ធនធាន សង្គ្រាម
របៀបដែលចិនប្រើដែនទឹកជាអាវុធ
លោក Brahma Chellaney
រដ្ឋាភិបាលកុម្មុយនិស្តចិនមានឆន្ទៈក្នុងការបង្វែរអំណាចដែលខ្លួនទទួលបានពីប្រទេសដទៃទៅជាសព្វាវុធ។ ឧទាហរណ៍គួរឱ្យកត់សម្គាល់ពីរគឺ ភាពផ្តាច់មុខរបស់ប្រទេសនេះលើការផ្គត់ផ្គង់ជាសកលនៃរ៉ែកម្រ និងគម្រោងផ្តល់ប្រាក់កម្ចីអន្តរជាតិដ៏ធំរបស់ខ្លួន។ សាធារណរដ្ឋប្រជាមានិតចិន (PRC) ដែលឥឡូវនេះកាន់កាប់បំណុលច្រើនជាង ៥% នៃផលិតផលក្នុងស្រុកសរុបជាសកល បានកាត់បន្ថយសារៈសំខាន់នៃអ្នកផ្តល់ឥណទានធំៗដូចជាធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងប្រទេសម្ចាស់បំណុលទាំងអស់នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និង ការអភិវឌ្ឍរួមបញ្ចូលគ្នា។
ដើម្បីទទួលបានការគាំទ្រសម្រាប់គោលដៅយុទ្ធសាស្ត្ររបស់ខ្លួន បក្សកុម្មុយនិស្តចិន (CCP) បានលើកទឹកចិត្ត ហើយបន្ទាប់មកជញ្ជក់ផលប្រយោជន៍លើទំនុកចិត្តរបស់ប្រទេសផ្សេងទៀតមកលើសាធារណរដ្ឋប្រជាមានិតចិន PRC សម្រាប់ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ឱសថសំខាន់ៗ និងឧបករណ៍វេជ្ជសាស្ត្រ រ៉ែ និងប្រាក់ចំណូលពីទេសចរណ៍។ មធ្យោយបង្ខិតបង្ខំរបស់បក្សកុម្មុយនិស្តចិន រួមមានទាំង ការដាក់កំហិត លើការនាំចេញនិង នាំចូលនានា និងរបាំងមិនមែនពន្ធគយផ្សេងទៀត ការធ្វើពហិការអតិថិជន ការរឹតបន្តឹងក្រុមទេសចរណ៍ចិន និងព្រមទាំងបិទផ្លូវចូលនេសាទផងដែរ។
ដោយមើលតាមកំណត់ត្រារបស់បក្សកុម្មុយនិស្តចិននៃការបំពានច្បាប់អន្តរជាតិ វាពិតជាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេដែលគណបក្សក្រោមការដឹកនាំរបស់អគ្គលេខាធិកាលោក Xi Jinping មិនបោះបង់ចោលការប្រើដែនសមុទ្រជាអាវុធ ដោយដែនសមុទ្រទាំងនោះជាកន្លែងកកើតធនធាន និងទ្រទ្រង់ជីវិត ដែលការកើនឡើងនៃកង្វះខាតធនធានទាំងនោះកំពុងតែគំរាមកំហែងដល់អនាគតសេដ្ឋកិច្ចរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
ការគ្រប់គ្រងអំណាចដែនទឹកបែបបង្ខិតបង្ខំ
មិនយូរប៉ុន្មានបន្ទាប់ពីការបង្កើតសាធារណរដ្ឋប្រជាមានិតចិនហើយនោះ បក្សកុម្មុយនិស្តចិនក៏បានកាត់យកតំបន់ Xinjiang និងទីបេ ដែលធ្វើឱ្យមានការកើនឡើងទ្វេដងនៃទឹកដីរបស់ប្រទេសខ្លួន ហើយធ្វើឱ្យចិនក្លាយជាប្រទេសធំជាងគេទីបួនរបស់ពិភពលោក។ ការកាត់យកតំបន់ខ្ពង់រាបទីបេដែលសម្បូរដោយទឹកនេះ គឺជាព្រឹត្តិការណ៍អភិវឌ្ឍន៍ភូមិសាស្ត្រនយោបាយដ៏សំខាន់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាមលោកលើកទី ២ ដោយសារតែវាបានផ្តល់ឱ្យសាធារណរដ្ឋប្រជាមានិតចិននូវព្រំដែនជាប់ជាមួយប្រទេសប៊ូតង់ ឥណ្ឌា ភូមា និងនេប៉ាល់។
