តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ / FOIPនៃតំបន់បញ្ហាសំខាន់ៗសកម្មភាពខុសច្បាប់អាស៊ីឥសាន / NEA

ប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបង្កើនកិច្ចសហប្រតិបត្តិការចំពេលដែលមានការគំរាមកំហែងដែលកំពុងកើតឡើងលើប្រព័ន្ធអ៊ីនធឺណិត

បុគ្គលិករបស់ទស្សនាវដ្តី FORUM

នេះបើយោងតាមកិច្ចសន្ទនាសន្តិសុខចតុភាគី (Quadrilateral Security Dialogue) ឬហៅកាត់ថា Quad ដែលរួមមានប្រទេសអូស្ត្រាលី ប្រទេសឥណ្ឌា ប្រទេសជប៉ុន និងអាមេរិកបានលើកឡើងថា ការកសាងភាពរឹងមំា សេចក្ដីទុកចិត្ដ និងទំនុកចិត្តលើប្រព័ន្ធអ៊ីនធឺណិតនៅតែជាអាទិភាពសំខាន់ក្នុងចំណោមប្រទេសដែលចែករំលែកចក្ខុវិស័យនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលបើកចំហ និងដោយសេរី។ ការបន្តការគំរាមកំហែងដែលបង្កឡើងតាមរយៈមេរោគ ransomware និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ផ្សេងទៀតដោយប្រទេសកូរ៉េខាងជើង និងអ្នកប្រព្រឹត្តអាក្រក់ផ្សេងទៀតបន្តបង្កើតឱកាសសម្រាប់ប្រទេសដែលគាំទ្រទស្សនៈវិស័យរួមបញ្ចូល និងផ្អែកលើច្បាប់។ ការគំរាមកំហែងទាំងនេះកំពុងផ្តល់នូវការពង្រីក និងភាពជាដៃគូថ្មី ជាពិសេសក្នុងចំណោមប្រទេសជាសមាជិក Quad។

ឧទាហរណ៍ចុងក្រោយបំផុតនៃទំនាក់ទំនងដែលកំពុងកើនឡើងទាំងនេះគឺជា សេចក្តីប្រកាសរបស់ក្រសួងការពារជាតិជប៉ុននៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 ដែលខ្លួនបានចូលរួមជាផ្លូវការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការ​លើ​​វិស័យការពារតាមប្រព័ន្ធអ៊ីនធឺណិតរបស់អង្គការណាតូ (CCDCOE) ដែលជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមអ្នកជំនាញក្នុងការស្រាវជ្រាវនៃការការពារតាមប្រព័ន្ធអ៊ីនធឺណិត ការបណ្តុះបណ្តាល និងសមយុទ្ធដែលគ្របដណ្តប់ដោយបច្ចេកវិទ្យា យុទ្ធសាស្ត្រ ប្រតិបត្តិការនិងច្បាប់។

លោក Yoichiro Sato សាស្ត្រាចារ្យសិក្សានៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅសាកលវិទ្យាល័យ Ritsumeikan Asia Pacific ក្នុងប្រទេសជប៉ុន បានថ្លែងប្រាប់កាសែត South China Morning Post ក្នុងខែវិច្ឆិកា ឆ្នាំ 2022 ថា «ការការពារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ជប៉ុនមានភាពប្រសើរជាងមុន នឹងពង្រឹងវិស័យការពាររបស់ប្រទេសថែមទៀតផងដែរ ហើយក្នុងពេលដំណាលគ្នាធ្វើឱ្យការការពាររួមកាន់តែមានភាពជិតស្និទ្ធជាមួយសម្ពន្ធមិត្ត»។

ដោយយោងតាមសារព័ត៌មាន South China Morning Post បានលើកឡើងថា ប្រទេសជប៉ុនបានរួមបញ្ចូលសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងផែនការរបស់ខ្លួន ក្នុងការពង្រឹងសមត្ថភាពការពារជាតិក្នុងអំឡុងពេល 5 ឆ្នាំខាងមុខនេះ ហើយមានបំណងបង្កើនបុគ្គលិកការពារតាមប្រព័ន្ធអ៊ីនធឺណិតនៅទីបញ្ជាការសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតពី 890 នាក់ដល់ទៅប្រហែលជា 5,000 នាក់នៅឆ្នាំ 2027។ លោក Bart Hogeveen ប្រធានផ្នែកអភិវឌ្ឈសមត្ថភាពតាមប្រព័ន្ធអ៊ីនធឺណិត នៅឯវិទ្យាស្ថានគោលនយោបាយប្រព័ន្ធអ៊ិនធឺណិតអន្តរជាតិរបស់វិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលីបានថ្លែងប្រាប់កាសែតថា សេចក្តីប្រកាសរបស់អង្គការណាតូនៃប្រទេសជប៉ុនគឺជាផ្នែកមួយនៃ «កិច្ចខិតខំប្រឹងប្រែងទំាងសងខាងដើម្បីពង្រឹងទំនាក់ទំនងរវាងសម្ពន្ធមិត្ត និងដៃគូដែលមានគំនិតដូចគ្នាក្នុងការទប់ស្កាត់សកម្មភាពរដ្ឋដែលមានគំនិតអាក្រក់នៅក្នុងប្រព័ន្ធអ៊ីនធឺណែត និងការការពារបទបញ្ជាដែលផ្អែកលើច្បាប់ ក៏ដូចជានៅក្នុងដែនឌីជីថលផងដែរ»។

