ផ្លូវតែមួយ នាំបំណុលធំ
គ្រោងការណ៍ហេដ្ឋារចនាសម្ព័ន្ធចិន បន្សល់ទុកនូវវិប្បដិសារីរបស់អ្នកទិញ

បុគ្គលិករបស់ទស្សនាវដ្ដី FORUM
ដោយបានសាងសង់ឡើងដោយប្រាក់កម្ចីចំនួន ២០០ លានដុល្លារអាមេរិកពីសាធារណរដ្ឋប្រជាមានិតចិន (PRC) ស្ពានដែលតភ្ជាប់ពីរដ្ឋធានីម៉ាល់ឌីវជាមួយនឹងអាកាសយានដ្ឋានត្រូវបានគេដាក់ឈ្មោះថាជា «ស្ពានឆ្ពោះទៅរកភាពរុងរឿង» ហើយជាផ្លូវការ ស្ពាននេះមានឈ្មោះថា ស្ពានមិត្តភាពចិន និងម៉ាល់ឌីវ ឬស្ពាន Sinamale។ វាមើលទៅដូចជាសំណើមិត្តភាពជាលើកដំបូង។ បន្ទាប់ពីការបើកដំណើរការស្ពាននៅក្នុងឆ្នាំ ២០១៨ មក ទូកល្បឿនលឿនមិនត្រូវបានគេតម្រូវឱ្យចម្លងអ្នកដំណើរដែលមកដល់អាកាសយានដ្ឋានទៅកាន់រដ្ឋធានីនោះទេ ហើយការអភិវឌ្ឍដែលស្ពានបង្កើតឱ្យមានឡើងនៅលើកោះ Hulhumale ជិតនោះត្រូវបានគេទទួលយកយ៉ាងកក់ក្តៅ។
ក៏ដូចជាការខិតខំប្រឹងប្រែងជាច្រើនលើផ្នែកហេដ្ឋារចនាសម្ពន្ធនៃគម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ (OBOR) របស់សាធារណរដ្ឋប្រជាមានិតចិនដែរ នៅទីបំផុតគម្រោងនេះបានធ្លាក់ចូលក្នុងក្រុមគម្រោង ដែលសម្បូរដោយបញ្ហា ដែលរងគ្រោះដោយបំណុលដែលមិនមាននិរន្តភាព។ ការសិក្សារយៈពេល ៤ ឆ្នាំបានបញ្ចប់នៅក្នុងខែកញ្ញា ឆ្នាំ ២០២១ ដោយអ្នកស្រាវជ្រាវនៅឯមហាវិទ្យាល័យ William and Mary ក្នុងទីក្រុង Williamsburg រដ្ឋ Virginia បង្ហាញថាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមចំនួន ៤២ ប្រទេស មានបំណុលលើគម្រោង OBOR ដែលលើសពី ១០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពួកគេ រួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាល់ឌីវ ភូមា និងប៉ាពួញូហ្គីណេ។
AidData ដែលជាមន្ទីរពិសោធន៍លើការអភិវឌ្ឍអន្តរជាតិនៅវិទ្យាស្ថានស្រាវជ្រាវជាសកលរបស់មហាវិទ្យាល័យ បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនថា «ការពឹងផ្អែកលើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ៖ ការយល់ដឹងអំពីសំណុំទិន្នន័យជាសកលថ្មីនៃគម្រោងអភិវឌ្ឍន៍របស់ចិនដែលមានចំនួន ១៣ ៤២៧ គម្រោង» ជាគម្រោង ដែលសាធារណរដ្ឋប្រជាមានិតចិនគាំទ្រ ដែលមានតម្លៃគួរឱ្យភ្ញាក់ផ្អើលចំនួន ៨៤៣ ពាន់លានដុល្លារអាមេរិក ទូទាំង ១៦៥ ប្រទេស។ របាយការណ៍បាននិយាយថា ប្រហែល ៣៨៥ ពាន់លានដុល្លារអាមេរិក នៃបំណុលជាប់ទាក់ទងទៅនឹងគម្រោងទាំងនោះត្រូវបានលាក់កំបាំងភាគច្រើនពីការត្រួតពិនិត្យជាសាធារណៈ។
