នៃតំបន់បញ្ហាសំខាន់ៗវិវាទ/ភាពតានតឹងអាស៊ីខាងត្បូង

ដោយសារគម្រោង OBOR ជួបបញ្ហាកាន់តែច្រើន លោក Xi អាចព្យាយាមធ្វើការប្ដូរឈ្មោះគម្រោងជាថ្មី

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ជិតមួយទសវត្សរ៍បន្ទាប់ពីការសម្ភោធយ៉ាងឱឡារឹក គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​មួយខ្សែក្រវ៉ាត់​មួយ (One Belt, One Road) របស់ទីក្រុងប៉េកាំងបន្តមានភាពចម្រូងចម្រាស ធ្វើឱ្យមានការសង្ស័យថាអគ្គលេខាធិការបក្សកុម្មុយនិស្ត​ចិន (CCP) លោក Xi Jinping កំពុងព្យាយាមផ្លាស់ប្ដូរឈ្មោះគម្រោងនេះ ដែលជាគោលនយោបាយចម្បង នៅពេលដែលលោកកំពុងតែតស៊ូដោះស្រាយបញ្ហាផ្ទៃក្នុងដ៏ធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក។

សារព័ត៌មានរដ្ឋរបស់សាធារណរដ្ឋប្រជាមានិតចិនបានរាយការណ៍ថា នៅឯកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ 2022 លោក Xi បានអំពាវនាវការកសាង «សហគមន៍អាស៊ីប៉ាស៊ីហ្វិកដែលមានអនាគតរួម»។ លោកបានថ្លែងថា កិច្ចប្រជុំកំពូលនេះត្រូវ៖ «ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច បន្តកសាងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មកាន់តែយ៉ាងជិតស្និទ្ធ … និងជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់» និងអនុវត្តវិធានការផ្សេងទៀត។

បណ្ឌិត Marina Yue Zhang សាស្ត្រាចារ្យរងនៅវិទ្យាស្ថានទំនាក់ទំនងអូស្រ្តាលី-ចិននៃសាកលវិទ្យាល័យបច្ចេកវិទ្យានៅទីក្រុងស៊ីដនី បានសរសេរនៅក្នុងអត្ថបទតាមប្រព័ន្ធអ៊ីនធឺណិតរបស់ទស្សនាវដ្តី The Diplomat នៅដើមខែធ្នូ ឆ្នាំ 2022 ថា៖ «នៅក្នុងចក្ខុិស័យរបស់លោក Xi សម្រាប់សហគមន៍អាស៊ីប៉ាស៊ីហ្វិកដែលមានអនាគតរួម ប្រទេសចិនគឺជា «មជ្ឈមណ្ឌលកណ្ដាល» ដែលតភ្ជាប់ប្រទេសជាតិនីមួយៗក្នុងគំរូបែបតភ្ជាប់ទៅមណ្ឌលកណ្ដាលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដែលបានចែកចាយ»។

នេះគឺស្រដៀងគ្នាទៅនឹងគម្រោង OBORដែលមន្ត្រីឃោសនារបស់បក្សកុម្មុយនិស្ត​ចិនព្យាយាមដាក់ឈ្មោះថ្មីថាជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) បន្ទាប់ពីការជួបប្រទះបញ្ហាជាច្រើនរបស់គម្រោងអន្តរទ្វីបមក ធនាគារពិភពលោក និងទីភ្នាក់ងារផ្សេងទៀតបង្ហាញពីហានិភ័យទៅដល់ប្រទេសចូលរួម រួមមានបំណុលដ៏ធ្ងន់ធ្ងរទៅចិនដែលជាឥណទាយក ចំណាយលើសកញ្ចប់ថវិកា គម្រោងមានគុណភាពទាប អំពើពុករលួយ ការខូចខាតបរិស្ថាន និងការបាត់បងអធិបតេយ្យភាព។

ប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដូចជា បង់ក្លាដែស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងម៉ាល់ឌីវ បានលុបចោល កាត់បន្ថយ ឬចរចារលើគម្រោង OBOR ជាថ្មីដោយសារការព្រួយបារម្ភទាំងនោះ។ នៅដើមឆ្នាំ 2022 នៅពេលដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងដើរទៅរកភាពក្ស័យធន អ្នកដឹកនាំប្រទេសស្រីលង្កាព្យាយាមស្នើសុំឱ្យមន្ត្រីចិនពន្យារពេលសងបំណុលរបស់ទីក្រុងកូឡុំបូ។ អ្នកវិភាគចង្អុលបង្ហាញពីករណីបញ្ហានៅកំពង់ផែ Hambantota នៅដែនសមុទ្រឥណ្ឌា ដែលជាគម្រោងមួយរបស់គម្រោង OBOR ដែលត្រូវបានសាងសង់ឡើងដោយមូលនិធិរបស់ចិន ហើយឥឡូវ​នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរដ្ឋចិននៅពេលប្រទេសស្រីលង្កាខិតខំសងបំណុលមិនបាន។