ដោយយោងទៅតាម Mandiant ដែលជាក្រុមហ៊ុនសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតដែលមានទីតាំងនៅសហរដ្ឋអាមេរិកបានលើកឡើងថា នៅឆ្នាំ 2023 ប្រទេសនានាអាចរំពឹងទុកថានឹងឃើញមានការឈ្លានពានកាន់តែច្រើនឡើងដោយអ្នកវាយប្រហារដែលមិនរួបរួមជាអង្គការ និងមិនមែនរដ្ឋ។ Mandiant ក៏បានព្យាករណ៍ផងដែរថា ប្រទេសអ៊ីរ៉ង់ ប្រទេសកូរ៉េខាងជើង សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសរុស្ស៊ីនឹងមាន «ភាពសកម្មខ្លាំង» នៅក្នុងឆ្នាំ 2023 ដោយប្រើប្រាស់ការវាយប្រហារបំផ្លិចបំផ្លាញ ប្រតិបត្តិការព័ត៌មាន និងការគំរាមកំហែងដល់ផ្នែកហិរញ្ញវត្ថុ។

Quad បានបង្កើតភាពជាដៃគូសម្រាប់សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីដោះស្រាយនូវការគំរាមកំហែងបែបនេះ ជាពិសេសការគំរាមកំហែងពីប្រទេសកូរ៉េខាងជើង។

មេដឹកនាំ Quad បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូនៅដើមឆ្នាំ 2022 ថា «នៅក្នុងពិភពឌីជីថលកាន់តែកើនខ្លាំងឡើងជាមួយនឹងការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតដ៏ទំនើប យើងទទួលស្គាល់នូវតម្រូវការបន្ទាន់មួយក្នុងការប្រើប្រាស់វិធីសាស្រ្តរួមមួយក្នុងការពង្រឹងសន្តិសុខលើអ៊ីនធឺណិត»។

សេតវិមានបានប៉ាន់ប្រមាណថា ទីក្រុងព្យុងយ៉ាងបានផ្តល់នូវមូលនិធិចំនួន 30% នៃកម្មវិធីអាវុធប្រល័យលោករបស់ខ្លួន ទោះបីជាសកម្មភាពផ្សេងៗតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ក៏ដោយ។

លោកស្រី Anne Neuberger ដែលជាទីប្រឹក្សាសន្តិសុខជាតិរងរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden សម្រាប់បច្ចេកវិទ្យាប្រព័ន្ធអ៊ីនធឺណិត និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនបានមានប្រសាសន៍នៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 ថា «សកម្មភាពព្យាបាទតាមប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសកូរ៉េខាងជើងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង»។ «អ្នកបានឃើញថា យើងសន្មតថាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសកូរ៉េខាងជើងមួយចំនួនប្រឆាំងទៅនឹងហេដ្ឋារចនាសម្ពន្ធរូបិយបណ្ណគ្រីបតូ ដែលយើងជឿថាបានធ្វើឱ្យប្រទេសកូរ៉េខាងជើងមានប្រាក់យ៉ាងច្រើនសម្បើម»។

Neuberger បានមានប្រសាសន៍ថា​ អាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនកំពុងប្រើប្រាស់ឧបករណ៍ជាច្រើន ដើម្បីស្វែងរកសកម្មភាពខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិតរបស់ប្រទេសកូរ៉េខាងជើង និងដាក់ទណ្ឌកម្មចំពោះអ្នកដែលទទួលខុសត្រូវ។ នាងបានថាលើកឡើង ដោយប្រើឈ្មោះផ្លូវការរបស់ប្រទេសកូរ៉េខាងជើងថា «ការងាររបស់យើងក្នុងការប្រឆំាងទៅនឹងសកម្មភាពតាមប្រព័ន្ធអ៊ីនធឺណិតដ៏អាក្រក់របស់ DPRK [សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ] គឺធ្វើឡើងទាំងជាមួយនឹងសម្ពន្ធមិត្ត និងដៃគូជិតស្និទ្ធ រួមទាំងកិច្ចសហប្រតិបត្តិនៃការស៊ើបការណ៍ទាក់ទងទៅនឹងការគំរាមកំហែង ទាក់ទងនឹងអ្នកប្រព្រឹត្តរបស់ពួកគេ ក៏ដូចជាការងារដើម្បីធ្វើឱ្យមានការពិបាកក្នុងការផ្លាស់ប្តូរមូលនិធិខុសច្បាប់ តាមរយៈហេដ្ឋារចនាសម្ពន្ធរូបិយបណ្ណគ្រីបតូ»។

