សកម្មភាពរារាំងជារួម
ការគិតឡើងវិញចំពោះវិធីសាស្ត្រជាយុទ្ធសាស្ត្រដើម្បីតបតទៅនឹង ប្រតិបត្តិការនៅតំបន់ប្រទាញប្រទង់របស់សាធារណរដ្ឋប្រជាមានិតចិន

វរសេនីយ៍ឯក (ចូលនិវត្តន៍) ARTHUR N. TULAK/យោធាអាមេរិក
នៅក្នុងឆ្នាំ ២០១៤ ពិភពលោកបានមើលឃើញប្រភេទសង្គ្រាមថ្មីមួយ ដែលត្រូវបានធ្វើឡើងនៅក្រោមកម្រិតនៃជម្លោះប្រដាប់អាវុធ នៅពេលដែលប្រទេសរុស្ស៊ីបានព្យាយាមធ្វើរឿងរ៉ាវមួយដែលត្រូវបានគេស្គាល់ថាជា «សង្រ្គាមប្រភេទកូនកាត់» ដើម្បីកាន់កាប់តំបន់ឧបទ្វីប Crimea ពីប្រទេសអ៊ុយក្រេន។ ទោះជាយ៉ាងនេះក្តី វិធីសាស្រ្តស្រដៀងគ្នានេះត្រូវបានប្រើប្រាស់កាលពីពីរឆ្នាំមុននោះ នៅពេលដែលសាធារណរដ្ឋប្រជាមានិតចិន (PRC) ចូលកាន់កាប់ទាំងបង្ខំនៅលើកោះ Scarborough Shoal ពីប្រទេសហ្វីលីពីន ហើយបន្ទាប់មកបានចាប់ផ្ដើមយុទ្ធនាការឈ្លានពានដែនដីអស់រយៈពេលជាច្រើនឆ្នាំ ដោយការប្រើប្រាស់កងនាវាចាក់ខ្សាច់បំពេញសមុទ្រធំជាងគេនៅលើពិភពលោក ដើម្បីបង្កើតជាកោះសិប្បនិម្មិតនៅក្នុងសមុទ្រចិនភាគខាងត្បូង ដោយផ្ដល់ឱ្យខ្លួននូវ «ដីជាអធិបតេយ្យភាពនៅដែនសមុទ្រ» ក្នុងរូបភាពជាបណ្ដាញបន្ទាយយោធា ដែលត្រូវបានសាងសង់ឡើងនៅក្នុងទីតាំងដែនសមុទ្រដែលបានអះអាងថាជារបស់ខ្លួន។ ដោយការទទួលបានផលចំណេញទាំងនោះដោយមិនមានការជំទាស់ធំដុំណាមួយ ប្រទេសកុម្មុយនិស្តចិនបានបង្ហាញនូវសុឆន្ទៈ និងការត្រៀមខ្លួនរួចរាល់កាន់តែខ្លាំងឡើងក្នុងការប្រើប្រាស់កងកម្លាំងឈ្លានពានដើម្បីធ្វើការបង្ខិតបង្ខំប្រទេសជិតខាងរបស់ខ្លួនដើម្បីទទួលបានការពង្រីកដែនដីតាមរយៈយុទ្ធនាការរបស់ខ្លួន។ ប្រទេសនេះបានធ្វើដូច្នេះតាមរយៈការអនុវត្តអំពើឈ្លានពាននៅក្នុងប្រតិបត្តិការអធិបតេយ្យភាពដែនដី ជាប្រតិបត្តិការបង្ខិតបង្ខំដែលធ្វើឡើងដោយអាជ្ញាធរអនុវត្តច្បាប់ កងកម្លាំងប៉ារ៉ាយោធា និងកងកម្លាំងយោធា ព្រមទាំងការប្រើប្រាស់ធាតុពីក្នុងគោលលទ្ធិនិងយុទ្ធសាស្ត្រ «សង្គ្រាមដែលមិនមានការរឹតត្បិត» និង «សង្រ្គាមទាំងបីប្រភេទ» របស់ខ្លួន។ ជាងរយៈពេលពីរឆ្នាំកន្លងមកនេះ នៅក្រោមរបបរបស់លោក Xi Jinping ដែលជាអគ្គលេខាធិការ និងប្រធានគណៈកម្មការយោធាកណ្ដាលរបស់បក្សកុម្មុយនិស្តចិន (CCP) សាធារណរដ្ឋប្រជាមានិតចិនបានបង្កើនកម្រិតនៃការប្រើប្រាស់ការគំរាមកំហែង និងការប្រើប្រាស់ជាក់ស្ដែងនូវកម្លាំងយោធាឈ្លានពាននៅក្នុងដែនដីភាគខាងត្បូងនិងភាគខាងកើតរបស់ខ្លួន ជាពិសេសប្រឆាំងទៅនឹងយោធារបស់ប្រទេសឥណ្ឌា ប្រទេសជប៉ុន និងតៃវ៉ាន់។
ក្នុងឆ្នាំ ២០១៤ ប្រទេសរុស្ស៊ីបានបង្កើតឱ្យមានសង្រ្គាមបែបកូនកាត់ដើម្បីធ្វើការបំបែកស្រុកភាគខាងកើតនៅក្នុងតំបន់ Luhansk និង Donetsk របស់ប្រទេសអ៊ុយក្រែន ដែលជាផ្នែកមួយនៃសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែនដំណាក់កាលទីមួយ។ ថ្មីៗនេះ ប្រទេសរុស្ស៊ីបានចំណាយពេលមួយឆ្នាំក្នុងការគំរាមកំហែងដាក់កងកម្លាំងយោធានៅតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសអ៊ុយក្រែន ដើម្បីធ្វើការបង្ខិតបង្ខំឲ្យកែប្រែការងាកទៅរកប្រទេសលោកខាងលិចរបស់អ៊ុយក្រែន។ ការដាក់បង្ហាញយោធានេះបានក្លាយទៅជាបុព្វហេតុនៃការចាប់ផ្ដើមការឈ្លានពានដោយកម្លាំងយោធាទៅលើប្រជាជាតិដែលមានអធិបតេយ្យភាពមួយនាចុងខែកុម្ភៈឆ្នាំ ២០២២។ ចំពោះសាធារណរដ្ឋប្រជាមានិតចិន និងប្រទេសរុស្ស៊ី ការបង្ហាញពីសុឆន្ទៈរបស់ពួកគេក្នុងការប្រើប្រាស់កម្លាំងយោធា គឺជាផ្នែកមួយនៃគោលបំណងរួម ក្នុងការបំភិតបំភ័យសម្ព័ន្ធមិត្តនិងដៃគូរបស់សហរដ្ឋអាមេរិក។ អំពើឈ្លានពានរបស់ពួកគេមានបំណងបង្កឲ្យសម្ព័ន្ធមិត្តនិងដៃគូបាត់បង់ជំនឿទុកចិត្តទៅលើសមត្ថភាពរបស់អាមេរិក និងឆន្ទៈរបស់ប្រទេសក្នុងការគោរពតាមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមករបស់ខ្លួន។ ការគំរាមកំហែងដោយកម្លាំងដូច្នេះក៏មានគោលបំណងក្នុងការដាក់លក្ខខណ្ឌទៅលើសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតឱ្យទទួលយកការឈ្លានពាននិងការបង្ខិតបង្ខំរបស់ប្រទេសចិន។
