កងកម្លាំងយោធានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកហ្វឹកហាត់ក្នុងស្ថានភាពជាក់ស្តែងនៅហាវ៉ៃ
បុគ្គលិករបស់ទស្សនាវដ្តី FORUM
សេណារីយ៉ូសមរភូមិជាក់ស្ដែងជួយធានាការត្រៀមខ្លួនរបស់កងកម្លាំងពហុជាតិរៀបចំសម្រាប់វិបត្តិឬជម្លោះ។ នោះគឺជាគោលបំណងនៃការឆ្លាស់វេននៅមជ្ឈមណ្ឌលការត្រៀមខ្លួនកងកម្លាំងចម្រុះពហុជាតិប៉ាស៊ីហ្វិក (JPMRC) ២៣-០១ នៅហាវ៉ៃ ដែលមានបុគ្គលិកយោធាចំនួនជាង ៦ ៣៥០ នាក់ មកពីប្រទេសអូស្ត្រាលី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងសហរដ្ឋអាមេរិក។
អ្នកសង្កេតការណ៍មកពីប្រទេសចំនួនប្រាំមួយនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផ្សេងទៀត – បង់ក្លាដែស ប្រ៊ុយណេ ម៉ាឡេស៊ី ម៉ុងហ្គោលី នូវែលសេឡង់ និងសិង្ហបុរី – បានមកដល់សម្រាប់សមយុទ្ធទ្រង់ទ្រាយធំចាប់ពីថ្ងៃទី ២០ ខែតុលាដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២។ ព្រះអង្គម្ចាស់ថៃមួយអង្គដែលបម្រើការក្នុងកងទ័ពអាកាសថៃស្ថិតក្នុងចំណោមអ្នកចូលរួមផងដែរ។ (រូបភាព៖ បុគ្គលិកនៃកងយោធពលខេមរភូមិន្ទថៃចូលរួមក្នុងមជ្ឈមណ្ឌលត្រៀមខ្លួនកងកម្លាំងចម្រុះពហុជាតិប៉ាស៊ីហ្វិក ២៣-០១ នៅតំបន់បណ្តុះបណ្តាល Pohakuloa ហាវ៉ៃ នៅចុងខែតុលា ឆ្នាំ ២០២២។)
កងទ័ពអាមេរិកបានរាយការណ៍ថា គោលបំណងគឺដើម្បីផ្តល់នូវបញ្ហាប្រឈមក្នុងការហ្វឹកហ្វឺនគ្រប់ដែន នៅក្នុងបរិយាកាសឥណ្ឌូប៉ាស៊ីហ្វិក ដែលនឹងលក្ខណៈពិសេសដូចជាព្រៃ ភ្នំ និងដែនសមុទ្របើកចំហ ខណៈពេលដែលធ្វើឱ្យប្រសើរឡើងនូវការត្រៀមខ្លួន និងអន្តរប្រតិបត្តិការ។ អ្នកដឹកនាំសមយុទ្ធបាននិយាយថា ដៃគូត្រូវតែយល់ពីរបៀបដែលយើងទាំងអស់គ្នាប្រតិបត្តិការ និងមានឧបករណ៍សម្រាប់ទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។
កងពលធំថ្មើរជើងទី ២៥ របស់កងទ័ពអាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋហាវ៉ៃ បានរៀបចំសមយុទ្ធនៅលើកោះ Oahu និងកោះហាវ៉ៃដោយមានការចូលរួមពីកងទ័ពអាកាសអាមេរិក កងទ័ពម៉ារីន និងកងទ័ពជើងទឹក។
វរសេនីយ៍ឯក Graham White ដែលជាមេបញ្ជាការកងពលតូចថ្មើរជើងទី ២ នៃកងពលធំថ្មើរជើងទី ២៥ បាននិយាយនៅក្នុងការចាប់ផ្តើមព្រឹត្តិការណ៍ថា «ក្នុងរយៈពេល ៣ សប្តាហ៍ខាងមុខនេះ យើងនឹងបែកញើសជាមួយគ្នា ពុះពាររួមគ្នា រៀនជាមួយគ្នា ប្រយុទ្ធនឹងសត្រូវជាមួយគ្នា និងឈ្នះទាំងអស់គ្នា»។