អគ្គលេខាបក្សកុម្មុយនិស្តចិន Xi Jinping បានចាប់ផ្តើមនូវគម្រោង OBOR នៅក្នុងឆ្នាំ ២០១៣ ដើម្បីជំរុញដល់ការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងទ្វីបអាហ្វ្រិក អឺរ៉ុប និងឥណ្ឌូប៉ាស៊ីហ្វិក ជាមួយនឹងហិរញ្ញប្បទានរបស់ចិន។ យោងទៅតាមក្រុមប្រឹក្សាទំនាក់ទំនងបរទេស ដែលជាស្ថាប័នអ្នកជំនាញផ្តល់ការណែនំាផ្នែកនយោបាយឯករាជ្យបានឱ្យដឹងថា លោកសង្ឃឹមថា គម្រោងដែលរួមមានផ្លូវហាយវេ ផ្លូវដែក រោងចក្រថាមពល និងបំពង់បង្ហូរឧស្ម័ន នឹងបង្កើនការនាំចេញរបស់សាធារណរដ្ឋប្រជាមានិតចិន និងការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹក ជំរុញដល់ការផលិត និងពង្រឹងនូវ «ឥទ្ធិពលលើសេដ្ឋកិច្ច នយោបាយ និងយោធានៅបរទេស» របស់ខ្លួន។ «ប៉ុន្តែប្រសិនបើការវិនិយោគថ្មីនេះមិនអាចបង្កើតជាផលចំណេញបានគ្រប់គ្រាន់ ពួកគេក៏អាចនឹងបង្កើននូវកម្រិតប្រាក់បំណុលដោយគ្មាននិរន្តរភាព និងបង្កើតការប៉ះទង្គិចផ្នែកនយោបាយជាមួយប្រទេសចិន»។

នៅប្រទេសម៉ាល់ឌីវ ដែលបានបន្តខ្ចីក្នុងអំឡុងពេលអាណត្តិរបស់ប្រធានាធិបតី Abdulla Yameen ពីឆ្នាំ ២០១៣-១៨ ឥឡូវនេះមន្រ្តីកំពុងបិទគម្រោង OBOR មួយចំនួនដោយសារតែកង្វះលទ្ធភាពជោគជ័យ និងការព្រួយបារម្ភអំពីការកើនឡើងបំណុល នេះបើយោងតាមរបាយការណ៍ខែមករា ២០២២ ដោយ EconomyNext ដែលជាសេវាព័ត៌មានហិរញ្ញវត្ថុ និងនយោបាយ។ លោក Mohamed Nasheed ប្រធានសភានៃប្រទេសកោះនេះ និងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យម៉ាល់ឌីវ បានប្រាប់សារព័ត៌មាន Associated Press នៅក្នុងឆ្នាំ ២០១៩ ថាលោកបានប៉ាន់ប្រមាណថាបំណុលនៃប្រទេសរបស់លោកចំពោះអង្គភាពចិនមានចំនួនដល់ទៅ ៣ ពាន់លានដុល្លារអាមេរិក ទោះបីជាមន្ត្រីចិនអះអាងថា តួលេខនេះទាបជាងច្រើនក៏ដោយ។ ធនាគារពិភពលោកបានព្យាករថាផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសម៉ាល់ឌីវសម្រាប់ឆ្នាំ ២០២២ មានចំនួនប្រហែល ៥,៣ ពាន់លានដុល្លារអាមេរិក។
លោក Nasheed បានចាប់ផ្តើមបង្កើនការជូនដំណឹងអំពីប្រាក់បំណុលបន្ទាប់ពីគណបក្សរបស់គាត់បានយកឈ្នះលោក Yameen នៅក្នុងឆ្នាំ ២០១៨។ ចាប់តាំងពីការដកចេញពីតំណែងរបស់លោក Yameen មក រដ្ឋាភិបាលម៉ាល់ឌីវបានបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសឥណ្ឌា ហើយលោក Nasheed បានផ្តើមនូវការចោទប្រកាន់ដោយលើកហេតុផលថា អតីតមេដឹកនាំមួយរូបនេះបានធ្វើឱ្យប្រទេសម៉ាល់ឌីវធ្លាក់ចូលទៅក្នុងអន្ទាក់នៃប្រាក់បំណុល។ លោកបានប្រាប់ទៅដល់ EconomyNext ផងដែរថា រដ្ឋាភិបាលនឹងមិនអាចសងប្រាក់កម្ចីរបស់ចិនបានទេ លុះត្រាតែមានការពិនិត្យឡើងវិញក្នុងការកាត់បន្ថយប្រាក់កម្ចីទៅនឹងតម្លៃពិត។
