ប្រទេសជប៉ុន អង្គការសហប្រជាជាតិជួយស្ដារស្ថិរភាពតំបន់រងការខ្ទិចខ្ទាំពីសង្គ្រាមនៅប្រទេសហ្វីលីពីនភាគខាងត្បូង
Tom Abke
ជប៉ុនកំពុងជួយប្រទេសហ្វីលីពីនជំរុញការអភិវឌ្ឍ កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សន្តិភាពយូរអង្វែងក្នុងតំបន់ស្វយ័ត Bangsamoro Autonomous Region in Muslim Mindanao (BARMM) ដែលរងការខ្ទិចខ្ទាំពីសង្គ្រាមប្រទេសហ្វីលីពីនភាគខាងត្បូង។ ប្រទេសជប៉ុនកំពុងឧបត្ថម្ភកម្មវិធីកាត់បន្ថយចំនួនអាវុធធុនស្រាលតាមរយៈកម្មវិធីអភិវឌ្ឍមួយទៀត។ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ផ្ដល់ជំនួយផ្នែកដឹកជញ្ជូន។
BARMM ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ 2019 បន្ទាប់ពីការចចារសន្តិភាពរយៈពេលជាច្រើនឆ្នាំរវាងរដ្ឋាភិបាលហ្វីលីពីន និងចលនាផ្តាច់ខ្លួនដែលរួមមានក្រុមកម្លាំងរំដោះអ៊ីស្លាម Moro (MILF)។ ក្រុមផ្ដាច់ខ្លួនបានធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលហ្វីលីពីនអស់រយៈពេលជាច្រើនទសវត្សន៍មុនពេលកិច្ចព្រមព្រៀងនៅឆ្នាំ 2014។ តំបន់នេះមានទីក្រុង Marawi ដែលក្រុមជ្រុលនិយម Abu Sayyaf គ្រប់គ្រងអស់រយៈពេលប្រាំខែនៅឆ្នាំ 2017 មុនពេលកងកម្លាំងរដ្ឋាភិបាលរំដោះទីក្រុងក្នុងការប្រយុទ្ធដែលធ្វើឱ្យទីក្រុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ឧត្តមនាវីទោចូលនិវត្តន៍នៃកងទ័ពជើងទឹកហ្វីលីពីន Rommel Jude Ong បានប្រាប់ទស្សនាវដ្តី FORUM ថា៖ «រដ្ឋាភិបាលហ្វីលីពីនចង់ឱ្យ BARMM ទទួលបានជោគជ័យ»។ «គោលដៅចុងបញ្ចប់គឺកសាងសមត្ថភាពថ្នាក់ដឹកនាំក្នុងមូលដ្ឋានដើម្បីធ្វើការអភិបាលតំបន់ស្វយ័ត រួមទាំងអ្នកដែលធ្លាប់ជាប់ទាក់ទងនឹងក្រុមកម្លាំងប្រដាប់អាវុធ»។
លោក Ong បានបន្តថាជំនួយដែលផ្ដល់ឱ្យដោយដៃគូអន្តរជាតិដូចជា ជប៉ុន និង UNDP គឺមានសារៈសំខាន់ណាស់ដោយសារការពង្រីកបទពិសោធន៍ក្នុងអភិបាលកិច្ចរបស់ភាគីពាក់ព័ន្ធ ដោយផ្ដល់ធនធាន និងដោយគ្មានការលំអៀង។
UNDP បានរាយការណ៍ថា គម្រោងជំនួយសម្រាប់សន្តិសុខ សន្តិភាព សមាហរណកម្ម និងការកសាងឡើងវិញសម្រាប់សន្តិសុខមនុស្សជាតិនៅតំបន់ BARMM ឬហៅថា ASPIRE កំពុងអនុវត្តដោយ UNDP ដោយមានជំនួយហិរញ្ញវត្ថុពីប្រទេសជប៉ុនចំនួន 5 លានដុល្លារអាមេរិក។ គម្រោងត្រូវបានបង្កើតតាមរយៈការពិភាក្សាយោបល់ជាមួយគណៈកម្មាធិការស្ដារស្ថិរភាពចម្រុះ (JNC) ដែលមានសមាជិកពីរដ្ឋាភិបាលហ្វីលីពីន និងពីក្រុម MILF ក្នុងគោលដៅកាត់បន្ថយចំនួនអាវុធធុនស្រាល និងរំសាយក្រុមប្រដាប់អាវុធ។ (រូបភាព៖ អាវុធដែលត្រូវបានប្រគល់ដោយអតីតក្រុមកម្លាំងរំដោះអ៊ីស្លាម Moro ត្រូវបានដាក់ស្លាកអំឡុងពេលរំសាយនៅក្នុងខេត្ត Maguindanao របស់ប្រទេសហ្វីលីពីនក្នុងខែកញ្ញា ឆ្នាំ 2022។)
