ទិដ្ឋភាពនៅឥណ្ឌូប៉ាស៊ីហ្វិក
សូមស្វាគមន៍មកកាន់ការចេញផ្សាយរបស់ Indo-Pacific Defense FORUM អំពី ការគំរាមកំហែងកម្រិតផ្សេងពីគ្នា។
បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិន (PRC) បានកាន់កាប់កោះ Scarborough Shoal ដោយប្រើកម្លាំងពីប្រទេសហ្វីលីពីនក្នុងឆ្នាំ ២០២១ រដ្ឋាភិបាលប្រទេសចិនបានចាប់ផ្តើមយុទ្ធនាការអស់ជិតរយៈពេលមួយទសវត្សរ៍ ដើម្បីគ្រប់គ្រងតំបន់សមុទ្រចិនខាងត្បូងដែលស្ថិតក្រោមជម្លោះ ដោយការសាងសង់បណ្តាញបន្ទាយយោធានៅលើកោះសិប្បនិម្មិត ដែលបង្កើតឡើងដោយកងនាវាចាក់ខ្សាច់បំពេញរបស់ខ្លួន។ ការទន្ទ្រានដែនដីដែលកើតមានឡើងជាលទ្ធផលរបស់សាធារណរដ្ឋប្រជាមានិតចិនបន្តនៅជាឧទាហរណ៍ដ៏សំខាន់បំផុតមួយនៃការប្រើប្រាស់សង្គ្រាមប្រភេទកូនកាត់របស់របបគ្រប់គ្រងមួយនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ការបោះពុម្ពផ្សាយនៃទស្សនាវដ្តី FORUM នេះទាក់ទាញឱ្យមានចំណាប់អារម្មណ៍ទៅលើសកម្មភាពរារាំងជារួមក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងកម្រិតផ្សេងៗពីគ្នាដែលកំពុងកើតនិងបន្តមាន ដែលខុសប្លែកពីសង្គ្រាមធម្មតា។ ការចេញផ្សាយនេះក៏ឆ្លុះបញ្ចាំងពីហេតុផល និងរបៀបដែលសម្ព័ន្ធមិត្ត ដៃគូ និងប្រជាជាតិដែលមានគំនិតដូចគ្នានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក អាចធានាបាននូវសន្តិសុខ និងស្ថេរភាពក្នុងតំបន់ដោយការត្រៀមឆ្លើយតបយុទ្ធសាស្ត្រយ៉ាងសកម្មចំពោះការឈ្លានពាននិងការបង្ខិតបង្ខំដូច្នេះ។
នៅក្នងផ្នែកលក្ខណៈពិសេសដើមដំបូង វរសេនីយ៍ឯកយោធាអាមរិក ដែលបានចូលនិវត្តន៍លោក Arthur N. Tulak ពិនិត្យមើលនូវវិធីសាស្ត្រជាយុទ្ធសាស្ត្រដែលនាំមកនូវជោគជ័យរបស់សម្ព័ន្ធមិត្តនិងដៃគូដើម្បី ប្រឆាំងនឹងសកម្មភាពក្នុងតំបន់មានជម្លោះរបស់រុស្ស៊ីនិងចិន។ លោក Tulak បានអះអាងថា ការអនុវត្តសកម្មភាពរារាំងជារួមដោយមានការផ្តោតទៅលើសង្គ្រាមបែបកូនកាត់ និងការបង្ខិតបង្ខំនានា តម្រូវឱ្យមានការបង្កើតឡើងនូវទស្សនៈយល់ដឹងកម្រិតខ្ពស់និងច្បាស់លាស់ និងគោលបំណងដែលមានគោលដៅផ្តោតលើអាកប្បកិរិយារបស់សាធារណរដ្ឋប្រជាមានិតចិន និងប្រទេសរុស្ស៊ី។ លោកបានសរសេរថា យុទ្ធនាការដែលមានរយៈពេលច្រើនឆ្នាំដោយមានការសម្របសម្រួលតម្រូវឱ្យមានដើម្បីផ្លាស់ប្ដូរការគណនាទៅលើផលវិបាកនៃការប្រើប្រាស់យុទ្ធសាស្ត្រឈ្លានពានដូច្នេះ។