ទីបេគឺជាប្រភពនៃប្រព័ន្ធទន្លេសំខាន់ៗចំនួន ១០ របស់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានន័យថាការកាត់បញ្ចូលដែនដីនេះបានផ្លាស់ប្តូរផែនទីទឹកក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព។ ការអភិវឌ្ឍនេះបានជួយសម្រួលដល់ការកើនឡើងអំណាចរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងនាមជាប្រទេសគ្រប់គ្រងដែនទឹកដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងសម័យទំនើបនេះ។
សព្វថ្ងៃនេះ ទំនប់ទឹកមេហ្គាដែលសាងសង់ដោយចិននៅជិតព្រំដែនអន្តរជាតិនៃខ្ពង់រាបទីបេផ្តល់ឱ្យបក្សកុម្មុយនិស្តចិននូវឥទ្ធិពលលើប្រទេសជិតខាងដែលនៅតាមខ្សែទឹក។ ប្រជាជនជាង ១ ពាន់លាននាក់នៅក្នុងរាប់សិបប្រទេស រួមទាំងចិនដីគោកផងដែរនោះ បានទទួលអាហារូបត្ថម្ភដែលរួមមានប្រូតេអ៊ីនពីត្រីដ៏សម្បូរបែប ដែលផ្ដល់ដោយទន្លេដែលមានដើមកំណើតនៅទីបេនោះ។
ការប្រើប្រាស់ទឹកដើម្បីវារីអគ្គិសនីរបស់សាធារណរដ្ឋប្រជាមានិតចិន
បង្កឱ្យមានបញ្ហាប្រឈមទៅលើទឹកសាបនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែល
ជាតំបន់មានការរាំងស្ងួតខ្លាំងបំផុតរបស់ពិភពលោកសម្រាប់ប្រជាជន
ម្នាក់ៗ។ ដែនទឹកបានក្លាយទៅជាការខណ្ឌចែកថ្មីមួយនៅក្នុងទំនាក់ទំនង់របស់សាធារណរដ្ឋប្រជាមានិតចិនជាមួយប្រទេសជិតខាងនៅតាមតំបន់មាត់ទន្លេ។ ការខណ្ឌចែកនេះត្រូវបានគេមើលឃើញកាន់តែច្បាស់នៅពេលដែលបក្សកុម្មុយនិស្តចិន បានផ្លាស់ប្តូរកាន់តែខ្លាំងឡើងនូវការផ្តោតការយកចិត្តទុកដាក់លើការសាងសង់ទំនប់ទឹករបស់ខ្លួនពីទន្លេខាងក្នុងរបស់ខ្លួនទៅជាទន្លេដែលហូរឆ្លងកាត់ចេញពីតំបន់កំណើតរបស់ជនជាតិភាគតិចទៅវិញ។
មានតែទន្លេដែលហូរឆ្លងប្រទេសសំខាន់ៗចំនួនបីប៉ុណ្ណោះ – ទន្លេ Amur, Ili និង Irtysh ដែលហូរទៅកាន់កាហ្សាក់ស្ថាន ឬរុស្ស៊ី – មានប្រភពចេញពីប្រទេសចិននៅខាងក្រៅខ្ពង់រាបទីបេ ដែលភោគទ្រព្យនៃធនធានទឹក និងរ៉ែដ៏សម្បូរបែបរបស់តំបន់នេះ គឺជាកត្តាដ៏ធំមួយក្នុងការដាក់ឱ្យផ្នែកនយោបាយស្ថិតនៅក្រោមអំណាចរបស់ខ្លួន។ ការបង្វែរទឹករបស់សាធារណរដ្ឋប្រជាមានិតចិន PRC ពី Ili គំរាមកំហែងដល់ការផ្លាស់ប្តូរបឹងដ៏ធំបំផុតរបស់ប្រទេសកាហ្សាក់ស្ថាន គឺបឹង Balkhash ដែលលាតសន្ធឹងលើផ្ទៃដីប្រហែល ១៨ ០០០ គីឡូម៉ែត្រការ៉េ – ទៅជាសមុទ្រ Aral មួយផ្សេងទៀតដែលបានក្លាយជានិមិត្តរូបនៃគ្រោះមហន្តរាយបរិស្ថានដែលបង្កើតឡើងដោយមនុស្ស។
