មេដឹកនាំប្រទេស G-20៖ សេដ្ឋកិច្ចពិភពលោកកំពុងតែមានការដាក់កំហិតដោយសារសង្គ្រាមនៅប្រទេសអ៊ុយក្រែន
Gusty Da Costa
មេដឹកនាំពិភពលោកនៅឯកិច្ចប្រជុំកំពូលក្រុមនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទាំង 20 នៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី បានបរិហារអំពីសង្រ្គាមរបស់ប្រទេសរុស្ស៊ីនៅប្រទេសអ៊ុយក្រែនថា សង្រ្គាមនេះបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជាប់គាំង និងប៉ះពាល់ដល់សន្តិសុខ និងជីវភាពរស់នៅ។
ប្រភពអាហារ ការផ្លាស់ប្តូរថាមពលនិងការផ្លាស់ប្តូរឌីជីថល ដែលត្រូវបានកំណត់ថាមានសារៈសំខាន់ចំពោះសន្តិសុខរបស់ប្រទេសនីមួយៗ គឺជាបញ្ហាកំពូលនៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទី 17 នៃបណ្តាប្រទេសឧស្សាហកម្ម និងទីផ្សារកំពុងរីកចម្រើននៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ 2022។ ប៉ុន្តែសង្រ្គាមដែលកំពុងបន្តបានគ្របដណ្ដប់លើដំណើរការនីតិវិធី។
ប្រទេសឥណ្ឌូនេស៊ីបានទទួលការកោតសរសើរចំពោះការនាំមេដឹកនាំពិភពលោកមកជួបជុំគ្នាចំពេលដែលមានវិបត្តិពិភពលោក។ នៅក្នុងសេចក្តីប្រកាសកិច្ចប្រជុំកំពូលរបស់ពួកគេ មេដឹកនាំបានថ្កោលទោសចំពោះការឈ្លានពានរបស់ប្រទេសរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងទាមទារឱ្យមានការដកខ្លួនចេញពីប្រទេសអធិបតេយ្យភាពជាបន្ទាន់។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះទេ ទោះបីជាប្រទេសរបស់លោកជាសមាជិក G-20 ក៏ដោយ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានចូលរួម ប៉ុន្តែបានចាកចេញមុនមួយថ្ងៃ បន្ទាប់ពីថ្កោលទោស «ការធ្វើនយោបាយ» នៃកិច្ចប្រជុំកំពូលនេះ។
លោកស្រី Adriana Elisabeth អ្នកស្រាវជ្រាវនៅទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិនៃទីក្រុងហ្សាកាតា បានមានថ្លែងប្រាប់ទស្សនាវដ្តី FORUM នៅឯកិច្ចប្រជុំកំពូលថា «ភាពជោគជ័យរបស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងព្រឹត្តិការណ៍នេះ នឹងធ្វើឱ្យប្រទេសនេះត្រូវបានគេគោរពនៅលើឆាកអន្តរជាតិ»។ «ការព្រមព្រៀងមតិគ្នាដែលធ្វើឡើងនៅក្នុងវេទិកា G-20 នេះនឹងសម្គាល់នូវលំដាប់សេដ្ឋកិច្ចជាសកល និងការងារជាក់ស្តែងលើបញ្ហាសុខភាព ការប្រែប្រួលអាកាសធាតុ និងសេដ្ឋកិច្ចឌីជីថល»។
នៅក្នុងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានកត់សម្គាល់ពីទំនាក់ទំនងគ្នាទៅវិញទៅមកក្នុងចំណោមបញ្ហាប្រឈមទូទាំងពិភពលោក ដូចជាសង្រ្គាម វិបត្តិហិរញ្ញវត្ថុដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-19 និងថាមពល ព្រមទំាងសន្តិសុខស្បៀងអាហារ។
លោក Widodo បានមានប្រសាសន៍ថា «វាពិតជាមានសារៈសំខាន់ណាស់ក្នុងការគិតគូរពីបញ្ហាជី ដោយធានាឱ្យមានជីគ្រប់គ្រាន់លក់ក្នុងតម្លៃសមរម្យ»។ «ផ្នែកផ្សេងៗនៃពិភពលោកកំពុងជួបប្រទះនឹងការខ្វះខាតជី ដោយមានប្រទេសកំពុងអភិវឌ្ឍចំនួន 48 ប្រទេសដែលទទួលរងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ»។