សារព័ត៌មាន Benar News បានរាយការណ៍ថា ជម្លោះប្រដាប់អាវុធរយៈពេលពីរថ្ងៃរវាងកងទ័ពហ្វីលីពីន និងក្រុម MILF បានកើតឡើងនៅដើមខែវិច្ឆិកា ឆ្នាំ 2022 នៅកោះ Basilan នៅតំបន់ BARMM មុនពេលមានបទឈប់បាញ់។ ទាហ៊ានចំនួនបីនាក់ និងសមាជិកក្រុម MILF ចំនួនប្រាំពីរនាក់បាត់បងជីវិតក្នុងការប្រយុទ្ធ។ ទីប្រឹក្សារដ្ឋាភិបាលបាននិយាយថា កងកម្លាំងពីខាងក្រៅប្រទេសដែលកំពុងព្យាយាមបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាព បានបង្កឱ្យមានជម្លោះនេះ។
គម្រោង ASPIRE ក៏កំពុងព្យាយាមផ្ដល់ជំនួយសេដ្ឋកិច្ចដល់អតីតអ្នកប្រយុទ្ធ និងក្នុងការធ្វើសមាហរណកម្មពួកគេទៅក្នុងសហគមន៍។
លោក Ong បានថ្លែងបន្តថា ៖«ការរំសាយសមាជិកក្រុមប្រដាប់អាវុធគឺជាផ្នែកដ៏សំខាន់នៃកិច្ចខិតខំការកសាងសន្តិភាពរបស់រដ្ឋាភិបាលហ្វីលីពីន»។ លោកបានបន្តថា ថវិកាពីក្រៅប្រទេសគឺមានសារសំខាន់ណាស់សម្រាប់គម្រោងអភិវឌ្ឍន៍នេះដោយសារវាបំពេញចន្លោះប្រហោងរបស់រដ្ឋាភិបាល។
ជំនួយហិរញ្ញវត្ថុរបស់ជប៉ុនចាប់ផ្ដើមក្នុងខែកញ្ញា ឆ្នាំ 2022 បន្ទាប់ពី JNC ស្វែងរកជំនួយសម្រាប់គម្រោងអភិវឌ្ឍន៍ ASPIRE។
ជប៉ុនបានផ្ដល់ជំនួយតាមរយៈកម្មវិធីអភិវឌ្ឍផ្សេងទៀតនៅក្នុងតំបន់ BARMM ផងដែរ ដែលមានទាំងការបណ្ដុះបណ្ដាលការងារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយគម្រោងភាគច្រើនគឺតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) របស់រដ្ឋាភិបាលជប៉ុន។
ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅចុងខែតុលា ឆ្នាំ 2022 ក្រសួងហិរញ្ញវត្ថុនិងថវិកា និងការគ្រប់គ្រងរបស់តំបន់ BARMM និងទីភ្នាក់ងារ JICA បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេអំពីគោលនយោបាយថវិកាដែលមានមូលដ្ឋានត្រឹមត្រូវក្នុងតំបន់នេះ។
លោក Ubaida Pacasem រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់ BARMM បានថ្លែងអំពីការចូលរួមរបស់ JICA ថា ៖«យើងមើលឃើញថានេះជាសុច្ឆន្ទៈដែលចូលរួមក្នុងការខិតខំនៅរបស់យើងដើម្បីសម្រេចបាននូវរដ្ឋាភិបាលដែលមានតម្លាភាព មានលក្ខណៈបរិយាប័ន្ន និងទទួលខុសត្រូវដោយឈរលើគោលការណ៍នៃអភិបាលកិច្ចល្អ»។
Tom Abke គឺជាការីនិពន្ធរបស់ទស្សនាវដ្តី FORUM រាយការណ៍ពីប្រទេសសិង្ហបុរី។
ប្រភពរូបភាព៖ សារព័ត៌មាន BENAR NEWS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។