នៃតំបន់បញ្ហាសំខាន់ៗភាពជាដៃគូអាស៊ីខាងត្បូង

ឥណ្ឌានឹងដុសខាត់សមត្ថភាពប្រឆាំងនឹងនាវាមុជទឹកក្នុងសមយុទ្ធ Malabar ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់សាធារណរដ្ឋប្រជាមានិតចិន

Mandeep Singh

យោង​តាម​អ្នក​ជំនាញបាន​ឱ្យ​ដឹងថា ការចូលរួម​របស់​ប្រទេសឥណ្ឌា​ក្នុង​សមយុទ្ធ​ការពារ​ជាតិ​ពហុភាគនៅ Malabar ផ្តល់​ឱ្យ​កងកម្លំាង​ប្រដាប់អាវុធ​របស់​ខ្លួន​នូវ​ឱសកាស​បង្ហាញនិង​ធ្វើ​តេស្ត​សមត្ថភាព​នានា ដូចជា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​នាវា​មុជទឹក (ASW) និង​កងកម្លាំង​ប្រតិបត្តិការពិសេស​ (SOF) ​ដោយ​សហការ​ជាមួយ​នឹង​ដៃគូ​របស់​ខ្លួន​​ពី​កិច្ចសន្ទនាសន្តិសុខចតុភាគី (Quadrilateral Security Dialogue) ឬហៅកាត់​ថា Quad។

Malabar ក៏សង្កត់​ធ្ងន់​ត្រង់​ចំណុចថាសមាជិក Quad ដែលក៏រួមមាន​ប្រទេសអូស្ត្រាលី ជប៉ុន និង​សហរដ្ឋអាមេរិក​នោះ ​រួបរួម​គ្នា​ប្រឆាំង​នឹង​ការ​ឈោង​ចាប់​ដែនដី​របស់​សាធារណរដ្ឋប្រជាមានិតចិន (PRC)​ នៅក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

លោក Prateek Joshi​ ដែលជា​អ្នក​វិភាគ​វិស័យ​ការពារជាតិ​នៅមជ្ឈមណ្ឌលសិក្សា​សន្តិភាព​អន្តរជាតិ​ ដែលជាក្រុម​អ្នក​វិភាគ​ដែលមានមូលដ្ឋាន​នៅទីក្រុង​ New Delhi បាន​ប្រាប់​ទស្សនាវដ្តី FORUM ឱ្យ​ដឹង​ថា «Quad ផ្តល់​សញ្ញា​​រួប​រួម​ជាយុទ្ធសាស្ត្ររវាង​​មហាអំណាច​សំខាន់ៗ និង​សំដៅយក​ប្រទេសចិន​ជា​​បច្ចាមិត្ត​ដ៏ចម្បង​»។

លោកបានមានប្រសាសន៍ថា នៅក្នុងសមយុទ្ធដូចជា Malabar និងសកម្មភាពពហុភាគីដទៃទៀត ទាក់ទងទៅនឹងការការពារជាតិ កិច្ចការទូត បច្ចេកវិទ្យា បរិយាកាសនិងសុខភាព ដៃគូរបស់ Quad «កាត់បន្ថយភាពស្របច្បាប់របស់ប្រទេសចិនក្នុងនាមជាប្រទេសដ៏មានអំណាចឥទ្ធិពលមួយនៅអាស៊ី និងជំរុញឱ្យប្រទេសចិនផ្លាស់ប្ដូរអាកប្បកិរិយារបស់ខ្លួន។»

ទាហានរបស់ប្រទេសឥណ្ឌាបានប្រឈមមុខតទល់​នឹងកងកម្លាំងរបស់ប្រទេសចិន នៅក្នុងជម្លោះដែនដីមួយនៅតាមបណ្ដោយព្រំដែនជួរភ្នំហិមាល័យរបស់ប្រទេសទាំងនេះកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។ យ៉ាងណាមិញ សាធារណរដ្ឋប្រជាមានិតចិនបានបំពានចូលទៅក្នុងដែនទឹករបស់ប្រទេសជប៉ុនជាញឹកញាប់​នៅជុំវិញកោះ Senkaku ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុន ហើយប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកបានក្លាយទៅជាគោលដៅនៃការវាយប្រហារខាងផ្នែកសេដ្ឋកិច្ចពីទីក្រុងប៉េកាំង។

