បញ្ហាសំខាន់ៗវិវាទ/ភាពតានតឹងអាស៊ីឥសាន / NEA

សាធារណរដ្ឋប្រជាមានិតចិនសបញ្ជាក់ជាថ្មីម្តងទៀតថា ‘មិត្តភាព’ របស់ខ្លួននៅតែមានព្រំដែន

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ជាច្រើនឆ្នាំកន្លងមក សាធារណរដ្ឋប្រជាមានិតចិន (PRC) បានសន្យាទៅប្រទេសអ៊ុយក្រែន និងអង្គការសហប្រជាជាតិថា ខ្លួននឹងចាត់វិធានការប្រឆាំងនឹងប្រទេសណាដែលប្រើប្រាស់ ឬគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសអ៊ុយក្រែន។ ប៉ុន្តែ កិច្ចសហប្រតិបត្តិការរវាងសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសរុស្ស៊ីគឺផ្ទុយទៅនឹងកិច្ចសន្យានោះ ហើយចោទជាសំណួរអំពីការប្តេជ្ញាចិត្តជាអន្តរជាតិផ្សេងទៀតដែលបក្សកុម្មុយនិស្តចិន (CCP) បានសន្យា។

ពាក្យសម្តីរបស់មេដឹកនាំសាធារណរដ្ឋប្រជាមានិតចិនមិនឆ្លុះបញ្ចាំងពីសកម្មភាពរបស់ពួកគេគ្រប់ពេលនោះទេ។ អគ្គលេខាធិការបក្សកុម្មុយនិស្ត​ចិនលោក Xi Jinping បានលើកឡើងនៅក្នុងខែមិថុនា ឆ្នាំ 2022 ថា សង្រ្គាមនៅអ៊ុយក្រែន ដែលបង្កឡើងដោយការឈ្លានពានដោយមិនញញើតរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ 2022 «បានបន្លឺសំឡេងព្រមានសម្រាប់មនុស្សជាតិ»។ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅក្នុងកិច្ចប្រជុំពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ 2022 ជាមួយសមភាគីរុស្ស៊ី លោក Sergey Lavrov បានយល់ព្រមមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរតាមការសន្យារបស់ទីក្រុងម៉ូស្គូ។

ទោះបីជាមានការគំរាមកំហែងម្តងហើយម្តងទៀតរបស់រុស្ស៊ីក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមក៏ដោយ ក៏សាធារណរដ្ឋប្រជាមានិតចិនបានពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីនៅគ្រប់កម្រិតទាំងអស់ ដោយបានបំពានការសន្យាយ៉ាងមុតមាំរបស់ខ្លួនក្នុងការឈរនៅខាងអ៊ុយក្រែន។

អ៊ុយក្រែន​ដែល​ជា​អតីត​សាធារណរដ្ឋ​សូវៀតមួយ​មិន​មាន​អាវុធ​នុយក្លេអ៊ែរនោះទេ​ បន្ទាប់ពីការ​យល់ព្រម​ក្នុង​ឆ្នាំ​ 1994 ​ក្នុងការប្រគល់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទៅ​ឱ្យរុស្ស៊ី​ក្រោយ​ការដួលរលំ​នៃ​សហភាព​សូវៀត​ក្នុង​ឆ្នាំ​ 1991។ ភ្លាមៗបន្ទាប់ពីការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ុយក្រែន សាធារណរដ្ឋប្រជាមានិតចិនបានធានាសុវត្ថិភាពរបស់អ៊ុយក្រែននៅក្នុងសេចក្តីថ្លែងការណ៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍នោះបាន​បញ្ជាក់​ថា៖ «ជម្លោះ​និង​ការ​ខ្វែង​គំនិត​គ្នា​គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​ពិគ្រោះ​យោបល់​ដោយ​ឈរ​លើ​គោល​ជំហរ​ស្មើភាព» និង​ទទួល​ស្គាល់​អធិបតេយ្យភាព ឯករាជ្យ និង​បូរណភាព​ទឹក​ដី​របស់​អ៊ុយក្រែន។ សាធារណរដ្ឋប្រជាមានិតចិនបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងឆ្នាំ 2001 និង 2013។

