ការឈ្លក់វង្វេងរបស់សាធារណរដ្ឋប្រជាមានិតចិនជាមួយនឹងថាមពលធ្យូងថ្មបានបង្កឱ្យមានការព្រួយបារម្ភចំពោះការបំពុលដ៏សាហាវបំផុត

បុគ្គលិករបស់ទស្សនាវដ្តី FORUM
ទោះបីជានៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ នៅពេលដែលមេដឹកនាំពិភពលោកបានប្រមូលផ្តុំគ្នានៅក្នុងប្រទេសអេហ្ស៊ីបសម្រាប់សន្និសីទអាកាសធាតុ គ្រោះរាំងស្ងួតបំបែកកំណត់ត្រានៅក្នុងប្រទេសចិនបានបន្តជំរុញឱ្យមានការព្រួយបារម្ភអំពីការបំភាយកាបូនឌីអុកស៊ីតរបស់ប្រទេសនេះ និងផលប៉ះពាល់នៃទឹករលកលើការផ្គត់ផ្គង់ទឹករបស់ខ្លួនដែលត្រូវបានជាប់គាំងនោះ។
មន្ត្រីចិនបានទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជាប្រទេសដែលបញ្ចេញកាបូនដ៏ធំជាងគេបំផុតនោះ ដែលមានចំនួនជិតស្មើនឹងមួយភាគបីនៃចំនួនសរុបជាប្រចាំឆ្នាំរបស់ពិភពលោក ហើយនឹងត្រូវបានបង្ខំឱ្យបង្កើនផលិតកម្មនៅរោងចក្រអគ្គិសនីធ្បូង ដើម្បីទូទាត់សងសម្រាប់ការថយចុះទិន្នផលនៅរោងចក្រវារីអគ្គិសនីរបស់ខ្លួន ដែលជាទន្លេសំខាន់ៗ ដូចជាមេគង្គ និងយ៉ាងសេដែលមានការផ្គត់ផ្គង់តិចតួចនោះ។
មន្ត្រីនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍជាតិបានទទួលស្គាល់ចំពោះមុខកាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋក្នុងខែសីហា ឆ្នាំ ២០២២ ថា «កំណើននៃតម្រូវការអគ្គិសនីជាបន្តបន្ទាប់ និងកង្វះសមត្ថភាពវារីអគ្គិសនីដោយសារកត្តាតាមរដូវបានបណ្តាលឱ្យមានសម្ពាធកាន់តែខ្ពស់លើការផ្គត់ផ្គង់ធ្យូងថ្ម»។
Voice of America បានរាយការណ៍ថា រោងចក្រថាមពលចិនបានដុតធ្យូងថ្មចំនួន ៨.១៦ លានតោនក្នុងអំឡុងពេលពីរសប្តាហ៍ដំបូងនៃខែនោះ ដែលកើនឡើង ១៥% ធៀបនឹងឆ្នាំមុន។ កំណើននៃផលិតកម្មផ្ដល់ផលវិបាកដ៏ធ្ងន់ធ្ងរ៖ រោងចក្រឧស្សាហកម្មទាំងនោះបញ្ចេញឧស្ម័ន និងកាកសំណល់ផ្សេងទៀតដែលបំពុលដល់ការផ្គត់ផ្គង់ទឹកក្រោមដីបន្ថែមពីលើភាពកខ្វក់ដែលមានតាំងពីយូរមកហើយនោះ ស្របពេលដែលរលកកំដៅកំពុងបង្កើតឱ្យមានតម្រូវការទឹកយ៉ាងខ្លាំងនោះ។
យោងតាមទស្សនាវដ្ដី The Diplomat បានឱ្យដឹងថា «ការព្រួយបារម្ភទាំងនេះត្រូវបានបូកបញ្ចូលគ្នាបន្ថែមទៀតដោយការពឹងផ្អែកលើទឹកក្រោមដីជាច្រើនទសវត្សរ៍របស់ប្រទេសចិន ដែលនាំមកដោយតម្រូវការទឹកដ៏ខ្ពស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រព័ន្ធធារាសាស្រ្ត និងកំណើនប្រជាជន»។
