ការរីកសាយអាវុធនៃតំបន់បញ្ហាសំខាន់ៗអាស៊ីឥសាន / NEA

ការបន្តសាកល្បងគ្រាប់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងត្រូវបានថ្កោលទោស

បុគ្គលិករបស់ទស្សនាវដ្តី FORUM

ប្រទេសដែលមានគំនិតដូចគ្នានៅទូទាំងពិភពលោក បានថ្កោលទោសចំពោះការបាញ់សាកល្បងមីស៊ីល ដែលមិនធ្លាប់មានពីមុនមករបស់ប្រទេសកូរ៉េខាងជើងនៅក្នុងឆ្នាំ ២០២២ ដោយមានប្រទេសជាច្រើនបានសម្តែងការមិនពេញចិត្តនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានកោះហៅសមាជិកអចិន្ត្រៃយ៍រុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតចិន (PRC) ចំពោះការមិនបន្ថែមក្នុងការដាក់ទណ្ឌកម្មដែលអាចបញ្ចប់នូវការសាកល្បងនេះ។ ប្រទេសនានាក៏បានធ្វើការចោទសួរថា ថ្វីបើមានការហាមឃាត់ជាយូរយារណាស់មកហើយក៏ដោយ ទីក្រុងព្យុងយ៉ាងបានទទួលនូវសម្ភារ និងជំនាញការសម្រាប់ការសាកល្បងគ្រាប់បាញ់មីស៊ីល។

ការសាកល្បងនេះបំពានលើលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ នេះបើយោងតាមសម្តីរបស់លោក Antonio Guterres ដែលជាអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានរិះគន់យ៉ាងខ្លាំងចំពោះ «ការបាញ់» មីស៊ីលដែលបានដំណើរការក្នុងរយៈពេលពីរថ្ងៃនៅដើមខែវិច្ឆិកា នេះបើយោងតាមការចេញផ្សាយព័ត៌មានរបស់អង្គការសហប្រជាជាតិ។ លោក​បាន​ទាមទារ​ឱ្យប្រទេស​កូរ៉េ​ខាង​ជើង ​បញ្ឈប់​នូវសកម្មភាព​ដែលគ្មានកោតក្រែងនេះ​ជា​បន្ទាន់ និង​គោរព​តាម​សេចក្តីសម្រេច។ (រូបភាព៖

ប្រធានាធិបតីនៃប្រទេសកូរ៉េខាងត្បូង លោក Yoon Suk Yeol នៅខាងឆ្វេង ប្រធានាធិបតីសហអាមេរិក លោក Joe Biden នៅកណ្តាល និងនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Fumio Kishida នៅខាងស្ដាំ បានជួបនៅក្រៅកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។)

ក្រុមប្រឹក្សាសន្តិសុខបានរាយការណ៍ថា កាំជ្រួចផ្លោងមីស៊ីលដែលមានចំនួនយ៉ាងតិច ២៣ គ្រាប់បានបាញ់បង្ហោះក្នុងថ្ងៃតែមួយនៅដើមខែវិច្ឆិកា បានធ្លាក់នៅចម្ងាយប្រហែលជា ៦០ គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃប្រទេសកូរ៉េខាងត្បូង។ មន្ត្រីនៃប្រទេសកូរ៉េខាងត្បូងបាននិយាយថា នេះគឺជាលើកទីមួយហើយដែលកាំជ្រួចផ្លោងមីស៊ីលបានធ្លាក់នៅជិតដែនទឹករបស់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីឧបទ្វីបកូរ៉េត្រូវបានបែងចែកក្នុងឆ្នាំ ១៩៤៥។