យុទ្ធនាការដណ្ដើមយកដែនដីរបស់សាធារណរដ្ឋប្រជាមានិតចិនទីបំផុតនឹងរួមបញ្ចូលទាំងកោះតៃវ៉ាន់ ដែលជាកោះស្វ័យគ្រប់គ្រង ខណៈពេលដែលគោលដៅរបស់ប្រទេសរុស្ស៊ីចាប់ផ្ដើមពីប្រទេសអ៊ុយក្រែន និងអាចទៅរួចដែរថា នឹងរួមបញ្ចូលរដ្ឋផ្សេងទៀតដែលជាអតីតផ្នែកនៃសហភាពសូវៀត និងរដ្ឋជាសមាជិកនៃសន្ធិសញ្ញាទីក្រុង Warsaw របស់ខ្លួន។ តាមរយៈអំពើឈ្លានពានកាន់តែខាងឡើងនេះ ប្រទេសទាំងពីរស្វែងរកការរារាំង និងឥទ្ធិពលនៃការបង្ខិតបង្ខំ ដែលរក្សាបាននូវផលចំនេញខាងដែនដីរបស់ខ្លួន និងបង្កើតឱកាសដើម្បីបន្តការវាយលុកទាំងក្នុងផ្នែកព័ត៌មាននិងផ្នែកប្រតិបត្តិការ។

បន្ទាប់ពីទទួលបានជោគជ័យជិតរយៈពេលមួយទសវត្សរ៍របស់សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសរុស្ស៊ីក្នុងការដាក់ពង្រាយកម្លាំងយោធា ប៉ារ៉ា កងកម្លាំងអនុវត្តច្បាប់និងការប្រើមធ្យោបាយពាណិជ្ជកម្មនានាដែលហៀបនឹងធ្លាក់ចូលជាជម្លោះប្រដាប់អាវុធ ដែលត្រូវបានគេស្គាល់ផងដែរថាជា យុទ្ធសាស្ត្រតំបន់ប្រទាញប្រទង់ ក៏ដូចជាការបង្ខិតបង្ខំផ្នែកយោធាទៅលើប្រទេសជិតខាងរបស់ពួកគេ ដល់ពេលដែលត្រូវពិចារណាវិធីយុទ្ធសាស្ត្រជាថ្មីចំពោះការប្រឈមទាំងនេះ និងរបៀបដែលពួកគេអាចត្រូវបានរារាំងឱ្យកាន់តែមានប្រសិទ្ធភាពជានេះ។ ការរារាំងជាធម្មតាបានកើនកម្រិតសារៈសំខាន់ឡើងវិញជាប្រចាំនៅក្នុងចំណោមអ្នកសិក្សា រដ្ឋាភិបាល និងយោធាក្នុងអំឡុងពេលសង្គ្រាមត្រជាក់ជាមួយនឹងសហភាពសូវៀត។ កាលពីរយៈពេលពីរឆ្នាំមុននេះ ពិភពលោកបានឃើញដោយផ្ទាល់នូវភាពសាំញ៉ាំនៃការរារាំងអំពើឈ្លានពានដ៏លំបាក ដែលបង្កឡើងដោយការទាញផលចំណេញនៅតំបន់ប្រទាញប្រទង់របស់មហាអំណាចដែលជាគូបដិបក្ខ ដែលអាចធ្វើឱ្យមានមន្ទិលសង្ស័យអំពីប្រសិទ្ធភាពនៃកម្លាំងរារាំងជាធម្មតារបស់អាមេរិក។ គូបដិបក្ខទាំងនេះកំពុងតែប្រើប្រាស់សកម្មភាពនៅក្រោមកម្រិតកំណត់នៃជម្លោះដើម្បីសម្រេចបានគោលដៅជាយុទ្ធសាស្ត្រ ហើយអាចធ្វើសកម្មភាពឈ្លានពានជាសក្តានុពល និងបង្កើនផលចំណេញមុនពេលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនអាចឆ្លើយតបបាន។
ចំពោះអ្នកអង្កេតការណ៍មួយចំនួន កម្លាំងរារាំងបានធ្លាក់ចុះពិតប្រាកដ ឬគេយល់ឃើញថាអំណាចសេដ្ឋកិច្ចរបស់អាមេរិក សមត្ថភាពយោធា និងឆន្ទះថ្នាក់ជាតិធ្លាក់ចុះ។ ដូចដែលសមាជិកព្រឹទ្ធសភាអាមេរិក Jim Inhofe និង Jack Reed បានព្រមាននៅក្នុងបទអត្ថាធិប្បាយនាខែឧសភាឆ្នាំ ២០២០ សម្រាប់គេហទំព័រដែលមានឈ្មោះថា War on the Rocks ថា៖ «បច្ចុប្បន្ននេះ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មូលដ្ឋានគ្រឹះនៃកម្លាំងរារាំងកំពុងតែមានការធ្លាក់ចុះខណៈពេលដែលប្រទេសចិនដែលកំពុងតែបង្កើនការឈ្លានពាន បន្តការធ្វើទំនើបកម្មយោធាដ៏ធំរបស់ខ្លួន។» លោកស្រី Michele Flournoy អតីតអនុរដ្ឋលេខាធិការនៃក្រសួងការពារជាតិសម្រាប់គោលនយោបាយអាមេរិកបានបន្ទោក្តីបារម្ភទាំងនោះមួយខែក្រោយមក ដោយបានសរសេរនៅក្នុងទស្សនាវដ្ដីកិច្ចការបរទេសថាដោយសារ «គ្រោះថ្នាក់ចម្រុះខុសប្លែកដែលកំពុងតែកើនឡើងពីការអះអាងយកដែនដីរបស់ចិន និងកម្លាំងយោធារបស់ប្រទេសនេះ ព្រមទាំងការសឹករេចរឹលនៃកម្លាំងរារាំងរបស់អាមេរិក» ហានិភ័យនៃសង្រ្គាម «មានខ្ពស់ជាងកាលពីរយៈពេលជាច្រើនទសវត្សរ៍មុន»។
ការផ្ដល់សារតាមរយៈការឈ្លានពាន
សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសរុស្ស៊ីកំពុងតែសម្រេចបានគោលបំណងយោធាពីដើមមក ក្នុងអំឡុងពេលសន្តិភាពតាមរយៈសង្គ្រាមក្នុងតំបន់ប្រទាញប្រទង់។ វាគឺជាការប្រទាញប្រទង់ដូចនៅសម័យសង្រ្គាមត្រជាក់ ដែលជាក់ស្ដែងបានរួមបញ្ចូលការប្រើកម្លាំងយោធាទៅហើយ។ របបអំណាចផ្ដាច់ការទាំងពីរបានបង្ហាញនូវឆន្ទៈរួចរាល់ក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីគាំទ្រសកម្មភាពនៅក្នុងតំបន់ប្រទាញប្រទង់ និងដើម្បីធ្វើការបង្ខិតបង្ខំ។ យុទ្ធសាស្ត្រនេះអាចត្រូវបានពិពណ៌នាថាជាការផ្ដល់សារតាមរយៈការឈ្លានពាន ជារបៀបនៃការប្រើដៃធ្ងន់ ដែលមានលក្ខណៈជាសកម្មភាពកំរោល និងភាពក្រអឺតក្រទម ដែលមានគោលបំណងផ្ដោតលើការរារាំងនិងការចាប់ពិរុទ្ធដោយខ្លួនឯងចំពោះទង្វើរបស់ពួកគេ ដោយសារការភ័យខ្លាចថាមានអំពើហិង្សានិងការបង្ខិតបង្ខំបន្ថែមទៀត។ សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសរុស្ស៊ីព្យាយាមបង្ហាញភាពប្រសើរខ្ពង់ខ្ពស់ក្នុងការមានឆន្ទៈត្រៀមខ្លួនរួចរាល់របស់ពួកគេដើម្បីប្រើកម្លាំងដើម្បីបង្កើតឥទ្ធិពលទៅលើគូបដិបក្ខ និងអ្នកជាប់ពាក់ព័ន្ធដទៃទៀតឱ្យទទួលយកការអះអាងទាមទារដែនដីរបស់ខ្លួន និងចៀសវាងការប្រឈមមុខតទល់គ្នា។
