លោកប្រធានាធិបតី Biden មានប្រសាសន៍ថា កិច្ចព្រមព្រៀងរវាងអាស៊ាននិងអាមេរិកនឹងដោះស្រាយ «បញ្ហាធំបំផុតក្នុងសម័យកាលរបស់យើង»។
សារព័ត៌មាន REUTERS
មេដឹកនាំរដ្ឋាភិបាលនៃប្រទេសពីតំបន់អាស៊ីអាគ្នេយ៍បានធ្វើកិច្ចពិភាក្សាកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២២ នេះដោយមានទស្សនកិច្ចពីមេដឹកនាំពិភពលោកជាច្រើនរូប រួមទាំងលោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ដែលបានកោតសរសើរការចាប់ផ្តើមនៃកិច្ចព្រមព្រៀងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអាមេរិកថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់ការដោះស្រាយ «បញ្ហាដ៏ធំបំផុតក្នុងសម័យកាលរបស់យើង»។
ក្នុងទស្សនកិច្ចលើកដំបូងរបស់លោកមកកាន់តំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឡើងកាន់ដំណែងក្នុងខែមករា ឆ្នាំ ២០២១ លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា តំបន់នេះជាបេះដូងនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកនៃរដ្ឋបាលរបស់លោក និងថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែប្តេជ្ញាផ្តល់ធនធាន មិនមែនត្រឹមតែពាក្យសម្តីប៉ុណ្ណោះទេ នៅក្រោមភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយថ្មីមួយ។
លោកមានប្រសាសន៍នៅឯឱកាសបើកកិច្ចប្រជុំក្នុងប្រទេសកម្ពុជាជាមួយនឹងមេដឹកនាំអាស៊ានដែលមានរដ្ឋជាសមាជិក ១០ ប្រទេសថា «យើងនឹងដោះស្រាយបញ្ហាដ៏ធំបំផុតក្នុងសម័យកាលរបស់យើងរួមគ្នា គិតចាប់ពីបញ្ហាអាកាសធាតុដល់បញ្ហាសន្តិសុខសុខភាព រហូតដល់បញ្ហាការពារប្រឆាំងនឹងការគំរាមកំហែងសំខាន់ៗចំពោះសណ្តាប់ធ្នាប់ដែលផ្អែកលើវិធានច្បាប់»។ (រូបភាព៖ មេដឹកនាំឈរថតរូបក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានអាមេរិកលើកទី ១០ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ ២០២២។)
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា «យើងនឹងសាងសង់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយ ដែលមានលក្ខណៈសេរី និងបើកចំហ ប្រកបដោយស្ថិរភាព និងរីកចម្រើនរុងរឿង ហើយមានភាពធន់និងប្រកបដោយសន្តិសុខ»។
ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដំបូងគេក្នុងចំណោមកិច្ចប្រជុំជាបន្តបន្ទាប់ពេញមួយសប្តាហ៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមានក្តីរំពឹងទុកថា នឹងមានការពិភាក្សាអំពីបញ្ហាជាសកល រួមទាំងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ការផ្លាស់ប្ដូរអាកាសធាតុ និងភាពតានតឹងក្នុងតំបន់ជុំវិញតំបន់ច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងត្បូង និងការចាប់ផ្តើមធ្វើតេស្តគ្រាប់មីស៊ីលរបស់កូរ៉េខាងជើង។ នាយករដ្ឋមន្ត្រីរបស់ប្រទេសអូស្ត្រាលីលោក Anthony Albanese, នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក៏បានចូលរួមកិច្ចប្រជុំនេះផងដែរ។
លោក Yoon បានស្នើឡើងនូវយន្តការមួយសម្រាប់កិច្ចសន្ទនាជាមួយប្រទេសជប៉ុន និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដោះស្រាយវិបត្តិដូចជាផលប៉ះពាល់នៃសង្គ្រាមមកលើសុវត្ថិភាពចំណីអាហារ និងថាមពល ក៏ដូចជាបញ្ហាការផ្លាស់ប្ដូរអាកាសធាតុផងដែរ។
លោក Yoon និងលោក Kishida ក៏បានរិះគន់ការប៉ុនប៉ងរបស់ប្រទេសកូរ៉េខាងជើងក្នុងការពង្រឹងសមត្ថភាពនុយក្លេអ៊ែរនិងមីស៊ីលរបស់ខ្លួន ដោយហៅការប៉ុនប៉ងនេះថាជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ដែលមិនអាចទទួលយកបាន។
នៅក្នុងការសន្ទនាដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសចិនលោក Li Keqiang លោក Kishida បានមានប្រសាសន៍ថា ជប៉ុននិងសាធារណរដ្ឋប្រជាមានិតចិនគួរតែខិតខំប្រឹងប្រែងឆ្ពោះទៅកាន់ការកសាងទំនាក់ទំនង «ប្រកបដោយការស្ថាបនា និងស្ថិរភាព»។
មេដឹកនាំនៃប្រទេសតំបន់អាស៊ានក៏ចេញនូវ «ការព្រមាន» ដល់របបយោធានៃប្រទេសភូមា ជារដ្ឋសមាជិកដែលត្រូវបានហាមឃាត់ពីកិច្ចប្រជុំនេះ ឱ្យបង្កើតឱ្យមានដំណើរការរីកចម្រើនដែលអាចវាស់វែងបាននៅក្នុងគម្រោងសន្តិភាពមួយក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីពួកគេបានកាន់កាប់អំណាចក្នុងរដ្ឋប្រហារមួយ។
រូបភាព៖ សារព័ត៌មាន REUTERS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។