លោកបាននិយាយថាមានតម្រូវការបន្ទាន់មួយសម្រាប់ «គំរូនៃការសហការ» ក្នុងចំណោមប្រទេសនានា។ លោក Widodo បានមានប្រសាសន៍ថា «ទំនួលខុសត្រូវរបស់យើងមិនត្រឹមតែមានចំពោះប្រជាជនរបស់យើងតែប៉ុណ្ណោះនោះទេ ថែមទាំងមានចំពោះមនុស្សទូទាំងពិភពលោកផងដែរ»។ «ការទទួលខុសត្រូវនៅទីនេះក៏មានន័យថាការបញ្ចប់សង្គ្រាមដែរ។ បើគ្មានការបញ្ចប់សង្គ្រាមនោះទេ ពិភពលោកនឹងមិនអាចដើរទៅមុខបានឡើយ»។ (រូបភាព៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ស្ថិតនៅខាងស្តាំ ប្រារព្ធពិធីបញ្ចប់កិច្ចប្រជុំកំពូល G-20 នៅកោះបាលីក្នុងខែវិច្ឆិកា ឆ្នាំ 2022 ដោយប្រគល់ញញួរប្រើក្នុងកិច្ចប្រជុំទៅដល់នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ដែលប្រទេសរបស់គាត់នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលឆ្នាំ 2023)។
លោក Widodo បានលើកឡើងពីសមិទ្ធផលនៃកិច្ចប្រជុំកំពូលដែលរួមមានការបង្កើតមូលនិធិសម្រាប់ជំងឺរាតត្បាតចំនួន 1.5 ពាន់លានដុល្លារអាមេរិក និងការជឿទុកចិត្តលើភាពធន់ និងនិរន្តរភាពដែលមានតម្លៃសរុប 81.6 ពាន់លានដុល្លារអាមេរិក។ លោកក៏បានប្រកាសអំពីមូលនិធិយន្តការផ្លាស់ប្តូរថាមពលសម្រាប់ប្រទេសឥណ្ឌូនេស៊ី ដែលជាគំនិតផ្តួចផ្តើមពហុភាគីដែលមានទឹកប្រាក់ចំនួន 20 ពាន់លានដុល្លារអាមេរិក ដែលដឹកនាំដោយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។
លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលរបស់ប្រទេសដែលទទួលបន្ទុកលើកិច្ចការសេដ្ឋកិច្ចបានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា ប្រទេសឥណ្ឌូណេស៊ីត្រូវតែធ្វើការផ្លាស់ប្តូរពីការពឹងផ្អែកលើធ្យូងថ្ម។ លោកបានមានប្រសាសន៍ថា ភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ពន្ធ និងការវិនិយោគជាសកល ដែលបានចាប់ផ្តើមដោយក្រុមប្រទេសឧស្សាហកម្មឈានមុខគេទាំងប្រាំពីរនៅក្នុងខែមិថុនា ឆ្នាំ 2022 ក៏នឹងជួយទៅដល់ទីក្រុងហ្សាការតាសម្រេចបាននូវគោលដៅរបស់ខ្លួនផងដែរ។
ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមានៃការផ្លាស់ប្តូរឌីជីថល ជាពិសេសសម្រាប់ស្ត្រី ក្មេងស្រី និងប្រជាជនដែលងាយទទួលការរងគ្រោះ សេចក្តីប្រកាសរបស់មេដឹកនាំ G-20 បានលើកទឹកចិត្តទៅដល់កិច្ចសហការអន្តរជាតិដើម្បីអភិវឌ្ឍចំណេះដឹង និងជំនាញឌីជីថល។
Dewa Ayu Adina Angelia ជានិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យា Bandung របស់ប្រទេសឥណ្ឌូនេស៊ីបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលថា៖ «បរិយាប័ន្នឌីជីថលពិតជាមានសារៈសំខាន់ណាស់ ពីព្រោះបើគ្មានព័ត៌មានពេញលេញ និងគួរឱ្យទុកចិត្តបាននោះទេ វាអាចជាការលំបាកសម្រាប់យុវជនដូចជាយើងក្នុងការបង្កើតទំនាក់ទំនងយ៉ាងទូលំទូលាយ ដើម្បីអាចបន្តទៅមុខទៀតបាន»។
Gusty Da Costa គឺជាអ្នករួមចំណែកទស្សនាវដ្តី FORUM ដែលរាយការណ៍ពីប្រទេសឥណ្ឌូណេស៊ី។
រូបភាព៖ សារព័ត៌មាន REUTERS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។