មធ្យោបាយបង្ខិតបង្ខំអាចរួមបញ្ចូលទាំងប្រតិបត្តិការឈ្លបយកការណ៍ដោយលាក់កំបាំង ប្រតិបត្តិការតាមប្រព័ន្ធអ៊ីនធឺណិត ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការជ្រៀតជ្រែកក្នុងការបោះឆ្នោត ការដាក់ពង្រាយកងជីវពលដែនទឹក ជំនួយយោធាទៅដល់គូបដិបក្ខ ការឃោសនា វិធានការនយោបាយដែលជាការដាក់ទោស ការទាញចំណេញទៅលើធនធាន ជំនួយគាំទ្រដល់បក្សប្រឆាំងនយោបាយក្នុងស្រុក និងការដាក់កម្រិតលើពាណិជ្ជកម្ម ការហាមឃាត់ (ការហាមឃាត់ទំនិញ) ឬការប្រើប្រាស់ឥទ្ធិពល ក្នុងចំណោមរូបភាពដទៃទៀត។
កងទ័ពរំដោះប្រជាជន (PLA) បានធ្វើការលុកលុយបង្ខិតបង្ខំឥតឈប់ឈរទៅក្នុងដែនអាកាស ដែនដី និងដែនសមុទ្ររបស់ប្រទេសជិតខាងនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើឱ្យគូប្រឆាំងចុះខ្សោយ និងបង្កើតឱ្យមាន «កម្រិតនៃភាពសាមញ្ញ» ថ្មីមួយសម្រាប់ការបង្កហេតុទាំងនោះ ខណៈពេលដែលធ្វើការកែលម្អលក្ខខណ្ឌនានាដើម្បីសម្រេចបានភាពភ្ញាក់ផ្អើលខាងយោធា និងខិតជិតទៅដល់ចំណុចនៃការចាប់ផ្ដើមចលនាឈ្លានពានកាន់តែច្រើន។
នៅក្នុងករណីតៃវ៉ាន់ ការលុកលុយរបស់កងទ័ព PLA ត្រូវបានរចនាឡើងដើម្បីរារាំងរដ្ឋាភិបាលពីការប្រកាសឯករាជ្យរបស់កោះនេះជាផ្លូវការ ខណៈពេលដែលធ្វើឱ្យប្រជាជននិងយោធាតៃវ៉ាន់ចុះខ្សោយ និងបាក់ទឹកចិត្ត និងបង្កឱ្យមានការភ័យខ្លាចនិងភាពតឹងតែងក្នុងចំណោមមន្ត្រីកងទ័ពនិងប្រព័ន្ធរបស់ខ្លួន។ ការសម្ញែងចេញអំណាចរបស់សាធារណរដ្ឋប្រជាមានិតចិនគឺជាការព្យាយាមកាត់បន្ថយឆន្ទៈរបស់ប្រទេសដែលជាគោលដៅពីការចូលរួមក្នុងសកម្មភាពនយោបាយដូចគ្នា ដែលកំពុងតែមានការថមថយ។ ការបង្ហាញអំណាចនេះមានគោលបំណងបណ្តុះចិត្តភ័យខ្លាច ការសង្ស័យ និងក្តីបារម្ភដើម្បីធ្វើឱ្យសេចក្ដីអង់អាចរបស់តៃវ៉ាន់ចុះទន់ខ្សោយ។ នៅក្នុងឆ្នាំ ២០២១ និងពាក់កណ្តាលទីមួយនៃឆ្នាំ ២០២២ ភាពញឹកញាប់នៃការឈ្លានពានរបស់កងទ័ព PLA ចូលក្នុងតំបន់សម្គាល់ជាដែនការពារអាកាសរបស់តៃវ៉ាន់ និងចំនួនយន្តហោះចម្បាំងក្នុងមួយបេសកកម្មបានកើនឡើងជាខ្លាំង ដោយមានការឈ្លានពាននេះកើតមានស្ទើររាល់ថ្ងៃឆ្នាំ ២០២១។

ជ័យជម្នះក្នុងតំបន់ប្រទាញប្រទង់របស់បច្ចាមិត្ដកាត់បន្ថយកម្លាំងរារាំង និងបង្កើនជំនឿចិត្តរបស់ពួកគេជាបន្តបន្ទាប់ ថាពួកគេអាចសម្រេចបានកិច្ចការកាន់តែសំខាន់ជាងនេះនៅក្នុងសង្គ្រាមបែបសម័យថ្មី ខណៈពេលដែលវិស្វកម្មខាងកម្លាំងរារាំងរបស់សហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកថាមានភាពផុយស្រួយ និងពុំមានប្រសិទ្ធភាព។ ការឆ្លើយតបដោយពុំមានជំនឿចិត្តទៅនឹងការឈ្លានពានតំបន់ដែលមានការប្រទាញប្រទង់នាំឱ្យមានការឈ្លានពាននាពេលអនាគត ដូចដែលលោក Elliott Abrams ដែលជាអតីតអនុរដ្ឋលេខាធិការរបស់អាមេរិក និងជាទីប្រឹក្សារងផ្នែកសន្តិសុខជាតិ បានសរសេរនៅក្នុងអត្ថបទដែលចុះក្នុងខែមីនាឆ្នាំ ២០២២ សម្រាប់ទស្សនាវដ្តី National Review ក្រោមចំណងជើងថា “សង្គ្រាមត្រជាក់ថ្មី” (The New Cold War)។
លើសពីនេះទៅ ដូចដែលអ្នកវិភាគខាងនយោបាយនិងយោធា David Santoro និង Brad Glosserman បានកត់សម្គាល់ ខណៈពេលដែលប្រតិបត្តិការនៅតំបន់ប្រទាញប្រទង់បន្តមានការកើនឡើង ហើយនៅតែមិនទាន់មានការប្រកួតប្រជែង ពួកគេអាចធ្វើឱ្យសម្ព័ន្ធមិត្តរបស់អាមេរិកមានការព្រួយបារម្ភ និងរួមចំណែកដល់គោលគំនិតដែលថា កម្លាំងរារាំងកំពុងតែសឹករេចរឹល។ ករណីនេះគឺជាការពិត ជាពិសេសនៅពេលដែលប្រតិបត្តិការនេះបង្កឱ្យមាន ឬគំរាមកំហែងដល់ការបាត់បង់អាយុជីវិត ដូចជាការប្រយុទ្ធដោយដៃដោយកងកម្លាំង PLA នៅតាមបណ្ដោយព្រំដែនចិននិងឥណ្ឌាកាលពីឆ្នាំ ២០២០ ដែលបន្សល់ទុកនូវការបាត់បង់ជីវិតនៃមនុស្ស ៦៣ នាក់ និងរបួសជាង ៤០ នាក់ និងការបុកពន្លិចទូកនេសាទរបស់ហ្វីលីពីនកាលពីឆ្នាំ ២០១៩ ដោយនាវានេសាទរបស់ចិន ដែលត្រូវបានគេសង្ស័យថាជាផ្នែកមួយនៃកងជីវពលជើងទឹករបស់ PLA ដែលបានបន្សល់ទុកនូវសមាជិកនាវារបស់ហ្វីលីពីនជំនួស ២២ នាក់ដែលរសាត់តែលតោលនៅក្នុងទឹក មុនពេលត្រូវបានសង្គ្រោះដោយទូកនេសាទរបស់វៀតណាម។
ដូច្នេះ តើប្រតិបត្តិការនិងការបង្ខិតបង្ខំនៅក្នុងតំបន់ប្រទាញប្រទង់របស់បច្ចាមិត្តអាចត្រូវបានរារាំងបានដោយរបៀបណា?