ជួរ​សម្ភារសមយុទ្ធនៅ Malabar ​របស់ឥណ្ឌា​រួមមាន នាវាចម្បាំងដែលបំបាំងខ្លួនពីរ៉ាដាថ្នាក់​​ Shivalik នាវា​ចម្បាំង​ ASW ដែលបំបាំងខ្លួនពីរ៉ាដាថ្នាក់ Kamorta និង​យន្ត​ហោះប្រភេទ P8I ASW។ សមយុទ្ធនេះ​ដំណើរការចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ២០២២ នៅក្នុងដែនទឹកជិតកោះ Yokosuka នៃប្រទេសជប៉ុន ជាកន្លែងដែលប្រទេសឥណ្ឌានឹងទទួលបានការចូលរួមពីកងទ័ពជំនួយមកពីសមាជិក Quad ដទៃផ្សេងទៀត។ (រូបភាព៖ កងទ័ពជើងទឹក​ឥណ្ឌា កងកម្លាំងស្វ័យការពារម៉ារីនរបស់ជប៉ុន និងនាវាទ័ពជើងទឹករបស់ប្រទេសអូស្ត្រាលី ធ្វើដំណើរតាមនាវាជាទម្រង់ជាមួយនឹងនាវា​ចម្បាំង USS Barry ដែលបំពាក់ដោយ​ប្រព័ន្ធចាប់​មីស៊ីល​របស់ទ័ព​ជើងទឹក​ក្នុង​អំឡុងពេលសមយុទ្ធ​ Malabar 2021)។

Joshi បានមាន​ប្រសាសន៍ថា សមយុទ្ធ​ ASW ដែលបានរៀបចំឡើង​នៅ Malabar ​​មានសារៈសំខាន់ចំពោះប្រទេសឥណ្ឌា មួយផ្នែកដោយសារតែក្តីបារម្ភអំពីនាវាមុជទឹករបស់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងមហាសមុទ្រឥណ្ឌា។

លោក​បាន​មាន​ប្រសាស៍ថា «កងទ័ពជើងទឹក​នៃយោធារំដោះជាតិរបស់​ប្រជាជន​ចិនបានបង្ហាញអំពីសមត្ថភាពរបស់ខ្លួនក្នុងការដាក់ពង្រាយ​​​នាវា​ជម្រុជទឹក​ដែលអាច​វាយ​ប្រហារ​ដោយគ្រាប់នុយក្លេអ៊ែរ (SSN) បាន​នៅក្នុង​ខែ​សីហា​ ឆ្នាំ ២០១៥ នៅក្រោមរូប​ភាពជា​ការល្បាត​ប្រឆាំង​នឹង​ក្រុម​ចោរសមុទ្រ»។ «SSN អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​សមត្ថភាព​របស់​ប្រទេស​ឥណ្ឌា​ដើម្បីបង្កើត​​ការ​គ្រប់​គ្រងលើ​​ដែនសមុទ្រ»។

អនុសេនីយ៍ឯកកងទ័ពជើងទឹក​ឥណ្ឌា​លោក Anurag Bisen បាន​សរសេរក្នុង​អត្ថបទ​ចុះនៅខែ​សីហា ឆ្នាំ ២០២២ សម្រាប់​វិទ្យាស្ថានសិក្សានិង​វិភាគ​​កិច្ចការ​ការពារជាតិ Manohar Parrikar ​នៅក្រុង New Delhi ថា​នាវាជ្រមុជទឹក​​ ​SSN ដែលបំបាំងខ្លួន​ពីរ៉ាដា​បាន​របស់​ប្រទេសចិន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅពេល​ដែលមាន​គោលបំណងយុទ្ធសាស្ត្រ។ ដោយសារតែនាវាប្រភេទដូច្នេះមិនស័ក្តិសម​សម្រាប់ប្រតិបត្តិការនៅលើផ្ទៃទឹកដូចជាបេសកកម្មប្រឆាំងនឹងអំពើចោរកម្មសមុទ្រ Bisen បានប៉ានស្មានថា​ការដាក់ពង្រាយនេះជាក់ស្ដែងគឺដើម្បី​ធ្វើតេស្ត​សមត្ថភាពរបស់នាវាជ្រមុជទឹក​ SSN សម្រាប់​​​ការ​ល្បាតរយៈចម្ងាយវែង។