កិច្ចខិតខំរបស់ទីក្រុងប៉េកាំងក្នុងការផ្លាស់ប្ដូរឈ្មោះគម្រោង OBOR ដោយប្រើឈ្មោះថ្មីមិនបានកាត់បន្ថយការព្រួយបារម្ភថាគម្រោងនេះមានគោលបំណងដូចសេះឈើ Trojan — ការផ្ដល់ជូនជំនួយអភិឌ្ឍន៍ដែលជាមធ្យោបាយសម្រាប់ពង្រីកឥទ្ធិពលរបស់សាធារណរដ្ឋប្រជាមានិតចិនទាំងនយោបាយនិងយោធា ដូចជាករណីកំពង់ផែ Hambantota អាចអនុញ្ញតឱ្យនាវារបស់កងទ័ពជើងទឹកចិនចូលប្រើប្រាស់ដោយគ្មានការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន។ ប៉ុន្មានថ្ងៃមុនពេលលោក Xi ថ្លែងទៅកាន់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ មន្ត្រីចិនកំពុងព្យាយាមច្រានចោលរបាយការណ៍នៃបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងគម្រោងមួយរបស់ OBOR នៅភាគនិរតីប៉ាគីស្ថាន នេះបើយោងតាមកាសែត The Economic Times របស់ឥណ្ឌា។

គម្រោងច្រកសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ដែលបង្កើតឡើងនៅឆ្នាំ 2015 មានថវិកាចំនួន 62 ពាន់លានដុល្លារអាមេរិក គឺជាបណ្ដាញដែលចម្ងាយសរុប 3 000 គីឡូម៉ែត្រ រួមមានផ្លូវថ្នល់និងផ្លូវដែក តំបន់ឧស្សាហកម្ម បំពងបង្ហូរឧស្ម័ន ហើយភ្ជាប់តំបន់ Xinjiang នៅភាគពាយ័ព្យប្រទេសចិនទៅក្រុងនេសាទ Gwadar របស់ប្រទេសប៉ាគីស្ថាន។ នេះផ្ដល់លទ្ធភាពដល់រដ្ឋាភិបាលចិនក្នុងការប្រើប្រាស់ដែនសមុទ្រអារ៉ាប់ដែលជាផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់។

សារព័ត៌មាន The Economic Times បានរាយការណ៍នៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 ថា ការសាងសង់កំពង់ផែទឹកជ្រៅរបស់សាធារណរដ្ឋប្រជាមានិតចិននៅទីក្រុង Gwadar បានធ្វើឱ្យសហគមន៍ធ្លាក់ចូលទៅក្នុងភាពវឹកវរ ដែលមានបាតុកម្មជាច្រើន និងការគំរាមកំហែងការបិទផ្លូវច្រកចេញចូលដោយសារឥទ្ធិពលរបស់ចិនទៅលើក្នុងរដ្ឋាភិបាលមូលដ្ឋាន ការពង្រឹងសន្តិសុខ និងក្រុមនាវាអូសអួននេសាទចិនបានធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាជននៅក្នុងសហគមន៍នេសាទ។ (រូបភាព៖ សមាជិកកងទ័ពជើងទឹកប៉ាគីស្ថានឈរល្បាត នៅពេលដែលនាវាដឹកទំនិញចិនត្រៀមចាកចេញពីកំពង់ផែ Gwadar ក្នុង 2016។)

ការមិនពេញ​ចិត្ត​បាន​ផ្ទុះ​ឡើង​ហើយ។

កាសែតប៉ាគីស្ថាន Dawn របស់បានសរសេរនៅក្នុងវិចារណកថានាចុងឆ្នាំ 2021 ថា៖ «កំពង់ផែ Gwadar ត្រូវបានបង្ហាញជាយូរមកហើយថាជាផ្នែកសំខាន់បំផុតនៃគម្រោង CPEC ប៉ុន្តែនៅក្នុងដំណើរការគម្រោងនេះ ទីក្រុងបានក្លាយជានិមិត្តរូបនៃរដ្ឋសន្តិសុខមួយ»។ «កំពង់ផែមិនបានក្លាយជាប្រភពនៃកំណើនសេដ្ឋកិច្ចទេ។ ភាពក្រីក្រដែលមានស្រាប់គឺកាន់តែដុនដាប់ឡើង ការធ្វើដំណើររបស់ប្រជាជនគឺត្រូវបានដាក់កំហិតដោយកម្លាំងសន្តិសុខ និងមានការសួរសំណួរអំពីសកម្មភាពប្រចាំថ្ងៃដោយគ្មានហេតុផលសមរម្យ។ មានប្រជាជនជាច្រើនមានអារម្មណ៍ថាជាជនបរទេសនៅក្នុងមាតុភូមិរបស់ខ្លួន»។

