ការគំរាមកំហែង​កម្រិតផ្សេងពីគ្នាតំបន់អាស៊ីអគ្នេយ៍ / SEAនៃតំបន់បញ្ហាសំខាន់ៗភាពជាដៃគូ

កងកម្លាំង សម្ព័ន្ធមិត្ត

សមយុទ្ធ Balikatan ប្រចាំឆ្នាំជំរុញសម្ព័ន្ធភាពហ្វីលីពីននិង​អាមេរិកទៅកាន់យុគ្គសម័យថ្មី

បុគ្គលិករបស់ទស្សនាវដ្តី FORUM

នៅក្នុងសេណារីយ៉ូហ្វឹកហាត់ការពារ កងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP) និងកងទ័ពអាមេរិកបានចុះចតប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ជាច្រើននៅលើឆ្នេរភាគខាងជើងនៃកោះ Luzon ប្រទេសហ្វីលីពីន ហើយបន្ទាប់មកបានដឹកជញ្ជូនប្រព័ន្ធមីស៊ីលទៅកាន់ទីតាំងដីគោក។ នៅឆ្នេរសមុទ្រភាគខាងជើងនៃកោះ Luzon ប្រទេសហ្វីលីពីន ឧទ្ធម្ភាគចក្រ Black Hawks របស់ហ្វីលីពីន និងឧទ្ធម្ភាគចក្រ Apache និងឧទ្ធម្ភាគចក្រ Chinook របស់អាមេរិកបានសម្របសម្រួលប្រតិបត្តិការឆ្លងកាត់នាវាទាំងយប់ទាំងថ្ងៃ។ ទន្ទឹមនឹងនេះ កងកម្លាំងចម្រុះនិងរូបរួមគ្នាបានបង្ហោះបាល់ឡុងមានរយៈកម្ពស់ខ្ពស់ពីកណ្ដាលកោះ Luzon ដើម្បីហ្វឹកហាត់សមបង្កើតការលំបាកក្នុងការកំណត់គោលដៅសម្រាប់បច្ចាមិត្តដែលអាចមាន។

តាមរយៈសកម្មភាពដ៏រឹងមាំស្វាហាប់ទាំងនេះ សមយុទ្ធ​ Balikatan ឆ្នាំ ២០២២ បាននាំ​យក​អន្តរប្រតិបត្តិការ​ ភាពជាដៃគូរ និង​សម្ព័ន្ធភាព​​រវាង​ប្រទេស​ហ្វីលីពីន និង​សហរដ្ឋ​អាមេរិក​ឡើងទៅកាន់​កម្រិត​ថ្មី។ សមយុទ្ធលើកទី ៣៧ ដែលបានដំណើរការចាប់ពីថ្ងៃទី ២៨ ខែមីនា ដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២២ បានបង្កើនអត្ថន័យនៃឃ្លា Tagalog ដែលត្រូវបានស្គាល់ថា «រួមសាមគ្គីគ្នា» ហើយបង្ហាញពីរបៀបដែលសម្ព័ន្ធភាពពង្រឹងជាងមុនជានិច្ច បង្កើនសកម្មភាពរារាំងជារួមនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ 

នៅស្នូលនៃសមយុទ្ធ Balikatan ២០២២ គឺជាសមយុទ្ធបញ្ជា និងសមយុទ្ធគ្រប់គ្រងជាក់ស្តែងខ្ពស់ដែលមិនធ្លាប់មានពីមុនមកបានជួយកសាងមូលដ្ឋានគ្រឹះសម្រាប់សមយុទ្ធ Balikatan ២០២៣ ដែលកាន់តែទំនើបនាពេលអនាគត។ សមយុទ្ធជារួមបានបង្ហាញឱ្យឃើញពីបច្ចេកវិទ្យាជាដំបូងជាច្រើនរវាងយោធាជាច្រើន និងបានជំរុញកសាងសា្មរតីនៃកងពល (esprit de corps) ដែលមិនអាចប្រៀបផ្ទឹមបានក្នុងចំណោមកងកម្លាំង។ កងទ័ពអាកាស កងឆ្មាំឆ្នេរសមុទ្រ កងទ័ពម៉ារីន កងទ័ពជើងទឹក និងកងកម្លាំងប្រតិបត្តិការពិសេសប្រទេសហ្វីលីពីនបានសហការជាមួយ
កងទ័ពអាកាស កងទ័ព កងទ័ពជើងទឹក កងទ័ពម៉ារីន កងទ័ពជើងទឹក កងកម្លាំងអវកាស និងបញ្ជាការប្រតិបត្តិការពិសេសអាមេរិក ដើម្បីអនុវត្តអន្តរប្រតិបត្តិការចម្រុះ និងរូបរួមគ្នា ដូចជាសមយុទ្ធវាយប្រហារតាមអាកាស សមយុទ្ធបាញ់គ្រាប់ពិតអាវុធរួបរួមគ្នា សមយុទ្ធក្នុងទីប្រជុំជន និងការផ្តល់ជំនួយមនុស្សធម៌។ កងកម្លាំង AFP ចំនួនប្រហែល ៤ ២០០ នាក់ និងកងកម្លាំងយោធាអាមេរិកចំនួន ៤ ៤៤០ នាក់ បានបង្ហាញពីរបៀបប្រើប្រាស់សមត្ថភាពនាបច្ចុប្បន្ន បង្កើតសមត្ថភាពថ្មី និងប្រើប្រាស់រួមគ្នាតាមរបៀបរួមបញ្ចូលគ្នាថ្មី ដើម្បីបង្កើនការរារាំង។ 

ឧត្តមសេនីយទោ Jeffrey Hechanova អគ្គសេនាធិការរងទទួលបន្ទុកផែនការនៃ AFP បានប្រាប់ទស្សនាដ្តី FORUM ថា «យើងពិតជារំភើបនៅឆ្នាំនេះ ដោយសារយើងអាចប្រើប្រាស់ឧបករណ៍មួយចំនួនដែលយើងបានទិញក្រោមកម្មវិធីទំនើបកម្ម» ដោយសំដៅលើកម្មវិធីរបស់កងកម្លាំងហ្វីលីពីន ក្នុងការផ្លាស់ប្តូរយោធាទៅជាការផ្ដោតទៅលើការការពារពីការគំរាមគំហែងពីខាងក្រៅប្រទេស។

«ពីមុនមក យើងបានតែឃើញយន្តហោះអាមេរិក ឬយន្តហោះចម្បាំងអាមេរិកហោះហើរ។ ឥឡូវនេះ យើងហោះហើរជាមួយគ្នាព្រោះយន្តហោះចម្បាំង FA-50s របស់យើងបានមកដល់។ ឥឡូវ​នេះ យើង​កំពុង​ចេញល្បាត​ជាមួយ​គ្នា ព្រោះ​យើង​មាន​នាវាចម្បាំងហ្វ្រេហ្គាត​ខ្លះ​ដែលបានមក​ដល់។ យើងកំពុងធ្វើប្រតិបត្តិការវាយប្រហារឡើងឆ្នេរសមុទ្រជាមួយគ្នា ដោយសារតែយើងមានឧបករណ៍មួយចំនួនផងដែរ។ យើងមានឧបករណ៍ការពារដែនអាកាសមួយចំនួនដែលទើបមកដល់ដែរ។ យើង​មាន​កាំភ្លើងធំ​មួយ​ចំនួន» គាត់​បាន​និយាយ​ក្នុង​អំឡុង​ពេល​សម្ភាស​មួយ​នៅបន្ទាយ Camp Aguinaldo ដែលជាអគ្គបញ្ជាការដ្ឋាន​របស់ AFP នៅ​ទីក្រុង Quezon ជាយទីក្រុង​ម៉ានីល ដែល​ជា​ទីតាំង​បញ្ជាការ​របស់សមយុទ្ធ Balikatan។ 

ចំណងមិត្តភាព

សមយុទ្ធ Balikatan ២០២២ បានឆ្លុះបញ្ចាំងពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏រឹងមាំរវាងហ្វីលីពីន និងសហរដ្ឋអាមេរិក និងការប្តេជ្ញាចិត្តរួមគ្នារបស់ប្រជាជាតិនានាទៅកាន់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលត្រូវបានដាក់បញ្ចូលជារៀងរាល់ថ្ងៃក្នុងទំនាក់ទំនងរវាងប្រជាជនដ៏កក់ក្តៅ និងទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំ។ ជនជាតិអាមេរិកាំង​ដែលមានដើមកំណើតពីហ្វីលីពីនចំនួន​ជាង ៤​លាន​នាក់​រស់​នៅសហរដ្ឋ​អាមេរិក ហើយ​មានជនជាតិ​អាមេរិក​ជិត ៣០​ម៉ឺន​នាក់​រស់​នៅ​ប្រទេសហ្វីលីពីន។ 