ទំនប់វារីអគ្គិសនីចិនថ្មីដ៏ធំមួយចំនួននៅតាមទន្លេដែលហូរឆ្លងប្រទេសដែលមានប្រភពពីទីបេ មានផលប៉ះពាល់ផ្នែកបរិស្ថានខ្លាំងបំផុត។ សាធារណរដ្ឋប្រជាមានិតចិនបានលេចចេញជាឧបសគ្គចម្បងក្នុងការបង្កើតកិច្ចសហប្រតិបត្តិការជាស្ថាប័នធនធានទឹករួមគ្នានៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក ដែលមានទំនប់វារីអគ្គិសនីធំជាងប្រទេសដទៃទៀតនៃពិភពលោករួមបញ្ចូលគ្នា។
ប្រទេសដែលទំនងជាទទួលបន្ទុកយ៉ាងធ្ងន់ធ្ងរនៃកម្មវិធីរបស់បក្សកុម្មុយនិស្តចិនក្នុងការគ្រប់គ្រងលំហូរនៃទឹកដែលឆ្លងព្រំដែនគឺជាប្រទេសដែលនៅខ្សែទឹកឆ្ងាយបំផុតតាមដងទន្លេដូចជាទន្លេមេគង្គ និង Brahmaputra (ជនជាតិទីបេហៅថា Yarlung Zangbo)។ Brahmaputra ផ្តល់ប្រភពទឹកសាបដ៏ធំបំផុតសម្រាប់បង់ក្លាដែស។ ទន្ទឹមនឹងនោះ វៀតណាមស្ថិតនៅតាមខែ្សទឹកលើទន្លេពីរដែលហូរចេញពីគែមខ្ពង់រាបទីបេ៖ ទន្លេក្រហម ដែលជាផ្លូវទឹកសំខាន់នៃភាគខាងជើងវៀតណាម និងទន្លេមេគង្គ ដែលជាទន្លេសំខាន់នៃភាគខាងត្បូងវៀតណាម។
ផ្ទុយពីសន្ធិសញ្ញាដែនទឹកទ្វេភាគីរវាងប្រទេសជិតខាងជាច្រើន (រួមទាំងការចែករំលែកកតិកាសញ្ញារវាងគូបដិបក្ខប្រវត្តិសាស្ត្រឥណ្ឌា និងប៉ាគីស្ថាន) សាធារណរដ្ឋប្រជាមានិតចិនច្រានចោលគោលគំនិតនៃការចែករំលែកដែនទឹក ឬការរួមគ្នាគ្រប់គ្រងធនធានទឹក។ ដូច្នេះ ខ្លួនបដិសេធមិនចុះហត្ថលេខាលើសន្ធិសញ្ញាប្រើដែនទឹករួមជាមួយប្រទេសណាមួយនៅតាមខ្សែទឹកឡើយ។
សាធារណរដ្ឋប្រជាមានិតចិនអះអាងថាការរាំងខ្ទប់ ឬលំហូរនៃទឹកត្រូវស្ថិតក្រោមអធិបតេយ្យភាពពេញលេញនៃប្រទេសដែលពួកគេស្ថិតនៅ។ វាជាការទាមទារ «អធិបតេយ្យភាពដែលមិនអាចប្រកែកបាន» លើដែនទឹកនៅម្ខាងនៃព្រំដែនអន្តរជាតិរបស់ខ្លួន រួមទាំងសិទ្ធិក្នុងការបង្វែរទឹករួមឱ្យបានច្រើនតាមដែលប្រទេសនេះចង់បានសម្រាប់តម្រូវការរបស់ខ្លួន។