យោងតាមរបាយការណ៍ខែកញ្ញា ឆ្នាំ ២០២២ របស់ទស្សនាវដ្ដី បានឱ្យដឹងថា ទឹកក្រោមដីគឺជាប្រភពទឹកសម្រាប់ពិសាយ៉ាងសំខាន់ ដែលផ្ដល់ដល់ប្រជាជនប្រមាណជា ៧០% នៃប្រជាជន ១,៤ ពាន់លាននាក់របស់សាធារណរដ្ឋប្រជាមានិតចិនខណៈពេលដែលវាក៏បានស្រោចស្រពប្រហែល ៤០% នៃដីស្រែរបស់ប្រទេសជាតិផងដែរ។ (រូបភាព៖ កសិករម្នាក់ឈរក្បែរស្នប់នៅអាងស្តុកទឹកសហគមន៍ដែលបាត់បង់នៅភាគនិរតីនៃប្រទេសចិនក្នុងខែសីហា ឆ្នាំ ២០២២។)
ទស្សនាវដ្តី The Diplomat បានរាយការណ៍ថា «បញ្ហាកាន់តែស្មុគស្មាញ ធនធានទឹកដែលមានស្រាប់របស់ប្រទេសចិនត្រូវបានបំពុលយ៉ាងខ្លាំង … ប៉ះពាល់ដល់បរិស្ថាន និងសង្គម រួមទាំងសុខភាពមនុស្ស ដីដាំដុះ និងគុណភាពទន្លេ»។ «យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ ជាង ៨០% នៃទីក្រុងរបស់ប្រទេសចិន ត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរ មកពីប្រភពនៃគ្រួសារ ឧស្សាហកម្ម ទីក្រុង និងកសិកម្ម។ ដូចគ្នានេះដែរ ការសិក្សាដែលដឹកនាំដោយរដ្ឋាភិបាលឆ្នាំ ២០១៦ នៅក្នុងប្រទេសចិនបានរកឃើញថា ៨០% នៃទឹកក្រោមដីរបស់ប្រទេសចិនត្រូវបានធ្វើឲ្យកខ្វក់យ៉ាងធ្ងន់ធ្ងរដោយសារធាតុបំពុល រួមទាំងលោហធាតុធ្ងន់ដូចជាអាសេនិច»។
គោលនយោបាយទឹករបស់សាធារណរដ្ឋប្រជាមានិតចិនក៏គំរាមកំហែងដល់ប្រទេសផ្សេងទៀតផងដែរ ដោយទីក្រុងប៉េកាំងបានចោទប្រកាន់ថាបានរឹតបន្តឹងលំហូរនៅទំនប់វារីអគ្គិសនីមេគង្គរបស់ខ្លួន ខណៈដែលប្រទេសជិតខាងដែលនៅតាមខ្សែទឹកដូចជាប្រទេសឡាវ និងប្រទេសថៃកំពុងប្រយុទ្ធនឹងគ្រោះរាំងស្ងួត។ អ្នកស្រាវជ្រាវនៅប្រទេសសិង្ហបុរី និងសហរដ្ឋអាមេរិកបានកត់សម្គាល់នៅក្នុងការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងខែឧសភា ឆ្នាំ ២០២២ ថា «ក្នុងរយៈពេលតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ អាងស្តុកទឹករបស់ទន្លេមេគង្គបានទទួលរងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស ដែលបានជំរុញកំណើនសេដ្ឋកិច្ច ប៉ុន្តែវាក៏ថែមទាំងបំផ្លាញដល់បរិស្ថាន និងប្រឈមមុខនឹងទំនាក់ទំនងមិនល្អរវាងប្រទេសជាប់តំបន់មាត់ទន្លេផងដែរ»។ ដែលនេះជាការសិក្សានៅក្នុងជលសាស្ត្រ និងប្រព័ន្ធផែនដីវិទ្យាដែលជាទិនានុប្បវត្តិរបស់សហភាពភូគព្ភសាស្ត្រអឺរ៉ុប (European Geosciences Union)។