កងទ័ពម៉ារីនហ្វីលីពីនរក្សារសន្តិសុខឆ្នេរសមុទ្រនៅ Claveria ខេត្ត Cagayan ក្នុងសមយុទ្ធ Balikatan ឆ្នាំ ២០២២។ THE ASSOCIATED PRESS

សកម្មភាពវិស្វកម្មសំណងស៊ីវិលរបស់សមយុទ្ធ Balikatan – ដែលរួមមានការកសាងសាលាបឋមសិក្សាចំនួនបួនដែលធន់នឹងអាកាសធាតុ និងអនុវត្តការចូលរួមសុខភាពសហគមន៍ជាច្រើន ជាពិសេសនៅក្នុងខេត្តភាគខាងជើង – បានគូសបញ្ជាក់ថា សន្តិសុខគឺជាការផ្តល់សិទ្ធិអំណាចដល់ប្រជាជនក្នុងតំបន់ដើម្បីសម្រេចបាននូវអ្វីដែលពួកគេត្រូវការដើម្បីធ្វើឱ្យសង្គមរបស់ពួកគេទទួលបានជោគជ័យ។ វរសេនីយ៍ឯក Arman Mampusti នៃ AFP ដែលជាអ្នករៀបចំផែនការសម្រាប់ការិយាល័យរបស់អគ្គសេនាធិការរងសម្រាប់ប្រតិបត្តិការស៊ីវិល-យោធា និងជាអ្នកសម្របសម្រួលគម្រោង បានប្រាប់ទស្សនាវដ្តី FORUM ថា៖ «យើងអាចពង្រឹងភាពស្និទ្ធស្នាលរវាងកងកម្លាំងរបស់យើង និងកសាងទំនាក់ទំនងក្នុងចំណោមសហគមន៍ដែលផ្តល់អត្ថប្រយោជន៍ផងដែរ»។ «ខ្ញុំអាចនិយាយចេញពីបទពិសោធន៍ផ្ទាល់ថា សហគមន៍បានរៀនច្រើនពីអ្វីដែលយើងបានធ្វើនៅឆ្នាំនេះ។ ការហ្វឹកហ្វឺនការសង្គ្រោះជីវិតជាមូលដ្ឋាន ការសង្គ្រោះបឋម ទឹកនិងអនាម័យ និងការហ្វឹកហ្វឺនផ្នែករស់រានមានជីវិតជាមូលដ្ឋាននឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេនៅពេលដែលត្រូវការជំនាញទាំងនេះ» វរសេនីយ៍ឯក Mampusti បាននិយាយបន្ថែម។ «ខ្ញុំក៏ចង់គូសបញ្ជាក់ដែរថា កេរមរតកយូរអង្វែងមួយដែលសមយុទ្ធ Balikatan នឹងបន្សល់ទុកគឺមជ្ឈមណ្ឌលដែលត្រូវបានសាងសង់ នៅពេលដែលអ្វីៗផ្សេងទៀតបានបញ្ចប់។ ខ្ញុំគ្រាន់តែចង់ឱ្យពួកយើងស្រមៃមើលថាតើក្មេងប្រុសនិងក្មេងស្រីប៉ុន្មាននាក់នឹងប្រើប្រាស់សាលាទាំងនេះ ហើយបញ្ចប់ការសិក្សានៅសាលានេះ ហើយតើមានមនុស្សប៉ុន្មាននាក់នឹងទទួលបានអត្ថប្រយោជន៍នៅពេលដែលសាលារៀនត្រូវបានប្រើប្រាស់ជាកន្លែងជម្លៀសក្នុងពេលមានព្យុះ និងគ្រោះមហន្តរាយធម្មជាតិផ្សេងទៀត»។

អ្នកដឹកនាំសមយុទ្ធបានសង្កត់ធ្ងន់ថា ទំនាក់ទំនងសន្តិសុខរវាងប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិក គឺមានមូលដ្ឋានយ៉ាងរឹងមាំក្នុងការការពារតម្លៃរួម និងផលប្រយោជន៍ទៅវិញទៅមក។ ឧត្តមសេនីយទោ Hechanova បានប្រាប់ទស្សនាវដ្តី FORUM ថា «នោះតែងតែជាគោលគំនិតនៃសមយុទ្ធ Balikatan គំនិតរួមសាមគ្គីគ្នា ដោះស្រាយបញ្ហាជាមួយគ្នា»។ «វាជាប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក យើងបានប្រយុទ្ធជាមួយគ្នាក្នុងសង្គ្រាមលោកលើកទី២ យើងបានប្រយុទ្ធជាមួយគ្នានៅប្រទេសកូរ៉េ យើងបានប្រយុទ្ធជាមួយគ្នានៅប្រទេសវៀតណាម។ នេះជាប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធរបស់យើង។ ឥឡូវនេះ សមយុទ្ធ Balikatan គឺជាការឆ្លុះបញ្ចាំងពីរបៀបដែលសមត្ថភាពរបស់យើងកំពុងធ្វើការរួមគ្នាដើម្បីបង្កើនសន្ដិសុខរួមរបស់យើងនៅទីនេះ នៅក្នុងតំបន់របស់យើង»។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែទូលំទូលាយនៅទូទាំងតំបន់ជាមួយសម្ព័ន្ធមិត្ត ដៃគូ និងប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ AFP ក៏បានរៀបចំ និងបណ្តុះបណ្តាលជាមួយកងកម្លាំងប្រតិបត្តិការពិសេសអូស្ត្រាលីចំនួនជាង ៤៥ នាក់។ 

បញ្ជាការ និងការគ្រប់គ្រង

ក្នុងតង់ដែលមានម៉ាស៊ីនត្រជាក់ហ៊ុំព័ទ្ធដោយរលួសបន្លាក្នុងតំបន់ហាមឃាត់នៃបន្ទាយ Camp Aguinaldo សេនាធិការចម្រុះនិងរួបរួមគ្នាមកពីគ្រប់ផ្នែកនៃកងកម្លាំងហ្វីលីពីននិងសហរដ្ឋអាមេរិកចំនួនជាង ៥០ នាក់ ពិនិត្យតាមដានទិន្នន័យផ្ទាល់ តាមដានព័ត៌មានលម្អិតលើផែនទី និងតារាងរយៈពេលជាច្រើនម៉ោង មួយថ្ងៃហើយមួយថ្ងៃទៀត។ គោលដៅ៖ បង្កើតផែនការឆ្លើយតបទៅនឹងការគំរាមកំហែងប្រឌិតទៅកាន់អធិបតេយ្យភាពរបស់ហ្វីលីពីនពីខាងក្រៅ ប៉ុន្តែមានលក្ខណៈជាក់ស្តែង និងវាយតម្លៃលទ្ធផលរបស់ខ្លួននៅក្នុងសមរភូមិ។ ពួកគេបានដំណើរការសេណារីយ៉ូ និងធ្វើល្បែងសង្រ្គាម ដើម្បីបន្តកែលម្អផែនការពេញមួយវគ្គបណ្តុះបណ្តាល។ 

វរសេនីយ៍ឯក Michael Logico នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលចម្រុះ និងរួបរួមរបស់ AFP បានប្រាប់ទស្សនាវដ្តី FORUM ថា សមយុទ្ធបញ្ជាការ និងការគ្រប់គ្រង ដែលត្រូវបានស្គាល់ថាជាសមយុទ្ធសេនាធិការ ឬ STAFFEX បានអនុញ្ញាតឱ្យយោធាធ្វើតេស្តផែនការក្នុងពិភពលោកជាក់ស្ដែងជាលើកដំបូងនៅសមយុទ្ទ Balikatan។ STAFFEX បានបង្ហាញពីបរិបទយុទ្ធសាស្ត្រកាន់តែទូលំទូលាយ រួមទាំងរបៀបដែលកត្តាការទូត សេដ្ឋកិច្ច និងនយោបាយ និងការវិវឌ្ឍប៉ះពាល់ដល់វិបត្តិ។ វរសេនីយ៍ឯក Logico បាននិយាយថា «នេះនឹងអនុញ្ញាតឱ្យយើងគិតពីអ្វីដែលយើងមិនធ្លាប់គិតពីមុនមក ដើម្បីស្វែងរកព្រឹត្តិការណ៍ក្ងាន​ខ្មៅមួយចំនួន ឬដើម្បីកំណត់ថាតើលទ្ធផលស្មើនឹងផែនការដែរឬទេ»។ ជាទូទៅ ព្រឹត្ដិការណ៍ក្ងាន​ខ្មៅជាព្រឹត្ដិការណ៍ដែលមិនអាចព្យាករទុកជាមុនបាន ឬមិនអាចមើលឃើញជាមុន ដែលអាចមានផលវិបាកយ៉ាងខ្លាំង។ 