ឧត្តមសេនីយ៍ឯកចូលនិវត្តន៍ James Dubik នៃយោធាសហរដ្ឋអាមេរិកបានសរសេរនៅក្នុងអត្ថបទនាខែមករាឆ្នាំ ២០២២ សម្រាប់សមាគមយោធាអាមេរិកបានលើកឡើងថា «អ្នកយុទ្ធសាស្ត្រយោធានិងស៊ីវិលរបស់អាមេរិកពីដើមឡើយគិតអំពីកម្លាំងរារាំងនៅក្នុងទម្រង់ពីរយ៉ាង៖ ការរារាំងសង្គ្រាមនុយក្លេអ៊ែរ ឬការរារាំងសង្រ្គាមបែបចាស់»។ ក៏ប៉ុន្តែ លោក Dubik បានកត់សម្គាល់ថា មានទម្រង់ទី ៣ នៃការរារាំង ដែលជា «ការរារាំងបច្ចាមិត្តរបស់យើងពីការសម្រេចបានគោលដៅយុទ្ធសាស្ត្ររបស់ពួកគេនៅក្រោមកម្រិតសង្គ្រាមបែបចាស់។»
របាយការណ៍ឆ្នាំ ២០១៩ ក្រោមចំណងជើងថា «ការពិនិត្យមើលកម្លាំងរារាំងឡើងវិញក្នុងសម័យកាលប្រកួតប្រជែងយុទ្ធសាស្ត្រ» បានទទួលស្គាល់តម្រូវការក្នុងការដាក់បញ្ចូលទម្រង់ទី ៣ នេះទៅក្នុងការរារាំង។ Santoro, Brendan Thomas-Noone និង Ashley Townshend បានសរសេររបាយការណ៍នេះសម្រាប់មជ្ឈមណ្ឌលសិក្សារបស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី។ អ្នកនិពន្ធអះអាងថា ប្រភេទនៃការប្រកួតប្រជែងខាងផ្នែកយុទ្ធសាស្ត្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក «ទាមទារឱ្យមានយុទ្ធសាស្ត្របន្តចំពោះការរារាំងដោយសហរដ្ឋអាមេរិក អូស្ត្រាលី និងសម្ព័ន្ធមិត្តនិងដៃគូរបស់ពួកគេ។» ជាពិសេសពួកគេបានអំពាវនាវឱ្យមានយុទ្ធសាស្ត្រយ៉ាងសកម្មបន្ថែមទៀតដើម្បីរារាំងការបង្ខិតបង្ខំនៅក្នុងតំបន់ប្រទាញប្រទង់ ដែលនឹង «រារាំង បដិសេធ ឬដាក់ទោសដល់ការបង្ខិតបង្ខំតាមវិធីជារួមមួយ។»
«មើលឃើញកាន់តែច្បាស់» យុទ្ធសាស្ត្រនៃការរារាំង
យុទ្ធសាស្ត្រនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ដែលបានបង្ហាញចេញមកដោយរដ្ឋបាលនៃប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីខែកុម្ភៈឆ្នាំ ២០២២ រៀបរាប់បន្ថែមទៅលើគោលគំនិតនៃសកម្មភាពរារាំងជារួមដែលត្រូវបានប្រកាសឡើងដោយរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក Lloyd Austin នៅក្នុងឆ្នាំ ២០២១។ យុទ្ធសាស្ត្រនេះរួមបញ្ចូលទាំងគោលគំនិតរារាំងសកម្មភាពនិងការបង្ខិតបង្ខំនៅក្នុងតំបន់ប្រទាញប្រទង់ ដោយផ្តល់ដល់បញ្ហានោះនូវសារសំខាន់ច្រើនជាងកំណែនៃយុទ្ធសាស្ត្រនៅក្នុងឆ្នាំ ២០១៩។ យុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៩ បានទទួលស្គាល់សកម្មភាពក្នុងតំបន់ប្រទាញប្រទង់របស់ចិនថាកំពុងតែមានការផ្លាស់ប្ដូរជំហរសន្តិសុខកាន់តែខ្លាំង ប៉ុន្តែមិនទាមទារឱ្យមានការរារាំងសកម្មភាពទាំងនោះទេ។ វាបានរំលេចឱ្យឃើញថា សម្ព័ន្ធមិត្តនិងដៃគូបង្កើនកងកម្លាំងពីទស្សនវិស័យនៃការរារាំង និងការប្រយុទ្ធក្នុងសង្គ្រាមណាមួយ។ ឥទ្ធិពលនៃការកើនឡើងនេះកើតចេញពីសមត្ថភាពរបស់សម្ព័ន្ធមិត្តនិងដៃគូក្នុងការធ្វើប្រតិបត្តិការយ៉ាងរលូនស្របគ្នាជាមួយនឹងកងកម្លាំងរួបរួមរបស់អាមេរិក លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការវិនិយោគដើម្បីបង្កើតឱ្យមាននិងរក្សាឱ្យបានសមត្ថភាពប្រតិបត្តិការឆ្លងដែននៅក្នុងយុទ្ធសាស្ត្រ ការប្រាស្រ័យទាក់ទង និងប្រព័ន្ធសព្វាវុធ។
Austin បានលើកឡើងអំពីសារៈសំខាន់នៃសម្ព័ន្ធមិត្តនិងដៃគូនៅក្នុងយុទ្ធសាស្ត្រថ្មីនេះ ដោយធ្វើការពន្យល់ថា «សកម្មភាពរារាំងរួមក៏មានន័យថាការធ្វើការជាមួយដៃគូដើម្បីរារាំងការបង្ខិតបង្ខំ និងការឈ្លានពាននៅទូទាំងវិសាលគមនៃជម្លោះ ដែលរួមបញ្ចូលទាំងតំបន់ដែលត្រូវបានគេហៅថាមានការប្រទាញប្រទង់»។ យុទ្ធសាស្ត្រនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកឆ្នាំ ២០២២ បានអំពាវនាវឱ្យមានការបង្កើតឡើងនូវ «គំនិតផ្តួចផ្តើមដើម្បីពង្រឹងសកម្មភាពរារាំង និងប្រឆាំងនឹងការបង្ខិតបង្ខំ ក៏ដូចជាការប្រឆាំងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្ដូរព្រំដែនអធិបតេយ្យភាព ឬកាត់បន្ថយសិទ្ធិរបស់ប្រជាជាតិដែលមានអធិបតេយ្យភាពនៅឯសមុទ្រ។» វាក៏បានរួមបញ្ចូលផែនការសកម្មភាពដើម្បីសម្រេចនៅដើមឆ្នាំ ២០២៤ ដែលផ្ដល់ឱ្យនូវគំនិតនៃភាពបន្ទាន់ និងភាពសិទ្ធស្នាលទៅនឹងការងារ។
កត្តាជំរុញជាចម្បងមួយសម្រាប់សកម្មភាពរារាំងជារួមគឺតម្រូវការក្នុងការគ្រប់គ្រងហានិភ័យនៃឥទ្ធិពលនិងលទ្ធផលដែលមិនអាចរំពឹងគិតដល់ពីប្រតិបត្តិការរារាំង ដែលមិនត្រូវបានរួមបញ្ចូលពេញលេញពីរដ្ឋាភិបាលអាមេរិក និងជាមួយសម្ព័ន្ធមិត្តនិងដៃគូ។ ក្រសួងការពារជាតិអាមេរិកបានកត់សម្គាល់ក្នុងរបាយការណ៍ «ប្រតិបត្តិការរារាំង៖ គោលគំនិតប្រតិបត្តិការរួមគ្នា» នាឆ្នាំ ២០០៦ ថា «កិច្ចខិតខំប្រឹងប្រែងរារាំងរបស់អាមេរិកបានផ្តោតទៅលើគូបដិបក្ខដែលអាចមានជាសក្តានុពល ដែលជះឥទ្ធិពលនៅលំដាប់ទីពីរនិងទីបី ដោយមិនអាចស្មានទុកជាមុន និងដែលយើងមិនចង់បាន មកលើការធានា ការបញ្ចុះបញ្ចូលមិនឱ្យប្រព្រឹត្តិ និងកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំង ដែលផ្តោតទៅលើអ្នកពាក់ព័ន្ធដទៃទៀត»។ បញ្ជាការកងទ័ពចម្បាំងប្រចាំភូមិសាស្ត្ររបស់យោធាអាមេរិកត្រូវតែធានាថា ពួកគេរួមបញ្ចូលការរារាំងរួមគ្នា ក៏ដូចជាជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូផងដែរ ក្នុងតំបន់ដែលជាទំនួលខុសត្រូវរបស់ពួកគេរៀងៗខ្លួន។ ឧទាហរណ៍៖ បញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) មានការគំរាមកំហែងរួមដូចគ្នា ពីប្រទេសរុស្ស៊ី ដែលជាក់ស្តែងជាចំណុចផ្តោតជាស្នូលរបស់បញ្ជការដ្ឋានអាមេរិកប្រចាំនៅតំបន់អឺរ៉ុប និងបញ្ជាការដ្ឋានយុទ្ធសាស្ត្ររបស់អាមេរិក។ ទន្ទឹមនឹងនោះ វត្តមានទូទាំងសាកលរបស់សាធារណរដ្ឋប្រជាមានិតចិនដែលកើនឡើងឥតឈប់ឈរ ទាមទារឱ្យបញ្ជាការប្រយុទ្ធទាំងអស់រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសកម្មភាពរារាំងជារួមដែលដឹកនាំដោយ USINDOPACOM។