ម៉ាល់ឌីវបានបញ្ឈប់គម្រោងមួយចំនួននៅតាមរមណីយដ្ឋាននៅឯកោះរួចហើយ។ លោក Nasheed បានប្រាប់គេហទំព័រនេះថា «ការសាងសង់រមណីយដ្ឋាន និងភាពជាម្ចាស់នៃកោះទាំងនេះគឺត្រូវចោទសួរម្តងទៀត»។ «មានកោះប្រហែលជាប្រាំមួយទៅប្រាំពីរកោះដែលស្ថិតនៅក្នុងដំណាក់កាលផ្សេងគ្នានៃការសាងសង់ដោយក្រុមហ៊ុនចិន។ ប៉ុន្តែការងារសំណង់បានផ្អាកជាយូរមកហើយ ហើយកម្មសិទ្ធិតាមកិច្ចសន្យាលើកោះទាំងនេះនៅតែត្រូវចាត់ចែងនៅក្នុងតុលាការ។»
បំណុលដែលបានលាក់កំបាំង ការចំណាយខ្ពស់
ជាមួយនឹងការប្តេជ្ញាចិត្តលើការអភិវឌ្ឍផ្នែកហិរញ្ញវត្ថុអន្តរជាតិដែលមានចំនួនជិត ៨៥ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សាធារណរដ្ឋប្រជាមានិតចិនឥឡូវនេះបានចាយដោយឥតសំចៃលើសពីសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចផ្សេងទៀតដោយស្ថិតនៅក្នុងកម្រិត ២-១ នេះបើយោងតាម AidData។ របាយការណ៍របស់ AidData បាននិយាយថា ជាជាងការផ្តល់ជំនួយ ឬកម្ចីមិនមែនសម្បទាន ដើម្បីជួយជ្រោមជ្រែងដល់ប្រទេសដែលកំពុងជួបការលំបាក អង្គភាពចិន «បានប្រើការជួយជាបំណុលជាជាងជំនួយដើម្បីបង្កើតនូវអំណាចសហគ្រាសពាណិជ្ជកម្មនៅក្នុងទីផ្សារហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិ»។ ចាប់តាំងពីការណែនាំរបស់ OBOR នៅក្នុងឆ្នាំ ២០១៣ មក សាធារណរដ្ឋប្រជាមានិតចិនបានរក្សាសមាមាត្រ ៣១-១ នៃការផ្តល់ប្រាក់កម្ចី បើយោងទៅតាមរបាយការណ៍នេះ។
លក្ខខណ្ឌកម្ចីដែលបានផ្តល់ដោយម្ចាស់ប្រាក់កម្ចី ដែលជាកម្មសិទ្ធិរបស់រដ្ឋចិន មានភាពអនុគ្រោះតិចជាងម្ចាស់បំណុលពហុភាគី ហើយប្រាក់កម្ចីជាមធ្យមមានអត្រាការប្រាក់ ៤,២ %។ បញ្ហាដ៏ធំសម្រាប់អ្នកជាប់ពន្ធនៅក្នុងប្រទេសជំពាក់បំណុល គឺជាលក្ខណៈនៃការផ្តល់ប្រាក់កម្ចីដែលជារឿយៗត្រូវបានបិទបាំងពីទស្សនៈសាធារណៈ ដែលធ្វើឱ្យមានការពិបាកក្នុងការវាយតម្លៃផលប៉ះពាល់ជាក់ស្តែងរបស់រដ្ឋាភិបាលដែលកំពុងតែជួបការលំបាក។

របាយការណ៍របស់ AidData បាននិយាយថា នោះដោយសារតែ ៧០% នៃការផ្តល់ប្រាក់កម្ចីនៅក្រៅប្រទេសរបស់សាធារណរដ្ឋប្រជាមានិតចិន គឺសំដៅទៅលើក្រុមហ៊ុនរបស់រដ្ឋ ធនាគាររបស់រដ្ឋ យានជំនិះក្នុងគោលបំណងពិសេស ក្រុមហ៊ុនគ្រោងការចម្រុះ និងស្ថាប័នវិស័យឯកជនផ្សេងទៀត។ ប្រទេសជំពាក់បំណុលមិនខ្ចីប្រាក់ដោយផ្ទាល់នោះទេ ទោះបីជាការខ្ចីប្រាក់នេះអាចនឹងក្លាយជាទំនួលខុសត្រូវ ប្រសិនបើមានអ្នកខ្ចីដែលឈប់ធ្វើការទូទាត់សង។
