សហរដ្ឋអាមេរិកជំរុញសកម្មភាពដោះមីន ដោយលើកកម្ពស់ជីវភាព សន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

បុគ្គលិករបស់ទស្សនាវដ្តី FORUM
សមាជិកនៃកងយោធពលភូមិន្ទថៃ និងសមាជិកនៃកងទ័ពម៉ារីនអាមេរិកចាប់ផ្ដើមការហ្វឹកហាត់ការបំផ្លាញគ្រាប់ផ្ទុះ (EOD) នៃពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ 2022 នៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) នៅក្រុង Ratchaburi។
កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបណ្តុះបណ្តាលសិក្ខាកាម TMAC ចំនួន 18 នាក់ គឺជាផ្នែកមួយនៃកម្មវិធីមនុស្សធម៌សកម្មភាពកំចាត់មីន (HMA) របស់ក្រសួងការពារជាតិអាមេរិក ដែលជួយដល់កងកម្លាំងដៃគូក្នុងការកំចាត់មីននិងសំណល់គ្រោះថ្នាក់ផ្សេងទៀតនៃសង្គ្រាមដោយសុវត្ថិភាព ដើម្បីលុបបំបាត់ផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថានដែលកំពុងបន្ត ទន្ទឹមនឹងការពង្រឹងចំណងមិត្តភាពរវាងកងទ័ពថៃ និងសហរដ្ឋអាមេរិក។ (រូបភាព៖ គ្រូបង្ហាត់ និងសិក្ខាកាមមកពីកងយោធពលភូមិន្ទថៃ និងកងកម្លាំងអាមេរិកកំពុងមើលនាឡិកាក្នុងវគ្គការបំផ្លាញគ្រាប់ផ្ទុះនៅក្រុង Ratchaburi ប្រទេសថៃក្នុងខែវិច្ឆិកា ឆ្នាំ 2022 ។)
កម្មវិធី HMA របស់សហរដ្ឋអាមេរិក និងប្រទេសថៃ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគោលដៅសន្តិសុខរួមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បន្ទាប់ពីការបង្កើតឡើងនៅឆ្នាំ 2013។ បេសកកម្មរបស់ TMAC គឺធ្វើឱ្យប្រទេសថៃគ្មានមីន។
នាយឧត្តមសេនីយ៍ Supathat Narindarabhakdi ជាអគ្គនាយក TMAC បានថ្លែងថា ៖ «ខ្ញុំសង្ឃឹមថាអ្នកគ្រប់គ្នានឹងទទួលបានចំណេះដឹងពីគ្រូបង្ហាត់ថៃនិងអាមេរិក និងប្រើប្រាស់ចំណេះដឹងទាំងនោះដើម្បីធ្វើឱ្យការងារកាន់តែប្រសើរ»។ វគ្គហ្វឹកហាត់មានទាំងបច្ចេកទេស EOD និងបទពិសោធន៍អនុវត្តផ្ទាល់។
សហរដ្ឋអាមេរិកបានវិនិយោគច្រើនជាង 4.2 ពាន់លានដុល្លារនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ 1993 ច្រើនជាងប្រទេសដទៃទៀតសម្រាប់ការបំផ្លិចបំផ្លាញអាវុធទូទៅ (CWD) រួមទាំងការដោះគ្រាប់មីនដោយសុវត្ថិភាព រួមមានទឹកប្រាក់ជាង 738 លានដុល្លារអាមេរិកដែលត្រូវបានបម្រុងទុកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកយោងទៅតាមរបាយការណ៍ឆ្នាំ 2022 របស់ក្រសួងការបរទេសអាមេរិកដែលមានឈ្មោះថា «ដើរជុំវិញពិភពលោកដោយសុវត្ថិភាព»។
CWD ក៏រួមបញ្ចូលផងដែរនូវការបំផ្លាញចោលនូវអាវុធធុនតូច និងអាវុធធុនស្រាល ដូចជាប្រព័ន្ធការពារអាកាសចល័ត និងគ្រាប់បែក។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានរាយការណ៍ថា ជម្លោះជាច្រើនទសវត្សរ៍ ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានធ្វើឱ្យផ្ទៃដីដាំដុះដ៏ធំមានគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើន រួមទាំងមកពីយុទ្ធនាការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ធ្វើឱ្យបញ្ឈប់កំណើនសេដ្ឋកិច្ច។