ជំហរដ៏មិនស្មោះត្រង់របស់សាធារណរដ្ឋប្រជាមានិតចិនចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលបានធ្វើឱ្យបាត់បង់ជីវិតមនុស្សរាប់ម៉ឺននាក់ ហើយសមយុទ្ធយោធាបង្កើនសកម្មភាពជាមួយរុស្ស៊ីមួយចំនួនបាននាំឱ្យមានការចោទសួរពីភាពពាក់ព័ន្ធនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ សាធារណរដ្ឋប្រជាមានិតចិន-អ៊ុយក្រែន ឆ្នាំ 2013 ដែលចុះហត្ថលេខាដោយ លោក Xi និងប្រធានាធិបតីអ៊ុយក្រែនលោក Viktor Yanukovych។ លោក Gregory Kulacki អ្នកវិភាគបញ្ហានុយក្លេអ៊ែរដែលមានមូលដ្ឋាននៅប្រទេសជប៉ុន និងសាធារណរដ្ឋប្រជាមានិតចិនសម្រាប់សហភាពអ្នកវិទ្យាសាស្ត្រមិនស្វែងរកប្រាក់ចំណេញបានប្រាប់កាសែត The Wall Street Journal ក្នុងខែមីនា ឆ្នាំ 2022 ថា «វាជាការសន្យារបស់រដ្ឋមានអាវុធនុយក្លេអ៊ែរដើម្បីក្រោកឈរឡើងការពាររដ្ឋគ្មានអាវុធនុយក្លេអ៊ែរដែលត្រូវបានគំរាមកំហែងដោយរដ្ឋអាវុធនុយក្លេអ៊ែរ»។ «វា​មាន​ន័យសំខាន់ណាស់ ហើយ​ចិន​ត្រូវ​ដឹង​រឿង​នោះ»។

ការ​បក​ប្រែ​នៃ​កតិកាសញ្ញា​ខុស​គ្នា​។ យោងតាមទស្សនាវដ្ដី The Diplomat បានសរសេរថា “ចិនសន្យាដោយគ្មានលក្ខខណ្ឌថានឹងមិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែនដែលគ្មាននុយក្លេអ៊ែននោះទេ ហើយចិនសន្យាបន្ថែមទៀតក្នុងការផ្តល់ការធានាសន្តិសុខនុយក្លេអ៊ែរអ៊ុយក្រែន នៅពេលដែលអ៊ុយក្រែនជួបប្រទះការឈ្លានពានពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ឬអ៊ុយក្រែនស្ថិតនៅក្រោមការគំរាមកំហែងនៃការលុកលុយដោយនុយក្លេអ៊ែរ»។

មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីភយន្តរាយនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាច្រើនដងចាប់តាំងពីការលុកលុយ រួមទាំងនៅដើមខែតុលា ឆ្នាំ 2022 ផងដែរ។

ទោះបីជាមិនមានសម្ព័ន្ធភាពយោធាផ្លូវការក៏ដោយទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ក៏ការសហការគ្នាលើសកម្មភាពយោធាជាមួយកាន់តែមានឡើងចាប់តាំងពីការលុកលុយមក។ សមយុទ្ធ​រួម​គ្នា​មានគោលបំណងបង្ហាញពីកិច្ចសហប្រតិបត្តិការ ​ខណៈ​ប្រទេស​នានា​ប្រឈមមុខ​នឹង​ភាព​តានតឹង​ជាមួយ​លោកខាងលិច។

វិទ្យាស្ថានទ័ពជើងទឹកអាមេរិកបានរាយការណ៍ថា កាលពីខែកញ្ញា ទីក្រុងប៉េកាំងបានបញ្ជូនទាហានជាង 2 000 នាក់ យានយន្តចម្បាំង 300 គ្រឿង យន្តហោះចម្បាំង 21 គ្រឿង និងនាវាចម្បាំងចំនួន 3 គ្រឿងទៅកាន់សមយុទ្ធ Vostok 2022 រយៈពេលមួយសប្តាហ៍នៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន Associated Press (AP) ល្បែងសង្រ្គាមនេះ មានបំណងចង់បង្ហាញឱ្យឃើញថា រុស្ស៊ីអាចធ្វើសមយុទ្ធបែបនេះ ខណៈខ្លួនកំពុងមានសង្រ្គាមជាមួយអ៊ុយក្រែន។

សារព័ត៌មាន AP បានរាយការណ៍ថា នៅចុងខែវិច្ឆិកា ឆ្នាំ 2022 យន្តហោះទម្លាក់គ្រាប់បែក Tu-95 របស់រុស្ស៊ីដែលមានសមត្ថភាពនុយក្លេអ៊ែរ និងយន្តហោះទម្លាក់គ្រាប់បែក H-6K របស់ចិនបានហោះពីលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត ក្នុងបេសកកម្មរយៈពេលប្រាំបីម៉ោង។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយបានឈប់នៅមូលដ្ឋានទ័ពអាកាសក្នុងប្រទេសទាំងពីរ។ (រូបភាព៖ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 របស់រុស្ស៊ីនៅឯមូលដ្ឋានទ័ពអាកាសដែលមិនបានបញ្ជាក់ឈ្មោះក្នុងប្រទេសរុស្ស៊ី មុនពេលហោះល្បាតជាមួយយន្តហោះទម្លាក់គ្រាប់បែករបស់កងទ័ពរំដោះប្រជាជនចិន។ )