STAFFEX បានបង្ហាញថាមានតម្លៃមិនអាចកាត់ថ្លៃបានលើសពីការរៀបចំផែនការទៅទៀត។ ឧត្តមសេនីយត្រី Brian Wolford មេបញ្ជាការនៃក្រុមភស្តុភារម៉ារីនទី ៣ របស់កងទ័ពម៉ារីនអាមេរិកនៅអូគីណាវ៉ាប្រទេសជប៉ុនបានប្រាប់ទស្សនាវដ្តី FORUM ថា «អ្វីដែលយើងកំពុងផ្តោតលើនៅទីនេះ មិនមែនជាផែនការ ឬផលិតផលនោះទេ ប៉ុន្តែដំណើរការដែលជាផ្នែកសំខាន់បំផុត»។ ឧត្តមសេនីយត្រី Wolford បានដើរតួជាមេបញ្ជាការកងកម្លាំងចម្រុះអាមេរិកក្នុងអំឡុងពេលសមយុទ្ធនេះ។

ឧត្តមសេនីយ៍ត្រី Erick Escarcha ប្រធានទីបញ្ជាការរបស់ AFP បានពន្យល់ថា «STAFFEX នៅទីនេះអនុញ្ញាតឱ្យយើងរៀនដំណើរការជាច្រើនដែលអនុញ្ញាតឱ្យយើងកាត់បន្ថយពេលវេលាពីទិន្នន័យដែលផ្គត់ផ្គង់ទៅកាន់ខ្សែសង្វាក់នៃការសម្រេចចិត្ត»។ ឧត្តមសេនីយ៍ត្រី Erick Escarcha ដែលដើរតួជាមេបញ្ជាការកងកម្លាំងចម្រុះហ្វីលីពីននៅក្នុង STAFFEX បាននិយាយថា «ដូច្នេះយើងពិតជាកំពុងដោះស្រាយបញ្ហាជាច្រើន»។

ឧត្តមសេនីយ៍ត្រី Wolford បាននិយាយថា «យើងចាប់ផ្តើមពីបញ្ហាសាមញ្ញមួយ ប៉ុន្តែនៅឆ្នាំក្រោយ យើងនឹងផ្តោតលើបញ្ហាដែលស្មុគស្មាញជាងនេះនិងអាចដោះស្រាយបាន»។ «យើង​ទទួលបានលទ្ធភាពក្នុងការធ្វើការ​រួម​គ្នា​ជា​អង្គភាព​ដោយមិនមានការរៀបចំផែនការជាមុន»។ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ សមយុទ្ធ Balikatan ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០ និងក្នុងឆ្នាំ ២០២១ មានអ្នកចូលរួមស្នូលចំនួនតែ ៣០០ នាក់ប៉ុណ្ណោះ។ លោក​បាន​បន្ត​ថា​ «​អ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ពេល​នេះ​គឺ​ការ​បង្កើត​ឡើង​វិញ​នូវ​អ្វី​ដែល​យើង​មាន នាំ​យើង​ត្រឡប់​ទៅ​កន្លែង​ដែល​យើង​ធ្លាប់​នៅ​ពី​មុន ហើយ​បន្ត​ការ​សាងសង់​ចាប់​ពី​ឆ្នាំ​ក្រោយទៅ»។ 

«អ្វីដែលយើងកំពុងរៀននៅទីនេះគឺពីរផ្នែក។ ដោយចាប់ផ្តើមជាមួយទាហានម៉ារីនវ័យក្មេង ទាហានវ័យក្មេង ទាំងហ្វីលីពីននិងអាមេរិក វាជាឱកាសសម្រាប់ពួកយើងក្នុងការបង្ហាញគ្នាទៅវិញទៅមកអំពីរបៀបដែលយើងធ្វើកិច្ចការ សមត្ថភាព ដំណើរការគិតនិងរៀនពីរបៀបដែលយើងគិត» ឧត្តមសេនីយ៍ Wolford បាននិយាយបន្ថែម។ «សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជារីករាយក្នុងការមើលពីរបៀបដែលប្រទេសផ្សេងទៀតដោះស្រាយបញ្ហា។ វា​គឺ​ជា​ស្ថានភាព​ផ្សេង​គ្នា​ ក្នុងស្ថានភាពសណ្ឋានដី​ផ្សេង​គ្នា​។ មានកក្តាផ្សេងៗគ្នាដែលអ្នកត្រូវដោះស្រាយ។ ការ​ប្រឈមមុខផ្ទាល់នឹងកក្តា​ទាំង​នោះ​ពិត​ជាមានប្រយោជន៍ខ្លាំងណាស់ ​មិន​ត្រឹម​តែ​សម្រាប់​ការ​ធ្វើ​ផែនការ​នៅ​ទីនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ការ​ធ្វើ​ផែនការ​នៅ​ទីតាំង​ផ្សេង​ទៀតផងដែរ»។

សមាជិកយោធាហ្វីលីពីន និងយោធាអាមេរិកបានចុះចតប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ចេញពីនាវាវាយប្រហារឡើងឆ្នេរនៅលើឆ្នេរ Aparri ភាគខាងជើងប្រទេសហ្វីលីពីន អំឡុងពេលសមយុទ្ធរួមគ្នាមួយ។ ពលបាលត្រី MELANYE MARTINEZ/កងទ័ពម៉ារីនអាមេរិក

សមយុទ្ធ Balikatan ឆ្នាំ ២០២៣ នឹងត្រូវបានរចនាឡើងជុំវិញផលិតផលស្នូលពីសមយុទ្ធ STAFFEX ឆ្នាំ ២០២២ ហើយនឹងផ្អែកលើសមិទ្ធិផលនៃសមយុទ្ធរួម។ ជាឧទាហរណ៍ ឧត្តមសេនីយ៍ Escarcha និង Wolford ពិចារណាថា បញ្ជាការសមយុទ្ធ STAFFEX នឹងដំណើរការ
សមយុទ្ទបញ្ជាការ ក្នុងអំឡុងពេលនៃការធ្វើសមយុទ្ធបន្តបន្ទាប់ទៀត។

ឧត្ដមសេនីយ៍ Escarcha បាននិយាយថា «ខ្ញុំទន្ទឹងរង់ចាំដល់ចំណុចនេះ នៅពេលដែលកងកម្លាំងប្រដាប់អាវុធអាមេរិក និងហ្វីលីពីន អាចធ្វើការរួមគ្នាដោយមិនចាំបាច់មានផែនការជាមុន ឬការកែតម្រូវអ្វីឡើយ» ។ «ខ្ញុំប្រៀបធៀបវាទៅនឹងបទភ្លេង។ តន្ត្រីករទាំងអស់យល់អំពីគ្នាទៅវិញទៅមក។ ពួក​គេ​ប្រហែល​ជា​ទើបបាន​ជួប​គ្នា​ជា​លើក​ដំបូង ប៉ុន្តែ​ពួក​គេ​អាច​ច្រៀង​ជា​មួយ​គ្នា និង​បង្កើត​បទភ្លេងដ៏ពិរោះ​»។ 

ប៉ុន្តែ សមយុទ្ធ Balikatan កំពុងទទួលបានទទួលជោគជ័យមួយចំនួន លើសពីការសម្របសម្រួលសេនាធិការចម្រុះ។ វរសេនីយ៍ឯក Logico បានសង្កេតឃើញថា «ពិនិត្យពីក្រៅសមយុទ្ធ Balikatan គឺជាវេទិកាមួយសម្រាប់កែលម្អការបណ្តុះបណ្តាល សមត្ថភាពប្រតិបត្តិការចម្រុះ អន្តរប្រតិបត្តិការ ហើយកក្ដាទាំងអស់នេះរួមចំណែកដល់សន្តិសុខរបស់ប្រទេសហ្វីលីពីន»។ ប៉ុន្តែ សមយុទ្ធនេះមានគោលបំណងផ្សេងទៀតផងដែរ។ “នៅពេលដែលអ្នកធ្វើសមយុទ្ធ Balikatan វាគឺជាការផ្ញើសារយុទ្ធសាស្ត្រមួយទៅកាន់បច្ចាមិត្ដរបស់យើងថា យើងមិនមែនតែម្នាក់ឯងក្នុងស្ថានភាពនេះទេ។ អ្វីក៏ដោយដែលយើងខ្វះខាត ដៃគូនិងសម្ព័ន្ធមិត្តរបស់យើងតែងតែអាចនាំយកអ្វីដែលយើងខ្វះខាតមកទីនេះ។ យើង​នៅ​តែ​ហ្វឹកហាត់​ជាមួយ​គ្នា ហើយ​សម្ព័ន្ធ​ភាព​នៅ​តែ​រឹង​មាំ​ដដែល»។