លោកបានសរសេរថា «ក៏អាចទៅរួចផងដែរដែលថា ប្រទេសចិនបានបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ជំនាញ និងពិធីសាបញ្ជា គ្រប់គ្រង និង​ប្រាស្រ័យ​ទាក់ទង ដែលត្រូវមានសម្រាប់ប្រតិបត្តិការរយៈពេលយូរ​របស់​នាវាជ្រមុជទឹក SSN ដែលរ៉ាដាមិនអាចចាប់បាននៅក្នុង IOR [តំបន់មហាសមុទ្រឥណ្ឌា]»។

Joshi​ បាន​មាន​ប្រសាសន៍ថា សមយុទ្ធ ASW ​មាន​លក្ខណៈពិសេស​ត្រង់​មានសមយុទ្ធ​ក្នុង​ដែនទឹក​ដទៃទៀត​ ដែលជាប់ពាក់ព័ន្ធ​នឹង​កងទ័ពជើងទឹក​ឥណ្ឌា រួមមានសមយុទ្ធ​ Varuna ជាមួយ​ប្រទេស​បារាំង និងសមយុទ្ធ​ Konkan ជាមួយ​ចក្រភពអង់គ្លេស។

យ៉ាងណាមិញ ធាតុផ្សំ SOF របស់សមយុទ្ធនៅ​ Malabar បង្កើត​ឱ្យមានការចែករំលែកព័ត៌មាននិងសមត្ថភាពអន្តរប្រតិបត្តិការដើម្បីទប់ស្កាត់និងការពារប្រឆាំងទៅនឹងការគំរាមកំហែងបែបថ្មី។ លោក Joshi បាន​សរសេរថា «ទាំងនេះរួមបញ្ចូលទាំងការប្រឆាំងនឹងអំពើភេរវកម្ម ការជួយសង្គ្រោះចំណាត់ខ្មាំង ការជម្លៀសអ្នកមានរបួស ការប្រឆាំងទៅនឹងចោរកម្មលើដែនសមុទ្រ និង​​ការជម្លៀសខ្លួនក្រោម​ការ​បដិសេធ។» «កងទ័ពជើងទឹករបស់ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកឆ្លើយតបទីមួយនៅក្នុង​ហេតុ​ការណ៍​ទាំងនេះនៅក្នុងសមុទ្រឥណ្ឌា ហើយប្រទេសនេះសហការជាមួយនឹងប្រទេសជាដៃគូ​ដើម្បីជួយដល់ប្រទេស IOR។»

លោក​មាន​ប្រសាសន៍ថា ជារួម Quad បម្រើការជាកម្លាំងប្រឆាំងទៅនឹងការប៉ុនប៉ងរបស់ទីក្រុងប៉េកាំងក្នុងការរឹបអូសយកដែនដី ឬមិនដូច្នោះទេក្នុងការផ្លាស់ប្ដូរ​ស្ថានភាពនៅក្នុងតំបន់ដោយឯកតោភាគី ហើយកម្លាំងប្រឆាំងនេះបង្កើនកិច្ចខិតខំប្រឹងប្រែងតាមរយៈប្រព័ន្ធសម្ព័ន្ធភាពអាមេរិកពីដើម និងវេទិកាពហុភាគី ដូចជាសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។

Joshi បានមាន​ប្រសាសន៍ថា «នៅក្រោមលក្ខខណ្ឌទាំងនេះ វេទិកាដែលមានភាគីចូលរួមចំនួន​តិចដូចជា Quad បានលេចខ្លួនចេញមកជាវិធីសាស្ត្រនៃការទប់ស្កាត់ថ្មីមួយ។»

Mandeep Singh គឺជាអ្នករួមចំណែកដល់ទស្សនាវដ្ដី FORUM ដោយធ្វើការរាយការណ៍ពីទីក្រុង New Delhi នៃប្រទេសឥណ្ឌា។

ក្រឌីត​រូប​ភាព៖ ចក្របាលរងទោ JUSTIN STACK/កងទ័ពជើងទឹកអាមេរិក


ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។

មតិនៅទីនេះ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

អត្ថបទ​ដែល​ទាក់ទង

Back to top button