របាយការណ៍នេះបាននិយាយថា៖ «បំណុលទាំងនេះភាគច្រើនមិនបង្ហាញនៅលើតារាងសមតុល្យរបស់រដ្ឋាភិបាលទេ»។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកផ្តល់ប្រាក់កម្ចីភាគច្រើន «ទទួលបានអត្ថប្រយោជន៍ពីទម្រង់យ៉ាងជាក់លាក់ ឬដោយប្រយោលនៃការការពារទំនួលខុសត្រូវរបស់រដ្ឋាភិបាលដែលជាម្ចាស់ផ្ទះ ដែលបានធ្វើឱ្យភាពខុសគ្នារវាងបំណុលឯកជន និងបំណុលសាធារណៈមានភាពមិនច្បាស់លាស់ និងបានបង្ហាញពីបញ្ហាប្រឈមសំខាន់ៗក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។»
បញ្ហាប្រឈមទាំងនោះកំពុងតែកើតឡើងនៅក្នុងប្រទេសឡាវ ដែលបានបើកតភ្ជាប់ផ្លូវដែកដែលមានតម្លៃ ៦ ពាន់លានដុល្លារអាមេរិកជាមួយប្រទេសចិននៅក្នុងខែធ្នូ ឆ្នាំ ២០២១។ ខ្សែផ្លូវដែកនេះតភ្ជាប់ពីរាជធានី Vientiane របស់ប្រទេសឡាវជាមួយនឹងទីក្រុង Kunming ភាគខាងត្បូងនៃប្រទេសចិន។ ប្រធានាធិបតីឡាវ លោក Thongloun Sisoulith បានប្រកាសពី «យុគសម័យថ្មីនៃការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប» នៅឯការសម្ភោធផ្លូវដែក ដោយបន្ថែមថា «ក្តីសុបិនរបស់ប្រជាជនឡាវនាពេលនេះបានក្លាយជាការពិតហើយ» នេះបើយោងទៅតាមកាសែត The Manila Times។
ទោះបីជារដ្ឋាភិបាលសង្ឃឹមថាផ្លូវរថភ្លើងនឹងផ្តល់នូវប្រាក់ចំណេញនៅក្នុងឆ្នាំ ២០២៧ ក៏ដោយ ក៏អ្នកជំនាញព្រួយបារម្ភថា ប្រាក់កម្ចីរបស់ចិនដែលផ្តល់មូលនិធិនេះនឹងមិនមាននិរន្តរភាពនោះទេ។ លោក Jonathan Andrew Lane អ្នកវិភាគនៅវិទ្យាស្ថានធនាគារអភិវឌ្ឍន៍អាស៊ី បានសរសេរនៅក្នុងរបាយការណ៍ខែកញ្ញា ឆ្នាំ ២០២០ ថាមាន «ពាណិជ្ជកម្មដែលសមហេតុផលមានកំណត់សម្រាប់ផ្លូវដែកដែលមានតម្លៃថ្លៃ» ដែលតភ្ជាប់ប្រទេសដែលមានប្រជាជន ៧ លាននាក់ទៅកាន់ទីក្រុង Kunming។ លោកបានស្នើថាអត្ថប្រយោជន៍សម្រាប់ប្រទេសឡាវមិនមានលើសហានិភ័យនោះទេ។ Lane បានសរសេរថា «សេវាជាប់បំណុលនោះនឹងធ្វើឱ្យមានភាពតានតឹងបន្ថែមទៀតលើសមត្ថភាពដំឡើងពន្ធរបស់រដ្ឋាភិបាល»។
របាយការណ៍ AidData ព្រមានថា ស្ទើរតែពាក់កណ្តាលនៃបំណុលសរុបចំនួន ១៣,៣ ពាន់លានដុល្លារអាមេរិករបស់ប្រទេសនេះ ត្រូវបានកាន់កាប់ដោយទីក្រុងប៉េកាំង ហើយផ្លូវដែកតំណាងឱ្យបំណុលដែលលាក់កំបាំងបន្ថែមទៀត។ ក្រុមហ៊ុនរដ្ឋចិនចំនួនបី និងសហគ្រាសឡាវបានចាប់ដៃគូលើគម្រោងនេះ ដោយទីក្រុងប៉េកាំងបានកាន់កាប់ ៧០% នៃបំណុលចំនួន ៣,៥៤ ពាន់លានដុល្លារអាមេរិកសម្រាប់ការតភ្ជាប់ផ្លូវដែក។ អ្នកស្រាវជ្រាវ AidData បាននិយាយថា មានភាពមិនប្រាកដប្រជាអំពីប្រទេសណាដែលនឹងត្រូវជួយសង្គ្រោះការបណ្តាក់ទុនរួមគ្នានៅក្នុងការខ្ចីប្រាក់។ AidData ព្រមានថា ប្រសិនបើផ្លូវរថភ្លើង «ទទួលបានផលចំណេញមិនគ្រប់គ្រាន់ បរិមាណចន្លោះពី ០ ទៅ ១០០% នៃបំណុលសរុប ៣,៥៤ ពាន់លានដុល្លារអាចក្លាយជាកាតព្វកិច្ចសងបំណុលរបស់រដ្ឋាភិបាលឡាវ»។