ការអនុវត្តសកម្មភាពរារាំងជារួមដោយផ្តោតលើសកម្មភាពនៅតំបន់ប្រទាញប្រទង់ និងការបង្ខិតបង្ខំនានា តម្រូវឱ្យមានការបង្កើតឡើងនូវទស្សនៈយល់ដឹងកម្រិតខ្ពស់និងច្បាស់លាស់ និងគោលបំណងដែលមានគោលដៅផ្តោតលើអាកប្បកិរិយារបស់សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសរុស្ស៊ី។ គោលគំនិតប្រតិបត្តិការរួមរបស់សហរដ្ឋអាមេរិកឆ្នាំ ២០០៦ បានផ្តល់ការណែនាំ និងក្របខ័ណ្ឌសម្រាប់បង្កើតគោលបំណងការរារាំង និងប្រតិបត្តិការរារាំងប្រកបដោយប្រសិទ្ធភាព។ គំនិតនេះជាពិសេសលើកឡើងនូវការគំរាមកំហែងនៃប្រតិបត្តិការក្នុងតំបន់ប្រទាញប្រទង់ ដោយពន្យល់ថាការបង្កើតសកម្មភាពរារាំងត្រូវតែមានលក្ខណៈបត់បែន ដើម្បីបម្រើជារបាំងការពារ «ប្រឆាំងនឹងលទ្ធភាពដែលបច្ចាមិត្តអាចយល់ឃើញមិនត្រឹមត្រូវចំពោះសកម្មភាពរបស់ពួកគេថា “នៅក្រោមរ៉ាដា” នៃការតាំងចិត្ត និងការឆ្លើយតបរបស់សហរដ្ឋអាមេរិក។»
ការផ្លាស់ប្តូរគោលគំនិតទាំងនេះតម្រូវឱ្យមានភាពច្បាស់លាស់នៃការផ្ដល់សារ និងប្រតិបត្តិការដើម្បីប្រឆាំង និងរារាំងសកម្មភាពនៅក្នុងតំបន់ប្រទាញប្រទង់។ ទាក់ទងនឹងការអនុវត្តគោលគំនិតនៃការរារាំងនេះ បណ្ឌិត Mara Karlin ដែលជាជំនួយការរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកយុទ្ធសាស្ត្រ ផែនការ និងសមត្ថភាពបានអះអាងថា សកម្មភាពការរារាំង «ត្រូវតែទៀងទាត់ ដូច្នេះមន្ទីរបញ្ចកោណត្រូវពិចារណាជាប្រចាំអំពីផលប៉ះពាល់នៃការសម្រេចចិត្តទាក់ទងនឹងការរារាំងរបស់ខ្លួន។» ទីពីរ ពួកគេត្រូវតែ «មានភាពហ្មត់ចត់ម៉ឺងម៉ាត់ ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់គោរពការរកឃើញរបស់ពួកគេ ទោះបីជាពួកគេមិនយល់ស្របនឹងការរកឃើញទាំងនោះក៏ដោយ។ ហើយចុងក្រោយ [ពួកគេ] ត្រូវតែមានការយល់ដឹងច្បាស់លាស់»។ ដូចនាយឧត្តមនាវី Sam Paparo មេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានពោលដូច្នេះនៅក្នុងសន្និសីទសម្ព័ន្ធនាវីដែនទឹក អាកាស និងអវកាស កាលពីខែមេសា ឆ្នាំ ២០២២ ដោយបានធ្វើការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាពថាសារអំពីការរារាំងរបស់សហរដ្ឋអាមេរិក គឺជាបណ្តាញប្រតិបត្តិការ «រួមបញ្ចូលទាំងអស់» នូវកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើការរារាំង បើនិយាយទៅលើការផ្លាស់ប្តូរគោលគំនិតរបស់បច្ចាមិត្ត សម្ព័ន្ធភាពនិងឆន្ទៈរបស់សម្ព័ន្ធភាព និងសមត្ថភាព។
គំនិតប្រតិបត្តិការរួមបានពង្រឹងចំណុចនេះដោយពន្យល់ថាការរារាំងត្រូវតែបញ្ចូលទៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ។ នេះមានន័យថាវាត្រូវតែឆ្លុះបញ្ចាំងនៅក្នុងផែនការយុទ្ធនាការ និងបទបញ្ជា ផែនការឆ្លើយតបទៅនឹងវិបត្តិ និងគ្រប់ដំណាក់កាលនៃការរៀបចំផែនការជម្លោះ។ ឯកសាររបស់ក្រសួងការពារជាតិអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពយុទ្ធនាការនៅក្នុងអំឡុងពេលសន្តិភាពគួរតែជាមូលដ្ឋានគ្រឹះសម្រាប់ប្រតិបត្តិកាទប់ស្កាត់ ហើយប្រតិបត្តិការរារាំងក្នុងអំឡុងពេលសន្តិភាពត្រូវតែអាច «ពង្រីកតាមរយៈវិបត្តិ ជម្លោះប្រដាប់អាវុធ ការបង្កើនភាពតានតឹង/ការកាត់បន្ថយភាពតានតឹង ការបញ្ចប់សង្គ្រាម និងសកម្មភាពក្រោយជម្លោះបញ្ចប់។»
សមាហរណកម្មជាមួយសមាសធាតុផ្សេងទៀតនៃអំណាចប្រជាជាជាតិ និងជាមួយសម្ព័ន្ធមិត្តគឺចាំបាច់ដើម្បីបង្ហាញបច្ចាមិត្តអំពីបញ្ហាប្រឈមជាច្រើនក្នុងពេលដំណាលគ្នា។ វរសេនីយ៍ឯកកងទ័ពអាកាសអាមេរិកដែលចូលនិវត្តន៍ Thomas A. Drohan បានសរសេរថា ប្រសិនបើសមាសធាតុអំណាចយោធាមិនមែនជាផ្នែកមួយច្បាស់លាស់នៃសកម្មភាពរារាំងជារួមដ៏ទូលំទូលាយនោះទេ «ប្រតិបត្តិការដូចជា ការបង្ហាញកម្លាំង សេរីភាពនៃប្រតិបត្តិការនាវាចរ និងសមយុទ្ធពហុភាគី និងទំនាក់ទំនងជាមួយមេដឹកនាំយោធាចិនទំនងជាមិនផ្លាស់ប្តូរឥរិយាបថរបស់ចិនទេ»។ ដូចគ្នានេះដែរ ប្រតិបត្តិការរារាំងដែលបង្កើតឡើងដោយមធ្យោបាយក្រៅពីមធ្យោបាយយោធា ដែលមិនត្រូវបានពង្រឹងដោយធាតុច្បាស់លាស់ ដែលអាចយល់បានច្បាស់លាស់និងមានពាក់ព័ន្ធនឹងអំណាចយោធាទំនងគឺងាយនឹងបរាជ័យ។ ឧទាហរណ៍ អ្នកជំនាញផ្នែកនយោបាយជប៉ុននិងបញ្ហាសន្តិសុខអាស៊ីឦសាននៅសាកលវិទ្យាល័យ New South Wales របស់ប្រទេសអូស្ត្រាលី Aurelia George Mulgan បានកត់សម្គាល់នៅក្នុងអត្ថបទសម្រាប់ទស្សនាវដ្តី The Diplomat ថាការឆ្លើយតបទៅនឹងសង្រ្គាមផ្នែកផ្លូវច្បាប់របស់សាធារណរដ្ឋប្រជាមានិតចិន ដោយការលើកឡើងពីបទដ្ឋាននិងច្បាប់អន្តរជាតិបានបរាជ័យក្នុងការរារាំងការពង្រីកទឹកដីរបស់ខ្លួន។
