ប្រទេសឥណ្ឌូនេស៊ីចាត់វិធានការការពារជលផលដែលងាយរងគ្រោះ
Tom Abke
ដោយសារតែទិន្នផលនេសាទដែលមានសារៈសំខាន់ចំពោះសន្តិសុខស្បៀង និងសេដ្ឋកិច្ច ប្រទេសឥណ្ឌូនេស៊ីកំពុងដាក់ពង្រាយកងកម្លាំងយោធា និងកងកម្លាំងសន្តិសុខ ដើម្បីការពារនេសាទដ៏មានតម្លៃបំផុតរបស់ខ្លួននៅជុំវិញកោះ Riau ក្នុងសមុទ្រ Natuna ប្រឆាំងនឹងការនេសាទលើសកម្រិត ការជីកយករ៉ែខ្សាច់តាមឆ្នេរសមុទ្រ និងការទន្ទ្រានទឹកដី ជាពិសេសដោយនាវាចិន។
ប្រទេសឥណ្ឌូនេស៊ី ទទួលទានត្រីច្រើនជាង ៤០ គីឡូក្រាមក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ ដែលធ្វើឱ្យប្រទេសដែនកោះមួយនេះ ក្លាយជាប្រទេសមួយដែលពឹងផ្អែកលើផលនេសាទត្រីច្រើនជាងគេលើពិភពលោក។ ប្រភេទត្រីច្រើនជាង ៣០០០ ប្រភេទអាចត្រូវបានរកឃើញនៅក្នុងដែនទឹករបស់ប្រទេសឥណ្ឌូនេស៊ី ហើយដោយសារតែវិស័យជលផលរបស់ឥណ្ឌូនេស៊ីនេះហើយដែលបានផ្តល់ការងារដល់មនុស្សប្រហែលជា ១២ លាននាក់។
ក្រសួងការពារជាតិឥណ្ឌូណេស៊ី ដែលស្គាល់ផងដែរថាជា Kemhan និងក្រសួងកិច្ចការសមុទ្រ និងជលផល (KKP) កំពុងស្វះស្វែងរកការបង្កើតនូវ «តំបន់ការពារដែនសមុទ្រ និងជនផលដែលជាការរួមបញ្ចូលគ្នានៃកោះ Riau » ដើម្បីបង្កើនសក្តានុពលដែនសមុទ្រ ខណៈពេលដែលកំពុងតែរក្សាឱ្យបានអធិបតេយ្យភាពរបស់ប្រទេសនៅក្នុងសមុទ្រ Natuna ដូចដែលប្រទេសឥណ្ឌូនេស៊ីហៅវាថា ចំណែកនៃសមុទ្រចិនខាងត្បូង។ Kemhan បានរាយការណ៍ថា មន្ត្រីមកពីក្រសួងទាំងពីរបានទៅទស្សនាកិច្ចនៅឯខេត្ត Riau Islands នៅពាក់កណ្តាលខែតុលា ឆ្នាំ ២០២២ ដើម្បីធ្វើកិច្ចពិភាក្សាអំពីផែនការ និងយុទ្ធសាស្ត្រនានា រាប់ចាប់ពីគោលនយោបាយសមាហ័រណសមុទ្រ និងជលផល រហូតដល់គោលនយោបាយព្រំដែន សម្រាប់ការពារជាតិ និងសន្តិសុខ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាជាក្រុម លេខាធិការខេត្តដែនកោះ Riau លោក Adi Prihantara បានកំណត់ឡើងនូវអាទិភាពថាជា «ការពន្លឿនកំណើនសេដ្ឋកិច្ចផ្អែកលើដែនសមុទ្រ ការយល់ដឹងអំពីបរិស្ថាន និងឧត្តមភាពក្នុងតំបន់ ដើម្បីបង្កើនវិបុលភាពរបស់មនុស្ស»។
យោងតាមលោក Arief Fadillah ប្រធានផ្នែកកិច្ចការដែនសមុទ្រ និងសេវាជលផលរបស់ខេត្ត បានឱ្យដឹងថា ជលផលរបស់ខេត្តនេះបានផ្ដល់ផលនេសាទសរុបដែលមានតម្លៃ ៥៥៦ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ដែលនាំមុខដោយអនុតំបន់ Natuna Regency ជាមួយនឹងផលនេសាទដែលមានតម្លៃជាង ១៨០ លានដុល្លារអាមេរិក នេះបើយោងតាមលោក Arief Fadillah ប្រធានផ្នែកកិច្ចការសមុទ្រ និងសេវាជនផលរបស់ខេត្ត។
Fadillah បាននិយាយថា ដោយមើលឃើញពីសារៈសំខាន់នៃជលផលនៃ Natuna Regency ដល់ប្រទេសឥណ្ឌូនេស៊ីបែបនេះហើយ ដូចនេះផែនការយុទ្ធសាស្រ្តគឺចាំបាច់ដើម្បីការពារពួកគេ។