គោលការណ៍នេះត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងលទ្ធិ Harmon Doctrine ជាលទ្ធិដែលមានឈ្មោះមិនល្អ និងដែលលែងមានការជឿទុកចិត្តនៅសហរដ្ឋអាមេរិកកាលពីជាងមួយសតវត្សមុន។ គោលលទ្ធិនេះត្រូវបានដាក់ឈ្មោះតាមអតីតអគ្គមេធាវីរបស់អាមេរិកលោក Judson Harmon ដែលបានណែនាំគំនិតដែលថាសហរដ្ឋអាមេរិកមិនជំពាក់កាតព្វកិច្ចក្រោមច្បាប់អន្តរជាតិចំពោះម៉ិកស៊ិកលើធនធានទឹករួម ហើយមានសេរីភាពក្នុងការបង្វែរទឹករួមឱ្យបានច្រើនតាមដែលខ្លួនចង់បានតាមប្រសិទ្ធភាពសមរម្យសម្រាប់តម្រូវការរបស់សហរដ្ឋអាមេរិក។ ទោះបីជាមានគោលលទ្ធិនោះក៏ដោយ សហរដ្ឋអាមេរិកនៅតែបានបន្តបញ្ចប់កិច្ចព្រមព្រៀងចែករំលែកទឹកជាមួយម៉ិកស៊ិកចន្លោះឆ្នាំ ១៩០៦ និង ១៩៤៤។
ដោយច្រានចោលអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៩៧ ដែលគ្រប់គ្រងធនធានទឹករួម សាធារណរដ្ឋប្រជាមានិតចិនបានដាក់ចេញនូវអំណះអំណាងរបស់ខ្លួនថា អំណាចដើមទឹកមានសិទ្ធិក្នុងការទាមទារអធិបតេយ្យភាពទឹកដីពេញលេញលើដែនទឹកនៅម្ខាងព្រំដែនអន្តរជាតិរបស់ខ្លួន — ឬសិទ្ធិបង្វែរដែនទឹករួមគ្នាដោយមិនគិតពីឥទ្ធិពលលើប្រទេសតាមដងទន្លេ។
នេះបង្ហាញថាលទ្ធិ Harmon Doctrine អាចនឹងស្លាប់ទៅហើយនៅក្នុងប្រទេសកំណើតរបស់វា ប៉ុន្តែនៅរស់រានមានជីវិតនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។
ទំនប់ទឹកដែលធំជាងទំនប់ Three Gorges
ដោយសារបេសកកម្មរបស់ខ្លួនគឺដើម្បីជួយសាធារណរដ្ឋប្រជាមានិតចិន ឱ្យសម្រេចបាននូវភាពដែលមានអធិកភាពលើគេនៅឥណ្ឌូប៉ាស៊ីហ្វិកដោយការដាក់ប្រទេសជិតខាងរបស់ខ្លួនជាចំណុះ ទោះបីជាបក្សកុម្មុយនិស្តចិន អធិប្បាយអំពីសមភាព និងបដិភាពក្នុងទំនាក់ទំនងអន្តរជាតិក៏ដោយ ក៏វាមិននៅក្នុងការពិតដែរ។ សាធារណរដ្ឋប្រជាមានិតចិនមិនអាចសម្រេចបាននូវការគ្រប់គ្រងជាសាកលដោយគ្មានឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលផ្តោតលើប្រទេសចិន។ បក្សកុម្មុយនិស្តចិនចាត់ទុកឥណ្ឌា និងជប៉ុនជាគូប្រជែងដ៏មានសក្តានុពលរបស់ប្រទេសនេះនៅក្នុងតំបន់។ នៅក្នុងបរិបទនេះ បក្សកុម្មុយនិស្តចិនចង់លេងក្បួនយកទឹកសាបរបស់ខ្លួនមកប្រឆាំងនឹងប្រទេសឥណ្ឌា ដែលជាការប្រើអត្ថប្រយោជន៍ដោយមិនមានភាពពាក់ព័ន្ធនឹងប្រទេសជប៉ុន ដែលត្រូវបានខណ្ឌចែកដោយសមុទ្រពីប្រទេសចិននោះឡើយ។
ផ្ទុយនឹងប្រទេសឥណ្ឌា បក្សកុម្មុយនិស្តចិនកំពុងតែព្យាយាមធ្វើជាថ្មីម្តងទៀតនូវយុទ្ធសាស្ត្រអាងទន្លេមេគង្គរបស់ខ្លួន។ តាមរយៈការសាងសង់ទំនប់ទឹកធំ និងអាងស្តុកទឹកនៅតាមដងទន្លេមេគង្គ គេបានទទួលការគ្រប់គ្រងលើលំហូរទឹកដែលឆ្លងព្រំដែននៃទន្លេនោះ ដែលជាកត្តាដ៏សំខាន់សម្រាប់រដ្ឋដែលស្ថិតនៅជាប់ទន្លេមេគង្គក្រោម។ បក្សកុម្មុយនិស្តចិនបានអូសទាញរដ្ឋដែលស្ថិតនៅតាមខ្សែទឹកផ្នែកខាងក្រោមឱ្យចូលទៅក្នុងល្បែងសន្លឹកបៀរភូមិសាស្រ្តនយោបាយដែលមានការភ្នាល់ខ្ពស់ដោយជោគជ័យ ។