ភាពអស់សង្ឃឹមនៅប្រទេសស្រីលង្កា
នៅប្រទេសស្រីលង្កា ឆ្នាំ ២០២២ បានធ្វើឱ្យមានការខ្វះខាតសម្ភារចាំបាច់ ដូចជាម្សៅទឹកដោះគោ និងឧស្ម័នចម្អិនអាហារ និងវិបត្តិបំណុលដែលកំពុងកើនឡើង ដែលបានបញ្ចប់នៅពាក់កណ្តាលខែឧសភា នៅពេលដែលប្រទេសនេះប្រឈមនឹងការក្ស័យធន ដោយមិនអាចសងបំណុលបរទេសជាផ្លូវការបាន។ សម្រាប់ឆ្នាំ ២០២២ តែមួយ កាតព្វកិច្ចបំណុលបរទេសរបស់ប្រទេសស្រីលង្កាមានចំនួនសរុប ៧ ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទស្សនាវដ្តីព័ត៌មានអនឡាញ The Diplomat។ បំណុលបរទេសសរុបរបស់វាលើសពី ៥១ ពាន់លានដុល្លារអាមេរិក ជាមួយនឹងចំនួន ២៥ ពាន់លានដុល្លារអាមេរិកនឹងដល់ពេលសងក្នុងឆ្នាំ ២០២៦។

ការតម្រង់ជួរដ៏វែងសម្រាប់អាហារ និងឥន្ធនៈបានបង្កឱ្យមានការតវ៉ាជាច្រើនសប្តាហ៍នៅទូទាំងប្រទេសស្រីលង្កាក្នុងខែមេសា ឆ្នាំ ២០២២ ដែលនាំឱ្យមានការលាលែងពីតំណែងនៅក្នុងខែកក្កដារបស់ប្រធានាធិបតី Gotabaya Rajapaksa ដែលពួកគេបានស្តីបន្ទោសចំពោះការធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ។
Naveendra Liyaanarachachi អាយុ ២៧ ឆ្នាំដែលជាបាតុករម្នាក់បានប្រាប់កាសែត The New York Times នៅពាក់កណ្តាលខែឧសភាឆ្នាំ ២០២២ ថា «មិនមានដំណោះស្រាយទេ លើកលែងតែប្រធានាធិបតីចុះពីតំណែង»។
សមាជិកសភាស្រីលង្កាបានជ្រើសរើសនាយករដ្ឋមន្ត្រី Ranil Wickremesinghe ជាប្រធានាធិបតីបន្ទាប់ពី Rajapaksa បានភៀសខ្លួនចេញពីប្រទេស។
ទោះបីជាវិបត្តិសាច់ប្រាក់របស់ប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ត្រូវបានបង្កឡើងដោយផ្នែកដោយជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ការខ្ចីប្រាក់ជាបន្តបន្ទាប់របស់រដ្ឋាភិបាលបាននាំឱ្យមានបំណុលបរទេសមួយចំនួនដែលមិនអាចសងបាន ពេលដល់ពេលត្រូវសង។ The Diplomat បានរាយការណ៍ថា សេដ្ឋកិច្ចបានធ្លាក់ចុះ ១,៥% ពីខែកក្កដាដល់ខែកញ្ញា ២០២១ ហើយអតិផរណាបានកើនឡើងដល់ ១២,១% នៅក្នុងខែធ្នូ ឆ្នាំ ២០២១។