នៅក្នុងតែតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅឆ្នាំ 2021 កិច្ចខិតខំប្រឹងប្រែងរបស់ CWD បានកំណត់ផ្ទៃដីជាង 193 លានម៉ែត្រការ៉េដែលត្រូវដោះសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងផ្ដល់ផ្ទៃដីជាង 101 លានម៉ែត្រការ៉េសម្រាប់ការប្រើប្រាស់ផលិតកម្ម។ ក្នុងរបាយការណ៍នេះដែរ សកម្មភាពដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិកក៏បានបំផ្លាញគ្រាប់ផ្ទុះជាង 96 000 គ្រាប់ អាវុធធុនតូចចំនួន 6 793 គ្រាប់ គ្រាប់មីនចំនួន 2 526 គ្រាប់ មីនប្រឆាំងរថក្រោះចំនួន 51 គ្រាប់ និងយុទ្ធភណ្ឌលែងត្រូវការចំនួន 46 តោនក្នុងឆ្នាំនោះ។
ក្រសួងការពារជាតិអាមេរិកដែលរ៉ាប់រងចំនួនប្រហែល 14% នៃការចំណាយរបស់ CWD ឧបត្ថម្ភកម្មវិធីថ្មីៗដូចជាមជ្ឈមណ្ឌលបណ្តុះបណ្តាលការដោះមីនមនុស្សធម៌នៅ Fort Lee រដ្ឋ Virginia ដែលរៀបចំកងកម្លាំងយោធា ភ្នាក់ងាររដ្ឋាភិបាលដែលពាក់ព័ន្ធ និងដៃគូអន្តរជាតិក្នុងបេសកកម្ម HMA ការបំផ្លាញគ្រាប់ផ្ទុះនិងការគ្រប់គ្រងរក្សាទុកគ្រាប់ផ្ទុះ។
របាយការណ៍បានបង្ហាញថា កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍ការដោះមីនមនុស្សធម៌របស់កងទ័ពអាមេរិក បង្កើត និងបញ្ជាក់សុពលភាពដល់ការរុករកមីន និងគ្រាប់មិនទាន់ផ្ទុះ និងបច្ចេកវិទ្យាបោសសំអាតមីន ដើម្បីបង្កើនការបោសសម្អាតមីនទូទាំងពិភពលោក។
កម្មវិធីស្រាវជ្រាវនេះសម្របសម្រួលជាមួយបញ្ជាការប្រយុទ្ធភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក រួមទាំងបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក និងបានសាកល្បងបច្ចេកវិទ្យាដោះមីននៅក្នុងប្រទេសកម្ពុជា ប៉ាឡៅ ស្រីលង្កា ថៃ និងវៀតណាម ក្នុងចំណោមប្រទេសដទៃទៀត។ ទាហានថៃ និងទាហានសហរដ្ឋអាមេរិកដែលធ្វើការនៅ TMAC បានសាកល្បងប្រព័ន្ធភ្ជួរដី Mini MineWolf ដែលត្រូវបានបង្កើតឡើងដោយកម្មវិធីដើម្បីបោសសម្អាតមីនប្រឆាំងមនុស្ស និងមីនប្រឆាំងរថក្រោះ។
នៅទីបំផុត មជ្ឈមណ្ឌលថៃនឹងរក្សាសមត្ថភាព EOD ក្នុងប្រទេសសម្រាប់ប្រទេសជាតិ។
ពលបាលកាំភ្លើងធំនៃកងទ័ពម៉ារីនអាមេរិក Jeramie Pawloski ដែលជាអ្នកដឹកនាំក្រុម HMA ថៃបាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «យើងកំពុងធ្វើការផ្លាស់ប្ដូរ»។ «EOD របស់កងទ័ពម៉ារីនប៉ាស៊ីហ្វិកកំពុងដើរតួនាទីតូចជាងមុន ហើយគ្រូបង្រៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលការដោះមីន TMAC កំពុងដើរតួនាទីកាន់តែធំជាងមុន – គ្រប់គ្រងថ្នាក់រៀន កាលវិភាគ និងការបណ្តុះបណ្តាល»។
ក្រសួងការពារជាតិអាមេរិកគាំទ្រមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន និងក្រុមបោសសំអាតមីនផ្សេងទៀតនៅក្នុងតំបន់។ ចាប់ពីឆ្នាំ 1993 ដល់ឆ្នាំ 2021 សហរដ្ឋអាមេរិកបានវិនិយោគច្រើនជាង 180 លានដុល្លារនៅក្នុងប្រទេសកម្ពុជា លើសពី 185 លានដុល្លារនៅប្រទេសវៀតណាម និងច្រើនជាង 310 លានដុល្លារនៅក្នុងប្រទេសឡាវ សម្រាប់កម្មវិធី CWD ដែលគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពជាតិក្នុងចំណោមសកម្មភាពផ្សេងៗទៀត។
ក្រសួងការបរទេសអាមេរិកបានរាយការណ៍ថា សហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយ CWD ដល់ប្រទេសមីយ៉ាន់ម៉ា ប្រទេសនេប៉ាល់ ប្រទេស ប៉ាឡៅ ប្រទេសស្រីលង្កា និងប្រទេសទីម័រខាងកើតក្នុងឆ្នាំ 2021 និងផ្ដល់ជំនួយដល់ប្រទេសហ្វីជី ប្រទេសឥណ្ឌា ប្រទេសកោះម៉ាសាល់ ប្រទេសហ្វីលីពីន និងប្រទេសសូឡូម៉ុនក្នុងឆ្នាំមុននោះ។
រូបភាព៖ CPL. MOISES RODRIGUEZ/កងទ័ពម៉ារីនអាមេរិក
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។