បក្សកុម្មុយនិស្តចិនមានលទ្ធភាពកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកពីតំបន់ដ៏ធំនៅទ្វីបអាស៊ីអាគ្នេយ៍ ដោយសារទំនប់ទឹកខ្នាតធំរបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១១ នៅលើទន្លេមេគង្គ។ ប្រការនេះបានធ្វើឱ្យប្រទេសដែលស្ថិតនៅតាមខ្សែទឹកផ្នែកខាងក្រោមពឹងផ្អែកលើ «សុច្ឆន្ទៈ» របស់ចិនក្នុងការទទួលបានទឹកសាបជាបន្តបន្ទាប់។
ជាមួយនឹងយុទ្ធសាស្ត្រស្រដៀងគ្នានេះ ប៉ុន្តែជាលក្ខណៈច្រើនសណ្ឋាន បក្សកុម្មុយនិស្តចិន និងអង្គភាពបញ្ជាការយោធារបស់ខ្លួន ដែលជាកងទ័ពរំដោះប្រជាជន សង្ឃឹមថានឹងមានឥទ្ធិពលនៅក្នុងប្រទេសឥណ្ឌា។ សមាសធាតុសង្គ្រាមដោយប្រយោល មានលក្ខណៈសម្គាល់ត្រង់សកម្មភាពរបស់សាធារណរដ្ឋប្រជាមានិតចិនដែលប្រឆាំងទៅនឹងប្រទេសឥណ្ឌា រួមទាំងការរៀបចំនូវលំហូរឆ្លងព្រំដែននៃទន្លេឡើងវិញ ការបង្កើតការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត និងការកាត់យកដែនដីបន្តិចម្តងៗនៅជួរភ្នំហិមាល័យដែលមានជម្លោះ។ ការកែប្រែទឹកដីរបស់ខ្លួនបាននាំឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធានៅតំបន់ភ្នំហិមាល័យរវាងកងកម្លាំងចិន និងកងកម្លាំងឥណ្ឌា ចាប់តាំងពីខែឧសភា ឆ្នាំ ២០២០ មកម្ល៉េះ ដោយបង្កើនការព្រួយបារម្ភអំពីទិដ្ឋភាពនៃការប៉ះទង្គិចកាន់តែច្រើន និងអាចមានសូម្បីតែសង្គ្រាមពេញលក្ខណៈ។
ក្នុងចន្លោះពេលដែលមានមានការប្រឈមមុខដាក់គ្នាលើផ្នែកយោធាជាមួយឥណ្ឌា សភាដែលគ្មានអំណាចរបស់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងខែមីនា ឆ្នាំ ២០២១ បានអនុម័តលើសេចក្តីសម្រេចរបស់បក្សកុម្មុយនិស្តចិនក្នុងការសាងសង់ទំនប់ដែលធំជាងគេដំបូងបង្អស់នៅលើពិភពលោកនៅឯទន្លេ Brahmaputra។ ទំនប់ទឹកដ៏ធំនឹងឆ្លងកាត់អន្លង់វែងបំផុត និងជ្រៅបំផុតនៅលើផែនដី នៅជិតព្រំដែនទីបេជាមួយឥណ្ឌា ជាតំបន់ដែលមានយោធាឈរជើងជាច្រើន។
ទន្លេ Brahmaputra មានរាងកោងក្រវែលជុំវិញភ្នំហិមាល័យក្នុងទិសដៅបត់ត្រឡប់ក្រោយជាអក្សរ U ហើយបង្កើតជាជ្រោះជ្រៅ Yarlung Zangbo Grand Canyon ក្នុងតំបន់ទីបេ ខណៈពេលដែលកម្ពស់ទឹកធ្លាក់ចុះជាង ២៨០០ ម៉ែត្រឆ្ពោះទៅកាន់វាលទំនាបទឹកជំនន់ឥណ្ឌា។ អន្លង់ទឹក ដែលជាតំបន់មួយក្នុងចំណោមតំបន់ដែលមានជីវចម្រុះច្រើនបំផុតរបស់ពិភពលោក ផ្ទុកនូវថាមពលទឹកទន្លេដែលមិនទាន់ទាញយកផលធំជាងគេនៅលើភពផែនដី។
