទេសស្ថិតក្នុងបរិស្ថានការពារជាតិដ៏លំបាក និងស្មុគស្មាញក្នុងតំបន់និងទូទាំងពិភពលោក ទាមទារឱ្យទំនាក់ទំនងរឹងមាំជាងមុន។
លោក Chan និងលោក Chien បានពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ដែលវៀតណាមបានប៉ះទង្គិចនឹងសាធារណរដ្ឋប្រជាមានិតចិន (PRC) អំពីការខួងរកធនធាន និងសិទ្ធិនេសាទ។
យោងតាមក្រសួងការពារជាតិសិង្ហបុរី សេចក្ដីប្តេជ្ញាផ្នែកសន្តិសុខរួមមាន កិច្ចសន្ទនាអំពីគោលនយោបាយជាទៀងទាត់ ការផ្លាស់ប្តូរចំណេះដឹង និងសិក្ខាសាលា ការពង្រីកកិច្ចសហប្រតិបត្តិការយោធា និងកិច្ចសហការក្នុងតំបន់ដែលជាផលប្រយោជន៍រួមគ្នា ដូចជាការស្វែងរកនិងជួយសង្គ្រោះ ជំនួយមនុស្សធម៌និងជំនួយគ្រោះមហន្តរាយ (HADR) ការប្រឆាំងនឹងភេរវកម្ម និងវេជ្ជសាស្ត្រយោធា។
កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធសិង្ហបុរី និងកងទ័ពប្រជាជនវៀតណាម (VPA) មានជំនួយក្នុងការបណ្តុះបណ្តាល ការចូលទស្សនកិច្ចនៅកំពង់ផែ និងការផ្លាស់ប្តូរអាជីពក្នុងតំបន់ដូចជា ការជួយសង្គ្រោះនាវាមុជទឹក និង HADR ជាដើម។ ឧទាហរណ៍ មន្ត្រីទំនាក់ទំនងរបស់ VPA បម្រើការនៅមជ្ឈមណ្ឌលគ្រប់គ្រង ព័ត៌មានរបស់ប្រទេសសិង្ហបុរី និងមជ្ឈមណ្ឌលសម្របសម្រួល HADR ប្រចាំតំបន់ Changi។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលវៀតណាម លោក Chan និងលោក Chien បានសន្យាថា ៖«នឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់» រួមមានការបណ្ដុះបណ្ដាលធនធានមនុស្ស និងការផ្លាស់ប្តូររវាងកងទ័ពជើងទឹក កងទ័ពអាកាស និងឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានបន្តថា ៖«អ្នកទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រីកការសម្របសម្រួលនៅក្នុងវិស័យផ្សេងទៀត ដូចជាសន្តិសុខប្រព័ន្ធអ៊ីនធឺណិត សន្តិសុខដែនសមុទ្រ កំណែទម្រង់ឌីជីថល និងការឆ្លើយតបទៅនឹងការរាតត្បាតជំងឺ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការយោធារបស់អាស៊ាន [សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍]»។
ក្នុងដំណើរទស្សនកិច្ចទៅទីក្រុង ហាណូយ នៅខែតុលា ឆ្នាំ ២០២២ លោក ប្រធានាធិបតី សិង្ហបុរី Halimah Yacob បានពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសវៀតណាម ដែលប្រទេសសិង្ហបុរីជាអ្នកវិនិយោគ ឬជាអ្នកផ្ដល់ជំនួយ។ នេះរួមមាន ការសាងសង់ឧទ្យានឧស្សាហកម្ម វៀតណាម – សិង្ហបុរី (VSIP) នៅ តំបន់មិនទាន់មានការអភិវឌ្ឍ។
ក្រុមហ៊ុនមួយនៅក្នុង VSIP នៅភាគខាងត្បូងខេត្ត Binh Duong បានអភិវឌ្ឍតំបន់ឧស្សាហកម្មចំនួន ១១ ដែលមានដើមទុនសរុបប្រហែល ១៩ ពាន់លានដុល្លារអាមេរិក។ គេហទំព័រ Vietnam Briefing បានរាយការណ៍ថា នេះបានបង្កើតការនាំចេញដែលមានតម្លៃជាង ៣០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងបង្កើតការងារចំនួនជិត ៣០០ ០០០ នៅក្នុងប្រទេសវៀតណាម។
លោក Yacob បានថ្លែងថា ប្រទេសសិង្ហបុរីនឹងបន្តចែករំលែកជំនាញគ្រប់គ្រងជាមួយប្រទេសវៀតណាម និងគាំទ្រក្នុងការអភិវឌ្ឍ វេទិកាឌីជីថល លើកកម្ពស់កំណែទម្រង់ឌីជីថល ក្នុងវិស័យអាទិភាព របស់ខ្លួន និងការអភិវឌ្ឍអ្នកជំនាញ ដែលមានគុណភាពខ្ពស់ ដូចជាអ្នកគ្រប់គ្រង វិស្វករ និងអ្នកជំនាញផ្សេងទៀត។
រដ្ឋសមាជិកអាស៊ានទាំងពីរនឹងអបអសាទររយៈពេល ៥០ ឆ្នាំនៃទំនាក់ទំនងការទូត និងរយៈពេល ១០ ឆ្នាំជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣។ សិង្ហបុរីជាប្រទេសវិនិយោគបរទេសមួយក្នុងចំណោមមួយប្រទេសវិនិយោគបរទេសទាំង ៣ នៅវៀតណាមរួមជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលនាំមុខប្រទេសវិនិយោគទាំងអស់ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១។ ការវិនិយោគភាគច្រើនរបស់ប្រទេសសិង្ហបុរី គឺក្នុងនាមក្រុមហ៊ុនអន្តរជាតិ ដូចជា ក្រុមហ៊ុនផលិតឈីប Intel ដែលបានវិនិយោគទុនចំនួន ១,៥ ពាន់លានដុល្លារអាមេរិក ក្នុងការកសាងទីតាំងធ្វើតេស្ត និងផលិតរបស់ក្រុមហ៊ុននៅក្នុងប្រទេសវៀតណាម។
ក្រុមហ៊ុន Inter រំពឹងថានឹងកាត់បន្ថយការវិនិយោគនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន ដែលជាការឆ្លើយតបទៅនឹងការរឹតបន្តឹងដែលមាននៅក្នុងច្បាប់ CHIPS និងវិទ្យាសាស្ត្រអាមេរិក ដែលបានអនុម័ត នៅខែ សីហា ឆ្នាំ ២០២២ ដើម្បីជំរុញការស្រាវជ្រាវក្នុងប្រទេស និងផលិតកម្មសឺម៉ីកុងឌុចទ័រនៅសហរដ្ឋអាមេរិក។
Tom Abke គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីប្រទេសសិង្ហបុរី។
រូបភាព៖ ក្រសួងការពារជាតិសិង្ហបុរី
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។