នៅពេលមានអស្ថិរភាពសង្គមនៅតែបន្តកើតមាននៅក្រុង Gwadar បាតុកម្មតវ៉ាដែលមិនធ្លាប់មានពីមុនបានផ្ទុះឡើងនៅតាមទីក្រុង និងតាមបរិវេណសាកលវិទ្យាល័យទូទាំងសាធារណរដ្ឋប្រជាមានិតចិន ដែលតវ៉ាប្រឆាំងនឹងវិធានការរឹតត្បិតវីរុសកូរ៉ូណាដ៏តឹងរ៉ឹងរបស់របបនេះ។ បាតុកម្ម ដែលមានការទាមទារឱ្យលោក Xi លាលែងពីមុខដំណែងត្រឹមតែប៉ុន្មានសប្ដាហ៍បន្ទាប់ពីលោកបានអាណត្តិរយៈពេលប្រាំឆ្នាំទីបីជាប្រមុខដឹកនាំបក្សកុម្មុយនិស្ត​ចិន គឺជាបាតុកម្មធំបំផុតក្នុងសាធារណរដ្ឋប្រជាមានិតចិនក្នុងរយៈពេលជាច្រើនឆ្នាំហើយហាក់ដូចជាមានឥទ្ធិពលទៅដល់មន្ត្រីឱ្យបន្ធូរបន្ថយការបិទខ្ទប់ និងកាត់បន្ថយការធ្វើតេស្តទ្រង់ទ្រាយធំ។

យុទ្ធសាស្ត្រ «កូវីដចំនួនសូន្យ» របស់ទីក្រុងប៉េកាំង បានធ្វើឱ្យសេដ្ឋកិច្ចចិនមានការលំបាកយ៉ាងច្រើន ក្នុងនោះរោងចក្រ និងអាជីវកម្មត្រូវបានបិទទ្វារជាញឹកញាប់ដើម្បីបញ្ឈប់ការរីករាលដាលវីរុស។ ក្នុងពេលនេះដែរ ប្រទេសប្រជាធិបតេយ្យទូទាំងពិភពលោកកំពុងផ្ដាច់ចំណងសេដ្ឋកិច្ច និងខ្សែសង្វាក់ផ្គត់ផ្គង់ពីសាធារណរដ្ឋប្រជាមានិតចិន ដោយសារតែគោលជំហរបង្កបញ្ហារបស់បក្សកុម្មុយនិស្ត​ចិននៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បួង ការរំលោភសិទ្ធិមនុស្សនិងការកេងប្រវ័ញ្ចពលកម្មនៅតំបន់ Xinjiang និងការដាក់ទណ្ឌកម្មពាណិជ្ជកម្ម។

ក្នុងរបាយការណ៍ «នាំយកគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» ដែលជារបាយការណ៍ខែធ្នូ ឆ្នាំ 2022 ដោយ AidData ដែលជាស្ថាប័នពិសោធន៍ស្រាវជ្រាវនៅមហាវិទ្យាល័យ William & Mary ក្នុងសហរដ្ឋអាមេរិកថា បញ្ហាប្រឈមជាច្រើនដែលលោក Xi កំពុងជួបប្រទះក៏ធ្វើឱ្យOBORធ្លាក់ទៅក្នុងស្ថានភាពកាន់តែអាក្រក់។ «មានការជួបប្រទះឧបសគ្គជាច្រើន រួមទាំងការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ និងការផ្សព្វផ្សាយពីភាព​​អវិជ្ជមានជាសាធារណៈ ដែលមាន​ជម្លោះជាមួយ​ប្រទេស​ដែលជំពាក់​បំណុលធ្លាក់ក្នុង​វិបត្តិ​​ដោយសារប្រទេសទាំងនោះ​មិនអាច​សងបំណុលបាន»។

ការផ្លាស់ប្ដូរឈ្មោះថ្មីមិនអាចលាក់បាំងបញ្ហាទាំងនេះបានទេ។

បណ្ឌិត Zhang បានសរសេរនៅក្នុងទស្សនាវដ្តី The Diplomat ថា៖ «ក្នុងអនាគតដ៏ខ្លីខាងមុខ មានហេតុផលជាច្រើនដែលថា លោក Xi មិនអាចសម្រេចបាននូវចក្ខុវិស័យក្នុងការកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិក យ៉ាងហោចណាស់នៅកម្រិតអភិបាលកិច្ច»។ «ទីមួយ ប្រទេសជិតខាងរបស់ចិនជាច្រើនបានទទួលយកសណ្ដាប់ធ្នាប់ពិភពលោកផ្នែកទៅលើសេរីភាពនិងប្រជាធិបតេយ្យដែលដឹកនាំដោយសហរដ្ឋអាមេរិក។ ប្រទេសចិនដែលជារបបផ្តាច់ការមានអំណាចខ្លាំង ត្រូវបានយល់ថាជាបញ្ហាប្រឈមផ្នែកសន្តិសុខសម្រាប់ប្រទេសទាំងនោះ»។

 

ប្រភពរូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button