មានភាពធូរស្រាលតិចតួចនៅចំពោះមុខ។ សារព័តមាន Reuters បានរាយការណ៍កាលពីខែវិច្ឆិកាឆ្នាំ ២០២២ ថាអ្នកវិទ្យាសាស្ត្រចិនបានព្យាករថានឹងមានភ្លៀងធ្លាក់ទាបជាងធម្មតាសម្រាប់ប្រទេសភាគច្រើនក្នុងប៉ុន្មានខែខាងមុខនេះ ដោយភាគខាងត្បូងប្រទេសចិនអាចប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ រួមទាំងតំបន់ដែលវារីអគ្គិសនីជាប្រភពថាមពលដ៏សំខាន់ផងដែរ។ នោះនឹងជំរុញឱ្យមានការដុតធ្យូងថ្ម និងឥន្ធនៈហ្វូស៊ីលផ្សេងទៀត ដើម្បីបំពេញតម្រូវការថាមពលក្នុងរដូវរងារ “ការបន្ថែមការបំភាយកាបូន ដែលជាការបង្កើនហានិភ័យនៃអាកាសធាតុធ្ងន់ធ្ងរ”។
អ្នកនាង Yu Aiqun ដែលជាអ្នកស្រាវជ្រាវជាមួយអង្គការមិនរកប្រាក់ចំនេញ Global Energy Monitor បានប្រាប់ CNN នៅខែសីហាឆ្នាំ ២០២២ ថា វិធីសាស្រ្តបែបនេះគឺស្រដៀងទៅនឹង «បំបាត់ការស្រេកទឹកដោយថ្នាំពុល»។ នាងបានបន្តទៀតថា៖ «ប្រទេសចិនមានការឈ្លក់វង្វេងនឹងថាមពលធ្យូងថ្ម ហើយមានអារម្មណ៍ពឹងផ្អែកលើវាខ្លាំងណាស់»។ «នៅពេលណាដែលមានបញ្ហាថាមពលកើតឡើង ចិនតែងតែព្យាយាមស្វែងរកចម្លើយពីថាមពលធ្យូងថ្ម»។
ជាមួយនឹងកំណើននៃផលប្រយោជន៍ផលិតកម្មដែលគ្រប់គ្រងដោយរដ្ឋរបស់សាធារណរដ្ឋប្រជាមានិតចិនដែលបង្កឱ្យមានកង្វល់លើការបំភាយកំដៅផងនោះ អគ្គលេខាធិការបក្សកុម្មុយនិស្តចិនលោក Xi Jinping បានជ្រើសរើសមិនចូលរួមសន្និសីទលើកទី ២៧ ជាភាគីនៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នៅប្រទេសអេហ្ស៊ីប ដែលជាកន្លែងថ្នាក់ដឹកនាំជាតិបានការសន្យាផ្តល់ការប្តេជ្ញាជាថ្មី «លើបញ្ហាជាច្រើនដាក់ជាជួរដែលសំខាន់ក្នុងការដោះស្រាយភាពអាសន្នអាកាសធាតុ»។
សារព័ត៌មាន Associated Press (AP) បានរាយការណ៍ថា នៅក្នុងសុន្ទរកថារបស់លោកនៅឯ COP27 ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសផ្តល់វិភាគទានចំនួន ១៥០ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសអាហ្វ្រិកក្នុងការសម្របខ្លួនទៅនឹងផលប៉ះពាល់នៃអាកាសធាតុ។ លោកបានមានប្រសាសន៍ថា «ការជួបជុំនេះត្រូវតែជាពេលវេលាដើម្បីប្តេជ្ញាឡើងវិញនូវអនាគតរបស់យើង និងសមត្ថភាពរួមគ្នារបស់យើងក្នុងការសរសេររឿងរ៉ាវដែលប្រសើរជាងមុនសម្រាប់ពិភពលោកយើងនេះ»។
លោកប្រធានាធិបតី Biden «បានបញ្ជាក់យ៉ាងច្បាស់ថា វិបត្តិអាកាសធាតុគឺជាអាទិភាពចម្បងមួយសម្រាប់សហរដ្ឋអាមេរិកផ្ទាល់ ក្នុងការទទួលបានច្បាប់អនុម័តជាអន្តរជាតិ ក្នុងភាពជាដៃគូជាមួយប្រទេសដទៃទៀត» នេះជាអ្វីដែលលោកស្រី Jennifer Morgan បេសកជនពិសេសអាកាសធាតុរបស់ប្រទេសអាល្លឺម៉ង់បានប្រាប់មក AP។
រូបភាព៖ THE ASSOCIATED PRESS
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។