លោកប្រធានាធិបតី Biden ព្រមានសាធារណរដ្ឋប្រជាមានិតចិនអំពីកូរ៉េខាងជើង និងសកម្មភាព «បង្ខិតបង្ខំ» ចំពោះតៃវ៉ាន់

សារព័ត៌មាន REUTERS
ប្រធានាធិបតីអាមេរិក លោក Joe Biden បានព្រមានអគ្គលេខាបក្សកុម្មុយនិស្តចិន លោក Xi Jinping នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២២ ថា សហរដ្ឋអាមេរិកនឹងពង្រឹងជំហរសន្តិសុខរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រសិនបើទីក្រុងប៉េកាំងមិនអាចទប់ស្កាត់កម្មវិធីអាវុធប្រល័យលោករបស់កូរ៉េខាងជើងបាន។
លោកប្រធានាធិបតី Biden បានប្រាប់សន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចពិភាក្សាផ្ទាល់លើកដំបូងជាមួយលោក Xi ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ ២០២១ ថា ពួកលោកបានពិភាក្សាដោយត្រង់ៗជុំវិញបញ្ហាជាច្រើន រួមទាំងកោះតៃវ៉ាន់ ដែលកំពុងរួមចំណែកដល់ទំនាក់ទំនងរវាងអាមេរិក និងចិនដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ប៉ុន្តែលោកបានមានប្រសាសន៍ថា មិនចាំបាច់មានសង្រ្គាមត្រជាក់ថ្មីនោះទេ ហើយបានបន្ថែមទៀតថា លោកមិនជឿថា សាធារណរដ្ឋប្រជាមានិតចិន (PRC) បានកំពុងតែរៀបចំផែនការសម្រាប់សង្រ្គាមពិតប្រាកដនោះទេ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានលើកឡើងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកលោកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី លោក Xi បានហៅកោះតៃវ៉ាន់ថា ជា «បន្ទាត់ក្រហមដំបូង» ដែលមិនត្រូវរំលោភក្នុងទំនាក់ទំនងអាមេរិក-ចិននោះទេ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា លោកបានស្វែងរកការធានាចំពោះលោក Xi ថាគោលនយោបាយរបស់សហរដ្ឋអាមេរិកលើកោះតៃវ៉ាន់មិនបានផ្លាស់ប្តូរទេ ដោយកំពុងតែស្វែងរកការបន្ថយភាពតានតឹងលើកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំមិនគិតថាមានការប៉ុនប៉ងណាមួយដែលជិតកើតឡើងនៅផ្នែកនៃប្រទេសចិន ដើម្បីឈ្លានពានតៃវ៉ាន់នោះទេ»។
ជុំវិញបញ្ហាកូរ៉េខាងជើង លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា ប្រសិនបើសាធារណរដ្ឋប្រជាមានិតចិន មិនអាចបន្ថយកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាងបានទេ នោះសហរដ្ឋអាមេរិកនឹងធ្វើបន្ថែមទៀតដើម្បីការពារសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់។
ទីក្រុងប៉េកាំងបានផ្អាកបណ្តាញសន្ទនាផ្លូវការជាបន្តបន្ទាប់ជាមួយទីក្រុងវ៉ាស៊ីនតោន រួមទាំងអំពីការប្រែប្រួលអាកាសធាតុ និងកិច្ចពិភាក្សារវាងយោធា និងយោធា (military-to-military talk) បន្ទាប់ពីគណៈប្រតិភូសហរដ្ឋអាមេរិកដែលបានដឹកនាំដោយប្រធានសភាតំណាងរាស្រ្ត Nancy Pelosi បានមកទស្សនកិច្ចរយៈពេលខ្លីទៅកាន់កោះតៃវ៉ាន់ក្នុងខែសីហា ឆ្នាំ ២០២២។