កង្វះសាច់ប្រាក់របស់ប្រទេសស្រីលង្កាបានរួមចំណែកដល់ការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយធ្វើឱ្យការនាំចូលប្រេងឥន្ធនៈយឺត។ ការធ្លាក់ចុះកម្រិតទឹកនៅទំនប់វារីអគ្គិសនីបានធ្វើឲ្យការខ្វះខាតថាមពល និងឥន្ធនៈកាន់តែធ្ងន់ធ្ងរ។ មេដឹកនាំនៃប្រទេសស្រីលង្កាក្នុងខែមករាឆ្នាំ ២០២២ បានស្វែងរកការសង្គ្រោះពីម្ចាស់បំណុលចិន ខណៈដែលប្រទេសនេះប្រឈមនឹងការធ្លាក់ចូលស្ថានភាពមិនអាចសងបំណុលបាន នេះបើយោងតាមការរាយការណ៍របស់ WION ដែលជាបណ្តាញព័ត៌មានពិភពលោកដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។ WION បានរាយការណ៍ថា លោក Rajapaksa បានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងខែមករាថា «វានឹងជាការធូរស្បើយដ៏អស្ចារ្យសម្រាប់ប្រទេសនេះ ប្រសិនបើមានការយកចិត្តទុកដាក់លើការរៀបចំរចនាសម្ពន្ធការសងបំណុលឡើងវិញ ដែលជាដំណោះស្រាយចំពោះវិបត្តិសេដ្ឋកិច្ចដែលបានកើតឡើងចំពោះមុខការរាតត្បាតនៃជំងឺរាតត្បាតកូវីដ ១៩»។ ប៉ុន្តែសាធារណរដ្ឋប្រជាមានិតចិនមិនបានផ្តល់ការសង្គ្រោះនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា៖ «ស្រីលង្កាប្រាកដជានឹងជម្នះការលំបាកបណ្ដោះអាសន្នឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

ចាប់តាំងពីឆ្នាំ ២០០៧ ប្រទេសស្រីលង្កាបានបង្កើនបំណុលចំនួន ១១,៨ ពាន់លានដុល្លារអាមេរិក តាមរយៈមូលបត្របំណុលអធិបតេយ្យ ដែលស្មើនឹង ៣៦,៤% នៃបំណុលខាងក្រៅរបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ម្ចាស់បំណុលធំទីពីររបស់ខ្លួនគឺធនាគារអភិវឌ្ឍន៍អាស៊ី ដែលផ្តល់ប្រាក់កម្ចីដល់ប្រទេសស្រីលង្កាចំនួន ៤,៦ ពាន់លានដុល្លារអាមេរិក។ ម្ចាស់បំណុលធំបន្ទាប់របស់ប្រទេសនេះគឺប្រទេសជប៉ុន និងសាធារណរដ្ឋប្រជាមានិតចិន ដែលទាំងពីរប្រទេសនេះកាន់បំណុលប្រហែល ៣,៥ ពាន់លានដុល្លារអាមេរិក។
ទោះបីជាសាធារណរដ្ឋប្រជាមានិតចិនមិនមែនជាម្ចាស់បំណុលធំជាងគេរបស់ប្រទេសស្រីលង្កាក៏ដោយ ក៏គម្រោងរបស់សាធារណរដ្ឋប្រជាមានិតចិនមានភាពចម្រូងចម្រាសជាងគេផងដែរ។ ឧទាហរណ៍ដ៏ល្បីមួយគឺកំពង់ផែ Hambantota ដែលបានបើកនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១០ ជាមួយនឹងការផ្តល់មូលនិធិរបស់ចិន ហើយទីបំផុតត្រូវបានប្រគល់ទៅឱ្យចិនសម្រាប់ការគ្រប់គ្រង។ ក្នុងឆ្នាំ ២០១៧ ក្រុមហ៊ុន China Merchants Port Holdings Co. Ltd. បានទិញកិច្ចសន្យាជួលរយៈពេល 99 ឆ្នាំ ដើម្បីដំណើរការកំពង់ផែ និងយកភាគហ៊ុន ៧០% នៅក្នុងគម្រោងនេះក្នុងការបណ្តាក់ទុនរួមគ្នាជាមួយអាជ្ញាធរកំពង់ផែស្រីលង្កាដែលគ្រប់គ្រងដោយរដ្ឋ នៅពេលដែលស្រីលង្កាមិនអាចសងបំណុលបាន។
អំពើពុករលួយ ការតវ៉ា និងរឿងអាស្រូវ