ការការពារជាតិទៅវិញទៅមក

ក្នុងឆ្នាំដែលឈានទៅដល់សមយុទ្ធ Balikatan ឆ្នាំ ២០២២ មេដឹកនាំហ្វីលីពីននិងសហរដ្ឋអាមេរិកបានបង្កើនសម្ព័ន្ធភាពរបស់ពួកគេដោយពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក (MDT) ដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៥១។ នៅខែកក្កដា ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក Lloyd Austin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ានីល ដើម្បីបញ្ជាក់ជាថ្មីអំពីសម្ព័ន្ធភាពដ៏រឹងមាំនិងយូរអង្វែងរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន នៅពេលភាគីទាំងពីរបានប្រារព្ធខួប ៧៥ ឆ្នាំនៃទំនាក់ទំនងការទូត និងខួបលើកទី ៧០ ឆ្នាំនៃ MDT ។ លោក Austin បានជួបជាមួយប្រធានាធិបតីហ្វីលីពីន Rodrigo Duterte រដ្ឋមន្ត្រីការពារជាតិ Delfin Lorenzana និងរដ្ឋមន្ត្រីការបរទេស Teodoro Locsin Jr. នៅពេលនោះ ដើម្បីបញ្ជាក់ពីចំណុចកណ្តាលនៃហ្វីលីពីនដែលមានមូលដ្ឋានទូលំទូលាយដនៃភាពជាដៃគូក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បន្ទាប់ពីកិច្ចប្រជុំ លោក Lorenzana បានប្រកាសពីការសម្រេចចិត្តរបស់លោក Duterte ដើម្បីបន្តកិច្ចព្រមព្រៀងអំពីកងកម្លាំងបំពេញទស្សនកិច្ច (VFA) របស់ប្រទេសជាតិទាំងពីរ ដែលរៀបរាប់លម្អិតអំពីរបៀបដែលបុគ្គលិកយោធានឹងត្រូវបានប្រព្រឹត្តនៅក្នុងប្រទេសទាំងពីរ។ «សម្ព័ន្ធភាពដ៏រឹងមាំនិងស្វាហាប់របស់សហរដ្ឋអាមេរិកនិងហ្វីលីពីននឹងនៅតែមានសារៈសំខាន់ចំពោះសន្តិសុខ ស្ថិរភាព និងភាពរីចម្រើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ VFA ដែលបានស្ដារឡើងវិញយ៉ាងពេញលេញនឹងជួយយើងឱ្យសម្រេចបាននូវគោលដៅនោះជាមួយគ្នា» លោក Austin បាននិយាយបន្ថែមនៅពេលនោះ។

នៅខែកញ្ញា ឆ្នាំ ២០២១ លោក Lorenzana បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើការឆ្លើយតបទៅនឹងទស្សនកិច្ចរបស់លោក Austin ក្នុងការប្រារព្ធខួប ៧០ ឆ្នាំនៃសម្ព័ន្ធភាព។ លោកបានទទួលស្គាល់ថា «ព្រឹត្តិការណ៍ដ៏សំខាន់នេះផ្តល់នូវឱកាសពិសេសមួយដើម្បីបញ្ជាក់ឡើងវិញនូវទំនាក់ទំនងយូរអង្វែងរវាងប្រទេសរបស់យើងទាំងពីរ នៅពេលមានការវិវត្តព្រឹត្តិការណ៍ក្នុងតំបន់នាពេលបច្ចុប្បន្ននេះ»។ លោក Lorenzana បាននិយាយបន្ថែមទៀតថា «ឥឡូវនេះ យើងបានយល់ដឹងតែប្រសើរឡើងចំពោះកង្វល់សន្តិសុខ និងអាទិភាពរបស់យើងទៅវិញទៅមក ហើយយើងបានយល់ពីគោលដៅរួមរបស់យើងសម្រាប់ប្រទេស និងតំបន់របស់យើង»។

ស៊េរី​នៃ​ការ​ពិគ្រោះ​យោបល់​កម្រិត​ខ្ពស់​កើតឡើងក្រោយទស្សនកិច្ចនោះ។ នៅខែតុលា ឆ្នាំ ២០២១ ក្រុមប្រឹក្សាការពារជាតិទៅវិញទៅមក (MDT) និងក្រុមប្រឹក្សាសន្តិសុខបានប្រជុំនៅប្រទេសហ្វីលីពីន។ មិនយូរប៉ុន្មាន បន្ទាប់មក នាយអគ្គសេនាធិការរបស់ AFP នាយឧត្តមសេនីយ៍ Jose C. Faustino Jr. និងនាយឧត្តមនាវី John Aquilino មេបញ្ជាការនៃបញ្ជាការដ្ឋានតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក (USINDOPACOM) បានប្រគល់ភារកិច្ចឱ្យកងកម្លាំងរៀងៗខ្លួនឱ្យបន្តពង្រឹងការត្រៀមខ្លួនរួមគ្នាឱ្យកាន់ល្អជាងមុន។ ចាប់តាំងពីពេលនោះមក មន្ត្រីតំណាងយោធាបានកែលម្អការយល់ដឹងរបស់ពួកគេអំពី MDT ដើម្បីបង្កើនការត្រៀមខ្លួន និងធានាថា MDT នៅតែឆ្លើយតបទៅនឹងទិដ្ឋភាពសន្តិសុខដែលកំពុងវិវត្តនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ឧត្តមសេនីយ៍ទោ Hechanova បានប្រាប់ទស្សនាវដ្តី FORUM ថា «យើងគ្រាន់តែត្រូវបន្តកែលម្អលើការយល់ដឹងរួមរបស់យើងអំពីកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក»។ «ដោយសារនេះជាកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមក វាគួរតែមានការយោគយល់គ្នាលើលក្ខខណ្ឌ នីតិវិធីលើការស្ថាបនា ការស្ថាបនាលើគោលលទ្ធិ។ នេះពិតជាផ្ដល់តម្លៃដល់គោលលទ្ធិ និងអន្តរប្រតិបត្តិការនៃកងកម្លាំងទាំងពីរ ក្នុងករណីដែល MDT ត្រូវបានអនុវត្ត»។

បង្កើតប្រតិបត្តិការ សកម្មភាពរារាំងជារួម

នាយឧត្តមនាវី  Aquilino បានបង្ហាញអំពីបញ្ហាប្រឈមនៅក្នុងតំបន់នេះ ក្នុងការផ្តល់សក្ខីកម្មទៅកាន់គណៈកម្មាធិការសភាអាមេរិកទទួលបន្ទុកកងកម្លាំងប្រដាប់អាវុធអាមេរិក នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២។ លោកបានមានប្រសាសន៍ថា «PRC [សាធារណៈរដ្ឋប្រជាមានិតចិន] កំពុងអនុវត្តយុទ្ធនាការដែលខិតខំប្រឹងប្រែងដែលប្រើប្រាស់គ្រប់ទម្រង់នៃអំណាចជាតិក្នុងការប៉ុនប៉ងដើម្បីលុបបំបាត់ចោលនូវស្ថិរភាពនៃ​សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងអ្នកដទៃទាំងអស់នឹងត្រូវខាតបង់»។ លោកបានបង្ហាញនៅក្នុងសក្ខីកម្មរបស់លោកថា សកម្មភាពពង្រីកឥទ្ធិពលរបស់សាធារណរដ្ឋប្រជាមានិតចិននៅសមុទ្រចិនខាងត្បូង ដែលស្គាល់ថាជាសមុទ្រហ្វីលីពីនខាងលិចនៅក្នុងប្រទេសហ្វីលីពីន និងការមិនអើពើនឹងសេចក្តីសម្រេចរបស់តុលាការកាត់សេចក្ដីអចិន្ត្រៃយ៍ [PCA] ដោយផ្ដល់ជោគជ័យដល់ប្រទេសហ្វីលីពីន ជុំវិញការទាមទារទឹកដីខុសច្បាប់របស់សាធារណរដ្ឋប្រជាមានិតចិននៅសមុទ្រចិនខាងត្បូង បានបង្ហាញពីភាពជាក់ស្តែងថាសាធារណរដ្ឋប្រជាមានិតចិនមិនយកចិត្តទុកដាក់ដល់សណ្ដាប់ធ្នាប់អន្តរជាតិដោយជាផ្អែកលើច្បាប់អន្តរជាតិ។

កងទ័ពម៉ារីនហ្វីលីពីនចល័តយានវាយប្រហារឡើងឆ្នេរក្នុងអំឡុងពេលសមយុទ្ធ។ THE ASSOCIATED PRESS