ទីក្រុងព្យុងយ៉ាងបានអះអាងថា ការបោះជំហានរបស់ខ្លួនក្នុងការសាកល្បងមីស៊ីល គឺជាការឆ្លើយតបទៅនឹង Vigilant Storm ដែលជា ស៊េរីសមយុទ្ធយោធាដែលពាក់ព័ន្ធនឹងយន្តហោះរាប់រយគ្រឿងរបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលអនុវត្ត «បេសកកម្មដែនអាកាសសំខាន់ៗ ដូចជាជំនួយពីដែនអាកាស ការការពារតទល់នឹងដែនអាកាស និងប្រតិបត្តិការផ្លូវអាកាសសង្គ្រោះបន្ទាន់ ២៤ ម៉ោងក្នុងមួយថ្ងៃ» នេះ​បើ​យោងតាម​កង​ទ័ពអាកាសអាមេរិក។ សម្ពន្ធមិត្តនៃប្រទេសទាំងពីរបាននិយាយថា Vigilant Storm គឺជាសមយុទ្ធតាមកាលកំណត់ ដែលមិនផ្តល់នូវការគំរាមកំហែងទៅដល់ប្រទេសណាមួយឡើយ។ សារព័តមាន Reuters បានផ្ដល់បទយកការណ៍ថា ក្រុមអ្នកវិភាគបាននិយាយថា កូរ៉េខាងជើងក៏សាកល្បងអាវុធសម្រាប់ជំនាញបច្ចេកទេស ការត្រៀមខ្លួនរបស់នាវិក ការរារាំង និងការឃោសនាផងដែរ។

ក្នុងចំណោមការបាញ់សាកល្បងរាប់សិបដង រហូតមកដល់ក្នុងឆ្នាំ ២០២២ នេះ គឺមានគ្រាប់មីស៊ីលបាលីស្ទីកអន្តរទ្វីបមួយចំនួនតូច ដែលខ្លះបានបរាជ័យ និងជាមីស៊ីលរយៈចម្ងាយមធ្យម ដែលបានបាញ់ហោះពីលើភាគខាងជើងប្រទេសជប៉ុនកាលពីដើមខែតុលា បណ្ដាលឱ្យមានការភ្ញាក់ផ្អើល និងបង្ខំឱ្យប្រជាជននៅទីនោះជ្រួលច្របល់រត់ចូលរកទីជម្រករៀងៗខ្លួន នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ។

ក្តី​បារម្ភ​ដ៏​ធំ​មួយ​គឺ​ថា កូរ៉េ​ខាង​ជើង​គ្រោង​នឹង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែររបស់ខ្លួន។ កាសែត Japan Times បានធ្វើសេចក្ដីរាយការណ៍ថា «ភាពច្របូកច្របល់នៃការបាញ់គ្រាប់មីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ដែលទំនងជាបានអះអាងដោយទីក្រុងព្យុងយ៉ាងថានេះជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលអាចជាសញ្ញានៃកាវិវត្តន៍ដ៏អាក្រក់មួយដោយប្រទេសដែលមានប្រដាប់ទៅដោយអាវុធនុយក្លេអ៊ែរ៖ វឌ្ឍនភាពឆ្ពោះទៅរកអាវុធដែលមានសមត្ថភាពផ្ទុកក្បាលនុយក្លេអ៊ែរបានជាច្រើនគ្រាប់»។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅដើមខែវិច្ឆិកា – សម័យប្រជុំលើកទី ៩ របស់ក្រុមប្រឹក្សានៅឆ្នាំ ២០២២ ដើម្បីពិចារណាលើសកម្មភាពរបស់កូរ៉េខាងជើង – សមាជិក ១៣ ប្រទេសក្នុងចំណោមប្រទេសសមាជិក ១៥ បានធ្វើការគាំទ្រការបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបទុច្ចរិតមួយនេះ។ ប្រទេសសមាជិកបានរិះគន់ប្រទេសរុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតចិនចំពោះដែល ការព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃការរំលោភបំពានម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងថាជាក្រុមប្រឹក្សាប្រឆាំងដាច់ដោយឡែក។ លោកស្រី Ruchira Kamboj ដែលជាអ្នកតំណាងរបស់ឥណ្ឌានៅក្រុមប្រឹក្សានេះ គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកឯទៀតដែលបានអំពាវនាវឱ្យអនុវត្តដំណោះស្រាយពេញលេញ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការដោះស្រាយលើការរីកសាយអាវុធនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលរបស់កូរ៉េខាងជើងនេះ ដោយការកត់សម្គាល់ពីគ្រោះថ្នាក់ដល់សន្តិភាព និងសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

រួមជាមួយនឹងសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង ១៣ ប្រទេស អូស្ត្រាលី សហភាពអឺរ៉ុប ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូងក៏បានថ្កោលទោសចំពោះការបាញ់មីស៊ីលនេះផងដែរ។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខដែលបានអនុម័តក្នុងឆ្នាំ ២០០៦ និងបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ក្នុងការហាមឃាត់ប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិពីការផ្គត់ផ្គង់ លក់ ឬផ្ទេរមីស៊ីលផ្លោង ឬនុយក្លេអ៊ែរ ឬអាវុធប្រល័យលោកផ្សេងទៀតទៅកាន់កូរ៉េខាងជើងនោះឡើយ។ លើសពីនេះ គ្មានយុទ្ធោបករណ៍ពាក់ព័ន្ធណាសម្រាប់កូរ៉េខាងជើង អាចធ្វើដំណើរឆ្លងកាត់ទឹកដីនៃប្រទេសសមាជិក ឬទិញដោយពលរដ្ឋរបស់ខ្លួន ឬត្រូវបានដឹកតាមនាវា ឬយន្តហោះប្រចាំប្រទេសនោះឡើយ។

បណ្តាប្រទេសនានា រួមទាំងអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែម។

អ្នក​វិភាគ​បាន​បន្ទោស​ប្រទេស​ជិត​ខាង​របស់ទី​ក្រុង​ព្យុងយ៉ាង​ដែល​បាន​ជួយ​​ឱ្យប្រទេសនេះ​រួច​ផុត​ពី​ទណ្ឌកម្ម។ លោក Hugh Griffiths អតីតអ្នកសម្របសម្រួលសម្រាប់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិដែលឃ្លាំមើលការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងបានប្រាប់សារព័តមាន Reuters នៅដើមខែវិច្ឆិកាឆ្នាំ ២០២២ ថា «ភ្នាក់ងារលទ្ធកម្មមីស៊ីល​បាលីស្ទិករបស់កូរ៉េខាងជើងភាគច្រើន​មាន​មូលដ្ឋាននៅ រុស្ស៊ី និងចិន»។

ទន្ទឹមនឹងនោះ ពលរដ្ឋកូរ៉េខាងជើងជាច្រើននាក់នៅតែបន្តខ្វះខាតស្បៀងអាហារ និងសម្ភារចាំបាច់ផ្សេងទៀត ខណៈដែលរបបនេះផ្តោតតែលើការពង្រឹងឃ្លាំងអាវុធរបស់ខ្លួនប៉ុណ្ណោះ។ លោក Mohamed Abushahab ជាអ្នកតំណាងឱ្យប្រទេសអារ៉ាប់រួមនៅក្រុមប្រឹក្សាសន្តិសុខបានហៅអាកប្បកិរិយារបស់ទីក្រុងព្យុងយ៉ាងនេះថាគ្មានការទទួលខុសត្រូវ ហើយបានសម្តែងការសោកស្តាយដែលធនធានមានកម្រិតរបស់ប្រទេសនេះត្រូវបានចាត់ចែងសម្រាប់តែសមត្ថភាពយោធាជាជាងតម្រូវការមនុស្សជាតិជាបន្ទាន់នោះ។

រូបភាព៖ THE ASSOCIATED PRESS


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

អត្ថបទ​ដែល​ទាក់ទង

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

Back to top button