រឿងអាស្រូវនៅតែបន្តជុំវិញគម្រោង OBOR នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងជុំវិញពិភពលោក។ ការពិនិត្យឡើងវិញរបស់ AidData បាននិយាយថា ៣៥% នៃគម្រោង OBOR ជួបប្រទះបញ្ហាក្នុងការអនុវត្ត ដូចជា «រឿងអាស្រូវពុករលួយ ការរំលោភលើការងារ គ្រោះថ្នាក់បរិស្ថាន និងការតវ៉ាជាសាធារណៈ»។ តាមការប្រៀបធៀប ២១% នៃផលប័ត្រហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលចិននៅខាងក្រៅ OBOR បានប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ។ របាយការណ៍នេះបានលើកឡើងដោយប្រើអក្សរកាត់មួយផ្សេងទៀតសម្រាប់គ្រោងការណ៍ OBOR ថា «អ្នកបង្កើតគោលនយោបាយរបស់ប្រទេសម្ចាស់ផ្ទះកំពុងតែផ្អាកគម្រោង BRI ដ៏ល្បីល្បាញនេះ ដោយសារតែអំពើពុករលួយ និងការព្រួយបារម្ភអំពីតម្លៃហួសហេតុ ក៏ដូចជាការផ្លាស់ប្តូរសំខាន់ៗនៅក្នុងការយល់ឃើញរបស់សាធារណៈជនដែលធ្វើឱ្យវាពិបាកក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន»។
ប្រហែលជាគ្មាននិន្នាការណាច្បាស់លាស់ជាងនៅប្រទេសម៉ាឡេស៊ីនោះទេ ដែលគម្រោង OBOR មួយចំនួនត្រូវបានជាប់គាំងដោយសាររឿងអាស្រូវ។ ជាឧទាហរណ៍ East Coast Rail Link គឺជាគម្រោង OBOR ដ៏សំខាន់មួយក្នុងប្រទេសម៉ាឡេស៊ី។ ផ្លូវដែកប្រវែង ៦៤០ គីឡូម៉ែត្រ ត្រូវបានគេសន្មតថានឹងតភ្ជាប់កំពង់ផែ Port Klang នៅឆ្នេរសមុទ្រភាគខាងលិចទៅ Kota Bharu នៅឆ្នេរសមុទ្រខាងកើត។ កាសែត The Diplomat បានរាយការណ៍នៅក្នុងខែតុលា ឆ្នាំ ២០២១ ថា គម្រោងនេះត្រូវបានផ្អាកនៅក្នុងឆ្នាំ ២០១៨ ជុំវិញការចោទប្រកាន់ពីអំពើពុករលួយ ហើយចាប់តាំងពីនោះមក មានការចរចាឡើងវិញ និងការរៀបចំសម្ព័ន្ធភាពជាថ្មីជាច្រើនដង។
គម្រោងនេះគឺជាចំណុចកណ្តាលនៃរឿងអាស្រូវដែលនៅទីបំផុតបានបណ្តេញនាយករដ្ឋមន្ត្រីលោក Najib Razak ចេញពីតំណែងក្នុងខែឧសភា ឆ្នាំ ២០១៨។ លោក Najib ក្នុងឆ្នាំនោះបានចាញ់ក្នុងការបោះឆ្នោតយ៉ាងគួរឱ្យភ្ញាក់ផ្អើលទៅលោក Mahathir Mohamad វ័យ 92 ឆ្នាំ ដែលបានដឹកនាំប្រទេសអស់រយៈពេល 22 ឆ្នាំមុនពេលចេញពីការចូលនិវត្តន៍ដើម្បីប្រជែងនឹងលោក Najib។

ទស្សនាវដ្ដី Foreign Policy បានរាយការណ៍កាលពីខែមករា ឆ្នាំ ២០១៩ ថានៅពេលដែលការបរាជ័យរបស់លោក Najib បានកំណត់រួច «វាអាចទៅរួចដែលថាគ្មាននរណាម្នាក់មានការស្រងាកចិត្តជាងមន្ត្រីនៅទីក្រុងប៉េកាំងនោះទេ»។ នោះដោយសារតែលោក Najib បានផ្តល់សិទ្ធិឱ្យសាធារណរដ្ឋប្រជាមានិតចិនចូលដំណើរការខុសពីប្រក្រតីជាមួយនឹងគម្រោងជាច្រើននៅទូទាំងប្រទេស។ នៅទីបំផុត លោក Najib បានក្លាយជាចំណុចស្នូលនៃរឿងអាស្រូវដែលភ្ជាប់ទៅនឹងមូលនិធិអភិវឌ្ឍន៍រដ្ឋដែលគេស្គាល់ថា 1Malaysia Development Berhad ឬ 1MDB។ គូបដិបក្ខរបស់លោកបានចោទប្រកាន់ថា «ប្រាក់របស់ចិនមួយចំនួនដែលហូរចូលម៉ាឡេស៊ី ត្រូវបានគេប្រើប្រាស់ដើម្បីបំពេញប្រាក់កាក់ដែលបាត់បង់ដោយសារអំពើពុករលួយរបស់មូលនិធិ» នេះបើយោងតាមការរាយការណ៍ពីទស្សនាវដ្ដី Foreign Policy។