នៅក្នុងបរិយាកាសគម្រាមកំហែងសព្វថ្ងៃនេះ «បច្ចាមិត្តកំពុងប្រើយុទ្ធសាស្ត្រក្នុងតំបន់ប្រទាញប្រទង់។ យើង​ត្រូវ​បង្កើតយុទ្ធសាស្ត្ររបស់យើងមួយរួមគ្នា សម្រាប់ប្រទេស​ហ្វីលីពីននិង​សហរដ្ឋអាមេរិក​ ដើម្បី​ទប់ទល់​នឹង​គំនិត​ផ្តួចផ្តើម​នៅក្នុងតំបន់​ប្រទាញប្រទង់​ណាមួយ​របស់​បច្ចាមិត្ត​» ឧត្តមសេនីយ៍ទោ Hechanova នៃ AFP បាន​ពន្យល់បន្ថែម។ យុទ្ធសាស្ត្រក្នុងតំបន់ប្រទាញប្រទង់គឺសំដៅលើសកម្មភាពបង្ខិតបង្ខំ ដែលលើសពីសកម្មភាពការទូត សេដ្ឋកិច្ច និងនយោបាយធម្មតា ប៉ុន្តែមិនដល់កម្រិតជម្លោះប្រដាប់អាវុធ។ 

«សាធារណរដ្ឋប្រជាមានិតចិនកំពុងប្រើភាពមិនច្បាស់លាស់នៃច្បាប់ក្នុងការធ្វើកេងប្រវ័ញ្ចនៅសមុទ្រហ្វីលីពីនខាងលិច។ ពួកគេដឹងថាពួកគេកំពុងបញ្ជូននាវាក្នុងតំបន់ប្រទាញប្រទង់ដោយបំពានលើខ្លឹមសារនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីច្បាប់សមុទ្រ» ឧត្តមសេនីយ៍ Hechanova បានបន្តបន្ថែម។ ក្នុង​ពេល​កាន់​តំណែង លោក Duterte «បាន​បញ្ជាក់​យ៉ាង​ច្បាស់​ នៅ​ពេល​លោកនៅ​អង្គការ​សហ​ប្រជាជាតិ។ សេចក្តីសម្រេចរបស់ PCA នេះគឺជាផ្នែកមួយនៃច្បាប់អន្តរជាតិ ហើយថាប្រទេសហ្វីលីពីននឹងតែងតែប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ ក្នុងការដោះស្រាយជម្លោះនៅសមុទ្រហ្វីលីពីនខាងលិច» លោកបាននិយាយបន្ថែម។

លោក Scott Weidie ប្រធានផ្នែកបណ្តុះបណ្តាលពហុជាតិនៅ USINDOPACOM និងអ្នកដឹកនាំបញ្ជាការនៃសមយុទ្ធនេះបានពន្យល់ថា «ខណៈពេលដែល MDT ទទួលស្គាល់គោលដៅសំខាន់នៃការព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធី ប្រសិនបើកិច្ចខិតខំប្រឹងប្រែងទាំងនោះមិនទទួលបានជោគជ័យ សមយុទ្ធ Balikatan តំណាងឱ្យខ្សែត្រៀមសំខាន់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពទ្វេភាគីរបស់ប្រទេសហ្វីលីពីននិងសហរដ្ឋអាមេរិកក្នុងការឆ្លើយតបទៅនឹងការរំលោភលើសន្តិភាព ឬការគំរាមកំហែងណាមួយ»។ «បេសកកម្មរបស់បញ្ជាការគឺដើម្បីទប់ស្កាត់ជម្លោះតាមរយៈការប្រតិបត្តិនៃសកម្មភាពរារាំងជារួម ហើយប្រសិនបើចាំបាច់ត្រូវត្រៀមខ្លួនដើម្បីប្រយុទ្ធ ហើយឈ្នះ។ សមយុទ្ធ Balikatan អនុញ្ញាតការបង្កើតប្រតិបត្តិការការពាររបស់ប្រទេសហ្វីលីពីន-អាមេរិក ​ដែល​ត្រូវ​តែ​ត្រៀម​ខ្លួន​ជា​និច្ច​នៅ​ពេល​ដែល​ត្រូវ​ការ»។ 

សមយុទ្ធ Balikatan ឆ្នាំ ២០២២ គឺស្របតាមទិសដៅរបស់ Aquilino ដើម្បីចាប់យកគំនិតផ្តួចផ្តើមដោយតម្រូវឱ្យកងកម្លាំងចម្រុះគិត ធ្វើសកម្មភាព និងប្រតិបត្តិការខុសពីមុន។ លោក Weidie បាននិយាយថា «យើងកំពុងធ្វើកិច្ចការនេះជាមួយសម្ព័ន្ធមិត្តហ្វីលីពីនរបស់យើងដោយកិច្ចខិតខំប្រឹងប្រែងក្នុងឥរិយាបថកងទ័ព និងផ្តោតលើសមត្ថភាពប្រតិបត្តិការចម្រុះដែលចាំបាច់សម្រាប់កងកម្លាំងប្រដាប់អាវុធហ្វីលីពីននិងសហរដ្ឋអាមេរិក ក្នុងការបង្កើនល្បឿននៃការឆ្លើយតបក្នុងវិបត្តិ បង្កើនអន្តរប្រតិបត្តិការ កែលម្អប្រសិទ្ធភាពបេសកកម្ម និងបង្កើនការរួបរួមនៃកិច្ចខិតខំប្រឹងប្រែង» ។ ប្រទេសជាតិកំពុងជំរុញកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិរបស់ពួកគេ ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីកែលម្អសមត្ថភាពនៃការឆ្លើយតបលក្ខណៈទ្វេភាគី និងអាចឱ្យសហរដ្ឋអាមេរិកធ្វើប្រតិបត្តិការកាន់តែមានភាពបត់បែននៅក្នុងប្រទេសហ្វីលីពីន។

ឧត្តមសេនីយទោ Hechanova បាននិយាយថាការពង្រឹងសម្ព័ន្ធភាព «គឺជាសកម្មភាពបន្ត»។ «យើងកំពុងបន្តទាញយកសក្តានុពលរបស់យើងទាំងពីរ ដើម្បីធានាថា ប្រសិនបើស្ថានការណ៍ដែលយើងគួរត្រូវតែប្រយុទ្ធជាមួយគ្នាកើតឡើង នោះយើងអាចធ្វើបានប្រកបដោយប្រសិទ្ធភាព»។

ការបង្ហាញ បច្ចេកវិទ្យា និងភាពជាដៃគូ

កងកម្លាំងហ្វីលីពីននិងកងកម្លាំងអាមេរិកបានប្រើប្រាស់សមយុទ្ធ Balikatan ដើម្បីធ្វើការពិសោធន៍ជាមួយនឹងបច្ចេកវិទ្យានិងពិធីសារប្រតិបត្តិការជាច្រើន ដើម្បីកែលម្អសក្ដានុពលនៃការប្រយុទ្ធរួបរួមគ្នានិងចម្រុះរបស់ពួកគេ។ ឧត្តមសេនីយ៍ត្រី James Isenhower ដែលជាមេបញ្ជាការនៃកងកម្លាំងចម្រុះពហុដូមែនថ្មីរបស់កងទ័ពអាមេរិកនាពេលនោះ (MDTF) ដែលជាកត្តាស្នូលនៃការធ្វើទំនើបកម្មរបស់កងទ័ពបានប្រាប់ទស្សនាវដ្តី FORUM ថា «យើងដឹងថារាល់ពេលដែលយើងនឹងទៅប្រយុទ្ធ យើងនឹងប្រយុទ្ធជាមួយមិត្តភ័ក្តិ ដៃគូ និងសម្ព័ន្ធមិត្ត ហើយវិធីល្អបំផុតនិងវិធីមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រសិនបើអ្នកត្រូវតែប្រយុទ្ធ គឺ​​ការ​បង្កើត​ទំនាក់​ទំនង​ឱ្យ​បាន​ល្អ​ជាមុន»។ «ការជំរុញបច្ចេកវិទ្យាជាមួយដៃគូ និងសម្ព័ន្ធមិត្តគឺតែងតែជាផ្នែកសំខាន់នៃការកសាងទំនាក់ទំនង និងការកសាងទំនុកចិត្ត។ 

«យើងអាចចែករំលែកមេរៀនរបស់យើងតាមវិធីជាច្រើន  ហើយវាអាចជំរុញពួកគេឬជំរុញពួកគេឱ្យឈានទៅកម្រិតជំនាញខ្ពស់ថ្មីមួយទៀត ឬបង្កើតសមត្ថភាពដែលពួកគេប្រហែលជាមិនមានពីមុនមក។ នេះមានន័យថា យើងរៀនច្រើនពីពួកគេដូចដែលពួកគេរៀនពីយើងដែរ ដូច្នេះហើយយើងបំពេញកិច្ចការរបស់យើងក្នុងលក្ខណៈស្មើភាពគ្នា ក្នុងនាមជាដៃគូពិតប្រាកដ» លោក Isenhower បាននិយាយបន្ថែម។ «ដោយសារតែពួកគេរស់នៅទីនេះ ចំនេះដឹងស៊ីជម្រៅអំពីបរិស្ថានរបស់ពួកគេគឺជាអ្វីដែលយើងមិនមាន។ ដូច្នេះគ្រាន់តែការយល់ដឹងពីរបៀបដែលពួកគេគិត និងទស្សនៈដែលពួកគេអាចនាំមក ហើយការយល់ដឹងរបស់ពួកគេអំពីប្រវត្តិសាស្ត្រនៅក្នុងតំបន់គឺតែងតែមានតម្លៃ ហើយផ្តល់ព័ត៌មានដល់យើងអំពីរបៀបដែលយើងនឹងដាក់ពង្រាយកងកម្លាំង និងរបៀបដែលយើងគិតថាយើងអាចធ្វើការជាមួយពួកគេនៅក្នុងបរិស្ថាននេះ»។ MDTF បានចូលរួមក្នុងសមយុទ្ធ Balikatan ជាលើកដំបូងក្នុងឆ្នាំ ២០២២។ យោធា​ទាំង​ពីរ​បាន​ធ្វើ​សមយុទ្ធ​លើក​ដំបូង​ក្នុង​ឆ្នាំ ​១៩៨៦។