ទំនប់ទឹកនេះធំជាងទំនប់ Three Gorges ដែលបំបែកកំណត់ត្រារបស់សាធារណរដ្ឋប្រជាមានិតចិននៅលើទន្លេ Yangtze ហើយត្រូវបានគេគិតថានឹងផលិតថាមពលអគ្គិសនីច្រើនជាងបីដងក្នុងមួយឆ្នាំ។
ការសាងសង់ទំនប់ទឹកដ៏ធំនៅតំបន់ដែលគេដឹងថាមានសកម្មភាពរញ្ជួយដីជាញឹកញាប់អាចធ្វើឱ្យវាក្លាយទៅជា “គ្រាប់បែកទឹក” សម្រាប់សហគមន៍នៅតាមខ្សែទឹកផ្នែកខាងក្រោមក្នុងប្រទេសឥណ្ឌា។ នៅក្នុងខែសីហា ឆ្នាំ ២០២០ ប្រជាជនចិនប្រហែល ៤០០ លាននាក់បានប្រឈមមុខនឹងហានិភ័យ បន្ទាប់ពីទឹកជំនន់ដែលមិនធ្លាប់មានពីមុនមកបង្កគ្រោះថ្នាក់ទៅដល់ទំនប់ទឹក Three Gorges ដែលជាទំនប់ដ៏ធំបំផុតនៅក្នុងពិភពលោក។
នៅក្នុងឆ្នាំ ២០២១ បក្សកុម្មុយនិស្តចិន បានកំណត់ដំណាក់កាលសម្រាប់ការសាងសង់ទំនប់ដោយបញ្ចប់ការសាងសង់ផ្លូវហាយវេជាយុទ្ធសាស្ត្រឆ្លងកាត់តំបន់ជ្រោះដ៏ជ្រៅ និងដោយចាប់ផ្តើមការសាងសង់សេវារថភ្លើងល្បឿនលឿនទៅកាន់ទីប្រជុំជនយោធាក្បែរនោះវិញ។ ផ្លូវដែក និងផ្លូវហាយវេអនុញ្ញាតឱ្យដឹកជញ្ជូនឧបករណ៍ធុនធ្ងន់ សម្ភារ និងកម្មករទៅកាន់តំបន់ដាច់ស្រយាល ដែលពីមុនមក លក្ខណៈភូមិសាស្រ្តតំបន់ដីនោះប្រកបដោយគ្រោះថ្នាក់ ដែលរារាំងមិនឱ្យចូលទៅដល់បាន។
ទំនប់ទឹកដែលធំជាងគេនឹងអនុញ្ញាតឱ្យសាធារណរដ្ឋប្រជាមានិតចិនគ្រប់គ្រងលំហូរនៃទឹកទន្លេដែលឆ្លងព្រំដែន និងប្រើប្រាស់ការទាមទារយកទឹកដីដ៏យូរលង់របស់ខ្លួនទៅកាន់រដ្ឋ Arunachal Pradesh ឥណ្ឌាដែលស្ថិតនៅក្នុងខ្សែទឹកផ្នែកខាងក្រោម។
ក្នុងការព្យាយាមកាន់កាប់ទឹកជាអាវុធប្រឆាំងនឹងប្រទេសឥណ្ឌា បក្សកុម្មុយនិស្តមានឆន្ទៈក្នុងការមិនអើពើទៅលើការខូចខាតដែលមិនអាចសង្គ្រោះវិញបាន ដែលគម្រោងរបស់ខ្លួនទំនងជានឹងបំផ្លាញនៅក្នុងតំបន់ដែលសម្បូរទៅដោយជីវចម្រុះ។ លើសពីនេះទៅទៀត តំបន់នេះគឺជាទឹកដីដ៏ពិសិដ្ឋសម្រាប់ជនជាតិទីបេ ដែលមានភ្នំ ច្រាំងថ្មចោទ និងល្អាងភ្នំដែលតំណាងឱ្យរូបកាយនៃអាទិទេពដែលការពារថែរក្សារបស់ពួកគេ Dorje Phagmo និង Brahmaputra តំណាងឱ្យឆ្អឹងខ្នងរបស់នាង។
ដោយរួមមានតំបន់ទំនាបលិចទឹក និងដីសណ្តភាគច្រើន ប្រទេសបង់ក្លាដែសដែលមានដង់ស៊ីតេប្រជាជនខ្ពស់ទំនងជានឹងទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងខ្លាំងពីគម្រោងនេះ។ ប្រជាជន ១៦៥ លាននាក់របស់ប្រទេសនេះប្រឈមមុខនឹងអនាគតដែលជាប់គាំងដោយបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ហើយការបំផ្លិចបំផ្លាញដែលបង្កឡើងដោយទំនប់ចិនអាចបង្កឱ្យមានការភៀសខ្លួនថ្មីទៅកាន់ប្រទេសឥណ្ឌា ដែលជាទីស្នាក់អាស្រ័យរបស់ជនចំណាកស្រុកបង់ក្លាដែសរាប់លាននាក់រួចទៅហើយនោះ។