ទីក្រុងប៉េកាំងអះអាងថាកោះតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ខ្លួន ហើយបង្កើនការគំរាមកំហែងរឹបអូសយកកោះនេះដោយកម្លាំងប្រសិនបើចាំបាច់ ទោះបីជាកោះនេះមិនធ្លាប់ជាផ្នែកនៃសាធារណរដ្ឋប្រជាមានិតចិនក៏ដោយ។ រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់តៃវ៉ាន់ ច្រានចោលការអះអាងអធិបតេយ្យភាពទាំងនោះ។
លោកប្រធានាធិបតី Biden បានមានប្រសាសន៍ថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានបង្កើតយន្តការមួយសម្រាប់ការទំនាក់ទំនងញឹកញាប់ជាងមុន ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់កិច្ចពិភាក្សាបន្ត។ លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថាយើងយល់គ្នាទៅវិញទៅមក»។
មុនពេលកិច្ចពិភាក្សារបស់ពួកលោក លោកប្រធានាធិបតី Biden និងលោក Xi បានញញឹម និងចាប់ដៃគ្នាយ៉ាងកក់ក្តៅនៅសណ្ឋាគារមួយនៅលើកោះបាលី មួយថ្ងៃមុនពេលពួកលោកចូលរួមកិច្ចប្រជុំកំពូលក្រុមនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេទាំង ២០ (G-20) របស់ពិភពលោកដោយមានប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ។ លោកប្រធានាធិបតី Biden បានថ្លែងប្រាប់លោក Xi ថា៖ «ពិតជារីករាយណាស់ដែលបានជួបលោក»។ (រូបភាព៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅខាងស្តាំ ស្វាគមន៍អគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក Xi Jinping នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។)
លោកប្រធានាធិបតី Biden បានលើកឡើងនូវប្រធានបទពិបាកមួយចំនួនជាមួយលោក Xi យោងតាមសេតវិមាន រួមទាំងការជំទាស់របស់សហរដ្ឋអាមេរិកចំពោះ «សកម្មភាពបង្ខិតបង្ខំ និងកាន់តែខ្លាំងឡើងទៅកាន់កោះតៃវ៉ាន់» របស់សាធារណរដ្ឋប្រជាមានិតចិន «ការអនុវត្តសេដ្ឋកិច្ចមិនមែនទីផ្សារ» របស់ទីក្រុងប៉េកាំង និងការអនុវត្តរបស់ខ្លួននៅក្នុង «តំបន់ស៊ីនជាំង ទីបេ និងហុងកុង និងសិទ្ធិមនុស្សកាន់តែទូលំទូលាយ»។
លោក Xi បានថ្លែងនៅមុនកិច្ចប្រជុំថា ទំនាក់ទំនងរវាង សាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក មិនបានបំពេញតាមការរំពឹងទុកជាសកលនោះទេ ហើយថា «ការដោះស្រាយបញ្ហាតៃវ៉ាន់» គឺជាបញ្ហាផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់បានលើកឡើងថា ខ្លួនស្វាគមន៍ចំពោះការបញ្ជាក់ជាថ្មីរបស់លោកប្រធានាធិបតី Biden អំពីគោលនយោបាយសហរដ្ឋអាមេរិក។ ការិយាល័យនេះបានលើកឡើងថា «នេះក៏បង្ហាញយ៉ាងពេញលេញជាថ្មីម្តងទៀតថា សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់គឺជាការរំពឹងទុកទូទៅរបស់សហគមន៍អន្តរជាតិ»។
ទំនាក់ទំនងរវាងចិន និងអាមេរិកបានល្អក់កករក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានភាពតានតឹងកាន់តែខ្លាំងឡើងលើបញ្ហា រួមទាំងហុងកុង តៃវ៉ាន់ សមុទ្រចិនខាងត្បូង និងពាណិជ្ជកម្ម ប៉ុន្តែមន្ត្រីអាមេរិកបានថ្លែងថា មានកិច្ចខិតខំប្រឹងប្រែងស្ងាត់ៗដោយប្រទេសទាំងពីរក្នុងរយៈពេលពីរខែកន្លងមកនេះ ដើម្បីជួសជុលទំនាក់ទំនង។