ឧទាហរណ៍ សមយុទ្ទ Balikatan បានអនុញ្ញាតឱ្យ AFP និងកងកម្លាំងអាមេរិកបង្កើតជម្រើសយុទ្ធសាស្ត្រដើម្បីឆ្លើយតបនឹងសេណារីយ៉ូដែលអាចកើតឡើង នៅក្នុងខ្សែដែនកោះទីមួយ ដូចជាបណ្តាញបដិសេធប្រតិបត្តិការក្នុងតំបន់ (A2AD) ជាដើម។ បណ្តាញបែបនេះបង្ហាញពីបញ្ហាប្រឈមនៃកងកម្លាំងចម្រុះដែលតម្រូវឱ្យមានការសម្របសម្រួលយ៉ាងខ្លាំងថាតើវិធីសាស្រ្តគឺដើម្បីកំណត់គោលដៅវាយប្រហារចំណុចស្នូលកណ្តាលរបស់បណ្តាញ ឬដើម្បីរុះរើសមត្ថភាពរបស់បច្ចាមិត្តមួយស្រទាប់ម្ដង។ “បណ្តាញទាំងនោះត្រូវបានបង្កើតឡើងដើម្បីការពារការដាក់ពង្រាយកងកម្លាំង។ នៅពេលដែលយើងអភិវឌ្ឍសមត្ថភាពរបស់យើង MDTF នឹងក្លាយជាសមាធាតុសំដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងកម្លាំងចម្រុះដើម្បីបំផ្លាញប្រសិទ្ធិភាពនៃបណ្តាញ A2AD នោះ ដើម្បីបង្កើតពេលវេលា និងអនុញ្ញាតឱ្យកម្លាំងចម្រុះធ្វើប្រតិបត្តិការដែលពួកគេមានជំនាញល្អរួចទៅហើយ» លោក Isenhower បានពន្យល់បន្ថែម។ «នៅក្នុងបរិស្ថានដូចជាតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ការដាក់ពង្រាយកងកម្លាំងគឺជាកក្តាចាំបាច់មួយ ហើយបច្ចេកវិទ្យាមានសារៈសំខាន់សម្រាប់ការដាក់ពង្រាយកងកម្លាំង។ ប្រសិន​បើ​យើង​មិន​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​សកម្មភាព ឬ​សេរីភាព​ក្នុង​ការចល័តកងកម្លាំងទេ វា​ពិត​ជា​ធ្វើ​ឱ្យ​យើង​ប្រឈម​នឹង​ហានិភ័យ​ក្នុង​ការ​ផ្តល់​នូវ​ជម្រើស​ជា​យុទ្ធសាស្ត្រទៅកាន់​អ្នក​ដឹកនាំ​របស់​យើង​»។

ដោយមើលឃើញពីតម្រូវការការពារទឹកដីរបស់ប្រទេសហ្វីលីពីន លោក Isenhower បាននិយាយថា «ប្រព័ន្ធមីស៊ីល Patriot គឺជាគំរូដ៏ល្អនៃសមត្ថភាពដែលយើងអាចនាំយកទៅកាន់បរិស្ថានបែបនេះដើម្បីជួយសម្ព័ន្ធមិត្ត និងដៃគូ»។ ក្នុងពេលសមយុទ្ទ Balikatan យោធាទាំងពីរបានចុះចតប្រព័ន្ធមីស៊ីល Patriot ទៅកាន់ឆ្នេរសមុទ្រតាមរយៈនាវាវាយប្រហារឡើងឆ្នេរនៅលើឆ្នេររបស់កងទ័ពជើងទឹកអាមេរិក ហើយបានដឹកជញ្ជូនមីស៊ីល Patriot ចំនួនពីរនៅក្នុងឧទ្ធម្ភាគចក្រ CH-47 ហើយយោងតាមវរសេនីយ៍ឯក Matthew Dalton ដែលជាមេបញ្ជាការកងពលតូចកាំភ្លើងធំការពារដែនអាកាសទី ៣៨ របស់កងទ័ពអាមេរិកនាពេលនោះ ថាសកម្មភាពទាំងពីរនេះគឺកើតមានជាលើកដំបូង។ ប្រព័ន្ធមីស៊ីល Patriot ដែលរួមមានរ៉ាដា មីស៊ីល ទម្របាញ់មីស៊ីល និងយានជំនួយគាំទ្រ អាចតាមដាន និងបាញ់ទម្លាក់មីស៊ីលនិងយន្តហោះរបស់សត្រូវក្នុងរយៈពេលប្រាំបួនវិនាទីចាប់ការបាញ់បង្ហោះនៅចម្ងាយរហូតដល់ ៧០ គីឡូម៉ែត្រ។

ឧទ្ធម្ភាគចក្រ CH-53E Super Stallion របស់កងទ័ពម៉ារីនអាមេរិក ចូលរួមក្នុងការដឹកជញ្ជូនប្រព័ន្ធមីស៊ីល Patriot នៅឆ្នេរ Aparri ភាគខាងជើងប្រទេសហ្វីលីពីន ក្នុងខែមីនា ឆ្នាំ ២០២២។ ពលបាលត្រី KALLAHAN MORRIS/កងទ័ពម៉ារីនអាមេរិក

«ការដាក់ពង្រាយប្រព័ន្ធមីស៊ីល Patriot ទៅកាន់ភាគខាងជើងកោះ Luzon គឺជាឧទាហរណ៍មួយនៃសេណារីយ៉ូជាក់ស្តែង ដែលយើងអាចធ្វើនៅក្នុងទីតាំងណាមួយនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ប្រតិបត្តិការនៅក្នុងប្រទេសហ្វីលីពីនបានអនុញ្ញាតឱ្យយើងធ្វើការជាមួយដៃគូទ្វេភាគីរបស់យើង ហាត់សមយុទ្ធក្នុងការទ្រទ្រង់កងកម្លាំង ធ្វើតេសត្តឧបករណ៍របស់យើង និងអនុវត្តការថែទាំនៅក្នុងសមរភូមិនៅក្នុងលក្ខខណ្ឌដ៏លំបាក» លោក Dalton បាននិយាយបន្ថែម។ «ទាហាន និងថ្នាក់ដឹកនាំរបស់យើងត្រូវប្រើប្រាស់ភាពច្នៃប្រឌិត និងការគិតពិចារណា ដើម្បីជម្នះឧបសគ្គដែលអាចលេចឡើងនៅពេលដាក់ពង្រាយកងកម្លាំងចម្ងាយរាប់ពាន់គីឡូម៉ែត្រពីមូលដ្ឋានយានយន្ត»។

កងកម្លាំងហ្វីលីពីន និងកងកម្លាំងអាមេរិកបានធ្វើតេស្តសមត្ថភាពចម្រុះ និងរួបរួមគ្នា និងបច្ចេកវិទ្យាផ្សេងៗទៀត ដោយបង្ហាញពីភស្តុតាងប្រតិបត្តិការនៃគោលគំនិតថ្មីរវាងយោធាទាំងពីរ។ AFP និងកងកម្លាំងប្រតិបត្តិការពិសេសអាមេរិក (SOF) បានធ្វើប្រតិបត្តិការវាយប្រហារយកអាកាសយានដ្ឋាននៅអាកាសយានដ្ឋាន Cagayan North ដើម្បីកែលម្អយុទ្ធសាស្ត្រ និងនីតិវិធីក្នុងការដាក់ពង្រាយប្រព័ន្ធកាំភ្លើងធំរ៉ុក្កែតមានភាពចល័តខ្ពស់ដែលស្គាល់ថាជា HIMARS ស្របជាមួយនឹងការជ្រៀតចូលនៃកម្លាំងយ៉ាងលឿន ឬ HIRAIN។ នៅពេលដែលបានទៅដល់ទីតាំងណាមួយ HIMARS ដែលមានមូលដ្ឋានលើមីស៊ីល ត្រូវបានប្រើដើម្បីវាយប្រហារគោលដៅ បន្ទាប់មកវាបានផ្ទុកឡើងលើយន្តហោះវិញយ៉ាងឆាប់រហ័ស ហើយត្រូវបានដឹកជញ្ជូនចេញពីទីតាំងនោះ មុនពេលដែលបច្ចាមិត្តអាចវាយប្រហារតបត្រឡប់មកវិញ។ HIMARS ក៏អាចចុះចតនៅលើដីគោក និងដាក់ពង្រាយប្រឆាំងនឹងគោលដៅនៅផ្ទៃសមុទ្រផងដែរ។ 