ផលប៉ះពាល់ធំជាងនេះទៅទៀត
ដោយសារសក្ការៈរបស់ខ្លួនចំពោះធម្មជាតិ វប្បធម៌ទីបេបានបម្រើខ្លួនជាអ្នកការពារបរិស្ថានអស់រយៈពេលជាច្រើនសតវត្សមកហើយ ដោយជួយការពារជីវចម្រុះ និងទេសភាពដ៏បរិសុទ្ធផងនោះ។ ប៉ុន្តែបក្សកុម្មុយនិស្តចិនបានកំពុងតែទន្ទ្រានបំផ្លិចបំផ្លាញទេសភាពដ៏ពិសិដ្ឋរបស់ប្រជាជននៅទីបេបន្តិចម្ដងៗ។
ចាប់ពីការប្រញាប់ប្រញាល់ក្នុងការជីកយករ៉ែមាសនៅក្នុងតំបន់ព្រំដែនដែលខ្លួនបានរឹបអូសពីប្រទេសឥណ្ឌាជាច្រើនទសវត្សរ៍មុននោះ មកក្លាយជាការសាងសង់ទំនប់វារីអគ្គិសនីយ៉ាងគំហុករបស់ខ្លួននៅលើទន្លេហូរឆ្លងប្រទេសហើយនោះ បក្សកុម្មុយនិស្តចិនក៏បានឈានទៅរកធនធានធម្មជាតិដែលហួសនឹងកម្រិតសមស្របនៅក្នុងទីបេ។ ឈ្មោះជាភាសាចិនសម្រាប់ទីបេតាំងពីរាជវង្សឈីងរបស់ជាតិសាសន៍ម៉ាន់ជូ – ស៊ីហ្សាង ឬ «ទឹកដីកំណប់ទ្រព្យខាងលិច» – ពន្យល់ពីមូលហេតុដែលគម្រោងទឹក និងរ៉ែសំខាន់ៗរបស់សាធារណរដ្ឋប្រជាមានិតចិនត្រូវបានផ្តោតនៅលើខ្ពង់រាបនោះ។
ក្រោយពីអស់ធនធានធម្មជាតិរបស់ខ្លួនដោយសារតែកំណើនសេដ្ឋកិច្ចដ៏ខ្ជះខ្ជាយនោះ សាធារណរដ្ឋប្រជាមានិតចិនក៏បន្តក្រេបជញ្ជក់ធនធានអេកូឡូស៊ីនៃខ្ពង់រាបទីបេដែលងាយរងគ្រោះ។ នេះមិនត្រឹមតែជាខ្ពង់រាបធំជាងគេរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ខ្ពស់បំផុតដែលធ្វើឱ្យវាមានឈ្មោះថា «ដំបូលពិភពលោក»។ ទំនប់កំពូលលើជ្រលង Brahmaputra នឹងមានកម្ពស់ប្រហែល ១ ៥២០ ម៉ែត្រដែលជាទំនប់ដែលខ្ពស់បំផុតក្នុងចំណោមទំនប់ខ្នាតយក្សនានា។
ទំនប់ធំៗភាគច្រើនដែលសាធារណរដ្ឋប្រជាមានិតចិនកំពុងសាងសង់ ឬគ្រោងទុក គឺផ្ដោតទៅលើភាគនិរតីនៃប្រទេសចិន ដែលមានសកម្មភាពរញ្ជួយដី ដែលភាគច្រើនមានប្រជាជនទីបេ ឬជនជាតិភាគតិចដទៃទៀត។ គម្រោងបែបនេះកំពុងបង្កឱ្យមានភាពតានតឹងដល់ជនជាតិភាគតិចលើការផ្លាស់ទីលំនៅ និងការលិចទឹក។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសនៅខាងក្រោមមានអំណាចតិចតួចក្នុងការបញ្ឈប់សាធារណរដ្ឋប្រជាមានិតចិនពីការបំផ្លាញបរិស្ថានតាមរយៈការសាងសង់ទំនប់វារីអគ្គិសនីដ៏សម្បូរបែបរបស់ខ្លួន។ ទោះបីជាអាចនឹងបង្កសង្រ្គាមក៏ដោយ ឥណ្ឌានៅតែប្រទាញប្រទង់ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ហើយប្រជែងជាមួយនឹងកងកម្លាំង និងសមត្ថភាពរបស់ចិនដោយបើកចំហ។ យ៉ាងណាក៏ដោយ ឥណ្ឌាមានជម្រើសតិចតួចសម្រាប់ឆ្លើយតបទៅនឹងការរៀបចំឡើងវិញរបស់សាធារណរដ្ឋប្រជាមានិតចិនលើលំហូរទឹកដែលឆ្លងកាត់ប្រទេស ក្រៅពីការផ្តោតអារម្មណ៍លើសកម្មភាពឯកតោភាគីរបស់ចិន។