អ្នកដឹកនាំ Quad បានប្តេជ្ញាចិត្តក្នុងការកែលម្អហេដ្ឋារចនាសម្ពន្ធនៃប្រព័ន្ធអ៊ីនធឺណិតសំខាន់ៗ ដោយការចែករំលែកព័ត៌មានដែលមានការគំរាមកំហែង ការកំណត់អត្តសញ្ញាណនិងការវាយតម្លៃហានិភ័យនៃខ្សែសង្វាក់ផ្គត់ផ្គង់សក្តានុពលសម្រាប់ផលិតផលនិងសេវាកម្មដែលអនុញ្ញាតដោយឌីជីថល ការសម្របតាមស្តង់ដារសុវត្ថិភាពសូហ្វវែរជាមូលដ្ឋានសម្រាប់លទ្ធកម្មរបស់រដ្ឋាភិបាល និងការប្រើប្រាស់អំណាចទិញសមូហភាព ដើម្បីកែលម្អប្រព័ន្ធអេកូអភិវឌ្ឍសូហ្វវែរ។ ប្រទេសអូស្ត្រាលីនឹងនាំមុខគេក្នុងការការពារហេដ្ឋារចនាសម្ពន្ធដ៏សំខាន់ ប្រទេសឥណ្ឌានឹងផ្តោតទៅលើភាពធន់នឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងសន្តិសុខ ប្រទេសជប៉ុនក៏ផ្តោតទៅលើការអភិវឌ្ឍកម្លាំងពលកម្ម និងទេពកោសល្យ និងអាមេរិកធ្វើការយកចិត្តទុកដាក់លើស្តង់ដារសន្តិសុខសូហ្វវែរ។ ជារួមមក ពួកគេមានគោលបំណងក្នុងការទប់ស្កាត់ឧបទ្ទវហេតុតាមប្រព័ន្ធអ៊ីនធឺណិតដោយរៀបចំអំណាចជាតិ និងអន្តរជាតិសម្រាប់ឧបទ្ទវហេតុដែលអាចកើតមាន ហើយឆ្លើយតបយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពចំពោះឧបទ្ទវហេតុនោះ ប្រសិនបើចាំបាច់។

ដោយយោងតាមគោលការណ៍របស់ Cybersecurity Partnership បានលើកឡើងថា «យើងចែករំលែកនូវការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរលើការគំរាមកំហែងដ៏ស្មុគស្មាញ និងបែបបំផ្លិចបំផ្លាញដែលកើតចេញពីអ្នកប្រព្រឹត្តតាមប្រព័ន្ធអ៊ីនធឺណិតដែលមានគំនិតអាក្រក់ និងហានិភ័យដែលពួកគេបង្កឡើងឱ្យសន្តិសុខជាតិ ហើយបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ការសម្របសម្រួលនៃកិច្ចខិតខំប្រឹងប្រែងរៀងៗខ្លួន ដើម្បីពង្រឹងការអភិវឌ្ឈសមត្ថភាពរបស់ប្រទេសជាសមាជិក Quad និងដៃគូរបស់ពួកគេនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ «យើងអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឱ្យកើនឡើងនូវកម្លាំងការងារសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតរបស់យើង ដោយផ្អែកលើការទទួលស្គាល់រួមគ្នាថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងមានការកើនឡើង និងកាន់តែស្មុគស្មាញថែមទៀត ហើយយើងក៏ចែករំលែកអំពីបញ្ហាប្រឈមនៃការបង្កើតជំនាញការដ៏ត្រឹមត្រូវផងដែរ។ បន្ថែមពីលើការអភិវឌ្ឈសមត្ថភាព ប្រទេសជាសមាជិក Quad នឹងធ្វើការរួមគ្នាដើម្បីបង្កើនកម្លាំងការងារសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតរួមគ្នារបស់យើង និងក្រុមអ្នកជំនាញប្រព័ន្ធអ៊ីនធឺណិតដែលមានទេពកោសល្យ។

រូបភាព៖ ISTOCK


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button