ក្នុងអំឡុងសមយុទ្ធ Balikatan កម្លាំងប្រតិបត្តិការពិសេសហ្វីលីពីននិងកម្លាំងប្រតិបត្តិការពិសេសអាមេរិកក៏បានចូលរួមក្នុងប្រតិបត្តិការស្មុគ្រស្មាញពហុដែន ដើម្បីបង្កើនអន្តរប្រតិបត្តិការ និងការពិសោធក្នុងការរៀបចំសម្រាប់ឧបទ្ទវហេតុលើសពីការឆ្លើយតបនឹងអង្គការជ្រុលនិយមហិង្សា (VEO)។ AFP និង SOF អាមេរិកបានប្រតិបត្តិវាយប្រហារគោលដៅ និងរួមបញ្ចូលគ្នានូវសមត្ថភាពប្រឆាំង VEO ដែលពាក់ព័ន្ធទៅក្នុងបរិយាកាសបច្ចាមិត្តដែលមានសមត្ថភាពដូចខ្លួន។ នៅក្នុងដែនអាកាស មេបញ្ជាប្រយុទ្ធដែលអាកាសបញ្ជាការបាញ់កាំភ្លើងធំ ១០៥ មីលីម៉ែត្រ កងទ័ពអាកាសអាមេរិកយន្តហោះចម្បាំង AC-130 បាញ់គ្រាប់ទំហំ ៣០ មិល្លីម៉ែត្រដែលជាគ្រាប់នៅទៅរកគោលដៅនៅទីតាំងបាញ់កាំភ្លើង Bahasa។ នេះជាលើកទីមួយហើយដែលយន្តហោះ AC-130 ធ្វើការហ្វឹកហ្វឺនផ្ដល់ជំនួយពីដែនអាកាសទៅកងទ័ពរបស់ AFP នៅក្នុងប្រទេសហ្វីលីពីន។ 

នៅបន្ទាយ Fort Magsaysay និងនៅទូទាំងកោះ Luzon ព្រឹត្តិការណ៍បណ្តុះបណ្តាលកងកម្លាំង SOF ដែនគោកបានបង្កើតឡើងដោយផ្អែកលើចំណេះដឹងជាច្រើនជំនាន់នៃយុទ្ធសាស្ត្រសង្គ្រាមដែលមិនមានលក្ខណៈស្តង់ដារនិងយុទ្ធសាស្ត្រសង្គ្រាមមិនទៀងទាត់ ដើម្បីពង្រឹងជំនាញរបស់កងកម្លាំង SOF និងអន្តរប្រតិបត្តិការរបស់ AFP និងសហរដ្ឋអាមេរិក។ កម្លាំងចម្រុះបានរុករកគោលដៅស្មុគ្រស្មាញនៅទូទាំងកោះ Luzon ភាគខាងកើត រួមទាំងការជ្រៀតចូល និងការទាមទារយកកោះ Corregidor ឡើងវិញ។ នៅឯឆ្នេរសមុទ្រ Palawan កងកម្លាំង SOF ពហុភាគី រួមទាំងសមាជិកនៃក្រុមកម្លាំងប្រតិបត្តិការពិសេសនៃកងទ័ពជើងទឹក AFP កងកម្លាំងកុម្ម៉ង់ដូអូស្ត្រាលី និងកងកម្លាំងពិសេស Navy SEAL របស់អាមេរិក បានធ្វើការហ្វឹកហ្វឺនរារាំងសកម្មភាពនៅដែនសមុទ្រ ដោយបញ្ចប់ការវាយប្រហារតាមដែនអាកាសនិងពីដែនសមុទ្រ ដើម្បីដណ្តើមយកទីតាំងអណ្ដូងរ៉ែឧស្ម័ននិងប្រេងកាតឡើងវិញនៅក្នុងសមុទ្រហ្វីលីពីន។

កងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និង MDTF ធ្វើការជាមួយសមភាគីមកពី AFP លើការអនុវត្តសន្តិសុខថ្មីមួយផ្សេងទៀត បានបង្ហោះបាល់ឡុងមានរយៈកម្ពស់ខ្ពស់ពីបន្ទាយ Fort Magsaysay នៅកណ្តាលកោះ Luzon ដើម្បីសាកល្បងសមត្ថភាពអំពីស្រទាប់បរិយាកាសស្ត្រាតូស្វែរ ដើម្បីគាំទ្រការយល់ដឹងអំពីដែនសមុទ្រ និងរួមចំណែកដល់ប្រតិបត្តិការពហុដែន។ ក្រុមទ្វេភាគីបានបង្ហោះបាល់ឡុងគ្មានមនុស្សបើកដែលមានកម្ពស់ពី ១៥ ០០០ ទៅ ២១ ០០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ដែលខ្ពស់ជាងរយៈកម្ពស់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្ម។ បាឡុងផ្តល់នូវលទ្ធភាពការពារជាច្រើន ដូចជាការបង្កើតក្រុមផ្កាយរណបនៅដែនអាកាស ដើម្បីបញ្ជូនទិន្នន័យ រួមទាំងវីដេអូតាមដាន និងបង្កើនសមត្ថភាពសង្គ្រាមអេឡិចត្រូនិច។ 

សម្រាប់កងកម្លាំង AFP និងកងកម្លាំងអាមេរិក សមយុទ្ធ Balikatan បានបង្ហាញពីតម្លៃនៃការពិសោធន៍ជាប្រចាំ ដោយបានផ្តល់ឱ្យការប្រើប្រាស់បច្ចេកវិទ្យាជោគជ័យជាច្រើន និងសមិទ្ធិផលនានាកើតឡើងដោយមិនមានការរៀបចំផែនការជាមុន ឬនៅក្នុងពេលសមយុទ្ធ។ «ការ​ធ្វើ​ប្រតិបត្តិការ​រហ័ស​ឡើង​វិញគឺ​ពិត​ជា​សំខាន់។ ពេលដែលយើងអាចធ្វើប្រតិបត្តិការឡើងវិញជាមួយដៃគូ និងសម្ព័ន្ធមិត្តកាន់តែច្រើន យើងអាចធ្វើប្រតិបត្តិការឡើងវិញជាមួយកម្លាំងចម្រុះបានកាន់តែលឿន យើងអាចសម្រេចបាននូវសក្ដានុពលផ្សេងៗគ្នា ហើយពិតជាប្រាប់ពីរបៀបដែលយើងអាចប្រយុទ្ធក្នុងរយៈពេលខ្លីខាងមុខ» លោក Isenhower បានពន្យល់បន្ត។ «នៅគ្រប់លំដាប់ថ្នាក់ មានការទាមទារឱ្យមានសេចក្ដីរីករាយនិងការទទួលស្គាល់ថាយើងអាចពិសោធន៍ទៅមុខច្រើនជាងមុន យើងអាចធ្វើសមយុទ្ធនាអនាគត ហើយក្នុងលក្ខណៈស្មុគ្រស្មាញនិងមានទំនួលខុសត្រូវ ហើយដែលបង្កើនភាពអន្តរប្រតិបត្តិការ និងទំនុកចិត្តរវាងដៃគូទាំងពីរ»។