សកម្មភាពតាមដងទន្លេរបស់ចិនបានបង្កឱ្យមានទឹកជំនន់ភ្លាមៗនៅក្នុងរដ្ឋជាប់ព្រំដែនឥណ្ឌា និងបានបំពុលទន្លេ Siang ដែលជាដៃទន្លេដ៏សំខាន់របស់ជ្រលង Brahmaputra។ ទំនប់ដ៏ធំរបស់សាធារណរដ្ឋប្រជាមានិតចិននៅជិតព្រំដែនឥណ្ឌាអាចបណ្តាលឱ្យមានការបំផ្លិចបំផ្លាញក្នុងទំហំធំជាងអ្វីដែលបានឃើញនៅក្នុងអាងទន្លេមេគង្គ ជាកន្លែងដែលបណ្តាញទំនប់ដ៏ធំរបស់ចិនកំពុងបណ្តាលឱ្យមានគ្រោះរាំងស្ងួតកើតឡើងជាញឹកញាប់នៅទីនោះ។ ទំនប់វារីអគ្គិសនីនេះក៏កំពុងបំផ្លាញជីវចម្រុះ និងជលផលផងដែរ ដោយការរំខានដល់វដ្តទឹកជំនន់ប្រចាំឆ្នាំរបស់ទន្លេមេគង្គ និងរារាំងលំហូរនៃដីល្បាប់ដែលសម្បូរសារធាតុចិញ្ចឹមពីជួរភ្នំហិមាល័យ។ ប៉ុន្តែទំនប់ទឹកបានជួយបក្សកុម្មុយនិស្តចិនឱ្យប្រើប្រាស់ការគ្រប់គ្រងទឹកនៅផ្នែកខាងលើរបស់ខ្លួន ដើម្បីមានឥទ្ធិពលលើគោលនយោបាយរបស់ប្រទេសនៅតាមខ្សែទឹក។ សាធារណរដ្ឋប្រជាមានិតចិនមិនមានសន្ធិសញ្ញាទឹកជាមួយប្រទេសមេគង្គក្រោមនោះទេ។ របាយការណ៍ថ្មីៗនេះបានរកឃើញថា ទោះបីជាចិនបានយល់ព្រមនៅចុងឆ្នាំ ២០២០ ដើម្បីចែករំលែកទិន្នន័យពេញមួយឆ្នាំបន្ថែមទៀតជាមួយគណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នគ្រប់គ្រងតំបន់ក៏ដោយ ក៏សាធារណរដ្ឋប្រជាមានិតចិនមិនបានផ្តល់នូវកម្រិតនៃតម្លាភាពដែលត្រូវការ ឬទិន្នន័យគ្រប់គ្រាន់ទាន់ពេលវេលាសម្រាប់ប្រទេសតាមខ្សែទឹកដើម្បីគ្រប់គ្រងលំហូរទឹកនោះផងដែរ។
តំបន់ឥណ្ឌូប៉ាស៊ីហ្វិកបានលេចចេញជាចំណុចប្រទាញទំនងបំផុតសម្រាប់ជម្លោះដែនទឹកដែលជាលទ្ធផលនៃបក្សកុម្មុយនិស្តចិនដែលធ្វើឱ្យការគ្រប់គ្រង និងការរៀបចំលំហូរទន្លេក្លាយជាចំណុចស្នូលនៃអំណាចរបស់ប្រទេសចិន។ ទីក្រុងប៉េកាំងទទួលបានអំណាចផ្នែកហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងនយោបាយយ៉ាងសំខាន់លើប្រទេសជិតខាងជាច្រើនរួចទៅហើយ។ ឥឡូវនេះ ដោយការប្រើឥទ្ធិពលលើការគ្រប់គ្រងដែលមិនស្របគ្នាលើលំហូរទឹកដែលឆ្លងព្រំដែននោះ ចិនក៏ព្យាយាមចាប់យកក្បាលម៉ាស៊ីនទឹករបស់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។