ក្នុងការវិភាគបង្ហាញមួយ ក្រុមអ្នកជំនាញពិពណ៌នាអំពីរបៀបដែលសាធារណរដ្ឋប្រជាមានិតចិនបានផ្លាស់ប្ដូរការផ្តោតរបស់ខ្លួនពីការកងសាងបន្ទាយនៅលើកោះសិប្បនិម្មិតមករកការបង្កើតការគ្រប់គ្រងនៅលើសកម្មភាពក្នុងដែនសមុទ្រចិនខាងត្បូង ដោយការប្រើជីវពលជើងទឹកដើម្បីសម្រេចនូវគោលបំណងរបស់បក្សកុម្មុយនិស្តចិន។ អត្ថបទដោយបុគ្គលិកទស្សនាវដ្តី FORUM កត់ត្រារបៀបដែលគម្រោងហេដ្ឋារចនាសម្ពន្ធដោយគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយ (One Belt, One Road) បានដាក់ចំណងប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកជាច្រើនជាមួយនឹងបំណុលប្រកបដោយអស្ថិរភាព។ អត្ថបទមួយផ្សេងទៀត អ្នកសិក្សាភូមិសាស្ត្រ និងអ្នកនិពន្ធឈ្មោះ Brahma Chellaney ពិពណ៌នាអំពីរបៀបដែលបក្សកុម្មុយនិស្តចិនបានប្រើប្រាស់ទឹកធ្វើជាអាវុធនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោកសរសេរថា ការគ្រប់គ្រងខុសទំនងរបស់របបគ្រប់គ្រងនេះទៅលើទន្លេដែលហូរឆ្លងកាត់ព្រំដែនតាមរយៈការសាងសង់ទំនប់តំបន់ដើមទឹកដែលមានទំហំធំៗ បង្កើតភាពអាចកើតមាននៃជម្លោះដោយសារទឹក។
ដោយមានក្តីសង្ឃឹមថានឹងជួយផ្លាស់ប្ដូរការគិតគូរនៅក្នុងតំបន់របស់សាធារណរដ្ឋប្រជាមានិតចិន អត្ថបទផ្សេងទៀតនៅក្នុងកំណែចេញផ្សាយនេះចង្អុយបង្ហាញដំណោះស្រាយដែលអាចមាន រួមទាំងការពង្រឹងសម្ព័ន្ធភាព និងភាពជាដៃគូនៅក្នុងតំបន់ និងការការពារឧស្សាហកម្មសឺម៉ីកុងឌុចទ័រ និងសង្វាក់ផ្គត់ផ្គង់ផ្សេងទៀត។ បុគ្គលិករបស់ទស្សនាវដ្តី FORUM រៀបរាប់យ៉ាងលម្អិតអំពីរបៀបដែលសមយុទ្ធ Balikatan ឆ្នាំ ២០២២ បាននាំយកអន្តរប្រតិបត្តិការ ភាពជាដៃគូរ និងសម្ព័ន្ធភាពរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកឡើងទៅកាន់កម្រិតថ្មី។ អត្ថបទនេះក៏ចង្អុលបង្ហាញពីរបៀបដែលចំណងមិត្តភាពដែលកាន់តែរឹងមាំរវាងប្រជាជាតិនានាបង្កើនសកម្មភាពរារាំងជារួមនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
យើងខ្ញុំសង្ឃឹមថា អត្ថបទទាំងនេះជំរុញឱ្យមានកិច្ចសន្ទនាក្នុងតំបន់អំពីការរារាំងប្រឆាំងនឹងការគំរាមកំហែងកម្រិតផ្សេងៗពីគ្នា។ យើងខ្ញុំស្វាគមន៍មតិយោបល់របស់អ្នក។ សូមទាក់ទងបុគ្គលិកទស្សនាវដ្តី FORUM តាមអ៊ីមែល ipdf@ipdefenseforum.com ដើម្បីចែករំលែកគំនិតរបស់អ្នក។
ដោយក្តីគោរពរាប់អាន
បុគ្គលិករបស់ទស្សនាវដ្តី FORUM