ដូចគ្នានេះដែរ ការឆ្លើយតបទៅនឹងសកម្មភាពតំបន់ប្រទាញប្រទង់ទាមទារវិធីសាស្រ្តរួមបញ្ចូលគ្នា ដូចជាការនេសាទខុសច្បាប់ ដោយមិនបានរាយការណ៍និងមិនមានការគ្រប់គ្រងដោយក្រុមនាវានេសាទដ៏ធំរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលជាអ្នកប្រព្រឹត្តិអំពើល្មើសខ្លាំងបំផុតក្នុងពិភពលោក នេះបើយោងតាមគំនិតផ្តួចផ្តើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative against Transnational Organized Crime) ដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងទម្រង់នៃសង្រ្គាមផ្នែកសេដ្ឋកិច្ចនេះ សហរដ្ឋអាមេរិកប្រើប្រាស់កម្លាំងដើម្បីសម្របទៅតាមស្ថានភាពនេះ។ នេះរួមបញ្ចូលគ្នានូវកម្លាំងយោធារបស់កងទ័ពជើងទឹកអាមេរិក និងអាជ្ញាធរអនុវត្តច្បាប់របស់ឆ្មាំឆ្នេរសមុទ្រអាមេរិក ដែលបង្ហាញពីសកម្មភាពរារាំងដែលអាចមើលឃើញយ៉ាងច្បាស់លាស់ និងមានសមត្ថភាពពេញលេញ។
សមាសធាតុអំណាចយោធាគឺចាំបាច់សម្រាប់យុទ្ធសាស្ត្ររារាំងណាមួយ។ មន្ទីរបញ្ចកោណបានកំណត់សាធារណរដ្ឋប្រជាមានិតចិនថាជា «បញ្ហាប្រឈមទី ១» សម្រាប់សហរដ្ឋអាមេរិក ហើយនៅឆ្នាំ ២០២០ បានបង្ហាញគំនិតផ្តួចផ្តើមការរារាំងនៅតំបន់ប៉ាស៊ីហ្វិក ដើម្បីកំណត់និងអនុវត្តប៉ុស្តិ៍ឈរជើងកងកម្លាំងនិងសមត្ថភាពដែលត្រូវការសម្រាប់ការរារាំងនៅក្នុងតំបន់។ បច្ចាមិត្ដនឹងវាយតម្លៃប្រសិទ្ធភាពនៃការផ្លាស់ប្តូរប៉ុស្តិ៍ឈរជើងកងកម្លាំងនិងការកែលម្អសមត្ថភាព ប៉ុន្តែសមាសធាតុយោធានៃការរារាំងត្រូវតែបញ្ជាក់បង្ហាញឱ្យច្បាស់លាស់។ នេះអាចបង្ហាញជាទម្រង់នៃកងកម្លាំងដែលដាក់ពង្រាយ សមយុទ្ធទ្វេភាគីនិងសមយុទ្ធពហុភាគី (និងភាគីចូលរួមបង្កើនអន្តរប្រតិបត្តិការរួមគ្នា) ការបង្ហាញសមត្ថភាពពាក់ព័ន្ធក្នុងការពិសោធនិងសមយុទ្ធ និងការវិនិយោគផ្នែកហិរញ្ញវត្ថុក្នុងសមត្ថភាពប្រយុទ្ធសំខាន់ៗ។ ចុងក្រោយនៃសមាសធាតុទាំងនេះគឺការមានពិតជាក់ស្តែងនៃការផ្តល់មូលនិធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទៅដល់អាទិភាពនៃគំនិតផ្តួចផ្តើមការរារាំងនៅតំបន់ប៉ាស៊ីហ្វិក ដើម្បីបង្កើនប៉ុស្តិ៍ឈរជើងកងកម្លាំង ការហ្វឹកហ្វឺនពហុជំនាញ ការពិសោធ និងប្រព័ន្ធការពារមីស៊ីលកម្រិតតំបន់។
ក្របខណ្ឌសម្រាប់ភាពជាដៃគូ
ភាពជាដៃគូសហប្រតិបត្តិការជាមួយប្រទេសដែលមានគំនិតដូចគ្នាគឺមានសារៈសំខាន់សម្រាប់សន្តិសុខជាតិ តំបន់ និងពិភពលោក។ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ ២០១៩ បានគូសបញ្ជាក់ពីភាពចាំបាច់នៃការរួមបញ្ចូលការរួមចំណែករបស់សម្ព័ន្ធមិត្ត និងដៃគូទៅក្នុងសន្តិសុខរួម។ តាមរយៈយុទ្ធសាស្ត្រនោះ សហរដ្ឋអាមេរិកបានប្តេជ្ញាពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូដែលបានបង្កើតឡើង ខណៈពេលដែលកំពុងស្វែងរកការអភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការដែលផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមក ដើម្បីបង្កើនសន្តិសុខរួម។ Santoro, Thomas-Noone និង Townshend បានកត់សម្គាល់នៅក្នុងរបាយការណ៍របស់ពួកគេនៅឆ្នាំនោះសម្រាប់មជ្ឈមណ្ឌលសិក្សាសហរដ្ឋអាមេរិក ថាប្រសិនបើមានការសម្របសម្រួល និងរួមបញ្ចូលជាមួយសម្ព័ន្ធមិត្តនិងដៃគូ កិច្ចខិតខំប្រឹងប្រែងនិងប្រតិបត្តិការរារាំងអាច «កាត់បន្ថយផលប៉ះពាល់នៃសកម្មភាពរបស់ចិន និងបង្កើនឥទ្ធិពលយុទ្ធសាស្ត្រទប់ស្កាត់នៃប្រជាជាតិនីមួយៗ»។

THE ASSOCIATED PRESS
នៅឆ្នាំ ២០២០ រដ្ឋមន្ត្រីក្រសួងការពារជាតិ Mark Esper នាពេលនោះ បានលើកកម្ពស់ផែនការ និងការត្រួតពិនិត្យនៃកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍសម្ព័ន្ធភាព និងភាពជាដៃគូជាមួយនឹងការបោះពុម្ពផ្សាយការណែនាំសម្រាប់ការអភិវឌ្ឍសម្ព័ន្ធភាពនិងភាពជាដៃគូ។ បើយោងតាមអគ្គសេនាធិការចម្រុះ ការណែនាំនេះផ្តល់នូវ «ទិសដៅជាមូលដ្ឋាន និងអាទិភាពសម្រាប់ការទទួលបាននូវវិធីសាស្រ្តយុទ្ធសាស្ត្រសម្របសម្រួលជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើង»។ គោលបំណងរបស់វាគឺដើម្បីធានាឱ្យក្រសួងការពារជាតិអាមេរិករក្សានូវឧត្តមភាពកម្រិតយុទ្ធសាស្រ្តរយៈពេលវែង តាមរយៈការសម្របសម្រួលនៃការខិតខំប្រឹងប្រែងការប្រកួតប្រជែង ការប្រើប្រាស់កម្លាំងដែលមានស្រាប់នៃទំនាក់ទំនងរបស់ក្រសួង។ អាទិភាពនៃការណែនាំរួមមានវិធីសាស្រ្តរៀបចំផែនការសម្របសម្រួលកម្លាំងបន្ថែមទៀត «ដើម្បីជួយសម្របសម្រួលការអភិវឌ្ឍកម្លាំងរបស់សម្ព័ន្ធមិត្ត និងដៃគូសម្រាប់កងកម្លាំងប្រកបដោយសមត្ថភាពបន្ថែមទៀតនាពេលអនាគត»។
ក្របខណ្ឌយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ដោយក្រុមប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក និងបានបង្ហាញជាសាធារណៈនៅឆ្នាំ ២០២១ (ជាផ្នែកមួយ ដើម្បីផ្ញើសារយ៉ាងច្បាស់លាស់ពីចេតនារបស់សហរដ្ឋអាមេរិក និងដើម្បីរារាំងសាធារណរដ្ឋប្រជាមានិតចិនមិនឱ្យឈ្លានពានតៃវ៉ាន់) បានកត់សម្គាល់ថា សម្ព័ន្ធភាពរឹងមាំគឺចាំបាច់ក្នុងការរារាំងការឈ្លានពាននិងរារាំងសង្គ្រាមបើកចំហ។ វាក៏បានដោះស្រាយការគំរាមកំហែងពីការបង្ខិតបង្ខំ និងឥទ្ធិពលអាក្រក់ដោយផ្តល់ជំនួយដល់ប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀតក្នុងការទប់ទល់នឹងប្រតិបត្តិការស៊ើបការណ៍សម្ងាត់ ចារកម្ម សកម្មភាពលាក់កំបាំង និងឥទ្ធិពលរបស់សាធារណរដ្ឋប្រជាមានិតចិន ប្រឆាំងនឹងទឹកដីអធិបតេយ្យភាពរបស់ពួកគេ។ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកឆ្នាំ ២០២២ បង្កើតលើក្របខណ្ឌនេះ និងក្របខណ្ឌ និងការណែនាំមុនៗផ្សេងទៀត ដើម្បីពឹងផ្អែកលើសមត្ថភាពរួមរបស់សម្ព័ន្ធមិត្តនិងដៃគូសម្រាប់ការរារាំង។