ជប៉ុន​និង​កូរ៉េ​ខាង​ត្បូងបាន​បញ្ជូន​​យន្តហោះ​ចម្បាំងដើម្បី​ឃ្លាំមើល​យន្តហោះ​ទម្លាក់​គ្រាប់បែកនោះ។ យោងតាមកាសែត The Japan Times ប្រទេសជប៉ុនបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះសាធារណរដ្ឋប្រជាមានិតចិន និងរុស្ស៊ីទាក់ទងនឹងការហោះហើររួមគ្នាលើទឹកដីរបស់ខ្លួន។ លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុនបានថ្លែងថា «យើង​នឹង​មាន​ការ​ព្រួយ​បារម្ភ និង​មើល​យ៉ាង​ដិត​ដល់​នូវ​ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ»។

យោងតាមការរាយការណ៍ពីព័ត៍មាន Reuters ពាក់កណ្តាលខែកញ្ញា ឆ្នាំ 2022 ទីក្រុងប៉េកាំងបានបដិសេធមិនចាត់ទុកជម្លោះរបស់រុស្ស៊ីនៅអ៊ុយក្រែនថាជាការឈ្លានពាន ហើយបានបង្កើនការទិញប្រេង ឧស្ម័នធម្មជាតិ ធ្យូងថ្ម និងអគ្គិសនីពីប្រទេសជិតខាងនេះរបស់ខ្លួន ខណៈពេលដែលមិនផ្តល់ជំនួយសម្ភារ។ ការប្រើប្រាស់រូបិយបណ្ណរុស្ស៊ី និងចិន ដើម្បីធ្វើការទិញជាច្រើនទាំងនេះ អនុញ្ញាតឱ្យរុស្ស៊ីបន្តជម្លោះជាមួយអ៊ុយក្រែន ខណៈពេលដែលជៀសវាងការឡើងថ្លៃដែលដាក់ដោយក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរ។

សាធារណរដ្ឋប្រជាមានិតចិនបាន​ប្រតិកម្ម​​បែបប្រយ័ត្នប្រយែងស្រដៀង​គ្នាទៅនឹង​ចំពោះ​ការ​កាត់យក​​នូវឧបទ្វីបគ្រីមៀរបស់​អ៊ុយក្រែនទៅជាផ្នែកនៃរុស្ស៊ី​ក្នុង​ឆ្នាំ 2014។

យោងតាមបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ទោះបើមានការសន្យាផ្លូវច្បាប់របស់ខ្លួនចំពោះអ៊ុយក្រែនក៏ដោយ ក៏សាធារណរដ្ឋប្រជាមានិតចិនបានរារាំងការឆ្លើយតបរបស់អង្គការសហប្រជាជាតិ និងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយរុស្ស៊ី បន្ថែមពីលើសមយុទ្ធយោធារួមគ្នា។ សកម្មភាព និងភាពអសកម្មបែបនេះបំពានលើការសន្យាផ្លូវច្បាប់របស់សាធារណរដ្ឋប្រជាមានិតចិនទៅកាន់អ៊ុយក្រែន និងអង្គការសហប្រជាជាតិ គឺមិនគោរពចំពោះច្បាប់អន្តរជាតិ ធ្វើឱ្យសិទ្ធិអំណាចរបស់អង្គការសហប្រជាជាតិចុះខ្សោយ បំផ្លាញសណ្តាប់ធ្នាប់ផ្អែកលើច្បាប់អន្តរជាតិ និងជំរុញការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀតផងដែរ។

អ្នកសង្កេតការណ៍បានកត់សម្គាល់ភាពដូចគ្នារវាងការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការទាមទាររបស់សាធារណរដ្ឋប្រជាមានិតចិនចំពោះតៃវ៉ាន់។ ជាងនេះទៅទៀត កិច្ចការទូតនិងសកម្មភាពរបស់សាធារណរដ្ឋប្រជាមានិតចិនដែលមិនស៊ីសង្វាក់គ្នា កំពុងបណ្តាលឱ្យតំបន់នេះផ្លាស់ប្តូរតាមរបៀបដែលប្រហែលជាមិនស្ថិតនៅក្នុងផលប្រយោជន៍ល្អបំផុតរបស់ទីក្រុងប៉េកាំងនោះទេ។

 

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button