លោកប្រធានាធិបតី Biden និងលោក Xi ក៏បានពិភាក្សាគ្នាតាមទូរសព្ទ ឬវីដេអូចំនួនប្រាំដងមកហើយចាប់តាំងពីខែមករា ឆ្នាំ ២០២១។
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Janet Yellen បានថ្លែងប្រាប់អ្នកយកព័ត៌មាននៅកោះបាលីថា កិច្ចប្រជុំរបស់មេដឹកនាំមានគោលបំណងធ្វើឱ្យទំនាក់ទំនងមានស្ថេរភាព និងដើម្បីបង្កើត «បរិយាកាសជាក់លាក់បន្ថែមទៀត» សម្រាប់អាជីវកម្មរបស់សហរដ្ឋអាមេរិក។ លោកស្រីបានមានប្រសាសន៍ថា លោកប្រធានាធិបតី Biden មានភាពច្បាស់លាស់ជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន អំពីកង្វល់សន្តិសុខជាតិទាក់ទងនឹងការរឹតបន្តឹងលើបច្ចេកវិទ្យាសម្ងាត់របស់សហរដ្ឋអាមេរិក ហើយបានលើកឡើងពីការព្រួយបារម្ភអំពីភាពជឿជាក់នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនសម្រាប់ផលិតផលទំនិញ។
ប្រធានាធិបតីនៃប្រទេសឥណ្ឌូណេស៊ីលោក Joko Widodo បានមានប្រសាសន៍ថា លោកសង្ឃឹមថាកិច្ចប្រជុំកំពូល G-20 នេះ អាច «ផ្តល់នូវភាពជាដៃគូដ៏រឹងមាំ ដែលអាចជួយពិភពលោកក្នុងការស្តារឡើងនូវសេដ្ឋកិច្ចរបស់ខ្លួន»។
ទោះជាយ៉ាងនេះក្ដី សង្គ្រាមរបស់ប្រទេសរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនត្រូវបានគេរំពឹងថានឹងក្លាយជាប្រធានបទដ៏សំខាន់មួយ។
លោកប្រធានាធិបតី Xi និង Vladimir Putin កាន់តែមានភាពស្និទ្ធស្នាលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងបានអះអាងពីទំនាក់ទំនងរបស់ពួកគេជាថ្មី ត្រឹមតែប៉ុន្មានថ្ងៃមុនការចូលឈ្លានពានដោយមិនមានការបង្កហេតុរបស់ប្រទេសរុស្ស៊ីទៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ។ ប៉ុន្តែទីក្រុងប៉េកាំងបានមានការប្រុងប្រយ័ត្នក្នុងការមិនផ្តល់ជំនួយគាំទ្រជាសម្ភារៈណាមួយដោយផ្ទាល់ទៅទីក្រុងម៉ូស្គូ ដែលអាចនាំឱ្យមានការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិចមកលើសាធារណរដ្ឋប្រជាមានិតចិនបាន។
ប្រទេសរុស្ស៊ីក៏ទទួលរងការចោទប្រកាន់អំពីការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ ដែលជាផ្នែកមួយនៃការវាយប្រហាររបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំប្រចាំតំបន់អាស៊ីខាងកើតក្នុងប្រទេសកម្ពុជានាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២២ នេះ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានសង្កត់ធ្ងន់លើ «ភាពមិនទទួលខុសត្រូវ» នៃការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរ ដោយលើកឡើងថា សាធារណរដ្ឋប្រជាមានិតចិនមិនមានភាពស្រណុកក្នុងចិត្តចំពោះការប្រើពាក្យពេចន៍របស់ប្រទេសរុស្ស៊ីនោះទេ។
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។