KKP បានបង្កើត និងគ្រប់គ្រងតំបន់អភិរក្សសមុទ្រប្រហែល ៨០ ដើម្បីកាត់បន្ថយការនេសាទលើសទម្ងន់ រួមទាំងតំបន់មួយដែលត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ ២០២២ នៅកោះ Bintan ក្នុងខេត្ត Riau Island ភាគខាងកើត ដែលគ្របដណ្តប់លើផ្ទៃដីជាង ១៣៨ ០០០ ហិកតា។
កោះដាច់ស្រយាល និងគ្មានមនុស្សរស់នៅរបស់ប្រទេសឥណ្ឌូនេស៊ីជាច្រើនត្រូវបានប្រើប្រាស់សម្រាប់ប្រតិបត្តិការបូមខ្សាច់តាមឆ្នេរសមុទ្រ ដើម្បីជីកយកខ្សាច់សម្រាប់ប្រើប្រាស់ក្នុងការសាងសង់ នេះបើយោងតាមគេហទំព័រ Mongabay ដែលជាវេទិកាព័ត៌មានអភិរក្សនិយមដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក។ ការអនុវត្តនេះធ្វើឱ្យខូចខាតដល់វិស័យជលផល និងបានជំរុញឱ្យមានការប្តឹងផ្តល់ដល់រដ្ឋាភិបាលជាតិពីសហគមន៍នេសាទ។
អ្នកធ្វើបទបង្ហាញនៃក្រុមផ្តោតផ្សេងទៀតបានលើកឡើងពីតម្រូវការការពារឆ្នេរសមុទ្រ និងសារៈសំខាន់នៃការរួមបញ្ចូលគ្នានូវវិធានការការពារ និងសន្តិសុខជាមួយនឹងជលវប្បកម្ម។ ជាការឆ្លើយតបទៅនឹងការលុកលុយជាញឹកញាប់ដោយនាវាសាធារណៈរដ្ឋប្រជាមានិតចិន (PRC) ចូលទៅក្នុងដែនទឹកឥណ្ឌូនេស៊ីក្នុងសមុទ្រ Natuna ជាហេតុធ្វើឱ្យទីក្រុងហ្សាកាតាបានពង្រឹងវត្តមានយោធារបស់ខ្លួន និងបានធ្វើសមយុទ្ធកងទ័ពជើងទឹកនៅលើ និងជុំវិញកោះ Natuna Besar ដែលជាកោះធំជាងគេក្នុងតំបន់នេះ។ (រូបភាព៖ នាវាកងទ័ពជើងទឹកឥណ្ឌូនេស៊ី KRI Karel Satsuitubun ល្បាតតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសនៅសមុទ្រ Natuna ក្នុងឆ្នាំ ២០១៦។ )
រដ្ឋាភិបាលក្រុងប៉េកាំងបានប្រើប្រាស់ការទាមទារតាមអំពើចិត្តរបស់ខ្លួនរហូតទៅដល់ 90% នៃសមុទ្រចិនខាងត្បូងដែលជាលេសដើម្បីទន្ទ្រានយកដែនទឹកឥណ្ឌូនេស៊ីនៅក្នុងតំបន់ Natuna Regency នោះ ទោះបីជាតុលាការអន្តរជាតិបានច្រានចោលការទាមទារភាគច្រើនថាជាការទាមទារមិនត្រឹមត្រូវតាមច្បាប់ក៏ដោយ។
ក្នុងឆ្នាំ ២០០៩ ផែនទីសាធារណរដ្ឋប្រជាមានិតចិន ផ្លូវការមួយបានរួមបញ្ចូលតំបន់គ្រប់គ្រងនៅក្នុងទឹកដីចិន ដែលបង្កឱ្យមានជម្លោះជាមួយទីក្រុងហ្សាកាតា។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នៅដើមឆ្នាំ ២០២០ នាវានេសាទរបស់សាធារណរដ្ឋប្រជាមានិតចិន បានជិះចូលក្នុងដែនទឹកជុំវិញកោះ Natuna ភាគខាងជើង ដែលអមដោយនាវាឆ្មាំឆ្នេរសមុទ្រចិន។ ទីក្រុងហ្សាកាតាបានដាក់ពង្រាយនាវាចម្បាំង និងរៀបចំកងនាវានេសាទរបស់ខ្លួនជាការឆ្លើយតប ដែលបណ្តាលឱ្យមានការប្រឈមមុខដាក់គ្នាជាច្រើនខែ និងទំនាក់ទំនងកាន់តែតានតឹងរវាងរដ្ឋាភិបាល។
រូបភាព៖ GETTY IMAGES
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។