សកម្មភាពរារាំងជារួមទាមទារឱ្យមានការវិនិយោគលើការកសាងសមត្ថភាពរួមដោយធនធានដែលអាចគាំទ្រដល់សម្ព័ន្ធក្នុងប្រទេសនីមួយៗ។ Hal Brands ដែលសាស្ត្រាចារ្យផ្នែកកិច្ចការសកលនៅសាលាសិក្សាទំនាក់ទំនងអន្តរជាតិកម្រិតខ្ពស់ Johns Hopkins និងជាអតីតជំនួយការពិសេសរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកផែនការយុទ្ធសាស្ត្រ បានសរសេរនៅក្នុងទស្សនាវដ្តី National Review ក្នុងខែមីនា ឆ្នាំ ២០២២ ថាការឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងការពង្រីកវិសាលភាពនៃឥទ្ធិពលរបស់ខ្លួនតម្រូវឱ្យមាន «ការប្រមូលផ្តុំការតស៊ូទប់ទល់កាន់តែច្រើនចំពោះអំណាចរបស់ចិនជាពហុភាគី សូម្បីធ្វើឱ្យតំបន់អាស៊ីមានស្ថានភាពយោធាកាន់តែតឹងតែងក៏ដោយ»។ Vikram J. Singh ដែលជាទីប្រឹក្សាជាន់ខ្ពស់នៃកម្មវិធីអាស៊ីរបស់វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បានកត់សម្គាល់ក្នុងអត្ថបទអត្ថាធិប្បាយប្រចាំខែមីនា ឆ្នាំ២០២២ សម្រាប់គេហទំព័ររបស់វិទ្យាស្ថាន ថាយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកឆ្នាំ ២០២២ របស់សហរដ្ឋអាមេរិកបានពង្រីកវិសាលភាពនៃសម្ព័ន្ធមិត្ត និងដៃគូដែលពាក់ព័ន្ធ ហើយបានទទួលស្គាល់ការរំពឹងទុកកាន់តែខ្ពស់សម្រាប់ «ដៃគូអឺរ៉ុប សូម្បីតែនៅលើផ្នែកដែលមានការមិនយល់ស្របកម្រិតខ្ពស់បំផុតជាមួយប្រទេសចិន ដូចជាអនាគតរបស់តៃវ៉ាន់»។ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងរារាំងត្រូវបានរួមបញ្ចូលយ៉ាងពេញលេញ សម្ព័ន្ធមិត្ត និងដៃគូត្រូវតែដើរតួនាទីកាន់តែច្រើនជាងមុន ហើយសហរដ្ឋអាមេរិកត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងបែបនេះ។
អន្តរប្រតិបត្តិការក៏ជាសមាសធាតុសំសំខាន់នៃសមត្ថភាពរួម ហើយគាំទ្រដោយផ្ទាល់នូវការរារាំងផងដែរ។ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកឆ្នាំ ២០២២ បានកត់សម្គាល់ថា «នៅទូទាំងតំបន់ សហរដ្ឋអាមេរិកនឹងធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូដើម្បីធ្វើឱ្យអន្តរប្រតិបត្តិការរបស់យើងកាន់តែស៊ីជម្រៅ និងអភិវឌ្ឍនិងដាក់ពង្រាយសមត្ថភាពប្រយុទ្ធសង្រ្គាមកម្រិតខ្ពស់ នៅពេលដែលយើងគាំទ្រពួកគេក្នុងការការពារប្រជាពលរដ្ឋ និងផលប្រយោជន៍អធិបតេយ្យភាពរបស់ពួកគេ»។ ដូចដែលបានបញ្ជាក់ពីមុន សម្ព័ន្ធមិត្តនិងដៃគូគឺការបង្កើនកងកម្លាំង។ គោលគំនិតប្រតិបត្តិការរួមរបស់មន្ទីរបញ្ចកោណបានកត់សម្គាល់ថា «ឥទ្ធិពលនៃការរារាំងនៃកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មបែបនេះ គឺមានលក្ខណៈនយោបាយនិងយោធា» ដោយហេតុថាផលប៉ះពាល់ផ្នែកនយោបាយត្រូវបាន «កើតចេញពីផលប៉ះពាល់ជាចម្បងដែលការឆ្លើយតបរបស់សម្ព័ន្ធមិត្តមានលើការយល់ឃើញដល់អ្នកធ្វើការសម្រេចចិត្តរបស់បច្ចាមិត្ត អំពីឆន្ទៈនយោបាយរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត»។
ការធ្វើផែនការសម្រាប់គ្រាអាសន្នរួមបញ្ចូលគ្នាក្នុងចំណោមសម្ព័ន្ធមិត្តសំខាន់ៗ គឺជាការណែនាំវិធីសាស្រ្តមួយ ដើម្បីបង្ហាញពីការប្រឆាំងរួមគ្នាចំពោះការឈ្លានពានតៃវ៉ាន់របស់សាធារណរដ្ឋប្រជាមានិតចិនដែលអាចកើតមានឡើង។ កិច្ចខិតខំប្រឹងប្រែងរារាំងប្រឆាំងនឹងការបង្ខិតបង្ខំ និងសកម្មភាពតំបន់ប្រទាញប្រទង់របស់សាធារណរដ្ឋប្រជាមានិតចិន ត្រូវតែមានតុល្យភាពរួមជាមួយនឹងការរារាំងធម្មតាប្រឆាំងនឹងការគំរាមកំហែងផ្សេងទៀត រួមទាំងការកើតឡើងវិញនៃការវាយប្រហាររបស់ចិនលើកងកម្លាំងប្រទេសឥណ្ឌានៅតាមព្រំដែនជួរភ្នំហិម៉ាឡៃដែលមានជម្លោះរបស់ប្រទេសឥណ្ឌា ដែលត្រូវបានស្គាល់ថាជាបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង។ នៅពេលដែលអន្តរប្រតិបត្តិការរបស់សម្ព័ន្ធមិត្តនិងដៃគូប្រសើរឡើង វានឹងមានឥទ្ធិពលទៅដល់ការសម្រេចចិត្តរបស់បក្សកុម្មុយនិស្តចិន ថាតើត្រូវជ្រើសរើសការចាប់ផ្ដើមសង្រ្គាមដែរឬទេ។
ការផ្លាស់ប្តូរការសម្រេចចិត្ត
Mike Mazarr ដែលជាអ្នកវិភាគ Rand Corp មានបង្ហាញពីសារៈ
សំខាន់នៃការសម្រេចចិត្តត្រឹមត្រូវក្នុងការអង្កេតឆ្នាំ ២០១៨។ ភាពបរាជ័យនៃការរារាំងគឺងាយស្រួលមើលឃើញជាងជោគជ័យនៃការរារាំង ដោយសារតែអវត្តមាននៃសង្រ្គាមមិនមានន័យថាការរារាំងកំពុងដំណើរការបានល្អនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលសង្រ្គាមផ្ទុះឡើង ការវិភាគថាតើយុទ្ធសាស្ត្រនៃការរារាំងមានបញ្ហាគឺជាការត្រឹមត្រូវ។ តំណាក់កាល «សង្គ្រាមអសកម្ម» (sitzkrieg) អស់រយៈពេលច្រើនឆ្នាំនៃការដាក់ពង្រាយកម្លាំងដោយបង្ខិតបង្ខំរបស់រុស្ស៊ីនៅតាមព្រំដែននៃប្រទេសអ៊ុយក្រែនបានផ្តល់ពេលវេលាគ្រប់គ្រាន់ក្នុងការបង្កើនប្រតិបត្តិការរារាំងប្រកបដោយប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារការឈ្លានពានរបស់រុស្ស៊ី ប៉ុន្តែប្រទេសរុស្ស៊ីមិនត្រូវបានរារាំងពីការឈ្លានពានឡើយ។ នាយឧត្តមសេនីយ៍ Tod Wolters ដែលជាមេបញ្ជាការនៃបញ្ជាការតំបន់អឺរ៉ុបរបស់អាមេរិក បានទទួលស្គាល់ថាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកក្នុងការរារាំងរុស្ស៊ីពីការឈ្លានពានអ៊ុយក្រែនបានបរាជ័យ នៅក្នុងការផ្ដល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការសភាអាមេរិកទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធ។ តំណាងរាស្រ្តអាមេរិក Mike Gallagher បានធ្វើអំណះអំណាងដូចគ្នានៅចំពោះមុខគណៈកម្មាធិការ និងនៅក្នុងអត្ថបទមតិមួយនៅក្នុងកាសែត The Wall Street Journal។

