«កម្លាំងជំរុញ» សកល
អង្គការមួយ ដែលរួមមានប្រជាជាតិនៅឈូង សមុទ្របេងហ្គាល់ចំនួនប្រាំពីរ បានលើកឡើងថា សមាជិករបស់ខ្លួនត្រូវតែប្រើប្រាស់អត្ថប្រយោជន៍ភូមិសាស្ត្រ និងធនធានផ្សេងៗរបស់ពួកគេជាបន្ទាន់ ដើម្បីដោះស្រាយភាពងាយរងគ្រោះរបស់ពួកគេ និងធ្វើការរួបរួមដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេដើម្បីប្រឈមទៅនឹងគ្រោះមហន្តរាយ។
នៅក្នុងសេចក្តីថ្លែងប្រកាសនាថ្ងៃចុងក្រោយក្នុងកិច្ចប្រជុំកំពូលដែលមានរយៈពេល ៣ ថ្ងៃ នៅចុងខែមីនាឆ្នាំ ២០២២ ដូចមាននៅក្នុងរូបភាព គំនិតផ្ដួចផ្ដើមនៃឈូងសមុទ្របេងហ្គាល់ដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យាពហុវិស័យ (BIMSTEC) បានលើកឡើងថាសមាជិករបស់ខ្លួនបានព្យាយាមធ្វើការជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងភាពក្រីក្រ គ្រោះធម្មជាតិ ការផ្លាស់ប្ដូរនៃអាកាសធាតុ ជំងឺរាតត្បាត និងឧក្រិដ្ឋកម្មឆ្លងប្រទេស។
ពួកគេក៏ព្រមព្រៀងដើម្បីធ្វើការឆ្ពោះទៅកាន់សុវត្ថិភាពវិស័យថាមពលនិងស្បៀងអាហារ និងពង្រឹងទំនាក់ទំនងរបស់ពួកគេដើម្បីបង្កើនពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងបច្ចេកវិទ្យា និងកាត់បន្ថយផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩។
«ការវិវត្តនៅក្នុងទ្វីបអឺរ៉ុបកាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះបានបង្កើតឱ្យមានមន្ទិលសង្ស័យទៅលើស្ថិរភាពនៃសណ្តាប់ធ្នាប់អន្តរជាតិ។ នៅក្នុងបរិបទនេះ ការធ្វើឱ្យកិច្ចសហប្រតិបត្តិការប្រចាំតំបន់របស់ BIMSTEC កាន់តែមានភាពសកម្មឡើងពិតជាមានសារៈសំខាន់» លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា Narendra Modi បានមានប្រសាសន៍ដូច្នេះនៅក្នុងសុន្ទរកថាក្នុងកិច្ចប្រជុំនិមិត្ត ដោយសំដៅទៅលើការឈ្លានពានរបស់ប្រទេសរុស្ស៊ីនាខែកុម្ភៈឆ្នាំ ២០២២ មកលើប្រទេសអ៊ុយក្រេន។
«វាក៏ជារឿងចាំបាច់ផងដែរក្នុងការផ្ដល់អាទិភាពកាន់តែច្រើនដល់សន្តិសុខនៅក្នុងតំបន់របស់ពួកយើង។»
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថាប្រទេសឥណ្ឌានិងរួមចំណែកជាទឹកប្រាក់ចំនួន ៣ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតឱ្យមានមជ្ឈមណ្ឌល BIMSTEC ដើម្បីអាកាសធាតុនិងបរិយាកាស (BIMSTEC Center for Weather and Climate) ដើម្បីផ្ដល់សមត្ថភាពដល់កិច្ចសហប្រតិបត្តិការនៅក្នុងការគ្រប់គ្រងគ្រោះធម្មជាតិ។
មេដឹកនាំរបស់ក្រុមនេះក៏បានចុះហត្ថលេខាទៅលើធម្មនុញ្ញរបស់ BIMSTEC ដោយត្រូវបានគេពិពណ៌នាថាជាជំហានដ៏ចម្បងមួយ ដើម្បីឆ្ពោះទៅកាន់ការបង្កើនតួនាទីរបស់អង្គការនេះនៅក្នុងតំបន់ និងនៅក្នុងសកលលោក។
មេដឹកនាំមកពីប្រទេសបង់ក្លាដេស ប៊ូតាន់ ឥណ្ឌា នេប៉ាល់ ស្រីលង្កា និងថៃបានថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលនេះតាមប្រព័ន្ធនិមិត្ត។ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសភូមា លោក Wunna Maung Lwin បានតំណាងឱ្យប្រទេសរបស់ខ្លួន។ The Associated Press
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។