បង្កើនកម្លាំងជំរុញទឹកចិត្ត

សមយុទ្ធ Balikatan ឆ្នាំ ២០២២ បានបង្កើតការកសាងសមត្ថភាពពិសោធន៍ដ៏ស្មុគ្រស្មាញ និងភាពជាដៃគូកាន់តែខ្លាំងសម្រាប់សមយុទ្ធ Balikatan ឆ្នាំ ២០២៣។ សម្រាប់ យោងទៅតាមវរសេនីយ៍ឯក Dalton កងពលតូចកាំភ្លើងធំការពារដែនអាកាសទី ៣៨ របស់កងទ័ពអាមេរិកគឺ «កំពុងទន្ទឹងរង់ចាំនៅឆ្នាំក្រោយរួចហើយ ដើម្បីកសាងនូវវឌ្ឍនភាពដ៏អស្ចារ្យដែលយើងបានធ្វើនៅក្នុងប្រតិបត្តិការការពារដែនអាកាស និងការគ្រប់គ្រងដែនអាកាស។ យើងបានពិភាក្សាអំពីការហ្វឹកហ្វឺន និងការធ្វើសមាហរណកម្មនាពេលអនាគតជាមួយបញ្ជាការដ្ឋានការពារដែនអាកាសរបស់កងទ័ពអាកាសហ្វីលីពីន ក្នុងអំឡុងពេលសមយុទ្ធ Balikatan ឆ្នាំ ២០២៣» រួមទាំងជាមួយនឹងកងពលផ្ដល់ព័ត៌មានគ្រប់គ្រងយន្តហោះទី ៥៨០ របស់ AFP និងក្រុមការពារដែនអាកាសនិងការពារមីស៊ីលទី ៩៦០។ វរសេនីយ៍ឯក Dalton បាននិយាយថា «សមយុទ្ធនេះគឺជាលើកទីមួយរបស់យើងដែលចូលរួមជាមួយដៃគូរបស់យើង [កងពលតូចកាំភ្លើងធំការពារដែនអាកាសទី ៣៨ របស់កងទ័ពអាមេរិក] ដោយបើកចំណងមិត្តភាពថ្មី និងអនុញ្ញាតឱ្យអង្គភាពរបស់យើងឆ្លងកាត់ការហ្វឹកហាត់ និងចែករំលែកចំណេះដឹងអំពីសមត្ថភាពរបស់យើង»។ «យើងបានរៀនពីរបៀបដែលយើងអាចធ្វើការជាមួយគ្នាក្នុងពេលមានជម្លោះសម្រាប់ការការពារដ៏គួរឱ្យទុកចិត្ត រហ័សរហួន និងគ្រោះថ្នាក់ដល់បច្ចាមិត្ត»។

សមយុទ្ធ Balikatan ហាក់ដូចជាត្រូវបានធានាថានឹងកាន់តែប្រសើរឡើងនៅឆ្នាំ ២០២៣ ដោយសារការកើនឡើងនៃការរីកចម្រើនទំនាក់ទំនងយោធារបស់កងកម្លាំង AFP និងកងកម្លាំងអាមេរិក ក្នុងអំឡុងពេលសមយុទ្ធឆ្នាំ ២០២២។ ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរទៅកាន់ MDT និងសម្ព័ន្ធភាពយោធា បានបង្ហាញពីភាពរឹងមាំជាងពេលណាទាំងអស់ក្នុងព្រឹត្តិការណ៍នេះ។ វរសេនីយ៍ឯក Mampusti នៃ AFP បាននិយាយថា «ខ្ញុំចាត់ទុក Balikatan ឆ្នាំនេះជាឆ្នាំដ៏ជោគជ័យសម្រាប់កងកម្លាំងរបស់យើង»។ «បន្ទាប់ពីរយៈពេលពីរឆ្នាំនៃការរាតត្បាតជំងឺ សមយុទ្ធ Balikatan បានបង្ហាញថាមិនថាមានគម្លាតនៅក្នុងសកម្មភាពបណ្តុះបណ្តាលទ្វេភាគី ហើយក្នុងស្ថានភាពបច្ចុប្បន្នទេ កងកម្លាំងរបស់យើងបានត្រៀមខ្លួនរួចរាល់ហើយ យើងមានភាពបត់បែន យើងអាចធ្វើអន្តរកម្មបាន ហើយយើងមានភាពស្វាហាប់។ នេះ​ជា​សក្ខីភាព​មួយ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​យូរ​អង្វែង​របស់​យើង​ចំពោះ​ប្រវត្តិសាស្ត្រ​រួម និង​មិត្តភាព​របស់​យើង»។  


កិច្ចព្រមព្រៀងការការពារជាតិទៅវិញទៅមក 

រវាងសាធារណរដ្ឋហ្វីលីពីន និងសហរដ្ឋអាមេរិក ចុះហត្ថលេខានៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ១៩៥១

មាត្រាទី ១ ភាគីអនុវត្តទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិវាទអន្តរជាតិណាមួយដែលពួកគេអាចពាក់ព័ន្ធដោយសន្តិវិធី ក្នុងលក្ខណៈដែលសន្តិភាពនិងសន្តិសុខ ហើយយុត្តិធម៌អន្តរជាតិមិនត្រូវស្ថិតក្នុងគ្រោះថ្នាក់ ហើយបដិសេធក្នុងទំនាក់ទំនងអន្តរជាតិរបស់ពួកគេពីការគម្រាមកំហែង ឬការប្រើប្រាស់កម្លាំងក្នុងលក្ខណៈណាមួយដែលមិនសមស្របនឹងគោលបំណងរបស់អង្គការសហប្រជាជាតិ។

មាត្រាទី ២ ដើម្បីសម្រេចបាននូវគោលបំណងនៃកិច្ចព្រមព្រៀងនេះឱ្យកាន់តែមានប្រសិទ្ធភាព ភាគីនឹងរក្សានិងអភិវឌ្ឍសមត្ថភាពខ្លួន និងសមត្ថភាពរួមរបស់ពួកគេ ដើម្បីទប់ទល់នឹងការវាយប្រហារដោយប្រដាប់អាវុធនានា ដោយដាច់ដោយឡែក និងរួមគ្នាដោយការជួយពីភាគីខ្លួនឯង និងជំនួយទៅវិញទៅមក។

មាត្រាទី ៣ ភាគីនឹងពិភាក្សាគ្នាអំពីការអនុវត្តកិច្ចព្រមព្រៀងនេះ តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេសឬតំណាងរបស់ពួកគេ ហើយនៅពេលណាដែលបូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិសុខនៃភាគីណាមួយត្រូវបានគំរាមកំហែងពីខាងក្រៅដោយការវាយប្រហារដោយអាវុធនៅប៉ាស៊ីហ្វិក ដោយផ្អែកលើគំនិតរបស់ភាគីណាមួយ។

មាត្រាទី ៤ ភាគីនីមួយៗទទួលស្គាល់ថា ការវាយប្រហារប្រដាប់អាវុធនៅតំបន់ប៉ាស៊ីហ្វិកលើភាគីណាមួយនឹងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងសុវត្ថិភាពរបស់ខ្លួន ហើយប្រកាសថាខ្លួននឹងធ្វើសកម្មភាពដើម្បីឆ្លើយតបនឹងគ្រោះថ្នាក់រួមស្របតាមដំណើរការរដ្ឋធម្មនុញ្ញរបស់ភាគីនីមួយៗ។ រាល់ការវាយប្រហារដោយប្រដាប់អាវុធ និងវិធានការទាំងអស់ដែលបានធ្វើឡើងជាលទ្ធផលនឹងត្រូវរាយការណ៍ភ្លាមៗទៅកាន់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ វិធានការបែបនេះនឹងត្រូវបញ្ចប់នៅពេលដែលក្រុមប្រឹក្សាសន្តិសុខបានចាត់វិធានការចាំបាច់ដើម្បីស្តារនិងរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

មាត្រាទី ៥ សម្រាប់គោលបំណងនៃមាត្រាទី ៤ ការវាយប្រហារប្រដាប់អាវុធលើភាគីណាមួយត្រូវបានចាត់ទុកថារួមបញ្ចូលការវាយប្រហារដោយប្រដាប់អាវុធនៅលើទឹកដី ទីក្រុងនៃភាគីណាមួយ ឬនៅលើដែនដីកោះដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួននៅមហាសមុទ្រប៉ាស៊ីហ្វិក កងកម្លាំងប្រដាប់អាវុធនាវាសាធារណៈ ឬយន្តហោះនៅតំបន់ប៉ាស៊ីហ្វិក។

មាត្រាទី ៦កិច្ចព្រមព្រៀងនេះមិនប៉ះពាល់ដល់ និងមិនត្រូវចាត់ទុកថាប៉ះពាល់ដល់សិទ្ធិ និងកាតព្វកិច្ចរបស់ភាគីនីមួយក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ឬការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិសម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិឡើយ។

មាត្រាទី ៧ កិច្ចព្រមព្រៀងនេះនឹងត្រូវផ្តល់សច្ចាប័នដោយសាធារណរដ្ឋហ្វីលីពីន និងសហរដ្ឋអាមេរិក ស្របតាមដំណើរការរដ្ឋធម្មនុញ្ញរៀងៗខ្លួន ហើយនឹងចូលជាធរមាននៅពេលដែលការផ្តល់សច្ចាប័នត្រូវបានផ្លាស់ប្តូរដោយភាគីទាំងពីរនៅទីក្រុងម៉ានីល។

មាត្រាទី ៨ កិច្ចព្រមព្រៀងនេះ​នឹង​ស្ថិត​នៅ​ជា​ធរមាន​ដោយ​គ្មានពេល​កំណត់។ ភាគីណាមួយអាចបញ្ចប់កិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំបន្ទាប់ពីការជូនដំណឹងទៅដល់ភាគីមួយទៀត។

ប្រភព៖ បណ្ណាល័យនីតិប្បញ្ញត្តិនៃសភាជាតិ សាធារណរដ្ឋហ្វីលីពីន


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button