កាសែត Wall Street Journal នៅខែមករាឆ្នាំ ២០១៩ បានផ្តល់ភស្តុតាង។ យោងតាមកំណត់ហេតុកិច្ចប្រជុំ មន្ដ្រីផ្លូវការម៉ាឡេស៊ីបានស្នើទៅសមភាគីចិនថាសាធារណរដ្ឋប្រជាមានិតចិនគួរផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតម្លៃខ្ពស់ជាងធម្មតា ដើម្បីជួយដោះស្រាយបំណុលរបស់មូលនិធិ 1MDB។ ទស្សនាវដ្តី Foreign Policy បានរាយការណ៍ថា «ប្រសិនបើជាការពិត របាយការណ៍នេះផ្តល់នូវភស្តុតាងជាក់ស្តែងនៅពីក្រោយការសង្ស័យយ៉ាងទូលំទូលាយថាប្រទេសចិនកេងប្រវ័ញ្ចរបបពុករលួយដើម្បីលើកកម្ពស់ផលប្រយោជន៍» គ្រោងការណ៍ OBOR របស់ខ្លួន។
លោក Najib នឹងមិនដោះស្រាយចំពោះរឿងអាស្រូវនេះទេ។ តុលាការម៉ាឡេស៊ីក្នុងខែធ្នូ ឆ្នាំ ២០២១ បានតម្កល់ការកាត់ទោសរបស់លោក និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១២ ឆ្នាំ ពីបទចោទប្រកាន់អំពើពុករលួយ។ តុលាការបានរកឃើញថា លោក Najib បានទទួលដោយខុសច្បាប់នូវទឹកប្រាក់ចំនួន ១០ លានដុល្លារអាមេរិកពី SRC International ដែលជាអតីតអង្គភាពរបស់ 1MDB ដែលលែងដំណើរការទៀតហើយនោះ។
លោក Ismail Sabri Yaakob បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅខែសីហាឆ្នាំ ២០២១ ហើយបានប្តេជ្ញាថានឹងរក្សាការតភ្ជាប់ផ្លូវដែក។ ទោះជាយ៉ាងណាក៏ដោយ ការខូចខាតកេរ្តិ៍ឈ្មោះចំពោះ OBOR បានចាប់ផ្តើមរួចទៅហើយ។ លោក Agatha Kratz នាយករងនៅក្រុមហ៊ុនស្រាវជ្រាវ និងវិភាគ Rhodium Group បានប្រាប់មជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិនៅក្នុងការផ្សាយផតខាសនៅខែមីនា ឆ្នាំ ២០២១ ថាជំងឺរាតត្បាត កូវីដ ១៩ បានបង្កើននិន្នាការដែលមានស្រាប់ដែលក្នុងនោះ គម្រោងរបស់សាធារណរដ្ឋប្រជាមានិតចិនកំពុងត្រូវបានផ្អាកដោយសារការព្រួយបារម្ភអំពីនិរន្តរភាពបំណុល។ នាងបាននិយាយថា «វាពិតជាចាប់ផ្តើមកាអធិប្បាយរឿងទាំងមូលនៃការទូតអន្ទាក់បំណុល» សម្រាប់ OBOR។ «ភ្លាមនោះៗ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានចាប់ផ្តើមផ្តោតលើការបរាជ័យទាំងនោះ ហើយអ្នកដឹងទេថា ការយកចិត្តទុកដាក់លើគំនិតផ្តួចផ្តើមនេះបានប្រែទៅជា អវិជ្ជមានខ្លាំង»។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។