ទន្ទឹមនឹងប្រតិបត្តិការរារាំងដែលមានសមត្ថភាពយោធានិងឆន្ទៈយោធាពេញលេញ សហរដ្ឋអាមេរិកក៏ត្រូវតែធានាដល់សម្ព័ន្ធមិត្ត និងដៃគូថា ខ្លួននឹងជួយធានាសន្តិសុខរបស់ពួកគេ។ ប្រសិនបើសហរដ្ឋអាមេរិកមិនផ្តល់ប្រតិកម្មអវិជ្ជមានទៅកាន់សកម្មភាពនិងការបង្ខិតបង្ខំរបស់បច្ចាមិត្តក្នុងតំបន់ប្រទាញប្រទង់នោះទេ សម្ព័ន្ធមិត្តនិងដៃគូអាចនឹងបាត់បង់ទំនុកចិត្ត ហើយចាប់ផ្តើមពិចារណាជម្រើសផ្សេងទៀត ក្រៅពីគោលជំហរយ៉ាងរឹងមាំប្រឆាំងនឹងការគំរាមកំហែងផ្នែកយោធា។ ឧទាហរណ៍ ប្រទេសហ្វីលីពីនបានបាត់បង់ការគ្រប់គ្រងលើកោះ Scarborough Shoal ក្នុងខែមិថុនា ឆ្នាំ ២០១២ បន្ទាប់ពីការចរចាដោយសហរដ្ឋអាមេរិកពីការចាកចេញទាំងសងខាង ដែលមានតែទីក្រុងម៉ានីលប៉ុណ្ណោះដែលបានអនុវត្តតាម បណ្ដាលឱ្យសាធារណរដ្ឋប្រជាមានិតចិនកាន់កាប់ទឹកដីហ្វីលីពីន។ ការប្រឈមមុខដាក់គ្នាដែលបានចាប់ផ្តើមកាលពីពីរខែមុននេះ បណ្តាលឱ្យមានការពិភាក្សារវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋាភិបាលហ្វីលីពីននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ប៉ុន្តែសហរដ្ឋអាមេរិកមិនបញ្ជាក់ច្បាស់លាស់ថា តើកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងហ្វីលីពីនបានគ្របដណ្តប់លើកោះដែលគ្រប់គ្រងដោយហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បូងដែរឬទេ។ នេះបានរួមចំណែកទៅកាន់ភាពស្រពេចស្រពិលថាតើសហរដ្ឋអាមេរិកនឹងធ្វើអន្តរាគមន៍ដោយផ្ទាល់ប្រសិនបើចាំបាច់។ នេះបើយោងតាមគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី ប្រទេសហ្វីលីពីនរំពឹងថានឹងមានការគាំទ្រកាន់តែច្រើន និងស្វែងរកការចូលរួមជាអតិបរមារបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយវិបត្តិ ប៉ុន្តែសាធារណរដ្ឋប្រជាមានិតចិនបានដណ្តើមគ្រប់គ្រងដែនកោះ បន្ទាប់ពីបានបញ្ជូនកម្លាំងកាន់តែច្រើនដើម្បីជំនួសនាវាហ្វីលីពីន។ នៅក្នុងឆ្នាំ ២០១៤ ក្រសួងការពារជាតិចិនបាននិយាយជាសាធារណៈថា ដែនកោះនោះគឺជាផ្នែកមួយនៃ “ទឹកដីកំណើតរបស់ចិន”។ ការធានាដែលបរាជ័យបែបនេះធ្វើឱ្យប៉ះពាល់អវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងរារាំងនាពេលអនាគត។
រដ្ឋបាលរបស់ប្រធានាធិបតី Biden បាននិងកំពុងធានាសម្ព័ន្ធមិត្តនិងដៃគូពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ដោយទទួលស្គាល់ថាពួកគេនឹងធ្វើការសន្និដ្ឋានអំពីភាពជឿជាក់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងនាមជាដៃគូសន្តិសុខពីបទពិសោធន៍របស់ប្រទេសផ្សេងទៀត។ ជាឧទាហរណ៍ សារព័ត៌មាន Reuters បានរាយការណ៍កាលពីខែសីហា ឆ្នាំ២០២២ ថារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken បានធានាទីក្រុងម៉ានីលថា សហរដ្ឋអាមេរិកនឹងមកធ្វើការការពារ ប្រសិនបើហ្វីលីពីនត្រូវបានវាយប្រហារនៅសមុទ្រចិនខាងត្បូង។ លោក Blinken បាននិយាយថា កិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ គឺរឹងមាំដូចដែកថែប។ លោក Blinken បាននិយាយថា «ការវាយប្រហារដោយប្រដាប់អាវុធទៅលើកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាសាធារណៈ និងយន្តហោះនឹងធ្វើឱ្យការប្តេជ្ញារបស់សហរដ្ឋអាមេរិកក្នុងការការពារទៅវិញទៅមកទៅតាមកិច្ចព្រមព្រៀងនោះ»។ «ហ្វីលីពីនគឺជាមិត្តដែលមិនអាចជំនួសបាន ដៃគូរនិងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក»។
ដើម្បីសកម្មភាពរារាំងជារួមជោគជ័យ ត្រូវតែមានយុទ្ធនាការច្រើនឆ្នាំដែលត្រូវបានសម្របសម្រួលជាមួយសម្ព័ន្ធមិត្តនិងដៃគូ ហើយត្រូវបានវាយតម្លៃជារួម និងកែលម្អដើម្បីបង្កើនភាពស្មុគស្មាញដល់ការគណនា និងការសម្រេចចិត្តដែលទាក់ទងនឹងការឈ្លានពានរបស់សាធារណរដ្ឋប្រជាមានិតចិន។ បច្ចាមិត្ដត្រូវតែមើលឃើញពីសមត្ថភាពប្រកបដោយប្រសិទ្ធភាព ដែលអាចបង្កើតតម្លៃ ដំណើរការដោយកងកម្លាំងមានសមត្ថភាពនិងបណ្តុះបណ្តាល និងការគាំទ្រដោយឆន្ទៈនិងការប្តេជ្ញាចិត្តរបស់ប្រទេសជាតិយ៉ាងច្បាស់លាស់។ នាយឧត្តមសេនីយដែលចូលនិវត្តន៍ Jack Keane របស់កងទ័ពសហរដ្ឋអាមេរិកបានកត់សម្គាល់ក្នុងអំឡុងពេលនៃការផ្សាយខែមីនាឆ្នាំ ២០២២ នៅលើស្ថានីយ៍ទូរទស្សន៍ Fox Business ថា៖ «យើងពិតជាត្រូវតែបង្កើតការរារាំងយោធាដ៏មានប្រសិទ្ធភាព។ វាមិនគ្រប់គ្រាន់ទេក្នុងការមានអំណាចយោធាដ៏ធំនៅលើតែក្រដាសនោះទេ ហើយមិនបានដាក់ពង្រាយទៅទីតាំងដែលមានការគំរាមកំហែងនោះទេ»។
គំនិតប្រតិបត្តិការរួមរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកឆ្នាំ ២០០៦ បានពន្យល់ថា «ការរារាំងមិនមែន “អនុវត្ត” នៅក្នុងទីលំហនោះទេ»។ វាទាមទារយុទ្ធសាស្ត្រដែលគាំទ្រដោយគំនិតប្រតិបត្តិការរារាំង និងគោលដៅនៃការរារាំងច្បាស់លាស់។ Paparo បានពង្រឹងចំណុចនេះនៅក្នុងសុន្ទរកថានាខែមេសា ឆ្នាំ ២០២២ ដោយកត់សម្គាល់ថា «ការរារាំងមិនមែនជាសកម្មភាព [ដោយខ្លួនវា] នោះទេ ប៉ុន្តែវាគឺជាលទ្ធផល» និងជាភាពចាំបាច់សម្រាប់ការរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកឱ្យសេរីនិងបើកចំហ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។