ការចេញផ្សាយរបស់ក្រសួងការពារជាតិអាមេរិកបង្ហាញថា វិធីសាស្រ្តពហុភាគីសម្រាប់ការហ្វឹកហ្វឺនយោធាឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមមួយ ដើម្បីរក្សានូវសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ ដែលបានបម្រើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកអស់ជាច្រើនទសវត្សមកហើយ ជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ស្ថិរភាព និងវិបុលភាព នេះបើយោងតាម។
ឧត្តមសេនីយ៍ត្រី Jeffrey VanAntwerp មេបញ្ជាការរងនៃកងពលធំថ្មើរជើងទី ២៥ បាននិយាយថា «បេសកកម្មរបស់យើង … គឺដើម្បីផ្តល់នូវសមយុទ្ធហ្វឹកហ្វឺនកម្រិតលំដាប់ពិភពលោក ដែលជាបទពិសោធន៍ចម្រុះ — នៅក្នុងសណ្ឋានដី និងលក្ខខណ្ឌប្រតិបត្តិការ ដែលចម្លងលក្ខខណ្ឌដែលយើងរំពឹងទុកក្នុងការប្រយុទ្ធនៅក្នុងតំបន់នេះ»។ «យើងនឹងធ្វើតេស្តសង្កត់ធ្ងន់លើរាល់មុខងារប្រយុទ្ធ»។
មន្ត្រីបាននិយាយថា JPMRC ពង្រឹងទំនាក់ទំនងការពារជាតិ បង្កើនការត្រៀមខ្លួនរបស់សហរដ្ឋអាមេរិក និងពង្រឹងបណ្តាញកងកម្លាំងដីគោកក្នុងតំបន់ ដែលគាំទ្រឥណ្ឌូប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហ បន្ថែមពីលើការជំរុញអន្តរប្រតិបត្តិការ។ មានទីតាំងចំនួនបី — នៅហាវ៉ៃ អាឡាស្កា និងទីតាំងដែលអាចដាក់ពង្រាយនៅក្នុងតំបន់ — ជាមួយនឹងសមយុទ្ធដែលធ្វើឡើងជារៀងរាល់ឆ្នាំ នេះអនុញ្ញាតឱ្យកងកម្លាំងធ្វើសមយុទ្ធប្រតិបត្តិការកម្រិតតំបន់ និងការធ្វើផែនការនៅក្នុងបរិស្ថានព្រៃ តំបន់អាក់ទិក និងដែនប្រជុំកោះ។ ការឆ្លាស់វែនជាលើកដំបូងគឺនៅហាវ៉ៃក្នុងខែតុលា ឆ្នាំ ២០២១ ។
គេហទំព័រ Army Times រាយការណ៍ថា នាយឧត្តមសេនីយ Charles Flynn មេបញ្ជាការកងទ័ពអាមេរិកប្រចាំប៉ាស៊ីហ្វិក បាននិយាយថា «មានហេតុផលមួយដែលយើងមានមជ្ឈមណ្ឌលហ្វឹកហ្វឺននៅអឺរ៉ុប ហើយយើងមិននាំយកកងកម្លាំងយុទ្ធសាស្ត្រពីអឺរ៉ុបត្រឡប់ទៅកាន់ទ្វីបអាមេរិកដើម្បីហ្វឹកហាត់ទេ»។ រហូតមកដល់ពេលថ្មីៗនេះ «យើងមិនដែលបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រយុទ្ធនៅប៉ាស៊ីហ្វិកទេ»។
រូបភាព៖ ពលឯក WYATT MOORE/កងទ័ពអាមេរិក
ទស្សនាវដ្តី FORUM បានផ្អាកការបកប្រែអត្ថបទប្រចាំថ្ងៃសម្រាប់គេហទំព័រជាភាសាខ្មែរ។ សូមមើលភាសាដទៃទៀតសម្រាប់ខ្លឹមសារប្រចាំថ្ងៃ។